អ្នកឃ្លាំមើលសង្គម ស្នើឱ្យមេដឹកនាំបក្សកាន់អំណាច លោក ហ៊ុន សែន ឈប់ប្រកាន់អត្តចរិតជាជនពាល ដោយងាកមកធ្វើអំពើល្អដើម្បីជាគំរូសម្រាប់ក្មេងជំនាន់ក្រោយ ដើម្បីអាចជួយឱ្យគាត់ទទួលបានការគោរពស្រឡាញ់ពីពលរដ្ឋ ក្រោយពេលដែលគាត់លាចាកលោកនេះទៅ។
ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក ម៉ែន ណាត បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី១ មេសា នេះថា ក្នុងនាមលោក ហ៊ុន សែន ជាមេដឹកនាំជាតិមួយ មិនត្រូវប្រើសម្ដីបែបមេក្រុម បែបបងធំ ឬមេម៉ាហ្វៀ គំរាមកំហែងពលរដ្ឋខ្លួនឯងនោះទេ។
លោកបន្ថែមថា សម្ដីបែបជនពាលគ្មានការអប់រំទាំងនោះ មិនអាចជួយឱ្យគាត់មានសេចក្តីថ្លៃថ្នូរទេ។ ផ្ទុយទៅវិញ វាមានតែបន្ទាបបន្ថោកកិត្តិយសរបស់គាត់ និងក្រុមគ្រួសាររបស់គាត់តែប៉ុណ្ណោះ។
លោក ម៉ែន ណាត លើកឡើងថា បើទោះបីអ្នកទិតៀនរិះគន់គាត់ដោយប្រើពាក្យសម្ដីលើសលស់ដែលគាត់មិនពេញចិត្តក៏ដោយ គួរណាស់គាត់មានការអធ្យាស្រ័យ បើកចិត្តទូលាយដោយការផ្តល់សេចក្តីពន្យល់ល្អៗជំនួសវិញ។
លោកបន្តថា លោក ហ៊ុន សែន មិនមែនមានឋានៈត្រឹមតែជាអ្នកដឹកនាំប្រទេសទេ គាត់ក៏ជាចាស់ទុំម្នាក់ដែលត្រូវប្រកាន់ឥរិយាបថជាមនុស្សចាស់សម្រាប់ផ្តល់ការអប់រំណែនាំដល់ក្មេងដែលមិនទាន់មានការអប់រំពេញលេញផងដែរ។
អ្នកឃ្លាំមើលសង្គមរូបនេះផ្តាំទៅកាន់លោក ហ៊ុន សែន ថា បើគាត់ចង់បានការគាំទ្រពីពលរដ្ឋ លុះត្រាតែគាត់ធ្វើអំពើល្អសម្រាប់ពលរដ្ឋ ត្បិតអីគ្មានហេតុផលណាដែលពលរដ្ឋទៅស្រឡាញ់គាំទ្រមេដឹកនាំដែលប្រព្រឹត្តអំពើស្មោកគ្រោកនោះឡើយ។
លោកបញ្ជាក់ថា សម្ដីគំរាមកំហែងរបស់លោក ហ៊ុន សែន គ្រាន់តែជាការបន្សល់ទុកនូវកំហឹង និងការឈឺចាប់ដល់ពលរដ្ឋប៉ុណ្ណោះ ប៉ុន្តែបើគាត់ធ្វើអំពើល្អសម្រាប់ពលរដ្ឋវិញ នោះសេចក្តីស្រឡាញ់និងការគោរព ក៏ប្រាកដជាមានក្នុងចិត្តរបស់ពលរដ្ឋចំពោះគាត់ដូចគ្នាដែរ។
កាលពីថ្ងៃទី២៩ ខែមីនា ម្ចាស់គណនីហ្វេសប៊ុកម្នាក់ឈ្មោះ យ៉ង់ សុជាតា (Socheata Yong) បានចូលទៅសរសេរក្នុងប្រអប់បញ្ចេញមតិ (Comment) លើទំព័រហ្វេសប៊ុករបស់លោក ហ៊ុន សែន ថា «ត្រកូលក្បត់ជាតិ ស្លាប់បងប្រុសហើយ នៅឆ្លៀតចាប់មនុស្សដាក់គុកទៀត»។
ជុំវិញសំណេរនេះ លោក ហ៊ុន សែន បានឆ្លើយតបទៅកាន់ម្ចាស់គណនីហ្វេសប៊ុកនោះភ្លាមៗថា «តើចង់ជាប់គុកដែរមែនទេ?»។
ការរិះគន់ និងការគំរាមកំហែងនេះ ធ្វើឡើងបន្ទាប់ពីអ្នកធ្វើអត្ថាធិប្បាយតាមបណ្ដាញសង្គមម្នាក់ឈ្មោះ សាំងលី សារ៉ាក់ ដែលជាម្ចាស់ទំព័រហ្វេសប៊ុក Business Advisor ត្រូវបានសមត្ថកិច្ចចាប់ខ្លួនអំឡុងពេលលោក ហ៊ុន សែន ធ្វើពិធីបុណ្យសពឱ្យបងប្រុសបង្កើតរបស់លោក គឺលោក ហ៊ុន សាន ដែលទទួលអនិច្ចកម្មកាលពីពេលថ្មីៗនេះ។
អង្គការ Freedom House បានចេញរបាយការណ៍វាយតម្លៃលើសិទ្ធិសេរីភាពពលរដ្ឋនៅកម្ពុជា កាលពីចុងឆ្នាំ២០២៤ កន្លងទៅថា ប្រទេសកម្ពុជាជាប់ចំណាត់ថ្នាក់ជាប្រទេសមិនសេរី ឬ Not Free ដែលគេរកឃើញថាមានការគាបសង្កត់លើសិទ្ធិមូលដ្ឋានរបស់ពលរដ្ឋ៕
© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.
