សង្គមស៊ីវិលអំពាវនាវឱ្យពលករខ្មែរធ្វើការក្នុងប្រទេសថៃ ដែលធ្វើមាតុភូមិនិវត្តន៍មកលេងស្រុកកំណើត ត្រូវត្រឡប់ទៅធ្វើការងារវិញឲ្យបានមុនថ្ងៃកំណត់ បើមិនដូច្នេះទេ វីសាការងារ ឬត្រាអនុញ្ញាតការងារ Non-Immigration ឬហៅ L-A Visa (NON-L-A) លើលិខិតឆ្លងដែនរបស់ពួកគេ នឹងត្រូវខូចដែលមិនអាចឱ្យពលករទាំងនោះធ្វើការក្នុងប្រទេសថៃ ដោយស្របច្បាប់បានឡើយ។
មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (សង់ត្រាល់) សរសេរលើទំព័រហ្វេសប៊ុករបស់ខ្លួននៅថ្ងៃទី៩ មេសា នេះថា នៅព្រឹកថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៥ នេះ ពលករខ្មែរធ្វើការនៅប្រទេសថៃ បានធ្វើដំណើរទៅលេងស្រុកខ្មែរយ៉ាងច្រើននៅតាមច្រកបានឡែម (ច្រកដូង) ស្រុកកំរៀង ខេត្តបាត់ដំបង។
ប្រភពដដែលអំពាវនាវដល់ពលករខ្មែរដែលធ្វើការនៅប្រទេសថៃ វិលត្រឡប់ទៅធ្វើការងារវិញទៅតាមច្បាប់របស់ថៃ ដែលបានកំណត់កាលពីពេលថ្មីៗនេះ។
កាលពីសប្តាហ៍កន្លងទៅ រដ្ឋាភិបាលថៃ បានប្រកាសលើកលែងតម្លៃសេវាការអនុញ្ញាត (ចេញ-ចូល) ប្រទេសថៃ (Re-Entry Permit) ដល់ពលករខ្មែរ ឡាវ និងភូមា ក្នុងអំឡុងពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ចាប់ពីថ្ងៃទី១ ខែមេសា ដល់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥ ខាងមុខ។
សេចក្តីប្រកាសរបស់អាជ្ញាធរថៃ បញ្ជាក់ថា ការលើកលែងតម្លៃសេវានេះ គឺផ្ដល់ជូនតែមួយដងគត់ដល់ពលករខ្មែរដែលមានលិខិតឆ្លងដែន ឬលិខិតធ្វើដំណើរទៅធ្វើការនៅបរទេស ដែលហៅកាត់ថា TD និងមានទិដ្ឋាការការងារ (Non-Immigration L-A Visa) ដែលមានសុពលភាពលើសពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥។
អង្គការសង់ត្រាល់ បញ្ជាក់ថា ការលើកលែងនេះ គឺបូករួមទាំងកូនអាយុក្រោម ១៨ឆ្នាំក្នុងបន្ទុកផងដែរ សម្រាប់អ្នកដែលមានលិខិតអនុញ្ញាតឱ្យស្នាក់នៅក្នុងប្រទេសថៃ លើសពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥ នោះ។
ចាប់ពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៥ មក គេសង្កេតឃើញពលករខ្មែរដែលចេញទៅធ្វើការនៅប្រទេសថៃ បាននាំគ្នាវិលត្រឡប់ចូលមកប្រទេសកម្ពុជាវិញជាបន្តបន្ទាប់តាមច្រកផ្សេងៗនៅតាមខេត្តដែលជាប់ព្រំដែនជាមួយប្រទេសថៃ ដូចជា ខេត្តបន្ទាយមានជ័យ ខេត្តឧត្ដរមានជ័យ ខេត្តបាត់ដំបង និងខេត្តប៉ៃលិន ជាដើម។
ជុំវិញបញ្ហានេះ សមត្ថកិច្ចប្រចាំច្រកទ្វារព្រំដែនអន្តរជាតិដូង ស្រុកកំរៀង ខេត្តបាត់ដំបង បានអះអាងថា ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី២ ខែមេសា មានពលករខ្មែរជិត ៥ពាន់នាក់ បានធ្វើដំណើរឆ្លងដែនវិលមកស្រុកកំណើតដើម្បីចូលរួមពិធីបុណ្យចូលឆ្នាំ។
មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស ដែលហៅកាត់ថា សង់ត្រាល់ បញ្ជាក់ថា មានពលករខ្មែរយ៉ាងហោចណាស់ជាង ២លាននាក់ ទាំងស្របច្បាប់ និងខុសច្បាប់ កំពុងធ្វើការនៅប្រទេសថៃ សព្វថ្ងៃនេះ៕
© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.
