The Cambodia Daily Khmer

សង្គ្រាម​ពាណិជ្ជកម្ម៖ ចិន-សហរដ្ឋ​អាមេរិក​វាយបក​គ្នា ខណៈ​អាស៊ាន​ប្រកាស​មិន​តតាំង​ឡើយ

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក ដូណាល់ ត្រាំ និង​ប្រធានាធិបតី​ចិន លោក ស៊ី ជីនពីង

នៅ​ក្នុង​ក្រសែភ្នែក​របស់​មេដឹកនាំ​អាមេរិកាំង ចិន​ជា​សត្រូវ​ទី​មួយ​មុន​គេ​ទាំងអស់។ បើ​ទោះជា​រដ្ឋការ​លោក ដូណាល់ ត្រាំ បន្ធូរបន្ថយ​ទណ្ឌកម្ម​ពន្ធ តែ​ចំពោះ​ចិន​តែ​មួយ​គត់​ជា​សត្រូវ​ទី​មួយ​របស់​អាមេរិក ដែល​ក្រុង​វ៉ាស៊ីនតោន មិន​បន្ធូរបន្ថយ​ឡើយ។

កាលពី​ថ្ងៃ​ពុធ ទី​៩ ខែ​មេសា រដ្ឋការ​លោក ត្រាំ បាន​ប្រកាស​ពី​ការ​ផ្អាក​ការ​អនុវត្ត​ការ​យក​ពន្ធគយ​លើ​បណ្ដា​ប្រទេស​ភាគច្រើន លើកលែងតែ​ចិន ដែល​ត្រូវ​បាន​លោក​យក​ពន្ធ​បន្ថែម​ពី ៥៤​ភាគរយ ១០៤​ភាគរយ ហើយ​ឥឡូវ​បន្ថែម​ដល់ ១២៥​ភាគរយ គឺជា​ការ​ឆ្លើយតប​ចិន ដែល​បាន​វាយបក​អាមេរិក​វិញ​បន្ថែម​ការ​យក​ពន្ធ​លើ​ទំនិញ​អាមេរិក​ចូល​ទីផ្សារ​ប្រទេស​ចិន ៨៤​ភាគរយ។ នេះ​បើ​តាម​ការ​ចេញ​ផ្សាយ​ដោយ​ទីភ្នាក់ងារ​សារព័ត៌មាន AFP។

ក្រោយ​ប្រកាន់​ជំហរ​តឹងរ៉ឹង​អស់​រយៈពេល​ជាច្រើន​ថ្ងៃ​ជុំវិញ​ផែនការ​យក​ពន្ធគយ លោក ត្រាំ បាន​ប្រកាស​ថា ប្រទេស​ទាំងឡាយ​ណា​ដែល​មិន​បាន​ចាត់​វិធានការ​យក​ពន្ធ​សងសឹក​ប្រឆាំង​នឹង​ការ​យក​ពន្ធ​របស់​សហរដ្ឋ​អាមេរិក នឹង​ទទួល​បាន​ការ​លើកលែង ដោយ​ប្រកាស​យក​ពន្ធ​ក្នុង​កម្រិត​ខ្ពស់ នឹង​ត្រូវ​ប្រឈម​នឹង​ការ​អនុវត្ត​ការ​យក​ពន្ធ​ធ្លាក់​មក​ត្រឹមតែ ១០​ភាគរយ​ប៉ុណ្ណោះ។

ក្នុង​ន័យ​នេះ ប្រទេស​ដែល​រដ្ឋការ​លោក ត្រាំ ផ្អាក​យក​ពន្ធ​ខ្ពស់​រយៈពេល ៩០​ថ្ងៃ​នោះ គឺ​អនុវត្ត​យក​ពន្ធ​ទៅ​មក​ត្រឹមតែ ១០​ភាគរយ​ដូចនេះ គឺ​រហូត​ដល់​ខែ​កក្កដា ឆ្នាំ​២០២៥ ទើប​ពិនិត្យ​ឡើងវិញ។

នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន អ្នក​នាំពាក្យ​សេតវិមាន អ្នកស្រី Karoline Leavitt បាន​និយាយ​ថា លោក ត្រាំ បាន​ដំឡើង​ពន្ធ​លើ​ចិន ព្រោះ​ចិន ហ៊ាន​ដាល់ ឬ​តដៃ​ជាមួយ​សហរដ្ឋ​អាមេរិក គឺ​លោក​ប្រធានាធិបតី ត្រាំ នឹង​លេង​ឱ្យ​ចាស់ដៃ មិន​ដកថយ​ឡើយ។

លោក ត្រាំ បាន​ព្យាករ​ថា កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​នានា​នឹង​ត្រូវ​បាន​ធ្វើឡើង​ជាមួយ​បណ្ដា​ប្រទេស​ទាំងអស់ ក្នុង​នោះ​រួម​មាន​ទាំង​ចិន ប៉ុន្តែ​លោក ត្រាំ មិន​គិត​នោះ​ទេ​ថា​ក្រុង​ប៉េកាំង បាន​ត្រៀម​ខ្លួន​រួចរាល់​ហើយ​នោះ។

នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​១០ ខែ​មេសា នេះ ក្រសួង​ការបរទេស​ចិន បាន​និយាយ​ថា ប្រទេស​ចិន​មិន​ចង់​ឈ្លោះ​គ្នា​ជាមួយ​អាមេរិក​ទេ ប៉ុន្តែ​ក៏​មិន​ខ្លាច​នោះ​ដែរ ប្រសិនបើ​សហរដ្ឋ​អាមេរិក​នៅតែ​បន្ត​ចាត់​វិធានការ​ពន្ធ​ទៅ​លើ​ចិន។

អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​ចិន លោក Lin Jian បាន​និយាយ​ថា ការ​បង្ក​សង្គ្រាម​ពាណិជ្ជកម្ម​របស់​សហរដ្ឋ​អាមេរិក វា​មិន​ទទួល​បាន​ការ​គាំទ្រ​ពី​សហគមន៍​អន្តរជាតិ​ឡើយ។ វា​នឹង​បរាជ័យ​នៅ​ពេល​វា​ដើរ​ដល់​ចុងក្រោយ​របស់​វា។ ចិន មិន​អង្គុយ​នៅ​ស្ងៀម រង់ចាំ​តែ​គេ​សំពង​នោះ​ទេ។ ចិន​មិន​បណ្តោយ​ឱ្យ​សិទ្ធិ និង​ផល​ប្រយោជន៍​ស្រប​ច្បាប់​របស់​ចិន ត្រូវ​គេ​បំផ្លាញ​នោះ​ទេ។

នេះ​ជា​ប្រតិកម្ម​របស់​ក្រសួង​ការបរទេស​ចិន ឆ្លើយតប​ទៅ​នឹង​សហរដ្ឋ​អាមេរិក ដែល​បាន​ដំឡើង​ពន្ធ​បន្ថែម​លើ​ទំនិញ​នាំចូល​ពី​ចិន រហូត​ដល់ ១២៥​ភាគរយ ស្រប​ពេល​ដែល​លោក ត្រាំ បាន​សម្រេច​ផ្អាក​រយៈពេល ៩០​ថ្ងៃ​នូវ​ការ​អនុវត្ត​វិធានការ​យក​ពន្ធ​ខ្ពស់​ដល់​ប្រទេស​ជាច្រើន។ លោក ត្រាំ ចាត់​វិធានការ​ដូចនេះ ព្រោះតែ​ទីក្រុង​ប៉េកាំង បាន​បន្ត​ដំឡើង​ពន្ធ​សងសឹក​ម្តង​ហើយ​ម្តង​ទៀត​ដល់ ៨៤​ភាគរយ​លើ​ទំនិញ​អាមេរិក។

អ្នក​សង្កេតការណ៍​មើល​ឃើញ​បរិបទ​សង្គ្រាម​ពាណិជ្ជកម្ម​របស់​រដ្ឋការ​លោក ត្រាំ វាយ​សំពង​លើ​ចិន ខ្លាំង​ជាងគេ ព្រោះ​ចិន កំពុង​ពង្រីក​អនុភាព​សេដ្ឋកិច្ច​តាមរយៈ​ពាណិជ្ជកម្ម​ខ្ចី​ដៃ​ប្រទេស​ក្រីក្រ​បង្ហូរ​ផលិតផល​ចិន បិទ​ស្លាក​ប្រទេស​ក្រីក្រ​ទាំងនោះ​នាំចូល​សហរដ្ឋ​អាមេរិក ក្រោម​គោលការណ៍​អនុគ្រោះ​ពន្ធ​កម្រិត​ខ្ពស់។

បើ​ទោះជា​រដ្ឋការ​លោក ត្រាំ ផ្អាក​យក​ពន្ធ​ខ្ពស់​រយៈពេល ៩០​ថ្ងៃ​នោះ ដោយ​អនុវត្ត​យក​ពន្ធ​ធ្លាក់​មក​ត្រឹមតែ ១០​ភាគរយ តែ​រដ្ឋការ​លោក ត្រាំ នឹង​ចាត់​វិធានការ​មួយ​ទៀត​ទៅ​លើ​ប្រទេស​ទទួល​វេច​ខ្ចប់​ផលិតផល​ចិន ពាក់​ស្លាក​ផលិត​ក្នុង​ប្រទេស​របស់​ខ្លួន ក៏​ប្រហែល​រដ្ឋការ​លោក ត្រាំ អាច​នឹង​ស្រាវជ្រាវ​រក​ឱ្យ​ឃើញ​ផលិតផល​របស់​ចិន ហើយ​អាច​បិទ​ការ​នាំ​ទំនិញ​ទាំងអស់​នោះ​ចូល​សហរដ្ឋ​អាមេរិក ព្រោះ​ជា​ផលិតផល​របស់​ចិន។

យ៉ាងណា ក្រុម​ប្រទេស​សមាគម​អាស៊ាន​ដែល​ភាគច្រើន​ជា​ប្រទេស​ត្រូវ​បាន​រក​ឃើញ​ជា​ប្រភព​វេច​ខ្ចប់​ផលិតផល​ចិន តាម​សេចក្ដី​រាយការណ៍​ពី​ប្រទេស​ម៉ាឡេស៊ី បាន​ឱ្យ​ដឹង​ថា នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​១០ ខែ​មេសា នេះ ក្រុម​រដ្ឋមន្ត្រី​សេដ្ឋកិច្ច​នៃ​ប្រទេស​សមាគម​អាស៊ាន​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​រួម​មួយ​ថា៖ ក្រុម​ប្រទេស​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍​នេះ ចង់​ស្វែងរក​កិច្ចសន្ទនា​ជាមួយ​សហរដ្ឋ​អាមេរិក ជុំវិញ​បញ្ហា​ពន្ធគយ ហើយ​នឹង​មិន​ដាក់​ចេញ​ចំណាត់ការ​សងសឹក​ណា​មួយ​ប្រឆាំង​អាមេរិក​នោះ​ទេ។

ដោយ​បង្ហាញ​ក្តី​កង្វល់​អំពី​វិធានការ​ពន្ធ​របស់​អាមេរិក និង​ផល​ប៉ះពាល់​ទៅ​លើ​សេដ្ឋកិច្ច​អាស៊ាន ក្រុម​រដ្ឋមន្ត្រី​សេដ្ឋកិច្ច​អាស៊ាន​បាន​បញ្ជាក់​ក្នុង​សេចក្ដី​ថ្លែងការណ៍​រួម​ដែល​មាន​ន័យ​ដូចនេះ​ថា៖ សមាគម​អាស៊ាន​ចង់​បង្ហាញ​នូវ​បំណង​រួម​ក្នុង​សហគមន៍​អាស៊ាន ក្នុង​ការ​ចូលរួម​ក្នុង​កិច្ចសន្ទនា​ស្មោះត្រង់ និង​ប្រកប​ដោយ​ការ​ស្ថាបនា​ជាមួយ​សហរដ្ឋ​អាមេរិក ដើម្បី​ដោះស្រាយ​ក្តី​កង្វល់​ពាក់ព័ន្ធ​បញ្ហា​ពាណិជ្ជកម្ម ដោយ​ស្នើ​ឱ្យ​មាន​ការ​ទាក់ទង​គ្នា​ជា​ចំហ និង​ពង្រឹង​កិច្ច​សហប្រតិបត្តិការ ដើម្បី​ធានា​នូវ​ទំនាក់ទំនង​ដែល​មាន​តុល្យភាព និង​មាន​និរន្តរភាព​ជាមួយ​គ្នា​ទៅ​មុខ​ទៀត។

អាស៊ាន​ដែល​មាន​សមាជិក ១០​ប្រទេស រួម​បញ្ចូល​គ្នា​ជា​សហគមន៍​សេដ្ឋកិច្ច​ដ៏​ធំ​លំដាប់​ទី​៥ នៅ​លើ​ពិភពលោក តែ​សមាគម​នេះ​ពឹងផ្អែក​ខ្លាំង​លើ​ការ​នាំចេញ ដើម្បី​ជំរុញ​កំណើន​សេដ្ឋកិច្ច​របស់​ខ្លួន ដែល​ជា​កត្តា​ជួយ​ដល់​ជីវភាព​ប្រជាជន​ជាង ៦៧០​លាន​នាក់៕

© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

Exit mobile version