មន្ត្រីជាន់ខ្ពស់ម្នាក់ជិតស្និទ្ធនឹងលោក វ៉្លាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី បន្តចេញសារព្រមានថា ប្រទេសរុស្ស៊ី នៅតែមានសិទ្ធិក្នុងការវាយប្រហារទៅលើការឈ្លានពានពីក្រុមបស្ចិមប្រទេស ដោយអាវុធនុយក្លេអ៊ែរ បើគេបញ្ជូនកងកម្លាំងអឺរ៉ុបទៅដាក់ពង្រាយលើទឹកដីអ៊ុយក្រែន ហើយថាជាសញ្ញាទៅរកសង្គ្រាមលោកលើកទី៣។
មន្ត្រីជាន់ខ្ពស់របស់លោក ពូទីន ម្នាក់នេះ គឺលោក Sergey Shoigu ជាលេខាធិការក្រុមប្រឹក្សាសន្តិសុខជាតិរុស្ស៊ី ដែលធ្លាប់ជារដ្ឋមន្ត្រីក្រសួងការពារជាតិរុស្ស៊ី។ លោក Sergey Shoigu ក៏ជាអ្នកជួយធ្វើផែនទីសង្គ្រាមរបស់លោក ពូទីន ដែលលើកកងទ័ពទៅឈ្លានពានប្រទេសអ៊ុយក្រែន ដែលនាំឱ្យផ្ទុះសង្គ្រាមជាង ៣ឆ្នាំមកដល់ពេលនេះ។
តាមទស្សនាវដី្ត Newsweek លោក Sergey Shoigu បានព្រមានដូចនេះនៅក្នុងបទសម្ភាសន៍ជាមួយនឹងទីភ្នាក់ងារព័ត៌មាន Tass របស់រុស្ស៊ី ចុះផ្សាយកាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥។ លោក Sergey Shoigu ឱ្យដឹងថា ការបញ្ជូនទ័ពអឺរ៉ុបទៅប្រទេសអ៊ុយក្រែន ទោះជាក្នុងនាមជា «កងរក្សាសន្តិភាព» ក៏ដោយ ក៏វានៅតែជាកងទ័ពអឺរ៉ុប និងណាតូ (NATO) ដដែល។
តាមលោក Sergey Shoigu ក្រុងមូស្គូ កំពុងតាមមើលពីចលនារបស់អឺរ៉ុប នៅក្រោមពាក្យថា «ក្រុមចម្រុះសុច្ឆន្ទៈ» ស្អីគេនោះ វាជាកម្លាំងទ័ពមួយលាក់ខ្លួនធ្វើជាកងកម្លាំងសន្តិភាព តែធាតុពិតវាជាកម្លាំងទ័ព NATO អឺរ៉ុប។
លេខាធិការក្រុមប្រឹក្សាសន្តិសុខជាតិរុស្ស៊ី លោក Sergey Shoigu លើកឡើងថា ពាក្យថា «កងរក្សាសន្តិភាព» កំពុងត្រូវបានគេប្រើធ្វើជាលេសដើម្បីបិទបាំងគោលបំណងដែលការពិត គឺជាផែនការដាក់ពង្រាយទ័ពទៅគ្រប់គ្រងលើអ៊ុយក្រែន ហើយបើមានការចល័តទ័ពអឺរ៉ុបចូលអ៊ុយក្រែន នឹងនាំឲ្យមានការប៉ះទង្គិចដោយផ្ទាល់រវាង NATO និងរុស្ស៊ី ហើយវានឹងឈានដល់ផ្ទុះសង្គ្រាមលោកលើកទី៣។
កងរក្សាសន្តិសុខនៃក្រុមចម្រុះសុច្ឆន្ទៈនេះ ត្រូវគេដឹងថាជាផែនការរបស់នាយករដ្ឋមន្ត្រីអង់គ្លេស និងប្រធានាធិបតីបារាំង ដែលចេញមុខក្នុងការប្រមែប្រមូលកងទ័ពបង្កើតជា «ក្រុមចម្រុះសុឆន្ទៈ» ដើម្បីបញ្ជូនទៅអ៊ុយក្រែន ក្នុងគោលបំណងរក្សាសន្តិសុខនៅពេលណារុស្ស៊ី និងអ៊ុយក្រែន ឈានដល់កិច្ចព្រមព្រៀងសន្តិភាព។
នាយករដ្ឋមន្ត្រីអង់គ្លេស Keir Starmer អះអាងថា ដើម្បីធានាសន្តិសុខនៅអ៊ុយក្រែន ក្រុមចម្រុះនេះមិនមែនត្រឹមតែដាក់ទ័ពរាប់ម៉ឺននាក់ទេ ប៉ុន្តែក៏នឹងបញ្ជូនយន្តហោះចម្បាំងទៅហោះតាមឃ្លាំមើលស្ថានភាព លម្ហអាកាស និងលម្ហសមុទ្រទៀតផង។ តែតាមលោក Keir Starmer កងកម្លាំងសន្តិសុខនេះត្រូវដាក់ពង្រាយតែនៅទីតាំងសំខាន់ៗ ដូចជាតាមកំពង់ផែ តាមទីក្រុង នៅតំបន់រោងចក្រថាមពលនុយក្លេអ៊ែរ តំបន់សមុទ្រ ទន្លេ និងតាមព្រំដែនអ៊ុយក្រែន ជាប់នឹងប្រទេសបេឡារុស្ស ដែលនៅលើទឹកដីបេឡារុស្ស មានទ័ពរុស្ស៊ី ជាច្រើនពាន់នាក់។
តែសារព្រមានរបស់លេខាធិការក្រុមប្រឹក្សាសន្តិសុខជាតិរុស្ស៊ី លោក Sergey Shoigu មិនមែនជារឿងថ្មីពេកទេ ព្រោះកន្លងមកសូម្បីតែលោក ពូទីន ក៏បានចេញសារព្រមានដូចនេះដែរ។ អ្វីដែលរុស្ស៊ី ចេះតែគំរាមទៅរកសង្គ្រាមលោក គេអាចនិយាយបានថា មានតែអាវុធនុយក្លេអ៊ែរតែមួយគត់ដែលរុស្ស៊ី នៅក្រោមការដឹកនាំរបស់បុរសខ្លាំង ពូទីន ហ៊ានផ្ទុះសង្គ្រាមជាមួយនឹង NATO ហើយនាំទៅរកសង្គ្រាមលោក ព្រោះអាវុធប្រល័យលោកនេះ រុស្ស៊ីមានដល់ទៅជិត ៦០០០គ្រាប់។
យ៉ាងណា ការព្រមានជាថ្មីម្ដងទៀតរបស់វិមានក្រឹមឡាំង ពីការផ្ទុះសង្គ្រាមលោក បាននាំឱ្យមានកិច្ចពិភាក្សាមួយរវាងប្រធានាធិបតី លោក ដូណាល់ ត្រាំ និងអគ្គលេខាធិការនៃអង្គការ NATO លោក Mark Rutte។
លោក Mark Rutte បាននិយាយថា សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តអឺរ៉ុបយល់ស្របគ្នាថា រុស្ស៊ីកំពុងគំរាមកំហែងរយៈពេលវែង។ តាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២៥ ខែមេសា ឆ្នាំ២០២៥ លោក Rutte បានប្រាប់អ្នកសារព័ត៌មានខាងក្រៅសេតវិមានថា សមាជិក NATO យល់ស្របថា រុស្ស៊ីកំពុងដាក់ផែនការគំរាមកំហែងរយៈពេលវែងទៅលើសមាជិក NATO ទៅលើទឹកដីអឺរ៉ុប និងតំបន់អាត្លង់ទិចទាំងមូល។
រុស្ស៊ី បានដាក់ចេញនូវលក្ខខណ្ឌចំនួនពីរទៅអ៊ុយក្រែន តាមរយៈសហរដ្ឋអាមេរិក គឺទីមួយ អ៊ុយក្រែនត្រូវត្រៀមចិត្តថានឹងមានការប្រគល់ទឹកដីមួយចំនួនទៅឱ្យរុស្ស៊ី ជាថ្នូរនឹងសន្តិភាព និងទី២ ឈប់ចង់ចូលជាសមាជិករបស់អង្គការ NATO។ លក្ខខណ្ឌទាំងពីររបស់រុស្ស៊ី ត្រូវបានគេរកឃើញដាក់បញ្ចូលក្នុងផែនការសន្តិភាពរបស់លោក ដូណាល់ ត្រាំ។
រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov បាននិយាយថា រុស្ស៊ីបានត្រៀមខ្លួនជាស្រេចដើម្បីឈានដល់កិច្ចព្រមព្រៀងមួយជាមួយរដ្ឋាភិបាលប្រទេសអ៊ុយក្រែន។
នៅក្នុងបទសម្ភាសន៍ជាមួយបណ្ដាញផ្សាយព័ត៌មានសហរដ្ឋអាមេរិក CBS News លោក Sergei Lavrov បានឱ្យដឹងថា លោក ដូណាល់ ត្រាំ បានយល់ព្រមនូវលក្ខខណ្ឌទាំងពីរនេះ ហើយសម្រាប់រុស្ស៊ី បានត្រៀមខ្លួនជាស្រេចដើម្បីឈានដល់កិច្ចព្រមព្រៀងមួយដ៏ទូលំទូលាយ បើអ៊ុយក្រែន យល់ព្រម។ តែផ្ទុយទៅវិញ អ៊ុយក្រែនបានច្រានចោលទាំងស្រុង។ ប្រធានាធិបតីប្រទេសអ៊ុយក្រែន លោក វូឡូឌីមៀ ហ្សេឡេនស្គី បានប្រាប់សារព័ត៌មានថា ទោះជាលោកមានឋានៈជាប្រធានាធិបតីក៏ដោយ ក៏លោកគ្មានបុព្វសិទ្ធិកាត់ទឹកដីឱ្យអ្នកឈ្លានពាននោះដែរ៕
© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.
