អ្នកសង្កេតការណ៍លើកឡើងថា បើវិវាទការងាររបស់ក្រុមកូដករណាហ្គាវើលដ៍ត្រូវបានដោះស្រាយ នោះរដ្ឋាភិបាលនឹងចំណេញគ្រប់យ៉ាង ព្រមទាំងទទួលបាននូវការសាទរពីភាគីពាក់ព័ន្ធនានា ចំណែកក្រុមហ៊ុនដែលរំលោភបំពានសិទ្ធិកម្មករ ក៏នឹងមិនហ៊ានប្រព្រឹត្តអំពើរំលោភច្បាប់ទៀតដែរ។
អ្នកផ្តល់ប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការស្រាវជ្រាវ លោក សេក សុជាតិ ប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី៥ ឧសភា នេះថា ការប្រើសិទ្ធិស្របច្បាប់តវ៉ាទាមទាររកយុត្តិធម៌របស់ក្រុមកូដករណាហ្គាវើលដ៍ គឺជាគុណតម្លៃដ៏ធំធេងសម្រាប់យុត្តិធម៌សង្គមផង និងសម្រាប់កម្មករនិយោជិតដែលកំពុងរងនូវការរំលោភបំពានសិទ្ធិការងារដទៃទៀតផង។
លោកបន្តថា រដ្ឋាភិបាលគួរតែអរគុណដល់ក្រុមកូដករទាំងនេះដែលប្តូរផ្តាច់ចេញមុខតវ៉ាទាមទារនូវសិទ្ធិការងារដែលមានចែងក្នុងច្បាប់ ហើយត្រូវបានភាគីនិយោជករំលោភបំពាន។ ផ្ទុយទៅវិញ ការចោទប្រកាន់ថាពួកគេស៊ីឈ្នួលធ្វើកូដកម្មដើម្បីប្រឆាំងនឹងរដ្ឋាភិបាល គ្រាន់តែជាកាបើកដៃឱ្យជនឱកាសនិយមបន្តរំលោភបំពានច្បាប់ការងាររបស់កម្ពុជាប៉ុណ្ណោះ។
កាលពីថ្ងៃទី៤ ខែឧសភា ក្រុមកូដករណាហ្គាវើលដ៍រាប់សិបនាក់ បន្តចេញទាមទារឱ្យថៅកែក្រុមហ៊ុនណាហ្គាវើលដ៍ដោះស្រាយសំណើទាំង ៨ចំណុចដែលកូដករទាំងអស់បានស្នើសុំ ព្រោះសំណើទាំងនេះមិនទាន់ត្រូវបានដោះស្រាយសូម្បីតែមួយចំណុចអស់រយៈពេលជាង ៣ឆ្នាំមកនេះ (១២៣៣ថ្ងៃ)។
ក្រុមកូដករទាំងនេះអះអាងថា ជាង ៣ឆ្នាំនៃការទាមទាររបស់ពួកគេមិនមែនជាការស៊ីឈ្នួលទេ ហើយក៏មិនមែនដើម្បីញុះញង់ដែរ ប៉ុន្តែដើម្បីទទួលបានដំណោះស្រាយប៉ុណ្ណោះ ដូចជា ការទាមទារឱ្យថៅកែណាហ្គាវើលដ៍ត្រូវតែទទួលយកថ្នាក់ដឹកនាំសហជីព និងសមាជិកឲ្យចូលធ្វើការវិញ និងត្រូវគិតប្រាក់បំណាច់បញ្ចប់កិច្ចសន្យាការងារឲ្យបានត្រឹមត្រូវតាមច្បាប់ ជាដើម។
ទាក់ទិននឹងបញ្ហានេះ ក្នុងឱកាសនៃការប្រារព្ធទិវាពលករអន្តរជាតិ ១ឧសភា អង្គការ សមាគម និងសហជីពជាង ៦០ លើកឡើងថា រាល់ថ្ងៃ កម្មករនិយោជិត ជាពិសេសកម្មការិនីនៅតែប្រឈមបញ្ហានៅកន្លែងការងារ ខណៈកម្មករ និងថ្នាក់ដឹកនាំសហជីព ត្រូវរងនូវការចាប់ខ្លួន និងចោទប្រកាន់ពីបទល្មើសព្រហ្មទណ្ឌធ្ងន់ធ្ងរ ឬដាក់ឱ្យស្ថិតនៅក្រោមការត្រួតពិនិត្យរបស់តុលាការ ជាដើម៕
© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.
