ក្រសួងកសិកម្ម សម្រេចហាមឃាត់ការនាំចូលសត្វពាហនៈ និងផលិតផលសាច់សត្វពីប្រទេសថៃ ជាបណ្ដោះអាសន្ន បន្ទាប់ពីក្រសួងសុខាភិបាល ណែនាំពីវិធានការការពារជំងឺឆ្លងបាក់តេរីអង់ត្រាក់ ឬឈាមខ្មៅ ឬហៅម្យ៉ាងទៀតថា ពិសធ្យូង ដែលកំពុងផ្ទុះឡើងក្នុងប្រទេសថៃ នាពេលនេះ។
នៅថ្ងៃពុធ ទី០៧ ខែឧសភា នេះ ក្រសួងកសិកម្ម បានចេញសេចក្តីប្រកាសព័ត៌មានថា ក្រសួងកំពុងតាមដានយ៉ាងយកចិត្តទុកដាក់ចំពោះករណីកើតមានជំងឺឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ គោក្របី ដែលកំពុងកើតមាននៅក្នុងតំបន់មួយចំនួននៃប្រទេសថៃ ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ។
ប្រភពដដែលបញ្ជាក់ថា បច្ចុប្បន្នពុំមានករណីជំងឺនេះនៅក្នុងប្រទេសកម្ពុជានៅឡើយទេ ប៉ុន្តែដើម្បីជាវិធានការបង្ការ ក្រសួងបានដាក់ឱ្យអនុវត្តការហាមឃាត់ជាបណ្ដោះអាសន្នលើការនាំចូលសត្វពាហនៈ និងផលិតផលសាច់សត្វពីច្រកព្រំដែនទាំងអស់នៃប្រទេសថៃ ដើម្បីការអនុវត្តវិធានការទប់ស្កាត់ការឆ្លងជំងឺនេះឱ្យមានប្រសិទ្ធភាព។
ក្រសួងកសិកម្ម បញ្ជាក់ថា ក្រសួងបានរៀបចំបណ្ដាញប្រព័ន្ធប្រតិកម្មរហ័សនៅគ្រប់រាជធានី-ខេត្តទាំង ២៥ ក្នុងគោលដៅតាមដានសុខភាពសត្វពាហនៈ ដើម្បីធ្វើការអន្តរាគមន៍ភ្លាមៗផងដែរក្នុងករណីសង្ស័យណាមួយនោះ។
កាលពីថ្ងៃទី៦ ខែឧសភា ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មានថា ជំងឺឈាមខ្មៅ ឬជំងឺអង់ត្រាក់ ឬជំងឺពិសធ្យូង តែងកើតមានលើសត្វពាហនៈ និងសត្វព្រៃ ហើយបាក់តេរីជំងឺនេះអាចធន់នឹងសីតុណ្ហភាពខាងក្រៅចាប់ពី ៣០អង្សាសេរហូតដល់ ៤០អង្សាសេឯណោះ។
ក្រសួងសុខាភិបាល លើកឡើងថា ការឆ្លងនៃជំងឺនេះ កើតមានតាមរយៈនៃការប៉ះដោយផ្ទាល់ជាមួយនឹងសត្វឈឺ ឬឆ្លងតាមខ្យល់ដង្ហើម និងតាមរយៈនៃការបរិភោគសាច់ដែលមានជំងឺអង់ត្រាក់តែម្តង តែទោះជាយ៉ាងណា ជំងឺនេះគឺមានឱសថសម្រាប់ព្យាបាល និងមានវ៉ាក់សាំងចាក់បង្ការផងដែរ។
ប្រភពដដែលអះអាងថា មិនមានភស្តុតាងណាមួយបង្ហាញថា ជំងឺអង់ត្រាក់នេះចម្លងពីមនុស្សទៅមនុស្សម្នាក់ទៀតទេ ប៉ុន្តែវាអាចឆ្លងខ្លាំងបំផុតចំពោះដំបៅស្បែកលើអ្នកជំងឺ។
ចំណែកនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង បានចេញសេចក្តីប្រកាសព័ត៌មានកាលពីថ្ងៃទី៥ ខែឧសភា ថា ខេត្តមុកដាហាន ប្រទេសថៃ បានរកឃើញវិជ្ជមានជំងឺអង់ត្រាក់ ឬពិសធ្យូងចំនួន ២ករណីលើមនុស្ស ក្នុងនោះ មួយករណីបានស្លាប់ និងមួយករណីទៀតកំពុងព្យាបាលនៅមន្ទីរពេទ្យ។ មូលហេតុដែលឆ្លងជំងឺនេះ ដោយសារពួកគេបរិភោគសាច់គោឆៅដែលមានមេរោគបាក់តេរីអង់ត្រាក់នេះ៕
© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.
