27.4 C
Phnom Penh

ក្រសួង​កសិកម្ម​ហាមឃាត់​ការ​នាំចូល​សត្វ​ពាហនៈ​និង​សាច់​សត្វ​ពី​ថៃ​ជា​បណ្ដោះអាសន្ន ដើម្បី​ទប់ស្កាត់​ជំងឺ​ឈាម​ខ្មៅ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រសួង​កសិកម្ម សម្រេច​ហាមឃាត់​ការ​នាំចូល​សត្វ​ពាហនៈ និង​ផលិតផល​សាច់​សត្វ​ពី​ប្រទេស​ថៃ ជា​បណ្ដោះអាសន្ន បន្ទាប់ពី​ក្រសួង​សុខាភិបាល ណែនាំ​ពី​វិធានការ​ការពារ​ជំងឺឆ្លង​បាក់តេរី​អង់ត្រាក់ ឬ​ឈាម​ខ្មៅ ឬ​ហៅ​ម្យ៉ាង​ទៀត​ថា ពិស​ធ្យូង ដែល​កំពុង​ផ្ទុះ​ឡើង​ក្នុង​ប្រទេស​ថៃ នា​ពេលនេះ។

នៅ​ថ្ងៃ​ពុធ ទី​០៧ ខែ​ឧសភា នេះ ក្រសួង​កសិកម្ម បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ថា ក្រសួង​កំពុង​តាមដាន​យ៉ាង​យកចិត្ត​ទុកដាក់​ចំពោះ​ករណី​កើតមាន​ជំងឺ​ឈាម​ខ្មៅ ឬ​ជំងឺ​អង់ត្រាក់​លើ​សត្វ​ពាហនៈ គោ​ក្របី ដែល​កំពុង​កើតមាន​នៅ​ក្នុង​តំបន់​មួយ​ចំនួន​នៃ​ប្រទេស​ថៃ ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​នេះ។

ប្រភព​ដដែល​បញ្ជាក់​ថា បច្ចុប្បន្ន​ពុំ​មាន​ករណី​ជំងឺ​នេះ​នៅ​ក្នុង​ប្រទេស​កម្ពុជា​នៅឡើយ​ទេ ប៉ុន្តែ​ដើម្បី​ជា​វិធានការ​បង្ការ ក្រសួង​បាន​ដាក់​ឱ្យ​អនុវត្ត​ការ​ហាមឃាត់​ជា​បណ្ដោះអាសន្ន​លើ​ការ​នាំចូល​សត្វ​ពាហនៈ និង​ផលិតផល​សាច់​សត្វ​ពី​ច្រក​ព្រំដែន​ទាំងអស់​នៃ​ប្រទេស​ថៃ ដើម្បី​ការ​អនុវត្ត​វិធានការ​ទប់ស្កាត់​ការ​ឆ្លង​ជំងឺ​នេះ​ឱ្យ​មាន​ប្រសិទ្ធភាព។

ក្រសួង​កសិកម្ម បញ្ជាក់​ថា ក្រសួង​បាន​រៀបចំ​បណ្ដាញ​ប្រព័ន្ធ​ប្រតិកម្ម​រហ័ស​នៅ​គ្រប់​រាជធានី-ខេត្ត​ទាំង ២៥ ក្នុង​គោលដៅ​តាមដាន​សុខភាព​សត្វ​ពាហនៈ ដើម្បី​ធ្វើការ​អន្តរាគមន៍​ភ្លាមៗ​ផង​ដែរ​ក្នុង​ករណី​សង្ស័យ​ណា​មួយ​នោះ។

កាលពី​ថ្ងៃទី​៦ ខែ​ឧសភា ក្រសួង​សុខាភិបាល បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ថា ជំងឺ​ឈាម​ខ្មៅ ឬ​ជំងឺ​អង់ត្រាក់ ឬ​ជំងឺ​ពិស​ធ្យូង តែង​កើតមាន​លើ​សត្វ​ពាហនៈ និង​សត្វ​ព្រៃ ហើយ​បាក់តេរី​ជំងឺ​នេះ​អាច​ធន់​នឹង​សីតុណ្ហភាព​ខាងក្រៅ​ចាប់ពី ៣០​អង្សា​សេ​រហូត​ដល់ ៤០​អង្សា​សេ​ឯណោះ។

ក្រសួង​សុខាភិបាល លើកឡើង​ថា ការ​ឆ្លង​នៃ​ជំងឺ​នេះ កើតមាន​តាមរយៈ​នៃ​ការ​ប៉ះ​ដោយ​ផ្ទាល់​ជាមួយ​នឹង​សត្វ​ឈឺ ឬ​ឆ្លង​តាម​ខ្យល់​ដង្ហើម និង​តាមរយៈ​នៃ​ការ​បរិភោគ​សាច់​ដែល​មាន​ជំងឺ​អង់ត្រាក់​តែម្តង តែ​ទោះជា​យ៉ាងណា ជំងឺ​នេះ​គឺ​មាន​ឱសថ​សម្រាប់​ព្យាបាល និង​មាន​វ៉ាក់សាំង​ចាក់​បង្ការ​ផង​ដែរ។

ប្រភព​ដដែល​អះអាង​ថា មិន​មាន​ភស្តុតាង​ណា​មួយ​បង្ហាញ​ថា ជំងឺ​អង់ត្រាក់​នេះ​ចម្លង​ពី​មនុស្ស​ទៅ​មនុស្ស​ម្នាក់​ទៀត​ទេ ប៉ុន្តែ​វា​អាច​ឆ្លង​ខ្លាំង​បំផុត​ចំពោះ​ដំបៅ​ស្បែក​លើ​អ្នកជំងឺ។

ចំណែក​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​កាលពី​ថ្ងៃទី​៥ ខែ​ឧសភា ថា ខេត្ត​មុកដាហាន ប្រទេស​ថៃ បាន​រក​ឃើញ​វិជ្ជមាន​ជំងឺ​អង់ត្រាក់ ឬ​ពិស​ធ្យូង​ចំនួន ២​ករណី​លើ​មនុស្ស ក្នុង​នោះ មួយ​ករណី​បាន​ស្លាប់ និង​មួយ​ករណី​ទៀត​កំពុង​ព្យាបាល​នៅ​មន្ទីរពេទ្យ។ មូលហេតុ​ដែល​ឆ្លង​ជំងឺ​នេះ ដោយសារ​ពួកគេ​បរិភោគ​សាច់​គោ​ឆៅ​ដែល​មាន​មេរោគ​បាក់តេរី​អង់ត្រាក់​នេះ៕

© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស