អង្គការខ្មែរអាមេរិកាំង អរគុណដល់សហរដ្ឋអាមេរិក ជំនួសឱ្យពលរដ្ឋខ្មែរជាជនភៀសខ្លួនលើទឹកដីអាមេរិកទាំងអស់ ដែលព្រមទទួលយកពួកគេឲ្យមករស់នៅក្នុងសហរដ្ឋអាមេរិកក្នុងគ្រាដែលកម្ពុជាកំពុងជួបមហាគ្រោះវាលពិឃាតដ៏ធ្ងន់ធ្ងរ។
ប្រធានអង្គការខ្មែរអាមេរិកាំងដើម្បីលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស (CAHRAD) លោក យ័ប គឹមទឹង លើកឡើងនៅក្នុងព្រឹត្តិការណ៍ប្រចាំឆ្នាំក្នុងកម្មវិធីអរគុណរដ្ឋាភិបាលអាមេរិក ដែលទទួលយកជនភៀសខ្លួនខ្មែរមករស់នៅក្នុងសហរដ្ឋអាមេរិក កាលពីថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៥ ថា ប្រមាណជា ៥០ឆ្នាំមុន ប្រទេសកម្ពុជាបានធ្លាក់ចូលទៅក្នុងរបបខ្មៅងងឹតដែលត្រូវបានគេស្គាល់គ្រប់គ្នាថាជារបបវាលពិឃាត។
លោក យ័ប គឹមទឹង រៀបរាប់ថា សោកនាដកម្មមួយដែលបានកើតមានក្នុងប្រទេសកម្ពុជាចាប់ពីឆ្នាំ១៩៧៥ រហូតដល់ឆ្នាំ១៩៧៩ បានធ្វើឱ្យពលរដ្ឋស្លូតត្រង់ប្រមាណជិត ២លាននាក់ស្លាប់ដោយសារភាពអត់ឃ្លាន ជំងឺ និងការសម្លាប់ជាតិសាសន៍ខ្លួនឯងជាប្រព័ន្ធ ជាដើម។
លោកបន្តថា បន្ទាប់ពីការដួលរលំនៃរបបនេះនៅឆ្នាំ១៩៧៩ ពលរដ្ឋខ្មែរជាច្រើនបានរត់គេចខ្លួនទៅរស់នៅក្នុងជំរំជនភៀសខ្លួន និងបន្តចេញមករស់នៅប្រទេសទី៣ ដូចជា សហរដ្ឋអាមេរិក បារាំង កាណាដា អូស្ត្រាលី និងប្រទេសមួយចំនួនទៀត ដែលគិតជាសរុបមានប្រមាណជា ២លាន ៦សែននាក់។
ប្រធានអង្គការខ្មែរអាមេរិកាំងរូបនេះបញ្ជាក់ថា ខ្មែរអាមេរិកាំងទាំងអស់សូមសម្ដែងនូវការដឹងគុណដល់សហរដ្ឋអាមេរិកយ៉ាងខ្លាំងដែលទទួលយកជនភៀសខ្លួនខ្មែរ ក្នុងពេលដែលកម្ពុជាកំពុងជួបវិបត្តិមនុស្សធម៌។
ទោះជាយ៉ាងណាក៏ដោយ ពលរដ្ឋខ្មែរក្នុងស្រុកសព្វថ្ងៃនេះ នៅតែត្រូវការជំនួយពីសហរដ្ឋអាមេរិក ដោយសារតែប្រជាធិបតេយ្យនៅកម្ពុជាកំពុងធ្លាក់ដុនដាបទៅៗ។
អតីតឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំប្រទេសកម្ពុជា លោក វីល្លៀម ហៃដ៍ (William Heidt) បានលើកឡើងក្នុងពិធីនេះថា ពលរដ្ឋខ្មែរដែលបានមកតាំងទីលំនៅក្នុងសហរដ្ឋអាមេរិកក្នុងនាមជាជនភៀសខ្លួនពីរបបវាលពិឃាត បានរើខ្លួនពីភាពក្រីក្រតាមរយៈនៃការជំរុញឱ្យបុត្រាបុត្រីរបស់ពួកគេរៀនសូត្រកាន់តែច្រើនគួរជាទីមោទនៈ។
លោក វីល្លៀម ហៃដ៍ លើកឡើងថា សព្វថ្ងៃនេះ ពលរដ្ឋខ្មែរក្នុងសហរដ្ឋអាមេរិកមានចំនួនជាង ៤សែននាក់ ហើយពួកគេបានខិតខំកសាងសហគមន៍របស់ខ្លួនបានយ៉ាងល្អតាមរយៈនៃការបង្កើតវត្តអារាម សមាគមន៍ និងអង្គការក្រៅរដ្ឋាភិបាល ជាដើម។
លោកបន្ថែមថា ជីវភាពរបស់ពលរដ្ឋខ្មែរក្នុងសហរដ្ឋអាមេរិក ក៏កាន់តែមានភាពរីកចម្រើនដែរ ក្នុងនោះ អ្នកខ្លះមានមុខងារជាវិស្វករ ជាមេធាវី ជាវេជ្ជបណ្ឌិត ជាមន្ត្រីជាប់ឆ្នោត ជាគ្រូបង្រៀន និងជាអ្នកសិល្បៈផងដែរ។
អតីតឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិករូបនេះអះអាងថា អ្នកខ្លះក៏ជាអ្នកវិនិយោគ និងមានក្រុមហ៊ុនឯកជនជាច្រើន ដែលពួកគេបាននាំយកការវិយោគទាំងអស់នោះទៅជួយញាតិសន្តាន និងជួយប្រទេសកម្ពុជាដែរ តាមក្បួន និងស្តង់ដារបស់អាមេរិក ដែលនេះគឺជាសុឆន្ទៈដ៏ល្អរបស់ពលរដ្ឋខ្មែរ។
សហគមន៍ខ្មែរក្នុងទីក្រុងឡងប៊ិច ជាសហគមន៍ដែលមានពលរដ្ឋខ្មែររស់នៅច្រើនជាងគេ បន្ទាប់មក ទីក្រុងឡូវែល ហើយបន្ទាប់មកទៀត គឺទីក្រុងហ្វីឡាដែលហ្វៀ៕
© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.
