The Cambodia Daily Khmer

ក្នុង​បរិបទ​យុទ្ធសន្តិភាព​បទ​ឈប់​បាញ់៖ មេដឹកនាំ​ប៉ាគីស្ថាន និង​ឥណ្ឌា នៅ​បន្ត​សង្គ្រាម​ចិត្តសាស្ត្រ​វាយប្រហារ​គ្នា

ឥណ្ឌា-ប៉ាគីស្ថាន

មក​ទល់​ពេលនេះ ឥណ្ឌា និង​ប៉ាគីស្ថាន កំពុង​ស្ថិត​ក្នុង​សភាព​ស្ងប់ស្ងាត់ មិន​ទាន់​ឃើញ​មាន​ការ​ចុះផ្សាយ​ថា​កងទ័ព​នៃ​ប្រទេស​ទាំង​ពីរ​បន្ត​វាយប្រហារ​ដាក់​គ្នា​នោះ​ទេ បន្ទាប់ពី​ភាគី​ទាំង​ពីរ​យល់ព្រម​ជា​ថ្មី​ម្ដង​ទៀត ទទួលយក​បទ​ឈប់​បាញ់​ដែល​ស្នើ​ឡើង​ដោយ​អាមេរិក។

តែ​ជាមួយ​គ្នា​នេះ ប៉ាគីស្ថាន និង​ឥណ្ឌា បែរជា​ដណ្ដើម​គ្នា​អួត​ពី​ជោគជ័យ​ក្នុង​សង្គ្រាម​រយៈពេល ៥​ថ្ងៃ​ជាប់​គ្នា​នេះ​ទៅវិញ។

នាយករដ្ឋមន្ត្រី​ប៉ាគីស្ថាន លោក Muhammad Shehbaz Sharif បាន​ប្រកាស​កំណត់​ថ្ងៃទី​១០ ខែ​ឧសភា រៀង​រាល់​ឆ្នាំ ជា «ទិវា​ប្រយុទ្ធ​ដើម្បី​សច្ចភាព» ជា​ថ្ងៃ​អបអរ​នៃ​ការ​សម្រេច​បាន​ជ័យជម្នះ​ចេញពី​ការ​សាមគ្គី​ជាតិ​នៃ​ប្រទេស​ជាតិ​ប៉ាគីស្ថាន។

លោក Shehbaz Sharif អះអាង​ថា ប៉ាគីស្ថាន សម្រេច​បាន​ជ័យជម្នះ​ធំធេង​ក្នុង​ប្រតិបត្តិការ​វាយលុក​ប្រឆាំង​ឥណ្ឌា ដែល​ប្រទេស​ប៉ាគីស្ថាន ត្រូវ​កំណត់​យក​ថ្ងៃទី​១០ ខែ​ឧសភា ដើម្បី​ឧទ្ទិស​ដល់​កងកម្លាំង​វាយ​ការពារ​ទឹកដី​ប៉ាគីស្ថាន ពី​កម្លាំង​ឈ្លានពាន ហើយ​នៅ​ថ្ងៃ​សុក្រ​ក្នុង​សប្ដាហ៍​នេះ ក៏​ត្រូវ​ឧទ្ទិស​ជោគជ័យ​នេះ​ដល់​ព្រះ​អាឡោះ​ផង​ដែរ។

សេចក្ដី​ថ្លែងការណ៍​របស់​នាយករដ្ឋមន្ត្រី​ប៉ាគីស្ថាន ដែល​មើល​ទៅ​ជា​ប្រតិកម្ម​ទៅ​នឹង​នាយករដ្ឋមន្ត្រី​ឥណ្ឌា លោក ណារិនឌ្រា មូឌី ដែល​សច្ចា​សងសឹក​បន្ត​ទៀត ប្រសិនបើ​មាន​ការ​វាយប្រហារ​ភេរវកម្ម​លើ​ឥណ្ឌា។

លោក ណារិនឌ្រា មូឌី ប្រកាស​ថា ប្រទេស​របស់​លោក​មិន​បារម្ភ​ចំពោះ​ប៉ាគីស្ថាន ដែល​គំរាម​បាញ់​នុយក្លេអ៊ែរ​លើ​ឥណ្ឌា នោះ​ទេ។

នាយករដ្ឋមន្ត្រី​ឥណ្ឌា ដែល​កាន់​សាសនា​ហិនឌូ ព្រមាន​ថា ឥណ្ឌា​នឹង​ឆ្លើយតប​ភ្លាមៗ ហើយ​ធ្ងន់ធ្ងរ​ទៅ​ចំពោះ​អំពើ​ភេរវកម្ម​ណា​មួយ​បើ​កើតឡើង​ម្ដង​ទៀត។

លោក ណារិនឌ្រា មូឌី អះអាង​ថា រាល់​ការ​គំរាម​បាញ់​នុយក្លេអ៊ែរ មិន​ធ្វើ​ឲ្យ​ឥណ្ឌា ខ្លាច​បន្តិច​ឡើយ ហើយ​ថា​ការ​សម្លុត​គំរាម​វាយប្រហារ​ដោយ​នុយក្លេអ៊ែរ នឹង​ក្លាយ​ទៅ​ជា​គោលដៅ​ដែល​ឥណ្ឌា ត្រូវ​វាយបក​យ៉ាង​ធ្ងន់ធ្ងរ​បំផុត។

ទោះជា​បែប​នេះ​ក្ដី លោក ណារិនឌ្រា មូឌី ដែល​ថ្លែង​ទៅ​កាន់​ជន​រួម​ជាតិ​របស់​លោក បាន​បញ្ជាក់​ថា ការ​វាយប្រហារ​របស់​កងទ័ព​ឥណ្ឌា គ្រាន់តែ​ជា​ប្រតិកម្ម​សងសឹក​ទៅ​លើ​ជំរំ​ភេរវករ​ប៉ាគីស្ថាន ប៉ុណ្ណោះ វា​មិនមែន​ជា​ការ​បញ្ឈប់​ទាំងស្រុង​ទេ ដែល​ឥណ្ឌា មិន​អត់ឱន​ដាច់ខាត​ចំពោះ​អំពើ​ភេរវកម្ម ហើយ​ការ​វាយប្រហារ​លើក​ក្រោយ បើ​ក្រុម​ភេរវកម្ម​វាយប្រហារ​លើ​ប្រជាជន​ឥណ្ឌា ឬ​អ្នក​ទេសចរ ឥណ្ឌា​នឹង​រុញ​ទ័ព​តាម​កម្ទេច​ដល់​ជំរំ​ភេរវករ​ក្នុង​ទឹកដី​ប៉ាគីស្ថាន តែម្តង។

ដើមហេតុ​ដែល​នាំ​ឱ្យ​ប្រទេស​ទាំង​ពីរ​នេះ​វាយប្រហារ​ដោយ​បាញ់​មីស៊ីល បាញ់​កាំភ្លើងធំ រហូត​ប្រើ​យន្តហោះ​ចម្បាំង​វាយប្រហារ​គ្នា ក្រោយពី​ឥណ្ឌា បើក​ប្រតិបត្តិការ​យោធា Sindoor សងសឹក​តាម​កម្ទេច​វាយប្រហារ​ចូល​ខាង​ក្នុង​ទឹកដី​ប៉ាគីស្ថាន។ ប្រតិបត្តិការ​យោធា Sindoor របស់​ឥណ្ឌា បន្ទាប់ពី​មាន​ការ​វាយប្រហារ​កាលពី​ថ្ងៃទី​២២ ខែ​មេសា ទៅ​លើ​ទេសចរ​មួយ​ក្រុម​នៅ​តំបន់​កាស្មៀរ ខាង​ក្នុង​ទឹកដី​ឥណ្ឌា បណ្តាល​ឱ្យ​មនុស្ស ២៦​នាក់​បាត់បង់​ជីវិត ដែល​នាយករដ្ឋមន្ត្រី​ឥណ្ឌា ណារិនឌ្រា មូឌី ប្រកាស​សងសឹក​ឱ្យ​បាន​សម្រេច។

ហេតុការណ៍​នេះ ទីក្រុង​ញូវដែលី ភ្លាមៗ​បាន​ចោទ​ទីក្រុង​អ៊ីស្លាម៉ាបាដ ថា​ជា​អ្នកគាំទ្រ​អំពើ​ភេរវកម្ម​ឆ្លងដែន។

ជម្លោះ​ដែល​បង្ក​ឱ្យ​មាន​ការ​បាញ់​ប្រហារ​គ្នា​រវាង​ឥណ្ឌា និង​ប៉ាគីស្ថាន បាន​ចាប់ផ្តើម​ផ្ទុះឡើង​កាលពី​ថ្ងៃ​ពុធ ទី​៧ ឧសភា គិត​ត្រឹម​ពេលនេះ ជម្លោះ​រវាង​ប្រទេស​ទាំង​ពីរ​បាន​ផ្តាច់​ជីវិត​មនុស្ស​ជាង ៧០​នាក់។

ជាមួយ​គ្នា​នេះ ប្រទេស​ទាំង​ពីរ​កំពុង​អួត​រៀងៗ​ខ្លួន​ពី​ជ័យជម្នះ​ក្នុង​ការ​វាយប្រហារ​គ្នា។ ប៉ាគីស្ថាន អួត​ថា​បាន​បាញ់​ទម្លាក់​យន្តហោះ​ឥណ្ឌា ៥​គ្រឿង ក្នុង​នោះ យន្តហោះ Rafale ៣​គ្រឿង​ជា​យន្តហោះ​ផលិត​នៅ​ប្រទេស​បារាំង និង​យន្តហោះ​រុស្ស៊ី ២​គ្រឿង ប្រភេទ Su-30 ត្រូវ​បាន​បាញ់​កម្ទេច​ដោយ​មីស៊ីល​បាញ់​ចេញពី​យន្តហោះ​ចម្បាំង​ប៉ាគីស្ថាន J-10 ជា​យន្តហោះ​របស់​ចិន ដែល​ប៉ាគីស្ថាន ទិញ​ពី​ចិន។

ក្រៅពី​នេះ ប៉ាគីស្ថាន អះអាង​ថា កងកាំភ្លើងធំ និង​មីស៊ីល​របស់​ខ្លួន បាន​បាញ់​ចំ​គោលដៅ​យោធា​របស់​ឥណ្ឌា ដោយ​សម្លាប់​ទ័ព​ឥណ្ឌា ពី ៤០ ទៅ ៥០​នាក់។

ចំណែកឯ​ឥណ្ឌា វិញ អួត​ថា​បាន​បាញ់​ទម្លាក់​យន្តហោះ​ប៉ាគីស្ថាន បាន ៣​គ្រឿង ក្នុង​នោះ យន្តហោះ​ចិន JF-17 ចំនួន ២​គ្រឿង និង F-16 មួយ​គ្រឿង និង​វាយប្រហារ​ជំរំ​ក្រុម​ភេរវកម្ម​ប៉ាគីស្ថាន ជាច្រើន​ទីតាំង ដោយ​សម្លាប់​ភេរវករ​បាន​ជាង ១០០​នាក់។ នេះ​បើ​តាម​គេហទំព័រ​ព័ត៌មាន idrw.org របស់​ក្រុម​ស្រាវជ្រាវ​ការពារ​ជាតិ​ឥណ្ឌា។

បើ​ទោះ​ភាគី​ទាំង​ពីរ​យល់ព្រម​លើ​បទ​ឈប់​បាញ់​ក៏ដោយ តែ​ភាគី​ទាំង​ពីរ​នៅតែ​ដាក់​ពង្រាយ​ទ័ព និង​សព្វាវុធ​ប្រឈមមុខ​ដាក់​គ្នា​នៅឡើយ។

កាលពី​ថ្ងៃ​ចន្ទ ទី​១១ ខែ​ឧសភា កងទ័ព​ជើងទឹក​ឥណ្ឌា និយាយ​ថា នាវាចម្បាំង និង​នាវា​ផ្ទុក​យន្តហោះ​របស់​ឥណ្ឌា ត្រូវ​បាន​បញ្ជូន​ទៅ​ភាគ​ខាងជើង​សមុទ្រ​អារ៉ាប់ ក្នុង​គោលដៅ​ស្កាត់ និង​ប្រតិបត្តិការ​យ៉ាង​លឿន​រហ័ស វាយប្រហារ​លើ​គោលដៅ​ដែល​បាន​កំណត់ បើ​ប៉ាគីស្ថាន បើក​ការ​វាយប្រហារ​លើ​ប្រទេស​ឥណ្ឌា ម្ដង​ទៀត ដែល​ជា​ការ​រំលោភ​យុទ្ធសន្តិភាព​នៃ​បទ​ឈប់​បាញ់។ ចំណែក​ភាគី​ប៉ាគីស្ថាន ព្រមាន​ថា កង​យន្តហោះ​ប៉ាគីស្ថាន អាច​កម្ទេច​នាវាចម្បាំង​ឥណ្ឌា យ៉ាង​លឿន និង​មាន​ប្រសិទ្ធភាព៕

© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

Exit mobile version