The Cambodia Daily Khmer

លោក ហ៊ុន ម៉ាណែត បន្ត​អំពាវនាវ​ឱ្យ​ពលរដ្ឋ​ចូលរួម​ថែរក្សា​សន្តិភាព​ដើម្បី​កុំ​ឱ្យ​របប​ប្រល័យ​ពូជសាសន៍​វិល​មក​វិញ

លោក ហ៊ុន ម៉ាណែត ថ្លែង​ក្នុង​ពិធី​បិទ​សន្និបាត​បូក​សរុប​លទ្ធផល​ការងារ​ឆ្នាំ​២០២៤ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​២០២៥ របស់​ក្រសួង​មុខងារ​សាធារណៈ នៅ​ថ្ងៃទី​២០ ខែ​មីនា ឆ្នាំ​២០២៥។

លោក ហ៊ុន ម៉ាណែត ថ្លែង​ក្នុង​ពិធី​បិទ​សន្និបាត​បូក​សរុប​លទ្ធផល​ការងារ​ឆ្នាំ​២០២៤ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​២០២៥ របស់​ក្រសួង​មុខងារ​សាធារណៈ នៅ​ថ្ងៃទី​២០ ខែ​មីនា ឆ្នាំ​២០២៥។

លោក ហ៊ុន ម៉ាណែត អំពាវនាវ​ឱ្យ​ពលរដ្ឋ​ខ្មែរ​ចូលរួម​ថែរក្សា​សន្តិភាព​ឱ្យ​បាន​គង់វង្ស ដើម្បី​កុំ​ឱ្យ​របប​ប្រល័យ​ពូជសាសន៍​វិលត្រឡប់​មកវិញ។

លោក ហ៊ុន ម៉ាណែត បាន​ចេញ​លិខិត​ក្នុង​ខួប​លើ​ទី​៨ ទិវា​ជាតិ​នៃ​ការ​ចងចាំ ២០​ឧសភា កាលពី​ថ្ងៃទី​១៦ ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​នៅ​ថ្ងៃទី​១៩ ឧសភា នេះ​ថា បើ​គ្មាន​សន្តិភាព គឺ​មាន​សង្គ្រាម ហើយ​បើ​មាន​សង្គ្រាម នឹង​ធ្វើ​ឱ្យ​ប្រទេស​ជាតិ​កាន់តែ​ក្រីក្រ អសន្តិសុខ គ្មាន​ស្ថិរភាព និង​គ្មាន​ការ​អភិវឌ្ឍ ជាដើម។

លោក​អំពាវនាវ​ឱ្យ​ពលរដ្ឋ​សិក្សា​អំពី​ការ​ឈឺចាប់​របស់​កម្ពុជា​កាលពី​អតីតកាល និង​រួម​គ្នា​ទប់ស្កាត់​របប​ប្រល័យ​ពូជសាសន៍ ដែល​ជា​ប្រវត្តិ​ដ៏​ឈឺចាប់​បំផុត​លើ​ប្រជាជន​កម្ពុជា ដោយ​ការ​កាប់​សម្លាប់ ជិះជាន់ និង​ការ​ធ្វើ​ទារុណកម្ម​គ្រប់​បែប​យ៉ាង។

ប្រភព​ដដែល​បញ្ជាក់​ថា ទិវា​ជាតិ​នៃ​ការ​ចងចាំ បាន​រួម​ចំណែក​ក្នុង​ការ​ផ្សះផ្សា​ជាតិ ជំរុញ​ឱ្យ​មាន​សុខដុមនីយកម្ម​ក្នុង​សង្គម​កម្ពុជា និង​បាន​លើក​កម្ពស់​ការ​ផ្សព្វផ្សាយ​អំពើ​ឃោរឃៅ​ដែល​បាន​កើត​មាន​នៅ​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ ក៏ដូចជា​ទប់ស្កាត់ និង​បង្ការ​កុំ​ឱ្យ​របប​ឃោរឃៅ ព្រៃផ្សៃ និង​ប្រល័យ​ពូជសាសន៍​បែប​នេះ​កើតមាន​ឡើង​សាជាថ្មី​ផង​ដែរ។

កាលពី​ថ្ងៃទី​១៤ ខែ​កុម្ភៈ ឆ្នាំ​២០១៨ រដ្ឋាភិបាល​កម្ពុជា​ចេញ​អនុក្រឹត្យ​កំណត់​យក​ថ្ងៃទី​២០ ខែ​ឧសភា ជា​រៀង​រាល់​ឆ្នាំ ជា «ទិវា​ជាតិ​នៃ​ការ​ចងចាំ» ដែល​ជា​ថ្ងៃ​បុណ្យ​ជាតិ​ផ្លូវការ​មួយ ដើម្បី​គោរព​ដល់​វិញ្ញាណក្ខន្ឋ​ដល់​អ្នក​ដែល​បាន​ស្លាប់​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ និង​ការ​ប៉ះប៉ូវ​នូវ​ការ​ឈឺចាប់​ផ្លូវចិត្ត​ដល់​ជនរងគ្រោះ​ក្នុង​សម័យ​នោះ​ផង​ដែរ។

ទាក់ទិន​នឹង​បញ្ហា​នេះ ក្រុម​អ្នក​សង្កេតការណ៍​លើកឡើង​ថា ពលរដ្ឋ​ខ្មែរ​ដែល​បាន​ស្លាប់​ក្នុង​របប​ខ្មែរក្រហម នៅតែ​មិន​ទទួល​បាន​យុត្តិធម៌​នៅឡើយ​ក្រោម​ការ​ដឹកនាំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា អស់​រយៈពេល​ជាង ៤​ទសវត្សរ៍​មក​នេះ ខណៈ​ជនរងគ្រោះ​ដែល​បាន​ស្លាប់​ក្រោម​ការ​ដឹកនាំ​របស់​លោក ហ៊ុន សែន ក៏​មិន​ដែល​ទទួល​បាន​យុត្តិធម៌​ដូច​គ្នា​ដែរ ទោះ​អំពើ​ឃាតកម្ម​ទាំងនោះ​បាន​កើត​តាំងពី​ជាង ២០​ឆ្នាំ​មុន​ក៏ដោយ។

ជាក់ស្តែង ករណី​ឃាតកម្ម​លើ​អ្នកស្រី ពិសិដ្ឋ ពីលីកា ការ​បាញ់​សម្លាប់​មេដឹកនាំ​សហជីព លោក ជា វិជ្ជា ការ​បាញ់​សម្លាប់​សកម្មជន​ការពារ​ព្រៃឈើ លោក ឈុត វុទ្ធី ការ​បាញ់​សម្លាប់​ព្រះ​ភិក្ខុ សំ ប៊ុនធឿន និង​ការ​បាញ់​សម្លាប់​អ្នក​ស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម បណ្ឌិត កែម ឡី ហើយ​ចុងក្រោយ​នេះ គឺ​លោក លិម គិមយ៉ា ជាដើម។

ជាង​នេះ​ទៀត ការ​បាញ់​សម្លាប់​កងទ័ព​រាជា​និយម​រាប់​រយ​នាក់​នៅ​កណ្តាល​ទីក្រុង​ភ្នំពេញ​ពី​សំណាក់​កងទ័ព​ក្រោម​បញ្ជា​លោក ហ៊ុន សែន កាលពី​ឆ្នាំ​១៩៩៧ ក៏​រដ្ឋាភិបាល​ខ្មែរ​មិន​ទាន់​អាច​វែកមុខ​យក​ឃាតករ​ពិត​យក​មក​ផ្ដន្ទាទោស​តាម​ច្បាប់​ដែរ រហូត​ដល់​ពេលនេះ។

អ្នក​ឃ្លាំមើល​ខ្លះ​និយាយ​ថា របប​វាល​ពិឃាត​អាច​វិល​ត្រឡប់​មក​វិញ​បាន លុះត្រាតែ​គណបក្ស​ប្រជាជន​កម្ពុជា​ជា​អ្នក​ប្រព្រឹត្ត ពីព្រោះ​ក្រុម​មន្ត្រី​ជាន់ខ្ពស់​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ភាគច្រើន សុទ្ធសឹងតែ​ជា​កម្មាភិបាល​ខ្មែរក្រហម​ស្រាប់ ជាពិសេស​ឪពុក​របស់​លោក ហ៊ុន ម៉ាណែត គឺ​លោក ហ៊ុន សែន តែម្តង។ ម្យ៉ាង​ទៀត មាន​តែ​គណបក្ស​ប្រជាជន​កម្ពុជា​ទេ​ដែល​កំពុង​គ្រប់គ្រង​អំណាច ហើយ​មាន​ទាំង​កម្លាំង​ប្រដាប់​អាវុធ​ពេញ​ដៃ​ថែម​ទៅ​ទៀត​នោះ៕

© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

Exit mobile version