The Cambodia Daily Khmer

លោក ហ៊ុន សែន ព្រមាន​ថា​ដើម្បី​កុំ​ឱ្យ​របប ប៉ុល ពត វិល​មក​វិញ ទាល់តែ​ពលរដ្ឋ​គ្រប់​រូប​ការពារ​សន្តិភាព

លោក ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា និង​ជា​ឪពុក​បង្កើត​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត

លោក ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា និង​ជា​ឪពុក​បង្កើត​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត

អតីត​ទាហាន​ខ្មែរក្រហម លោក ហ៊ុន សែន បំភ័យ​ថា ដើម្បី​កុំ​ឱ្យ​របប​ប្រល័យ​ពូជសាសន៍​វិល​ត្រឡប់​មក​វិញ​បាន លុះត្រា​ពលរដ្ឋ​ខ្មែរ​គ្រប់​រូប​ត្រូវ​ចូលរួម​ថែរក្សា​ការពារ​សន្តិភាព​ឱ្យ​បាន​គង់វង្ស។

លោក ហ៊ុន សែន បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​២០ ឧសភា នេះ​ថា ទិវា​ជាតិ​នៃ​ការ​ចងចាំ គឺជា​ថ្ងៃ​រំលឹក​ដល់​វិញ្ញាណក្ខន្ធ​ជនរងគ្រោះ​ជាង ៣​លាន​នាក់ ដែល​បាន​ស្លាប់​បាត់បង់​ជីវិត​នៅ​ក្នុង​របប​ប្រល័យ​ពូជសាសន៍ ប៉ុល ពត។

លោក​បញ្ជាក់​ថា ពលរដ្ឋ​ខ្មែរ​ភាគច្រើន​លើសលប់​បាន​ដឹង និង​បាន​យល់​ច្បាស់​អំពី​រឿងរ៉ាវ​សោកនាដកម្ម​ដ៏​ជូរចត់ ដែល​បាន​ឆ្លងកាត់​ជិត ៣​ទសវត្សរ៍​ក្នុង​ភ្នក់ភ្លើង​សង្គ្រាម និង​ទឹកភ្នែក ការ​កាប់​សម្លាប់ ការ​បំផ្លិចបំផ្លាញ ការ​ជម្លៀស​ចេញពី​ទីលំនៅ​របស់​ខ្លួន​ដោយ​បង្ខំ និង​ការ​បង្ខំ​ឱ្យ​ធ្វើការ​ដូច​សត្វ​ធាតុ ជាដើម។

អតីត​ទាហាន​ខ្មែរក្រហម​រូប​នេះ​បញ្ជាក់​ថា ទិវា​ជាតិ​នៃ​ការ​ចងចាំ ២០​ឧសភា គឺជា​ថ្ងៃ​ដែល​ប្រជាជន​កម្ពុជា​គ្រប់ៗ​រូប​ចងចាំ​មិន​អាច​បំភ្លេច​បាន​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ ឬ​ហៅថា របប​ប្រល័យ​ពូជសាសន៍ ប៉ុល ពត ដែល​ជា​របប​ដ៏​ឃោរឃៅ និង​ខ្មៅ​ងងឹត គ្មាន​សិទ្ធិ​សេរីភាព គ្មាន​លទ្ធិប្រជាធិបតេយ្យ និង​សូម្បីតែ​សិទ្ធិ​រស់​រាន​មាន​ជីវិត​ដែល​ជា​សិទ្ធិ​មូលដ្ឋាន​មាន​ពី​កំណើត​របស់​មនុស្ស ក៏​គ្មាន​ដែរ​នោះ។

តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក អ៊ុំ សំអាន ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​២០ ឧសភា នេះ​ថា លោក ហ៊ុន សែន គឺជា​ជន​ក្បត់​ជាតិ​ឯង​ដែល​បាន​ចូលរួម​សម្លាប់​ពលរដ្ឋ​ខ្មែរ​ក្នុង​សម័យ ប៉ុល ពត ក្នុង​ឋានៈ​ជា​មេទ័ព​ខ្មែរក្រហម​ម្នាក់​ក្រោម​ការ​រៀបចំ​របស់​គណបក្ស​កុម្មុយនីស្ត​កម្ពុជា ដែល​មាន​ដើមកំណើត​ពី​វៀតណាម អស់​រយៈពេល​ជាង ២​ឆ្នាំ ក្នុង​របប​យង់ឃ្នង​នោះ។

លោក អ៊ុំ សំអាន លើកឡើង​ថា លោក ហ៊ុន សែន បាន​ចូលរួម​បម្រើ​របប​ខ្មៅ​ងងឹត​នេះ​ក្នុង​ឋានៈ​ជា​មេទ័ព​ខ្មែរក្រហម​ម្នាក់​នៅ​ភូមិភាគ​បូព៌ា អស់​រយៈពេល​ជាង ២​ឆ្នាំ ចាប់ពី​ឆ្នាំ​១៩៧៥ ដល់​ពាក់កណ្តាល​ឆ្នាំ​១៩៧៧ ក្នុង​នោះ លោក ហ៊ុន សែន ក៏​បាន​កាប់​សម្លាប់​ពលរដ្ឋ​ស្លូតត្រង់​ជាច្រើន​នាក់​ដែរ ជាពិសេស​ក្នុង​ចំណោម​សហគមន៍​ខ្មែរ​ឥស្លាម​នៅ​ស្រុក​ក្រូចឆ្មារ ខេត្ត​កំពង់ចាម។

លោក​បន្ត​ថា ដោយសារតែ​ខ្លាច​ថ្នាក់លើ​របស់​ខ្លួន​សម្លាប់ លោក ហ៊ុន សែន ក៏​បាន​រត់​ទៅ​ប្រទេស​វៀតណាម និង​សុំ​ឲ្យ​កងទ័ព​វៀតណាម ជួយ​ការពារ រួម​ទាំង​សុំ​ឲ្យ​យក​គាត់​ធ្វើ​ជា​អ្នក​បម្រើ​របស់​ពួកគេ​តាំងពី​ពេល​នោះ​មក​ថែម​ទៀត។

ផ្អែក​តាម​ការ​សិក្សា​ស្រាវជ្រាវ បង្ហាញ​ថា លោក ហ៊ុន សែន ធ្លាប់​បម្រើ​មេដឹកនាំ​ខ្មែរក្រហម លោក ប៉ុល ពត យ៉ាង​ស្មោះស្ម័គ្រ​ជិត ៣​ឆ្នាំ គឺ​ចាប់ពី​ឆ្នាំ​១៩៧៥ ដល់​ឆ្នាំ​១៩៧៧។ ត្រង់​ចំណុច​នេះ គឺ​បញ្ជាក់​ឱ្យ​ឃើញ​ថា ទាំង​លោក ហ៊ុន សែន និង ប៉ុល ពត សុទ្ធតែ​មាន​បាតដៃ​ប្រឡាក់​ឈាម​ខ្មែរ​ដូច​គ្នា៕

© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

Exit mobile version