ប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន នៅថ្ងៃពុធ ទី២១ ខែឧសភា នេះ បានធ្វើទស្សនកិច្ចដ៏គួរឱ្យភ្ញាក់ផ្អើលមួយទៅកាន់តំបន់ Kursk ខាងក្នុងព្រំដែនរបស់រុស្ស៊ី ដែលជាលើកទីមួយរបស់បុរសខ្លាំងវិមានក្រឹមឡាំង រូបនេះចាប់តាំងពីកងទ័ពរុស្ស៊ី បានរុញច្រានកងទ័ពអ៊ុយក្រែន ដែលបានលើកទ័ពបំបែកខ្សែការពារព្រំដែនរុស្ស៊ី ហើយវាយកាន់កាប់ផ្នែកខ្លះនៃតំបន់នេះ កាលពីក្នុងខែសីហា ឆ្នាំ២០២៤ ដែលមានរយៈពេលជិតមួយឆ្នាំ ទើបតំបន់ Kursk ធ្លាក់ក្នុងដៃទ័ពរុស្ស៊ី វិញ។
វីដេអូរបស់ក្រុមអ្នកយកព័ត៌មានឱ្យទូរទស្សន៍រដ្ឋរុស្ស៊ី បានបង្ហាញពីរូបភាពដែលលោក ពូទីន បានចុះទៅពិនិត្យទីតាំងមួយចំនួន រួមនឹងរោងចក្រថាមពលនុយក្លេអ៊ែរនៅក្នុងតំបន់ Kursk ដែលគេបានឃើញមន្ត្រីជាន់ខ្ពស់វិមានក្រឹមឡាំងអមដំណើរលោក ពូទីន ស្ថិតក្នុងអគាររោងចក្រនេះ ជាមួយនឹងមន្ត្រីក្នុងតំបន់ Kursk មកចូលជួបនឹងលោក ពូទីន ដូចជាអភិបាលតំបន់ស្តីទី លោក Aleksandr Khinshtein។
វិមានក្រឹមឡាំង បាននិយាយថា អំឡុងទស្សនកិច្ចនេះ លោក ពូទីន បានជួបជាមួយអង្គការស្ម័គ្រចិត្តក្នុងតំបន់ Kursk ហើយលោកក៏បានទៅពិនិត្យមើលស្ថានីយថាមពលនុយក្លេអ៊ែរ Kursk-II។ លោកត្រូវបានអមដំណើរដោយលោក Sergei Kiriyenko ដែលជានាយរងខុទ្ទកាល័យវិមានក្រឹមឡាំង។
កងទ័ពអ៊ុយក្រែន បានបើកការលុកលុយកាលពីខែសីហា ឆ្នាំមុន ក្នុងការវាយប្រហារដ៏ក្លាហានមួយដែលមានគោលដៅចាប់យកដែនដីខាងក្នុងទឹកដីរុស្ស៊ី ជាតំបន់រណបយោធារបស់ខ្លួន។ ទីក្រុង Kyiv និយាយថា កងទ័ពរបស់ខ្លួនបានវាយគ្រប់គ្រងលើផ្ទៃដីប្រហែល ១៤០០គីឡូម៉ែត្រការ៉េ។
តែយ៉ាងណា កាលពីខែមុន ទីក្រុងមូស្គូ អះអាងថា កងទ័ពខ្លួនដែលសហការជាមួយកងទ័ពកូរ៉េខាងជើង បានវាយបណ្តេញកងទ័ពអ៊ុយក្រែន ចេញពីដែនដីតំបន់ Kursk ដោយបានបញ្ចប់ការលុកលុយរបស់កងទ័ពជិតខាងមួយនេះ។ តែយ៉ាងណា អ៊ុយក្រែន នៅតែប្រកាសថា កងទ័ពរបស់ខ្លួនមិនបានដកទ័ពចេញពីខាងព្រំដែនតំបន់ Kursk ទាំងស្រុងនៅឡើយទេ។
ដ្បិតដូចនេះក្ដី អ្នកជំនាញកិច្ចការភូមិសាស្ត្រនយោបាយ វាយបន្ថោកទីក្រុងមូស្គូ ថាដោយសារតែមានចំណុចខ្សោយ ទើបទ័ពអ៊ុយក្រែន មានឱកាសវាយបំបែកខ្សែការពារព្រំដែនដោយកាន់កាប់ទឹកដីរបស់មហាអំណាចមួយនេះ គឺជាលើកដំបូងចាប់តាំងពីសង្គ្រាមលោកលើកទី២។
ដំណើរទស្សនកិច្ចរបស់លោក ពូទីន កើតឡើងចំពេលមានការចោទប្រកាន់ថា លោកកំពុងផ្អាកកិច្ចចរចាសន្តិភាពដែលជាគោលដៅមួយគេថាលោក ពូទីន ពង្រឹងអំណាចរបស់រុស្ស៊ី នៅឯតុចរចា។
តែផ្ទុយទៅវិញ សង្គ្រាមរបស់លោក ពូទីន បានកំពុងធ្វើឱ្យរុស្ស៊ី បាត់បង់ទ័ពដ៏ច្រើនបំផុតក្នុងសង្គ្រាមប៉ុនប៉ងដើម្បីលេបយកទឹកដីអតីតសហភាពសូវៀតដូចគ្នាចាប់តាំងពីសង្គ្រាមលោកលើកទី២។
ចំពេលដែលលោក ពូទីន ចុះទៅតំបន់រំដោះដែលកងទ័ពរុស្ស៊ី វាយយកបានពីកងទ័ពអ៊ុយក្រែន សហភាពអឺរ៉ុប និងចក្រភពអង់គ្លេស ប្រកាសបន្ថែមទណ្ឌកម្មសេដ្ឋកិច្ចកាន់តែធ្ងន់ធ្ងរទៅលើរបបនៅទីក្រុងមូស្គូ។
សហភាពអឺរ៉ុប បានអនុម័តកញ្ចប់ទណ្ឌកម្មថ្មីទី១៧ ប្រឆាំងនឹងប្រទេសរុស្ស៊ី ពាក់ព័ន្ធនឹងសង្គ្រាមនៅអ៊ុយក្រែន ដោយបានផ្ដោតគោលដៅនៃក្រុមកងនាវាដឹកប្រេងរបស់ទីក្រុងមូស្គូ និងនាវាប្រទេសផ្សេងៗទៀត។
ប្រធានគោលនយោបាយការបរទេសសហភាពអឺរ៉ុប អ្នកស្រី Kaja Kallas បានសរសេរនៅលើបណ្ដាញសង្គម X ថា៖ «សហភាពអឺរ៉ុប បានអនុម័តកញ្ចប់ទណ្ឌកម្មទី១៧ របស់ខ្លួនប្រឆាំងនឹងរុស្ស៊ី ដោយកំណត់គោលដៅលើកងនាវាជិត ២០០គ្រឿងដែលដឹកប្រេង និងឧស្ម័នពីរុស្ស៊ី។»
អ្នកស្រីក៏បានព្រមានបន្ថែមថា៖ «ទណ្ឌកម្មកាន់តែច្រើនលើរុស្ស៊ី កំពុងត្រូវបានរៀបចំ ហើយកាលណារុស្ស៊ី ធ្វើសង្គ្រាមកាន់តែយូរ ការដាក់ទណ្ឌកម្មរបស់អឺរ៉ុបកាន់តែតឹងរ៉ឹង និងធ្ងន់ធ្ងរ។»
កញ្ចប់ទណ្ឌកម្មថ្មីនេះ គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់សហភាពអឺរ៉ុប និងសម្ព័ន្ធមិត្តលោកខាងលិច ក្នុងការបង្ក្រាបជាបន្តបន្ទាប់ទៅលើក្រុមនាវាដឹកប្រេងរបស់រុស្ស៊ី និងក្រុមនាវាពីប្រទេសផ្សេងៗដែលចូលទៅដឹកប្រេង និងឧស្ម័នរបស់រុស្ស៊ី ទៅតាមការស្នើទិញពីប្រទេសដែលមិនចូលរួមគាំទ្ររបស់សហគមន៍អន្តរជាតិក្នុងការដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើរបបនៅទីក្រុងមូស្គូ។
ចំណែកចក្រភពអង់គ្លេស ក៏បានអនុម័តដាក់ទណ្ឌកម្មបន្ថែមទៅលើរុស្ស៊ី ផងដែរ។ ចក្រភពអង់គ្លេស បានប្រកាសដាក់ទណ្ឌកម្មថ្មីមួយទៀតរបស់ខ្លួនទៅលើវិស័យយោធា ថាមពល និងហិរញ្ញវត្ថុរបស់រុស្ស៊ី ដែលជាការបង្កើនសម្ពាធលើទីក្រុងមូស្គូ ដោយមានការសម្របសម្រួលជាមួយសហភាពអឺរ៉ុប។
នាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer និងមេដឹកនាំសហភាពអឺរ៉ុប ក៏បានរួមគ្នាអំពាវនាវឲ្យរដ្ឋការលោក ត្រាំ ចូលរួមដាក់ទណ្ឌកម្មកាន់តែតឹងរ៉ឹង បន្ទាប់ពីកិច្ចសន្ទនារវាងលោក ត្រាំ និងលោក ពូទីន កាលពីថ្ងៃចន្ទក្នុងសប្ដាហ៍នេះ បានបញ្ចប់ដោយគ្មានកិច្ចព្រមព្រៀងបទឈប់បាញ់។
ការដាក់ទណ្ឌកម្មជាបន្តបន្ទាប់ពីសំណាក់សហភាពអឺរ៉ុប និងអង់គ្លេស រួមទាំងក្រុមប្រទេសឧស្សាហកម្ម G-7 មានគោលដៅរុញច្រានកម្លាំងសេដ្ឋកិច្ចរុស្ស៊ី ឱ្យចុះទន់ខ្សោយកាន់តែខ្លាំង ដែលជាគោលដៅគាបសង្កត់ក្រុងមូស្គូ ឲ្យបញ្ឈប់សង្គ្រាមឈ្លានពានរបស់ខ្លួនទៅលើប្រទេសអ៊ុយក្រែន៕
© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.
