The Cambodia Daily Khmer

ក្រុម​ប្រទេស G7 តាំងចិត្ត​បង្ខាំង​ទ្រព្យសម្បត្តិ​រុស្ស៊ី ទាល់តែ​រុស្ស៊ី​បញ្ចប់​សង្គ្រាម និង​ព្រម​សង​ការ​ខូចខាត​ឱ្យ​អ៊ុយក្រែន

ក្រុម​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ និង​ទេសាភិបាល​ធនាគារ​កណ្ដាល​ពី​ប្រទេស​ឧស្សាហកម្ម G7 ជួប​ប្រជុំ​គ្នា​នៅ​ទីក្រុង Banff ប្រទេស​កាណាដា កាលពី​ថ្ងៃទី​២២ ខែ​ឧសភា ឆ្នាំ​២០២៥។

ក្រុម​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ និង​ទេសាភិបាល​ធនាគារ​កណ្ដាល​ពី​ប្រទេស​ឧស្សាហកម្ម G7 ជួប​ប្រជុំ​គ្នា​នៅ​ទីក្រុង Banff ប្រទេស​កាណាដា កាលពី​ថ្ងៃទី​២២ ខែ​ឧសភា ឆ្នាំ​២០២៥។

កាលពី​ថ្ងៃទី​២២ ខែ​ឧសភា ក្រុម​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ និង​ទេសាភិបាល​ធនាគារ​កណ្ដាល​ពី​ប្រទេស​ឧស្សាហកម្ម G7 បាន​ជួប​ប្រជុំ​គ្នា​នៅ​ទីក្រុង Banff ប្រទេស​កាណាដា។

ក្នុង​កិច្ចប្រជុំ​នៃ​ក្រុម​ក្រុម​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ G7 សម្រេច​បាន​នូវ​ការ​ចេញ​សេចក្ដី​ថ្លែងការណ៍​រួម​គ្នា ដោយ​សន្យា​ជាមួយ​គ្នា​ជា​ថ្មី​ម្ដង​ទៀត ដោយ​កំណត់​គោលដៅ​រួម​គ្នា​ក្នុង​ការ​ប្រឆាំង​សង្គ្រាម​ដោយ​ប្រទេស​រុស្ស៊ី នៅ​ប្រទេស​អ៊ុយក្រែន ជាមួយ​នឹង​សន្យា​បន្ត​ដាក់​ទណ្ឌកម្ម​លើ​សេដ្ឋកិច្ច​ប្រទេស​រុស្ស៊ី រហូត​ដល់​ដំណាក់កាល​ចុងក្រោយ គឺ​រុស្ស៊ី ព្រម​បញ្ចប់​សង្គ្រាម និង​ទទួល​សង​ការ​ខូចខាត​ទៅ​ឱ្យ​ប្រទេស​អ៊ុយក្រែន។ នេះ​បើ​តាម​ការ​ចុះផ្សាយ​របស់​គេហទំព័រ​សារព័ត៌មាន TVP World នៅ​ថ្ងៃទី​២៣ ឧសភា នេះ។

ក្នុង​សេចក្ដី​ថ្លែងការណ៍​នៃ​ក្រុម​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ និង​ទេសាភិបាល​ធនាគារ​កណ្ដាល​ពី​ប្រទេស​ឧស្សាហកម្ម G7 បាន​សង្កត់​ធ្ងន់ គឺ​ការ​ប្ដេជ្ញា​ចិត្ត​ពួកគេ​ក្នុង​ការ​ផ្អឹប​ទុក និង​រឹបអូស​ទ្រព្យសម្បត្តិ​របស់​រុស្ស៊ី រហូត​ដល់​កិច្ចព្រមព្រៀង​សន្តិភាព​ត្រូវ​បាន​សម្រេច​នៅ​ប្រទេស​អ៊ុយក្រែន ហើយ​ទីក្រុង​មូស្គូ ផ្តល់​សំណង​សម្រាប់​ការ​ខូចខាត​ដែល​ក្រុង​មូស្គូ បាន​កំពុង​បង្ក​សង្គ្រាម​នៅ​លើ​ប្រទេស​អ៊ុយក្រែន ជាង ៣​ឆ្នាំ​ហើយ​នេះ។

តាម​សេចក្ដី​ថ្លែងការណ៍​របស់​ខ្លួន ក្រុម​ប្រទេស​ឧស្សាហកម្ម G7 ប៉ាន​ស្មាន​ថា ទំហំ​សាច់ប្រាក់​ត្រូវ​ស្ថាបនា​ប្រទេស​អ៊ុយក្រែន ឡើងវិញ មាន ៥២៤​ពាន់​លាន​ដុល្លារ ដោយ​ប្រើ​ពេល​ជួយ​ស្ដារ​ប្រទេស​ដែល​ហែកហួរ​ដោយ​សង្គ្រាម​ឈ្លានពាន​របស់​រុស្ស៊ី រយៈពេល​ជាង ១០​ឆ្នាំ។

ដោយ​សង្កត់​ធ្ងន់​ទៅ​លើ​ការ​ផ្អឹប​ទុក និង​រឹបអូស​ទ្រព្យសម្បត្តិ​របស់​រុស្ស៊ី ក្រុម​ប្រទេស G7 បាន​បញ្ជាក់​ថា អ៊ុយក្រែន បាន​រង និង​កំពុងតែ​រង​ការ​បំផ្លិចបំផ្លាញ​យ៉ាង​ធ្ងន់ធ្ងរ​ចាប់តាំងពី​ការ​ចាប់ផ្តើម​នៃ​ការ​លុកលុយ​យ៉ាង​ពេញ​ទំហឹង​ក្នុង​ឆ្នាំ​២០២២ ដែល​ធ្វើ​ឱ្យ​ក្រុម​ប្រទេស G7 នៅតែ​បន្ត​ការ​គាំទ្រ​យ៉ាង​ខ្ជាប់ខ្ជួន​របស់​ខ្លួន​ចំពោះ​អធិបតេយ្យ បូរណភាព​ទឹកដី និង​សិទ្ធិ​ជា​រដ្ឋ​ឯករាជ្យ​របស់​អ៊ុយក្រែន។

ក្នុង​ន័យ​នេះ ក្រុម​ប្រទេស G7 សច្ចា​បន្ត​គាំទ្រ​រឹតតែ​ខ្លាំង​ថែម​ទៀត​ចំពោះ​បុព្វហេតុ​របស់​ប្រជាជន​អ៊ុយក្រែន ដែល​តស៊ូ​ដើម្បី​សេរីភាព និង​អធិបតេយ្យ​ជាតិ គឺ​គាំទ្រ​ប្រទេស​អ៊ុយក្រែន ទាល់​តែ​រុស្ស៊ី ព្រម​បោះបង់​ចោល​សង្គ្រាម​របស់​ខ្លួន។

កាលពី​ក្នុង​អាណត្តិ​របស់​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក ចូ បៃដិន ក្រុម​ប្រទេស G7 បាន​យល់ព្រម​បង្កើត​កម្មវិធី​ប្រាក់​ឲ្យ​ខ្ចី​ចំនួន ៥០​ពាន់​លាន​ដុល្លារ​សម្រាប់​អ៊ុយក្រែន ពី​ការ​រឹបអូស​ទ្រព្យសម្បត្តិ​របស់​រុស្ស៊ី មាន​នៅ​ក្រៅ​ប្រទេស។ ចំពោះ​ទ្រព្យសម្បត្តិ​របស់​រុស្ស៊ី ប្រហែល ៣០០​ពាន់​លាន​ដុល្លារ​ទៀត​ដែល​កំពុង​ធ្លាក់​ក្នុង​ការ​បង្ខាំង និង​រឹបអូស ក៏​ស្ថិត​ក្នុង​កម្មវិធី​សំណង​សម្រាប់​អ៊ុយក្រែន ហើយ​ទំហំ​សាច់ប្រាក់​នេះ ភាគច្រើន​ស្ថិត​ក្នុង​ដៃ​សហភាព​អឺរ៉ុប។

ករណី​ទ្រព្យសម្បត្តិ​របស់​រុស្ស៊ី ដ៏​មហាសាល​កំពុង​ត្រូវ​បាន​រឹបអូស​ដោយ​ពួក​បស្ចិម​ប្រទេស ប្រធានាធិបតី​រុស្ស៊ី វ្ល៉ាឌីមៀ ពូទីន បាន​ថ្កោលទោស​ដោយ​ចាត់ទុក​ជា​ចោរកម្ម ហើយ​ព្រមាន​សងសឹក។

ចំណាត់ការ​របស់​ក្រុម​ប្រទេស G7 បន្ទាប់ពី​សហភាព​អឺរ៉ុប កាលពី​ថ្ងៃ​អង្គារ ទី​២០ ខែ​ឧសភា បាន​អនុម័ត​កញ្ចប់​ទណ្ឌកម្ម​ថ្មី​ទី​១៧ ប្រឆាំង​នឹង​ប្រទេស​រុស្ស៊ី ពាក់ព័ន្ធ​នឹង​សង្គ្រាម​នៅ​អ៊ុយក្រែន ដោយ​បាន​ផ្ដោត​គោលដៅ​នៃ​កង​នាវា​ដឹក​ប្រេង​របស់​រុស្ស៊ី និង​ក្រុម​នាវា​ពី​បណ្ដា​ប្រទេស​ផ្សេង​ទៀត​ដែល​នៅតែ​បន្ត​ទៅ​ដឹក​ប្រេង​ពី​រុស្ស៊ី។

ប្រធាន​គោលនយោបាយ​ការបរទេស​សហភាព​អឺរ៉ុប និង​នាយករដ្ឋមន្ត្រី​ប្រទេស​អេស្តូនីញ៉ា អ្នកស្រី កយយ៉ា កល់ឡះ (Kaja Kallas) បាន​សរសេរ​នៅ​លើ​បណ្ដាញ​សង្គម X ថា៖ «សហភាព​អឺរ៉ុប​បាន​អនុម័ត​កញ្ចប់​ទណ្ឌកម្ម​ទី​១៧ របស់​ខ្លួន​ប្រឆាំង​នឹង​រុស្ស៊ី ដោយ​កំណត់​គោលដៅ​លើ​កង​នាវា​ជិត ២០០​គ្រឿង។»

អ្នកស្រី​បាន​ព្រមាន​បន្ថែម​ថា៖ «ទណ្ឌកម្ម​កាន់តែ​ច្រើន​លើ​រុស្ស៊ី កំពុង​ត្រូវ​បាន​រៀបចំ​បន្ថែម​ទៀត ហើយ​ថា​បើ​រុស្ស៊ី នៅតែ​បន្ត​ធ្វើ​សង្គ្រាម​លើ​អ៊ុយក្រែន កាន់តែ​យូរ គឺ​អឺរ៉ុប​នឹង​កាន់តែ​បន្ថែម​ទម្ងន់​ទណ្ឌកម្ម។»

កញ្ចប់​ទណ្ឌកម្ម​ថ្មី​នេះ គឺជា​ផ្នែក​មួយ​នៃ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​សហភាព​អឺរ៉ុប និង​សម្ព័ន្ធមិត្ត​លោក​ខាងលិច​ក្នុង​ការ​បង្ក្រាប​ទៅ​លើ​ក្រុម​នាវា​ដឹក​ប្រេង​របស់​រុស្ស៊ី ដែល​ព្យាយាម​គេច​ពី​ការ​ចូលរួម​ទណ្ឌកម្ម​របស់​អឺរ៉ុប។

ការ​នាំចេញ​ប្រេង និង​ឧស្ម័ន គឺជា​ប្រភព​ចំណូល​ដ៏​សំខាន់​មួយ​សម្រាប់​ប្រទេស​រុស្ស៊ី ដែល​ជួយ​បន្ត​សង្គ្រាម​របស់​ខ្លួន​នៅ​អ៊ុយក្រែន ដែល​អ្នកស្រី Kaja Kallas ថ្លែង​ថា ចាំបាច់​រួម​គ្នា​ធ្វើ​ឱ្យ​រុស្ស៊ី បាត់បង់​ចំណូល​ដ៏​មហាសាល​នេះ បើ​មិន​ព្រម​បញ្ចប់​សង្គ្រាម​នៅ​ប្រទេស​អ៊ុយក្រែន។ ជាមួយ​គ្នា​នេះ មហាអំណាច​អឺរ៉ុប ដូចជា បារាំង អង់គ្លេស និង​អាល្លឺម៉ង់ និង​ប៉ូឡូញ ក៏​ប្រកាន់​ជំហរ​ដូច​គ្នា ដោយ​ប្រកាស​ឲ្យ​មាន​ការ​ដាក់​ទណ្ឌកម្ម​លើ​រុស្ស៊ី រឹតតែ​ខ្លាំង ប្រសិនបើ​លោក ពូទីន មិន​ព្រម​ឈប់​បាញ់។

ទោះជា​បែប​នេះ​ក្ដី រុស្ស៊ី​នៅតែ​មិន​ចុះ​ញ៉ម​ឡើយ។ នៅ​ថ្ងៃទី​២៣ ឧសភា រុស្ស៊ី​កំពុង​បង្កើន​កម្លាំង​ទ័ព និង​សព្វាវុធ​យ៉ាង​ច្រើន​ដាក់​ពង្រាយ​នៅ​តាម​ព្រំដែន​របស់​ខ្លួន​ជាប់​នឹង​ព្រំដែន​អ៊ុយក្រែន គឺ​នៅ​ភាគ​ឦសាន​នៃ​ប្រទេស​អ៊ុយក្រែន ដែល​ជា​គោលដៅ​ត្រូវ​វាយ​ចូល​តំបន់ Sumy និង Kharkiv ដើម្បី​ចាប់​យក​តំបន់​ទាំង​ពីរ​នេះ​ជា​តំបន់​រណប​ការពារ​របស់​ខ្លួន ខណៈ​តំបន់ Kharkiv កំពុង​រង​ការ​វាយប្រហារ​យ៉ាង​ធ្ងន់ធ្ងរ​ពី​សំណាក់​ទ័ព​រុស្ស៊ី ទៅ​ហើយ​នេះ៕

© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

Exit mobile version