មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស ដែលហៅកាត់ថា អង្គការសង់ត្រាល់ បង្ហាញថា ជនរងគ្រោះ ៤៨នាក់បានចាញ់បោកមេខ្យល់នាំពលករទៅប្រទេសកូរ៉េខាងត្បូង អស់ទឹកប្រាក់ជាង ២០ម៉ឺនដុល្លារអាមេរិក (២៣ម៉ឺនដុល្លារ) ក្នុងចំណោមជនរងគ្រោះ ៣០០នាក់ ដែលគិតជាទឹកប្រាក់សរុប គឺមានចំនួនជិត ១លានដុល្លារអាមេរិក (៧៥ម៉ឺនដុល្លារ)។
អង្គការសង់ត្រាល់ បានចេញសេចក្តីថ្លែងការណ៍នៅថ្ងៃទី២៩ ឧសភា នេះថា ជនរងគ្រោះមកពីរាជធានីខេត្តចំនួន ១០ ដូចជាខេត្តព្រៃវែង តាកែវ កំពត កណ្ដាល ស្វាយរៀង ព្រះវិហារ កំពង់ចាម ក្រចេះ កំពង់ឆ្នាំង បាត់ដំបង និងរាជធានីភ្នំពេញ បានស្នើសុំជំនួយពីអង្គការសង់ត្រាល់ បន្ទាប់ពីចាញ់បោកមេខ្យល់ដែលធានាបញ្ជូនពួកគេទៅធ្វើការនៅប្រទេសកូរ៉េខាងត្បូង។
ប្រភពដដែល អះអាងថា ពលរដ្ឋរងគ្រោះចំនួន ៤៨នាក់ ក្នុងចំណោមជនរងគ្រោះប្រមាណ ៣០០នាក់ផ្សេងទៀត បានរៀបរាប់ថា កាលពីអំឡុងខែកក្កដា ឆ្នាំ២០២៣ ពលរដ្ឋរងគ្រោះបានទាក់ទងក្រុមមេខ្យល់ និងបក្សពួក បន្ទាប់ពីពួកគេបានផ្សព្វផ្សាយតាមបណ្ដាញសង្គមអំពីការផ្តល់សេវាស្វែងរកការងារធ្វើនៅប្រទេសកូរ៉េខាងត្បូង ដែលទទួលបានប្រាក់ឈ្នួលប្រមាណ ១០០ដុល្លារអាមេរិកក្នុងមួយថ្ងៃ។
ប្រភពដដែលបន្តថា ក្រុមមេខ្យល់ទាំងនោះតម្រូវឱ្យអ្នកដាក់ពាក្យទៅធ្វើការនៅប្រទេសកូរ៉េខាងត្បូង បង់ប្រាក់ក្នុងម្នាក់ៗចំនួន ៤ពាន់ដុល្លារអាមេរិក (៤០០០ដុល្លារ) សម្រាប់ថ្លៃរត់ការទាំងអស់ ប៉ុន្តែត្រូវបង់ក្នុងដំណាក់កាលទី១ នៅពេលដែលដាក់ពាក្យ គឺចំនួន ២ពាន់ដុល្លារអាមេរិក (២០០០ដុល្លារ) ផងដែរ។
ចំណែក ២ពាន់ដុល្លារអាមេរិកទៀត (២០០០ដុល្លារ) នឹងត្រូវបង់នៅពេលបានទៅធ្វើការនៅប្រទេសកូរ៉េខាងត្បូង ដោយពួកគេសន្យាថានឹងសងប្រាក់វិញ ប្រសិនបើមិនបានទៅធ្វើការនៅប្រទេសកូរ៉េ ក្នុងរយៈពេល ៣ខែ បន្ទាប់ពីបង់ប្រាក់ និងក្រោយចុះកិច្ចសន្យានោះ ប៉ុន្តែកិច្ចសន្យាដែលបានព្រមព្រៀងគ្នា មិនត្រូវបានមេខ្យល់ប្រគល់ឱ្យជនរងគ្រោះរក្សាទុកនោះទេ ខណៈលុយក៏ពួកគេបានបង់ឱ្យក្រុមមេខ្យល់ទាំងនោះតាមគណនីធនាគារអស់ទៅហើយដែរ។
ប្រភពដដែល បញ្ជាក់ថា ជនរងគ្រោះមួយចំនួនបានដាក់ពាក្យប្តឹងទៅសាលាដំបូងខេត្តកំពត ផងដែរ ក្នុងនោះមេខ្យល់ម្នាក់ត្រូវបានចាប់ខ្លួនដាក់ពន្ធនាគារ តែមេខ្លោង និងបក្សពួកផ្សេងទៀត មិនទាន់ត្រូវបានចាប់ខ្លួនបាននៅឡើយទេ ខណៈជនរងគ្រោះទាំងអស់ក៏មិនទាន់ទទួលបានសំណងត្រឡប់មកវិញដែរ។
ពលរដ្ឋទាំងនេះ ស្នើសុំឱ្យតុលាការ ក្រសួងមហាផ្ទៃ និងអាជ្ញាធរមានសមត្ថកិច្ច ជួយដោះស្រាយ និងពន្លឿនដំណើរការនីតិវិធី ដើម្បីផ្តល់សំណងដល់ខ្លួនឱ្យបានឆាប់ ព្រោះពួកគេកំពុងជួបការលំបាកពីមួយថ្ងៃទៅមួយថ្ងៃ ដោយខ្វះខាតថវិកាសម្រាប់ផ្គត់ផ្គង់អាហារហូបចុក ជាពិសេសគឺត្រូវសងបំណុលធនាគារជាប្រចាំខែថែមទៀត។
ជុំវិញបញ្ហានេះ អង្គការសង់ត្រាល់ អំពាវនាវឱ្យរាជរដ្ឋាភិបាល សង្គមស៊ីវិល និងវិស័យឯកជន ត្រូវបង្កើនការផ្សព្វផ្សាយពីសិទ្ធិ ច្បាប់ គោលនយោបាយ និងព័ត៌មានគ្រប់ជ្រុងជ្រោយ អំពីការធ្វើចំណាកស្រុកទៅធ្វើការនៅបរទេសដោយសុវត្ថិភាព៕
© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.
