The Cambodia Daily Khmer

ទស្សនៈ៖ អាស៊ាន​គ្មាន​យុត្តាធិការ​អ្វី​ទាំងអស់ សូម្បី​រឿង​រំលោភ​សិទ្ធិមនុស្ស នយោបាយ ព្រំដែន​ទឹក ព្រំដែន​គោក ក៏​គ្មាន​សិទ្ធិ​ឡើយ

មេដឹកនាំ​នៃ​ប្រទេស​សមាជិក​អាស៊ាន ថត​រូប​អនុស្សាវរីយ៍​ក្នុង​សម័យ​ប្រជុំ​ពេញ​អង្គ​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៤៦ ក្នុង​ទីក្រុង​កូឡាឡាំពួរ ប្រទេស​ម៉ាឡេស៊ី នៅ​ថ្ងៃទី​២៦ ខែ​ឧសភា ឆ្នាំ​២០២៥។

មេដឹកនាំ​នៃ​ប្រទេស​សមាជិក​អាស៊ាន ថត​រូប​អនុស្សាវរីយ៍​ក្នុង​សម័យ​ប្រជុំ​ពេញ​អង្គ​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៤៦ ក្នុង​ទីក្រុង​កូឡាឡាំពួរ ប្រទេស​ម៉ាឡេស៊ី នៅ​ថ្ងៃទី​២៦ ខែ​ឧសភា ឆ្នាំ​២០២៥។

សមាគម​ប្រជាជន​អាស៊ី​អាគ្នេយ៍ ហៅ​កាត់​ថា​អាស៊ាន គឺជា​អង្គការ​ថ្នាក់​តំបន់​មួយ រួម​មាន​ប្រទេស​នៅ​អាស៊ី​អាគ្នេយ៍​ទាំង​ដប់ ដែល​បាន​ជួយ​ជំរុញ​កិច្ច​សហប្រតិបត្តិការ​អន្តរ​រដ្ឋាភិបាល និង​ជួយ​សម្រួល​ការ​ធ្វើ​សមាហរណកម្ម​ក្នុង​ចំណោម​សមាជិក​ទាំងអស់​ដែល​ឈរ​លើ​គោលការណ៍​ផល​ប្រយោជន៍​រួម​គ្នា ក្នុង​គោលដៅ​អនាគត​តែ​មួយ ជោគវាសនា​តែ​មួយ។

ចាប់តាំងពី​ការ​បង្កើត​ឡើង​ដំបូង​នៅ​ថ្ងៃទី​៨ ខែ​សីហា ឆ្នាំ​១៩៦៧ ដោយ​ប្រទេស​ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ហ្វីលីពីន សិង្ហបុរី និង​ប្រទេស​ថៃ រហូត​ពង្រីក​បាន​សមាជិក​របស់​ខ្លួន​ដោយ​ការ​ចូលរួម​ពី​ប្រទេស​ប្រ៊ុយណេ វៀតណាម ឡាវ កម្ពុជា និង​ភូមា។

គោលបំណង​សំខាន់​នៃ​អង្គការ​នេះ គឺ​ការ​ជំរុញ​នូវ​កំណើន​សេដ្ឋកិច្ច វឌ្ឍនភាព​សង្គម និង​ការ​វិវឌ្ឍ​សង្គម​សម្រាប់​សមាជិក​ទាំងអស់ រួម​ជាមួយ​ការ​ការពារ​ស្ថិរភាព​នៅ​ក្នុង​តំបន់ និង​ការ​ផ្ដល់​យន្តការ​មួយ​សម្រាប់​ប្រទេស​ជា​សមាជិក​ដើម្បី​ដោះស្រាយ​ទំនាស់​ដោយ​សន្តិវិធី។

ប្រជាជាតិ​អាស៊ី​អាគ្នេយ៍ មាន​ប្រជាជន​ប្រហែល ៦០០​លាន​នាក់​នៃ​ប្រជាជន​លើ​ពិភពលោក។ ប្រទេស​អាស៊ាន​រួម​បញ្ចូល​គ្នា​តែ​មួយ គឺ​អាស៊ាន​នឹង​ក្លាយ​ទៅ​ជា​ប្រទេស​សេដ្ឋកិច្ច​ធំ​ជាងគេ​ទី​៩ នៅ​លើ​ពិភពលោក។

អាស៊ាន​ត្រូវ​បាន​កសាង​ឡើង​ដោយ​ឈរ​លើ​សសរស្ដម្ភ​ទាំង​បី គឺ៖

  1. សហគមន៍​សន្តិសុខ​នយោបាយ​អាស៊ាន
  2. សហគមន៍​សេដ្ឋកិច្ច​អាស៊ាន
  3. សហគមន៍​សង្គម​វប្បធម៌​អាស៊ាន។

សសរស្ដម្ភ​ទាំង​បី​នេះ ដើរតួ​យ៉ាង​សំខាន់​សម្រាប់​ត្រួសត្រាយ​ផ្លូវ​កសាង​សហគមន៍​អាស៊ាន ក៏ដូចជា​តាមដាន​ពី​វឌ្ឍនភាព​របស់​សមាហរណកម្ម​អាស៊ាន និង​ប្រជាជន​ក្នុង​តំបន់។ សហគមន៍​ទាំង​បី​នេះ​មាន​ផែនការ​សំខាន់ ដោយ​តម្រូវ​ឱ្យ​រដ្ឋ​សមាជិក​ទាំងអស់​អនុវត្ត​វិធានការ​ដែល​បាន​ចែង ដើម្បី​ធានា​ពី​ស្ថិរភាព សន្តិភាព និង​វិបុលភាព​រួម​គ្នា​ដ៏​យូរអង្វែង​ក្នុង​តំបន់​អាស៊ាន។

បើ​និយាយ​អំពី​សហគមន៍​សន្តិសុខ​នយោបាយ​អាស៊ាន គឺជា​ការ​សំដៅ​លើកស្ទួយ​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​សន្តិសុខ និង​នយោបាយ ដែល​បាន​កសាង​មក​ជាច្រើន​ឆ្នាំ​មក​ហើយ។

អាស៊ាន​បាន​បង្កើត​សហគមន៍​សន្តិសុខ-នយោបាយ​ដើម្បី​ធានា​ថា ប្រទេស​ក្នុង​តំបន់​រស់នៅ​ជាមួយ​គ្នា​ប្រកប​ដោយ​សន្តិភាព ហើយ​ក្នុង​បរិយាកាស​មួយ​ប្រកប​ដោយ​យុត្តិធម៌ ប្រជាធិបតេយ្យ សុខដុមរមនា ធានា​សេរីភាព និង​សិទ្ធិមនុស្ស និង​កុំ​រំលោភ​បំពាន​គ្នា កុំ​បន្ត​ភាព​តានតឹង​តាម​ព្រំដែន។ មាន​ន័យ​ថា មិន​ត្រូវ​រំលោភ​ព្រំដែន​ប្រទេស​សមាជិក​របស់​ខ្លួន​នោះ​ទេ។

ផែនការ​ចម្បង​របស់​សហគមន៍​សន្តិសុខ-នយោបាយ សំដៅ​ប្រែ​ក្លាយ​អាស៊ាន​ឱ្យ​ក្លាយ​ជា​សហគមន៍​មួយ​ដោយ​ផ្អែកលើ​ច្បាប់ ទាំង​ច្បាប់​ទ្វេភាគី ត្រីភាគី និង​ច្បាប់​អន្តរជាតិ ជាមួយ​នឹង​ការ​យកចិត្ត​ទុកដាក់​រួម​គ្នា​ថែរក្សា​សន្តិភាព ដោយ​យក​ប្រជាជន​ជា​ធំ ជាមួយ​នឹង​ការ​ទទួល​សិទ្ធិមនុស្ស សេរីភាព​ជា​មូលដ្ឋាន និង​យុត្តិធម៌​សង្គម រស់នៅ​ប្រកប​ដោយ​ការ​អត់ឱន និង​សម្របសម្រួល​គ្នា​ទៅវិញ​ទៅមក​លើ​គោលការណ៍​ជោគវាសនា​តែ​មួយ។ សមាជិក​អាស៊ាន​ត្រូវតែ​ធ្វើ​ឱ្យ​អាស៊ាន​ក្លាយ​ជា​សហគមន៍​ដែល​មាន​ស្ថិរភាព​សន្តិសុខ និង​សន្តិភាព។

តែ​ធាតុ​ពិត សហគមន៍​មួយ​នេះ​មិន​បាន​បំពេញ​បាន​នូវ​ការ​កសាង​សសរស្ដម្ភ​ទាំង​បី​នេះ​បាន​ឡើយ ជាពិសេស​ពាក់ព័ន្ធ​ទៅ​នឹង​សហគមន៍​សន្តិសុខ-នយោបាយ។ រាល់​ជម្លោះ​នយោបាយ​ផ្ទៃក្នុង​នៃ​សមាជិក​នីមួយៗ សមាគម​នេះ​មិន​មាន​លទ្ធភាព​អន្តរាគមន៍​ឡើយ។ ជាក់ស្ដែង រឿង​រដ្ឋប្រហារ​នៅ​ភូមា ការ​រំលោភ​សិទ្ធិមនុស្ស និង​សេរីភាព​នយោបាយ​នៅ​កម្ពុជា រួម​នឹង​ជម្លោះ​ដែនសមុទ្រ​នៅ​សមុទ្រ​ចិន​ខាងត្បូង ដែល​ប្រទេស​មហា​យក្ស​ចិន រំលោភ​បំពាន​ព្រំដែន​ទឹក​ប្រទេស​ក្នុង​តំបន់ ក៏​សមាគម​នេះ​គ្មាន​ជួយ​បាន​អ្វី​ទាំងអស់​ដែរ។

ជាក់ស្ដែង​ទៅ​ទៀត​នោះ ជម្លោះ​ព្រំដែន​រវាង​កម្ពុជា និង​ថៃ ដែល​ប្រទេស​ទាំង​ពីរ​នេះ​កំពុង​ពង្រាយ​ទ័ព និង​សព្វាវុធ​គំរាម​គ្នា ក៏​គេ​មិន​បាន​ឃើញ​លេខាធិការដ្ឋាន​អាស៊ាន​នៅ​ទីក្រុង​ហ្សាការតា ប្រទេស​ឥណ្ឌូនេស៊ី ស្នើ​ឱ្យ​មាន​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន ដើម្បី​ជួយ​សម្រុះសម្រួល​បន្ថយ​ស្ថានការណ៍​ឡើយ។

បើ​និយាយ​ឱ្យ​ចំ គេ​ថា​អាស៊ាន​មិន​មាន​គោលការណ៍​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​បាន​ឡើយ ដូចជា​រដ្ឋប្រហារ​នៅ​ភូមា និង​ករណី​សេរីភាព​នយោបាយ​នៅ​កម្ពុជា ដែល​កំពុង​ធ្លាក់​ក្នុង​វិបត្តិ។

ចុះ​រឿង​វិវាទ​ព្រំដែន​កម្ពុជា-ថៃ ដែល​ជា​ការពិត វា​មិន​មែន​ជា​រឿង​ផ្ទៃក្នុង​ប្រទេស​របស់​នីមួយៗ​នោះ វា​ជា​រឿង​ទ្វេភាគី ឬ​រឿង​តំបន់។ ហេតុ​អ្វី​បាន​ជា​លេខាធិការដ្ឋាន​អាស៊ាន មិន​ព្រម​ស្នើ​ឱ្យ​មាន​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន ដើម្បី​ជួយ​រក​ដំណោះស្រាយ​រួម​ដោយ​បង្កើត​ក្រុម​បេសកកម្ម​ស្វែងរក​ការពិត​ផ្អែក​លើ​សទិសសញ្ញា​រួម​រវាង​កម្ពុជា-ថៃ ដែល​មាន​ស្រាប់​តាំងពី​សម័យ​អាណានិគម​បារាំង ឬ​ត្រូវ​រង់ចាំ​រហូត​ដល់​ផ្ទុះ​សង្គ្រាម ទើប​ទម្លាក់​រឿងក្ដី​នេះ​ទៅ​កាន់​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ?៕

© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

Exit mobile version