សមាគមប្រជាជនអាស៊ីអាគ្នេយ៍ ហៅកាត់ថាអាស៊ាន គឺជាអង្គការថ្នាក់តំបន់មួយ រួមមានប្រទេសនៅអាស៊ីអាគ្នេយ៍ទាំងដប់ ដែលបានជួយជំរុញកិច្ចសហប្រតិបត្តិការអន្តររដ្ឋាភិបាល និងជួយសម្រួលការធ្វើសមាហរណកម្មក្នុងចំណោមសមាជិកទាំងអស់ដែលឈរលើគោលការណ៍ផលប្រយោជន៍រួមគ្នា ក្នុងគោលដៅអនាគតតែមួយ ជោគវាសនាតែមួយ។
ចាប់តាំងពីការបង្កើតឡើងដំបូងនៅថ្ងៃទី៨ ខែសីហា ឆ្នាំ១៩៦៧ ដោយប្រទេសឥណ្ឌូនេស៊ី ម៉ាឡេស៊ី ហ្វីលីពីន សិង្ហបុរី និងប្រទេសថៃ រហូតពង្រីកបានសមាជិករបស់ខ្លួនដោយការចូលរួមពីប្រទេសប្រ៊ុយណេ វៀតណាម ឡាវ កម្ពុជា និងភូមា។
គោលបំណងសំខាន់នៃអង្គការនេះ គឺការជំរុញនូវកំណើនសេដ្ឋកិច្ច វឌ្ឍនភាពសង្គម និងការវិវឌ្ឍសង្គមសម្រាប់សមាជិកទាំងអស់ រួមជាមួយការការពារស្ថិរភាពនៅក្នុងតំបន់ និងការផ្ដល់យន្តការមួយសម្រាប់ប្រទេសជាសមាជិកដើម្បីដោះស្រាយទំនាស់ដោយសន្តិវិធី។
ប្រជាជាតិអាស៊ីអាគ្នេយ៍ មានប្រជាជនប្រហែល ៦០០លាននាក់នៃប្រជាជនលើពិភពលោក។ ប្រទេសអាស៊ានរួមបញ្ចូលគ្នាតែមួយ គឺអាស៊ាននឹងក្លាយទៅជាប្រទេសសេដ្ឋកិច្ចធំជាងគេទី៩ នៅលើពិភពលោក។
អាស៊ានត្រូវបានកសាងឡើងដោយឈរលើសសរស្ដម្ភទាំងបី គឺ៖
- សហគមន៍សន្តិសុខនយោបាយអាស៊ាន
- សហគមន៍សេដ្ឋកិច្ចអាស៊ាន
- សហគមន៍សង្គមវប្បធម៌អាស៊ាន។
សសរស្ដម្ភទាំងបីនេះ ដើរតួយ៉ាងសំខាន់សម្រាប់ត្រួសត្រាយផ្លូវកសាងសហគមន៍អាស៊ាន ក៏ដូចជាតាមដានពីវឌ្ឍនភាពរបស់សមាហរណកម្មអាស៊ាន និងប្រជាជនក្នុងតំបន់។ សហគមន៍ទាំងបីនេះមានផែនការសំខាន់ ដោយតម្រូវឱ្យរដ្ឋសមាជិកទាំងអស់អនុវត្តវិធានការដែលបានចែង ដើម្បីធានាពីស្ថិរភាព សន្តិភាព និងវិបុលភាពរួមគ្នាដ៏យូរអង្វែងក្នុងតំបន់អាស៊ាន។
បើនិយាយអំពីសហគមន៍សន្តិសុខនយោបាយអាស៊ាន គឺជាការសំដៅលើកស្ទួយកិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខ និងនយោបាយ ដែលបានកសាងមកជាច្រើនឆ្នាំមកហើយ។
អាស៊ានបានបង្កើតសហគមន៍សន្តិសុខ-នយោបាយដើម្បីធានាថា ប្រទេសក្នុងតំបន់រស់នៅជាមួយគ្នាប្រកបដោយសន្តិភាព ហើយក្នុងបរិយាកាសមួយប្រកបដោយយុត្តិធម៌ ប្រជាធិបតេយ្យ សុខដុមរមនា ធានាសេរីភាព និងសិទ្ធិមនុស្ស និងកុំរំលោភបំពានគ្នា កុំបន្តភាពតានតឹងតាមព្រំដែន។ មានន័យថា មិនត្រូវរំលោភព្រំដែនប្រទេសសមាជិករបស់ខ្លួននោះទេ។
ផែនការចម្បងរបស់សហគមន៍សន្តិសុខ-នយោបាយ សំដៅប្រែក្លាយអាស៊ានឱ្យក្លាយជាសហគមន៍មួយដោយផ្អែកលើច្បាប់ ទាំងច្បាប់ទ្វេភាគី ត្រីភាគី និងច្បាប់អន្តរជាតិ ជាមួយនឹងការយកចិត្តទុកដាក់រួមគ្នាថែរក្សាសន្តិភាព ដោយយកប្រជាជនជាធំ ជាមួយនឹងការទទួលសិទ្ធិមនុស្ស សេរីភាពជាមូលដ្ឋាន និងយុត្តិធម៌សង្គម រស់នៅប្រកបដោយការអត់ឱន និងសម្របសម្រួលគ្នាទៅវិញទៅមកលើគោលការណ៍ជោគវាសនាតែមួយ។ សមាជិកអាស៊ានត្រូវតែធ្វើឱ្យអាស៊ានក្លាយជាសហគមន៍ដែលមានស្ថិរភាពសន្តិសុខ និងសន្តិភាព។
តែធាតុពិត សហគមន៍មួយនេះមិនបានបំពេញបាននូវការកសាងសសរស្ដម្ភទាំងបីនេះបានឡើយ ជាពិសេសពាក់ព័ន្ធទៅនឹងសហគមន៍សន្តិសុខ-នយោបាយ។ រាល់ជម្លោះនយោបាយផ្ទៃក្នុងនៃសមាជិកនីមួយៗ សមាគមនេះមិនមានលទ្ធភាពអន្តរាគមន៍ឡើយ។ ជាក់ស្ដែង រឿងរដ្ឋប្រហារនៅភូមា ការរំលោភសិទ្ធិមនុស្ស និងសេរីភាពនយោបាយនៅកម្ពុជា រួមនឹងជម្លោះដែនសមុទ្រនៅសមុទ្រចិនខាងត្បូង ដែលប្រទេសមហាយក្សចិន រំលោភបំពានព្រំដែនទឹកប្រទេសក្នុងតំបន់ ក៏សមាគមនេះគ្មានជួយបានអ្វីទាំងអស់ដែរ។
ជាក់ស្ដែងទៅទៀតនោះ ជម្លោះព្រំដែនរវាងកម្ពុជា និងថៃ ដែលប្រទេសទាំងពីរនេះកំពុងពង្រាយទ័ព និងសព្វាវុធគំរាមគ្នា ក៏គេមិនបានឃើញលេខាធិការដ្ឋានអាស៊ាននៅទីក្រុងហ្សាការតា ប្រទេសឥណ្ឌូនេស៊ី ស្នើឱ្យមានកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេសអាស៊ាន ដើម្បីជួយសម្រុះសម្រួលបន្ថយស្ថានការណ៍ឡើយ។
បើនិយាយឱ្យចំ គេថាអាស៊ានមិនមានគោលការណ៍ជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងបានឡើយ ដូចជារដ្ឋប្រហារនៅភូមា និងករណីសេរីភាពនយោបាយនៅកម្ពុជា ដែលកំពុងធ្លាក់ក្នុងវិបត្តិ។
ចុះរឿងវិវាទព្រំដែនកម្ពុជា-ថៃ ដែលជាការពិត វាមិនមែនជារឿងផ្ទៃក្នុងប្រទេសរបស់នីមួយៗនោះ វាជារឿងទ្វេភាគី ឬរឿងតំបន់។ ហេតុអ្វីបានជាលេខាធិការដ្ឋានអាស៊ាន មិនព្រមស្នើឱ្យមានកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេសអាស៊ាន ដើម្បីជួយរកដំណោះស្រាយរួមដោយបង្កើតក្រុមបេសកកម្មស្វែងរកការពិតផ្អែកលើសទិសសញ្ញារួមរវាងកម្ពុជា-ថៃ ដែលមានស្រាប់តាំងពីសម័យអាណានិគមបារាំង ឬត្រូវរង់ចាំរហូតដល់ផ្ទុះសង្គ្រាម ទើបទម្លាក់រឿងក្ដីនេះទៅកាន់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ?៕
© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

