កូនស្រីច្បងរបស់ប្រធានអតីតគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ថ្កោលទោសដាច់អហង្ការចំពោះក្រុមយោធាថៃ ដែលបានបាញ់សម្លាប់ទាហានខ្មែរជុំវិញជម្លោះព្រំដែននៅតំបន់មុំបី ក្នុងទឹកដីកម្ពុជា។
កូនស្រីមេដឹកនាំបក្សប្រឆាំង កញ្ញា កឹម មនោវិទ្យា បានសរសេរនៅលើបណ្ដាញទំនាក់ទំនងសង្គមអ៊ិច (X) នៅថ្ងៃពុធ ទី២៥ ខែមិថុនា នេះថា វាជារឿងគួរឲ្យព្រួយបារម្ភបំផុតជុំវិញការគំរាមកំហែងទាំងខាងយោធា និងសេដ្ឋកិច្ចរបស់ប្រទេសថៃ ក្នុងការដាក់សម្ពាធលើប្រទេសកម្ពុជា ដែលបណ្តាលមកពីជម្លោះព្រំដែននោះ។
កញ្ញា កឹម មនោវិទ្យា លើកឡើងថា ក្នុងស្មារតីនៃប្រទេសជិតខាងល្អ និងជាការបង្ហាញឆន្ទៈស្រុះស្រួលជាមួយគ្នា ភាគីថៃ គួរតែដកវិធានការឯកតោភាគីទាំងអស់ដែលខ្លួនបានអនុវត្ត ព្រោះវិធានការដែលពួកគេបានដាក់ចេញនាពេលនេះ បាននាំឱ្យខូចទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរយ៉ាងធ្ងន់ធ្ងរ។
កូនស្រីមេដឹកនាំបក្សប្រឆាំងរូបនេះបន្តថា ប្រជាពលរដ្ឋខ្មែរចង់បាន និងចង់ឃើញភាគីទាំងពីរដោះស្រាយបញ្ហានេះដោយសន្តិវិធី និងយុត្តិធម៌ ដូច្នេះការប្រើយន្តការច្បាប់នៅតុលាការអន្តរជាតិ (ICJ) គឺជាជម្រើសដ៏សមរម្យបំផុតក្នុងការដោះស្រាយបញ្ហា។
កញ្ញា កឹម មនោវិទ្យា អំពាវនាវឱ្យពលរដ្ឋខ្មែរគ្រប់មជ្ឈដ្ឋាន រួបរួមគ្នាការពារបូរណភាពទឹកដីពីការឈ្លានពានរបស់បរទេសជិតខាង ដើម្បីធានាថាអធិបតេយ្យជាតិខ្មែរត្រូវទទួលបាននូវការគោរពក្នុងនាមជាប្រជាជាតិមួយដែលស្មើមុខស្មើមាត់លើឆាកអន្តរជាតិ។
ជុំវិញបញ្ហានេះ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស សុខា បានសរសេរនៅលើទំព័រហ្វេសប៊ុករបស់ខ្លួននៅថ្ងៃទី២៥ មិថុនា នេះដែរថា ក្រោយក្រុមយោធាថៃ ឆ្មក់បាញ់ប្រហារកងទ័ពកម្ពុជាឱ្យបាត់បង់ជីវិតនៅតំបន់មុំ៣ ភាគីថៃ ទាំងរដ្ឋាភិបាល កងទ័ព និងក្រុមប្រឆាំងថៃ បានប្រើល្បិចកលបង្វែរសាច់រឿងបំភ័ន្តសាធារណមតិពលរដ្ឋថៃខ្លួនឯង និងសហគមន៍អន្តរជាតិជាបន្តបន្ទាប់។
លោកថា ល្បិចកលបង្វែរសាច់រឿងដែលថៃ ធ្វើក្នុងពេលនេះ គឺដើម្បីសម្រាលអំពើស្មោកគ្រោកដែលពួកគេបានប្រព្រឹត្តដោយខុសច្បាប់នៅតំបន់មុំ៣ ផង ដើម្បីបន្លប់រឿងនយោបាយបែកបាក់ផ្ទៃក្នុងដ៏រ៉ាំរ៉ៃផង ហើយក៏ដើម្បីបិទបាំងដំណើរលើមាត់ជ្រោះដ៏ផុយស្រួយនៃរាជរដ្ឋាភិបាលថៃ បច្ចុប្បន្នផងដែរ។
កាលពីព្រឹកព្រហស្បតិ៍ ថ្ងៃទី២៨ ខែឧសភា កងទ័ពថៃ បានបាញ់ប្រហារទៅលើកងទ័ពកម្ពុជា នៅតំបន់មុំបី ដែលបណ្តាលឱ្យទាហានខ្មែរម្នាក់ស្លាប់នៅនឹងកន្លែង ប៉ុន្តែភាគីថៃ បានទម្លាក់កំហុសលើទាហានកម្ពុជា ថាជាអ្នកបាញ់ពួកគេមុន។
ក្រោយការបាញ់ប្រហារនោះ ជម្លោះកម្ពុជា-ថៃ មិនបាននៅត្រឹមជម្លោះព្រំដែននៅតំបន់មុំបីទៀតទេ ប៉ុន្តែបានបន្តរាលដាលដល់បន្ទាត់ព្រំដែនទាំងអស់ ដែលជាហេតុធ្វើឱ្យរាំងស្ទះដល់សេដ្ឋកិច្ចពាណិជ្ជកម្មរវាងប្រទេសទាំងពីរយ៉ាងធ្ងន់ធ្ងរនៅពេលនេះ៕
© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.
