The Cambodia Daily Khmer

លោក ហ៊ុន ម៉ាណែត អំពាវនាវ​កូន​ខ្មែរ​គ្រប់​រូប​ត្រូវ​មាន​កាតព្វកិច្ច​ការពារ​បេតិកភណ្ឌ​វប្បធម៌​ជាតិ​របស់​ខ្លួន

លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ថ្នាក់​បណ្ឌិត បរិញ្ញាបត្រ​ជាន់ខ្ពស់ បរិញ្ញាបត្រ​វិទ្យាសាស្ត្រ​នគរបាល បរិញ្ញាបត្រ​ពន្ធនាគារ និង​វគ្គ​បណ្តុះបណ្តាល​កម្រិត​បឋម​វិជ្ជាជីវៈ​នគរបាល នៅ​បណ្ឌិត្យសភា​នគរបាល​ជាតិ ខេត្ត​កណ្តាល ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​២៦ ខែ​មិថុនា ឆ្នាំ​២០២៥។

លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ថ្នាក់​បណ្ឌិត បរិញ្ញាបត្រ​ជាន់ខ្ពស់ បរិញ្ញាបត្រ​វិទ្យាសាស្ត្រ​នគរបាល បរិញ្ញាបត្រ​ពន្ធនាគារ និង​វគ្គ​បណ្តុះបណ្តាល​កម្រិត​បឋម​វិជ្ជាជីវៈ​នគរបាល នៅ​បណ្ឌិត្យសភា​នគរបាល​ជាតិ ខេត្ត​កណ្តាល ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​២៦ ខែ​មិថុនា ឆ្នាំ​២០២៥។

លោក ហ៊ុន ម៉ាណែត អបអរ​សាទរ​ខួប​លើក​ទី​១៧ នៃ​ការ​ដាក់​បញ្ចូល​ប្រាសាទ​ព្រះវិហារ ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក។ លោក​អំពាវនាវ​ឲ្យ​កូន​ខ្មែរ​គ្រប់​រូប ត្រូវ​មាន​កាតព្វកិច្ច​ក្នុង​ការ​ការពារ​បេតិកភណ្ឌ​វប្បធម៌​ជាតិ​របស់​ខ្លួន។

លោក ហ៊ុន ម៉ាណែត សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​៧ កក្កដា នេះ​ថា ប្រាសាទ​ព្រះវិហារ​លាត​សន្ធឹង​យ៉ាង​ធំ​ស្កឹមស្កៃ​ប្រៀប​ដូចជា​សំពៅ​នៅ​លើ​មហាសមុទ្រ ឈរ​បង្អួត​សម្រស់​ដ៏​ល្អ ដែល​បាន​កសាង​នៅ​ក្នុង​ភូមិសាស្ត្រ​ភ្នំ​ដងរែក ខេត្ត​ព្រះវិហារ ភាគ​ឧត្ដរ (ខាងជើង) នៃ​ប្រទេស​កម្ពុជា។

លោក ហ៊ុន ម៉ាណែត បញ្ជាក់​ថា ប្រាសាទ​នេះ​កសាង​ឡើង​ដោយ​បុព្វបុរស​ខ្មែរ​ដែល​ជា​អតីត​ក្សត្រ​ចំនួន ៨​ព្រះអង្គ ដើម្បី​ឧទ្ទិស​ថ្វាយ​ដល់​ព្រះអាទិទេព ហើយ​ប្រាសាទ​នេះ​ជា​ស្នាដៃ​របស់​ព្រះអង្គម្ចាស់​ឥន្ទ្រាយុទ្ធ ដែល​ជា​បុត្រ​របស់​ព្រះបាទ​ជ័យវរ្ម័ន​ទី​២ ដែល​បាន​នាំ​សិវលិង្គ​មក​តម្កល់​លើ​ភ្នំ​ព្រះវិហារ​នេះ។

ប្រាសាទ​ព្រះវិហារ ត្រូវ​បាន​ចុះ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​របស់​អង្គការ​យូណេស្កូ (UNESCO) នៅ​ថ្ងៃទី​៧ ខែ​កក្កដា ឆ្នាំ​២០០៨ ជាមួយ​នឹង​ដី​នៅ​ជុំវិញ​តំបន់​នោះ​ដែល​អង្គការ​សហប្រជាជាតិ​បាន​កាត់​ឱ្យ​កម្ពុជា។

ដោយសារតែ​បែប​នេះ បាន​ធ្វើ​ឲ្យ​មាន​ហេតុការណ៍​ប៉ះទង្គិច​គ្នា​ជាច្រើន​លើក​ច្រើនសា​រវាង​កម្ពុជា-ថៃ ជាពិសេស​កើតឡើង​រវាង​ឆ្នាំ​២០០៨ និង​ឆ្នាំ​២០១១ កន្លង​ទៅ។

នៅ​ឆ្នាំ​១៩៥៤ ជម្លោះ​រវាង​ប្រទេស​កម្ពុជា និង​ថៃ ជុំវិញ​ការ​ទាមទារ​សិទ្ធិ​កាន់កាប់​ប្រាសាទ​ព្រះវិហារ បាន​ផ្ទុះ​ឡើង​យ៉ាង​ខ្លាំង បន្ទាប់ពី​កម្ពុជា​បាន​ទទួល​ឯករាជ្យ​ពី​អាណានិគម​បារាំង។ នៅ​ពេលនោះ រដ្ឋាភិបាល​ថៃ បាន​បញ្ជូន​កងកម្លាំង​ប្រដាប់​អាវុធ​យ៉ាង​ច្រើន​សន្ធឹកសន្ធាប់​ចូល​ទៅ​កាន់កាប់​ប្រាសាទ​ព្រះវិហារ​ទាំង​បំពាន ក្នុង​ពេល​ដែល​កម្ពុជា​ជា​ម្ចាស់​នៃ​ប្រាសាទ​នេះ ប៉ុន្តែ​កម្ពុជា​នៅតែ​ស្វែងរក​ការ​ចរចា​តាមរយៈ​អង្គទូត​ជាបន្តបន្ទាប់។

ក្រោយ​ដំណើរការ​ចរចា​តាម​ផ្លូវ​ទូត​បរាជ័យ កម្ពុជា​បាន​សម្រេច​ដាក់​ពាក្យ​បណ្តឹង​ទៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ (ICJ) នៅ​ថ្ងៃទី​៦ ខែ​តុលា ឆ្នាំ​១៩៥៩ ដើម្បី​ស្នើសុំ​ឱ្យ​តុលាការ​អន្តរជាតិ​នេះ​ផ្តល់​យុត្តិធម៌​ជុំវិញ​ជម្លោះ​នេះ និង​ប្រគល់​អធិបតេយ្យ​ដែនដី​តំបន់​ប្រាសាទ​ព្រះវិហារ ឱ្យ​មក​កម្ពុជា​វិញ។ ជាង​នេះ​ទៀត កម្ពុជា​ក៏​បាន​ទាមទារ​ឱ្យ​ថៃ ដក​កងកម្លាំង​ប្រដាប់​អាវុធ​ទាំងអស់​ចេញពី​ប្រាសាទ​ព្រះវិហារ ផង​ដែរ។

រហូត​ដល់​ថ្ងៃទី​១៥ ខែ​មិថុនា ឆ្នាំ​១៩៦២ តុលាការ​យុត្តិធម៌​អន្តរជាតិ បាន​សម្រេច​ឱ្យ​កម្ពុជា​ឈ្នះ​ក្តី​លើ​សំណុំរឿង​នេះ និង​បាន​បញ្ជា​ឱ្យ​រដ្ឋាភិបាល​ថៃ ដក​កងទ័ព​ចេញពី​តំបន់​ប្រាសាទ រួម​ទាំង​ត្រូវ​ប្រគល់​នូវ​រាល់​វត្ថុ​បុរាណ​ដែល​ថៃ បាន​យក​ចេញពី​ប្រាសាទ ឬ​ពី​តំបន់​ប្រាសាទ​នេះ​ក្នុង​អំឡុង​ពេល​ដែល​ថៃ កាន់កាប់ ចាប់តាំងពី​ឆ្នាំ​១៩៥៤ មក​ឲ្យ​កម្ពុជា​វិញ​ផង​ដែរ។

នៅ​ថ្ងៃទី​១១ ខែ​វិច្ឆិកា ឆ្នាំ​២០១៣ តុលាការ​យុត្តិធម៌​អន្តរជាតិ បាន​បកស្រាយ​សាលដីកា​ឆ្នាំ​១៩៦២ ឡើងវិញ និង​បាន​សម្រេច​ថា កម្ពុជា​មាន​អធិបតេយ្យភាព​លើ​ដែនដី​ទាំងមូល​នៃ​តំបន់​ប្រាសាទ​ព្រះវិហារ និង​សម្រេច​ឱ្យ​ភាគី​ថៃ ដក​កងកម្លាំង​ប្រដាប់​អាវុធ និង​ឆ្មាំ​ប្រាសាទ​ទាំងអស់​ចេញពី​បរិវេណ​ជុំវិញ​ប្រាសាទ​ដោយ​ឥត​លក្ខខណ្ឌ។

ជម្លោះ​កម្ពុជា និង​ថៃ បាន​កើត​មាន​ឡើង​រាប់​សតវត្ស​មក​ហើយ។ ប្រទេស​ជិតខាង​កម្ពុជា​មួយ​នេះ​ក៏ដូចជា​ប្រទេស​ជិតខាង​កម្ពុជា​នៅ​ភាគ​ខាងកើត​ដែរ តែង​ប៉ុនប៉ង​លេប​ត្របាក់​ប្រទេស​កម្ពុជា​មិន​ចេះ​ចប់ តាមរយៈ​ការ​ប្រើប្រាស់​កម្លាំង នយោបាយ និង​យុទ្ធសាស្ត្រ​ប្រជាសាស្ត្រ។

កាលពី​ចុង​សប្តាហ៍​កន្លង​ទៅ​នេះ ទាហាន​ថៃ ដែល​កំពុង​មាន​វត្តមាន​នៅ​លើ​ប្រាសាទ​តាក្របី ក្នុង​ទឹកដី​របស់​ខ្មែរ បាន​ហាម​ពលរដ្ឋ​ខ្មែរ​មិន​ឲ្យ​ស្លៀកពាក់​ដែល​បង្ហាញ​ពី​អត្តសញ្ញាណ​ជាតិ ឬ​បង់​ក​ក្រមា​ដែល​មាន​ទង់ជាតិ​ខ្មែរ។

ទោះជា​យ៉ាងណាក៏ដោយ ក្រសួង​ការពារ​ជាតិ​កម្ពុជា នៅ​ថ្ងៃទី​៧ ខែ​កក្កដា នេះ​អះអាង​ថា ពលរដ្ឋ​ខ្មែរ​មាន​សិទ្ធិ​ស្លៀក​សម្លៀកបំពាក់​ដែល​បង្ហាញ​ពី​អត្តសញ្ញាណ​ជាតិ​ពេល​ទៅ​ទស្សនា​ប្រាសាទ​តាក្របី ពីព្រោះ​ប្រាសាទ​នេះ​ស្ថិត​ក្នុង​ដែន​អធិបតេយ្យ​ជាតិ​ខ្មែរ។

អ្នក​នាំពាក្យ​ក្រសួង​ការពារ​ជាតិ​កម្ពុជា អ្នកស្រី ម៉ាលី សុជាតា បាន​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​នៅ​ថ្ងៃទី​៧ កក្កដា នេះ​ថា ពលរដ្ឋ​ខ្មែរ​មាន​សិទ្ធិ​ស្លៀក​សម្លៀកបំពាក់ និង​ប្រើប្រាស់​សម្ភារៈ​ដែល​មាន​រចនា​រូប​ទង់ជាតិ​ខ្មែរ​នៅ​ពេល​ទៅ​ទស្សនា​ប្រាសាទ​តាក្របី។

ប្រភព​ដដែល​បាន​អះអាង​ថា ទាហាន​ថៃ បាន​អនុញ្ញាត​ឲ្យ​ប្រជាជន​ថៃ ខ្លួនឯង ប្រើប្រាស់​អាវ និង​ពាក់​របស់របរ​ផ្សេងៗ​មាន​រូប​ទង់ជាតិ​ថៃ ចូល​មក​ទស្សនា​ប្រាសាទ​យ៉ាង​សន្ធឹកសន្ធាប់ តែ​ភាគី​ថៃ បែរជា​មក​ហាម​មិន​ឲ្យ​ពលរដ្ឋ​ខ្មែរ​ប្រើប្រាស់​ក្រមា​បង់​ក​ដែល​មាន​រចនា​រូប​ទង់ជាតិ​ខ្មែរ​តូច​មួយ​ទៅវិញ។

អ្នកស្រី ម៉ាលី សុជាតា អះអាង​ថា នេះ​គឺជា​ទង្វើ​បំពាន​កិច្ចព្រមព្រៀង​ដែល​ភាគី​ទាំង​ពីរ​បាន​ឯកភាព​គ្នា​កន្លង​មក។

អ្នកស្រី​អះអាង​ថា សារព័ត៌មាន​ថៃ ប្រជាជន​ថៃ និង​ទាហាន​ថៃ​មួយ​ចំនួន​ដែល​ថា​ប្រាសាទ​តាក្របី ស្ថិត​ក្នុង​អធិបតេយ្យ​របស់​ខ្លួន គឺជា​ការ​បំភាន់​ខុស​ពី​ការពិត​ទាំងស្រុង ដោយសារ​ភាគី​ថៃ បាន​ប្រើប្រាស់ និង​សំអាង​លើ​ផែនទី​ដែល​គូស​ជា​ឯកតោភាគី និង​គ្មាន​តម្លៃ​តាម​ផ្លូវ​ច្បាប់។

អ្នកស្រី ម៉ាលី សុជាតា អះអាង​ថា ប្រាសាទ​តាក្របី​ជា​របស់​ខ្មែរ ដោយសារ​ទីតាំង​ប្រាសាទ​នោះ​ស្ថិត​នៅ​លើ​ភ្នំ​ដងរែក ក្នុង​ភូមិ​មនោរម្យសែនជ័យ ឃុំ​គោកខ្ពស់ ស្រុក​បន្ទាយអំពិល ខេត្ត​ឧត្ដរមានជ័យ គឺ​ស្ថិត​ក្នុង​បូរណភាព​ទឹកដី និង​អធិបតេយ្យ​ទាំងស្រុង​របស់​កម្ពុជា ដោយ​ផ្អែក​លើ​ផែនទី​ស្រប​ច្បាប់​ដែល​អន្តរជាតិ​ទទួលស្គាល់។

កាលពី​ថ្ងៃទី​៥ ខែ​កក្កដា ឆ្នាំ​២០២៥ មាន​ហេតុការណ៍​ប៉ះទង្គិច​សម្ដី​គ្នា​បាន​កើតឡើង​នៅ​ពេល​អ្នក​ទេសចរ​ខ្មែរ និង​ថៃ ទៅ​ទស្សនា​ប្រាសាទ​តាក្របី អំឡុង​ពេល​ពលរដ្ឋ​ទាំង​ពីរ​ភាគី​កំពុង​ប្រកែក​គ្នា ក៏​ស្រាប់តែ​មាន​ទាហាន​ឈុត​ខ្មៅ​ថៃ ៥​នាក់ និង​ទាហាន​ឯកសណ្ឋាន​ប៉ារ៉ា​ថៃ ៥​នាក់ បាន​ប្រើ​ពាក្យ​សម្ដី​ខ្លាំងៗ​មក​លើ​ពលរដ្ឋ​ខ្មែរ ហើយ​ក្នុង​ចំណោម​ទាហាន​ថៃ ដែល​ប្រតិកម្ម​ខ្លាំង​មក​លើ​ពលរដ្ឋ​ខ្មែរ​នោះ គឺជា​កម្លាំង​ដែល​មិន​មាន​ភារកិច្ច​ឈរជើង​ប្រចាំ​ការ​នៅ​លើ​ប្រាសាទ​នោះ​ទេ។

កម្ពុជា បាន​ប្តឹង​ថៃ ទៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ ICJ លើ​តំបន់​ជម្លោះ​៤ គឺ​តំបន់​ប្រាសាទ​តាមាន់ធំ តាមាន់តូច ប្រាសាទ​តាក្របី និង​តំបន់​មុំ​បី៕

© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

Exit mobile version