The Cambodia Daily Khmer

បក្ស​ប្រឆាំង​អំពាវនាវ​ឱ្យ​ពលរដ្ឋ​ធ្វើ​យុទ្ធនាការ​មិន​គាំទ្រ​ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​ដក​សញ្ជាតិ​ខ្មែរ​ពី​ជនជាតិ​ខ្មែរ

គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​អនុម័ត​ទទួល​យក​សំណើ​របស់​តំណាងរាស្ត្រ​ហត្ថលេខី​ទាំង ១២៥​រូប ដែល​បាន​ស្នើសុំ​រដ្ឋសភា​ធ្វើ​វិសោធនកម្ម​មាត្រា​៣៣ នៃ​រដ្ឋធម្មនុញ្ញ នៅ​ព្រឹក​ថ្ងៃ​ចន្ទ ទី​៧ ខែ​កក្កដា ឆ្នាំ​២០២៥។

គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​អនុម័ត​ទទួល​យក​សំណើ​របស់​តំណាងរាស្ត្រ​ហត្ថលេខី​ទាំង ១២៥​រូប ដែល​បាន​ស្នើសុំ​រដ្ឋសភា​ធ្វើ​វិសោធនកម្ម​មាត្រា​៣៣ នៃ​រដ្ឋធម្មនុញ្ញ នៅ​ព្រឹក​ថ្ងៃ​ចន្ទ ទី​៧ ខែ​កក្កដា ឆ្នាំ​២០២៥។

មន្ត្រី​បក្ស​ប្រឆាំង អំពាវនាវ​ឱ្យ​ពលរដ្ឋ​ទាំង​ក្នុង និង​ក្រៅ​ប្រទេស ធ្វើ​យុទ្ធនាការ​មិន​គាំទ្រ​ការ​ធ្វើ​វិសោធនកម្ម​មាត្រា​៣៣ នៃ​រដ្ឋធម្មនុញ្ញ​ដើម្បី​ដក​សញ្ជាតិ​ខ្មែរ​ពី​ជនជាតិ​ខ្មែរ និង​យុទ្ធនាការ​មិន​គាំទ្រ​ការ​ផ្តល់​សញ្ជាតិ​ខ្មែរ​ឱ្យ​ជនជាតិ​វៀតណាម។

តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក អ៊ុំ សំអាន សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន នៅ​ថ្ងៃទី​៧ កក្កដា នេះ​ថា ដើម្បី​លេប​ត្របាក់​ទឹកដី​ខ្មែរ​ទាំងមូល​ដោយ​ជោគជ័យ រដ្ឋាភិបាល​វៀតណាម បាន​បញ្ជា​ឱ្យ​មេដឹកនាំ​ខ្មែរ​រំលាយ​ពូជសាសន៍​ខ្មែរ​ចោល​ជា​បណ្តើរៗ​តាមរយៈ​នៃ​ការ​ធ្វើ​ច្បាប់​ដក​សញ្ជាតិ​ពលរដ្ឋ​ខ្មែរ​ពី​កំណើត ដូច​អ្វី​ដែល​លោក ហ៊ុន សែន កំពុង​ធ្វើ​នា​ពេលនេះ។

លោក អ៊ុំ សំអាន លើកឡើង​ថា ការ​ធ្វើ​វិសោធនកម្ម​មាត្រា​៣៣ នៃ​រដ្ឋធម្មនុញ្ញ គឺ​ដើម្បី​សម្រេច​បំណង​របស់​មេដឹកនាំ​វៀតណាម ហូ ជី មិញ ទៅ​តាម​គោលដៅ​ដែល​បាន​កត់ត្រា​នៅ​ក្នុង​ផែនការ​នៃ​ដំណើរ​ឆ្ពោះ​មក​ទិស​ខាងលិច និង​ដើម្បី​ឈាន​ទៅ​បង្កើត​ជា​សហព័ន្ធ​ឥណ្ឌូចិន​នា​ពេល​អនាគត​ផង​ដែរ។

មន្ត្រី​បក្ស​ប្រឆាំង​រូប​នេះ បញ្ជាក់​ថា ការ​ដែល​រដ្ឋាភិបាល​វៀតណាម បញ្ជា​ឱ្យ​មេដឹកនាំ​ខ្មែរ​ធ្វើ​វិសោធនកម្ម​ដក​សញ្ជាតិ​ពលរដ្ឋ​ខ្មែរ​ពី​កំណើត​ចំពោះ​អ្នក​ណា​ហ៊ាន​ប្រឆាំង​វៀតណាម បែប​នេះ គឺ​ដើម្បី​កុំ​ឱ្យ​មាន​អ្នក​ប្រឆាំង​នឹង​រដ្ឋាភិបាល​កម្ពុជា​ដែល​ផ្តល់​សញ្ជាតិ​ខ្មែរ​ឱ្យ​ពលរដ្ឋ​វៀតណាម បន្ត​ទៀត។

នៅ​ថ្ងៃទី​៧ ខែ​កក្កដា ឆ្នាំ​២០២៥ នេះ រដ្ឋសភា​បាន​បើក​កិច្ចប្រជុំ​គណៈកម្មាធិការ​រដ្ឋសភា ដើម្បី​ពិនិត្យ​សំណើ​របស់​តំណាងរាស្ត្រ​ទាំង ១២៥​រូប ដែល​បាន​ស្នើសុំ​រដ្ឋសភា​ធ្វើ​វិសោធនកម្ម​មាត្រា​៣៣ នៃ​រដ្ឋធម្មនុញ្ញ។

ក្រោយ​កិច្ចប្រជុំ​នេះ អគ្គលេខាធិការដ្ឋាន​រដ្ឋសភា បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃ​ដដែល​ថា បន្ទាប់ពី​បាន​ពិនិត្យ និង​ពិភាក្សា គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​បាន​អនុម័ត​ប្រគល់​ជូន​គណៈកម្មការ​ជំនាញ គឺ​គណៈកម្មការ​នីតិកម្ម និង​យុត្តិធម៌ ពិនិត្យ​សិក្សា ហើយ​ធ្វើ​របាយការណ៍​ជូន​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​វិញ ខណៈ​រដ្ឋសភា​នឹង​បើក​កិច្ចប្រជុំ​ពិនិត្យ​លទ្ធផល​នៃ​ការ​ពិនិត្យ​សិក្សា​របស់​គណៈកម្មការ​ជំនាញ​នេះ នៅ​ថ្ងៃទី​៨ ខែ​កក្កដា។

ប្រភព​ដដែល បញ្ជាក់​ថា សំណើ​សុំ​ធ្វើ​វិសោធនកម្ម​មាត្រា​៣៣ នៃ​រដ្ឋធម្មនុញ្ញ នឹង​ត្រូវ​ដាក់​ជូន​រដ្ឋសភា​អនុម័ត​នៅ​ថ្ងៃទី​១១ ខែ​កក្កដា ខាងមុខ​នេះ។

ជុំវិញ​បញ្ហា​នេះ ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា លោក ម៉ែន ណាត ក៏​បាន​អំពាវនាវ​ឱ្យ​ពលរដ្ឋ​ខ្មែរ​ចូលរួម​យុទ្ធនាការ​មិន​គាំទ្រ​ការ​កែ​ច្បាប់​ដក​សញ្ជាតិ​ខ្មែរ​ពី​កំណើត​នេះ​ដែរ ព្រោះ​ពលរដ្ឋ​វៀតណាម ខុស​ច្បាប់​ដែល​កំពុង​រស់នៅ​ក្នុង​ប្រទេស​កម្ពុជា បែរជា​ទទួល​បាន​សញ្ជាតិ​ខ្មែរ​ទៅវិញ។

លោក ម៉ែន ណាត បញ្ជាក់​ថា ពេលនេះ​កម្ពុជា​កំពុង​ត្រូវការ​សាមគ្គីភាព ឯកភាព​ជាតិ ដើម្បី​ទប់ទល់​បរទេស​ជិតខាង ជាពិសេស​ថៃ ដែល​កំពុង​ឈ្លានពាន​ទឹកដី​ខ្មែរ​នា​ពេលនេះ ដូច្នេះ​ការ​កែប្រែ​រដ្ឋធម្មនុញ្ញ​មាត្រា​៣៣ គួរ​ត្រូវ​បាន​បញ្ឈប់ នោះ​ទើប​ជា​ជម្រើស​ល្អ​សម្រាប់​ជាតិ​សាសន៍​ខ្មែរ​មួយ​នគរ។

ចំណែក​គណបក្ស​កែទម្រង់​កម្ពុជា បាន​ចេញ​សេចក្តី​ថ្លែងការណ៍​នៅ​ថ្ងៃទី​០៧ កក្កដា នេះ ដោយ​ប្រកាស​មិន​គាំទ្រ​ចំពោះ​ការ​ស្នើសុំ​ធ្វើ​វិសោធនកម្ម​មាត្រា​៣៣ នៃ​រដ្ឋធម្មនុញ្ញ​ដើម្បី​ដក​សញ្ជាតិ​ខ្មែរ​ពី​កំណើត​នេះ​ដែរ។

គណបក្ស​កែទម្រង់​កម្ពុជា យល់​ឃើញ​ថា ការ​កែ​ច្បាប់​នេះ​នឹង​រឹតតែ​បន្ថែម​នូវ​ការ​បែកបាក់​ជាតិ ការ​រើសអើង និង​បន្ត​នូវ​វប្បធម៌ «ទឹក​ឡើង​ត្រី​ស៊ី​ស្រមោច ទឹក​ហោច​ស្រមោច​ស៊ី​ត្រី» ដែល​ខ្មែរ​ត្រូវតែ​បញ្ចប់​ឱ្យខាងតែ​បាន ដោយ​ប្តូរ​មក​វិញ​នូវ​ការ​ប្រកាន់​យក​គោលការណ៍​នីតិរដ្ឋ ប្រជាធិបតេយ្យ​សេរី​ពហុបក្ស អហិង្សា សន្តិវិធី សាមគ្គី​ជាតិ និង​ផ្សះផ្សា​ជាតិ៕

© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

Exit mobile version