មន្ត្រីជាន់ខ្ពស់បក្សប្រឆាំង លោក អ៊ុំ សំអាន អះអាងថា អំពើឧក្រិដ្ឋកម្មឆ្លងដែន និងការលាងលុយកខ្វក់របស់ឧកញ៉ា កុក អាន ដែលត្រូវបានវែកមុខដោយអាជ្ញាធរថៃ គឺជារឿងពិត ហើយអំពើល្មើសទាំងនេះក៏កំពុងរីកដុះដាលនៅកម្ពុជាដែរ តែរដ្ឋាភិបាលខ្មែរមិនបង្ក្រាប។
លោក អ៊ុំ សំអាន ប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី០៨ កក្កដា នេះថា ឧក្រិដ្ឋកម្មខុសច្បាប់ទាំងនេះក៏មានការស៊ុមគ្រលុំគ្នារវាងរដ្ឋាភិបាលខ្មែរ និងរដ្ឋាភិបាលថៃ ជាយូរមកហើយដែរ រហូតទាល់តែគ្រួសារត្រកូលហ៊ុន និងត្រកូលស៊ីណាវ៉ាត់ បែកបាក់ចំណងមិត្តភាព ទើបត្រូវបានទម្លាយនៅពេលនេះ។
លោក អ៊ុំ សំអាន លើកឡើងថា កម្ពុជាមិនអាចគ្រាន់តែបដិសេធចំពោះរឿងនេះដោយគ្មានបើកការស៊ើបអង្កេតឡើយ ព្រោះថាបើកម្ពុជាមិនសហការបើកការស៊ើបអង្កេតរឿងនេះជាមួយអាជ្ញាធរថៃ ទេ នោះមានន័យថា កម្ពុជាក៏ជាប់សង្ស័យក្នុងអំពើឧក្រិដ្ឋ និងការសម្អាតប្រាក់របស់ឧកញ៉ា កុក អាន ដែរ ដែលនឹងធ្វើឱ្យមានការខ្លាចរអាពីសហគមន៍អន្តរជាតិ។
មន្ត្រីបក្សប្រឆាំងរូបនេះបញ្ជាក់ថា បើលោក ហ៊ុន សែន ព្យាយាមលាក់បាំងនូវអំពើឧក្រិដ្ឋរបស់លោក កុក អាន ជុំវិញការប្រព្រឹត្តអំពើឆបោកតាមអនឡាញ ឬលាងលុយកខ្វក់ ជាដើម នោះពាក្យដែលគាត់ចោទថៃ ថាព្រួសឈាមដាក់កម្ពុជាជុំវិញការបោកប្រាស់តាមប្រព័ន្ធអនឡាញនោះ ក៏នឹងធ្លាក់មកលើគាត់វិញដែរ។
សារព័ត៌មាន ខៅ ស៊ុត (Khaosod) ចេញផ្សាយនៅថ្ងៃទី០៨ កក្កដា នេះថា មន្ត្រីជាន់ខ្ពស់បក្សប្រជាជនកម្ពុជា ដែលមានគោរមងារជាឧកញ៉ា គឺឧកញ៉ា កុក អាន ដែលជាមនុស្សជំនិតរបស់លោក ហ៊ុន សែន ត្រូវបានប៉ូលិសថៃ ឆ្មក់ចូលឆែកឆេរ និងរឹបអូសរថយន្តប្រណីតជាច្រើនគ្រឿង រួមទាំងលុយចំនួន ២៧លានបាតដែលស្មើប្រមាណជាង ៨សែនដុល្លារអាមេរិកផងដែរ នៅថ្ងៃអង្គារនេះ តាមដីកាឆែកឆេររបស់តុលាការពាក់ព័ន្ធនឹងអំពើឆបោក។
ប្រភពដដែលបន្តថា ប៉ូលិសថៃ បានឆ្មក់ចូលឆែកឆេរទីតាំង ១៩កន្លែងដែលជាកម្មសិទ្ធិរបស់លោក កុក អាន នៅទីក្រុងបាងកក ខេត្តសាមុតប្រាកាន និងខេត្តឈុនបុរី បន្ទាប់ពីអាជ្ញាធរថៃ រកឃើញថាជំនួញជាច្រើនរបស់លោក កុក អាន ជាប់ពាក់ព័ន្ធនឹងក្រុមបណ្ដាញឧក្រិដ្ឋកម្មឆ្លងដែន និងឧក្រិដ្ឋកម្មលាងលុយកខ្វក់។
ប្រភពដដែលបន្ថែមថា ក្រុមឧក្រិដ្ឋជនទាំងនោះបានប្រើប្រាស់ទីតាំងទាំងនេះធ្វើការបោកប្រាស់តាមប្រព័ន្ធអ៊ីនធឺណិតជាច្រើន រួមមាន Hybrid Scams និងការលាងលុយកខ្វក់តាមរយៈគណនីបញ្ឆោតប្រាក់ និងរូបិយប័ណ្ណឌីជីថល ជាដើម ក្នុងនោះ ពលករថៃមួយចំនួនធំក៏ត្រូវបានបោកបញ្ឆោត និងមានការឃុំខ្លួនថែមទៀត។
យ៉ាងណាក៏ដោយ មន្ត្រីអ្នកនាំពាក្យប្រធានព្រឹទ្ធសភាកម្ពុជា លោក ជា ធីរិទ្ធ ថ្លែងថា នេះជាល្បិចព្រួសឈាមរបស់ថៃ ដែលពិភពលោកបានដឹងឮជាច្រើនឆ្នាំមក ហើយអ្នកដែលគួរចាប់ខ្លួនគឺលោក ថាក់ស៊ីន ព្រោះជាមនុស្សស្និទ្ធបំផុតជាមួយលោក ហ៊ុន សែន។
លោកថា ថៃបានប្រើប្រាស់ល្បិចគ្រប់បែបយ៉ាងបង្ខូចលាបពណ៌កម្ពុជា តាមរយៈការចោទប្រកាន់ផ្សព្វផ្សាយគ្មានការពិត ទាំងដែលប្រទេសថៃ ខ្លួនឯង កំពុងត្រូវបានពិភពលោកទាំងមូលចាត់ទុកជាប្រទេសកំពូលល្បិច និងជាមជ្ឈមណ្ឌលចែកចាយឧក្រិដ្ឋកម្មពាសពេញពិភពលោក៕
© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.
