នៅថ្ងៃចន្ទ ទី១៤ ខែ កក្កដា បេសកជនពិសេសរបស់សហរដ្ឋអាមេរិក គឺលោក Keith Kellogg បានធ្វើដំណើរទៅដល់ទីក្រុងគៀវ ដើម្បីពិភាក្សាអំពីបញ្ហាសន្តិសុខ បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសផ្តល់ប្រព័ន្ធការពារដែនអាកាស Patriot ថ្មីៗឱ្យអ៊ុយក្រែន។
លោក Keith Kellogg ឧត្ដមសេនីយ៍ឯកចូលនិវត្តន៍របស់អាមេរិក កំពុងស្ថិតនៅក្នុងទីក្រុងគៀវ (Kyiv) ចាប់ពីពីថ្ងៃច័ន្ទ ទី១៤ ខែកក្កដា នេះ ដែលតាមបណ្ដាញផ្សាយព័ត៌មានប្រទេសអ៊ុយក្រែន លោក Keith Kellogg នឹងបន្តស្ថិតនៅក្នុងរដ្ឋធានីនៃប្រទេសអ៊ុយក្រែន ក្នុងរយៈពេលមួយសប្ដាហ៍ ហើយវត្តមានរបស់ប្រេសិតពិសេសរបស់លោក ដូណាល់ ត្រាំ រូបនេះត្រូវគេរំពឹងពីការផ្លាស់ប្ដូរដែលអាចកើតមាននៅក្នុងគោលនយោបាយរបស់រដ្ឋការលោក ត្រាំ ស្ដីពីសង្គ្រាមរយៈពេលជាង ៣ឆ្នាំ ៥ខែមកហើយនេះ។
លោក Andriy Yermak ដែលជាទីប្រឹក្សាជាន់ខ្ពស់របស់ប្រធានាធិបតីអ៊ុយក្រែន ឱ្យដឹងថា មានប្រធានបទជាច្រើនសម្រាប់កិច្ចពិភាក្សាអំឡុងទស្សនកិច្ចរបស់លោក Kellogg មានដូចជា បញ្ហាសន្តិសុខ ការពារជាតិ សព្វាវុធ ទណ្ឌកម្ម និងការពង្រឹងកិច្ចសហប្រតិបត្តិការរវាងអ៊ុយក្រែន និងសហរដ្ឋអាមេរិក។
វត្តមានរបស់បេសកជនពិសេសរបស់សហរដ្ឋអាមេរិក ចំពេលរដ្ឋធានីគៀវ រងការវាយប្រហារជារៀងរាល់ថ្ងៃដោយដ្រូនរាប់រយគ្រឿង និងមីស៊ីល។ ក្នុងមួយសប្ដាហ៍ចុងក្រោយនេះ រុស្ស៊ី បានវាយលុកទីក្រុងនានារបស់អ៊ុយក្រែន រួមទាំងរដ្ឋធានីគៀវ ជាមួយនឹងយន្តហោះដ្រូនជាង ១៥០០គ្រឿង និងមីស៊ីលផ្លោងដែលប្រព័ន្ធការពារដែនអាកាសរបស់អ៊ុយក្រែន តស៊ូដើម្បីទប់ទល់យ៉ាងលំបាកបំផុត។ ក្នុងពេលជាមួយគ្នានេះ កងទ័ពរុស្ស៊ី ដ៏ច្រើន កំពុងខិតខំប្រឹងប្រែងវាយលុកកងទ័ពអ៊ុយក្រែន នៅលើផ្នែកខ្លះនៃសមរភូមិជួរមុខដែលលាតសន្ធឹង ១២០០គីឡូម៉ែត្រ។
កាលពីថ្ងៃអាទិត្យកន្លងមកនេះ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសថា លោកនឹងបញ្ជូនប្រព័ន្ធ Patriot បន្ថែមឱ្យអ៊ុយក្រែន ដោយសារអ៊ុយក្រែន ត្រូវការវាចាំបាច់ ដើម្បីទប់ទល់ការវាយប្រហាររបស់រុស្ស៊ី ប៉ុន្តែលោកប្រធានាធិបតីមិនបានបញ្ជាក់ឡើយថា ប្រព័ន្ធ Patriot ចំនួនប៉ុន្មានឱ្យប្រាកដដែលនឹងត្រូវផ្តល់ឱ្យទីក្រុងគៀវ។ បើតាមលោក ត្រាំ ចាប់ពីពេលនេះទៅ អាវុធរបស់អាមេរិកដែលត្រូវបញ្ជូនទៅឱ្យអ៊ុយក្រែន ធ្វើឡើងតាមរយៈអង្គការ NATO ហើយ NATO ត្រូវបង់ចំណាយឱ្យអាមេរិក។
លោក ត្រាំ បានបញ្ជាក់ដូចនេះទៅកាន់ក្រុមអ្នកសារព័ត៌មាននៅឯមូលដ្ឋានទ័ព Andrews ខាងក្រៅទីក្រុងវ៉ាស៊ីនតោន។
លោក ត្រាំ មិនបានបញ្ជាក់អំពីចំនួនប្រព័ន្ធការពារមីស៊ីល Patriots ដែលគ្រោងបញ្ជូនទៅអ៊ុយក្រែន នោះទេ ប៉ុន្តែបាននិយាយថា អាមេរិកនឹងទទួលបានសំណងមកវិញសម្រាប់ការចំណាយរបស់អាមេរិក។
អង្គការ NATO បានប្រកាសក្នុងសេចក្តីប្រកាសព័ត៌មានមួយថា អគ្គលេខាធិការយោធា NATO លោក Mark Rutte នឹងទៅបំពេញទស្សនកិច្ចនៅទីក្រុងវ៉ាស៊ីនតោន នៅថ្ងៃចន្ទ ទី១៤ និងថ្ងៃអង្គារ ទី១៥ ខែកក្កដា នេះ។ ក្នុងដំណើរទស្សនកិច្ចនេះ លោកនឹងជួបជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ រដ្ឋមន្ត្រីការបរទេស លោក Marco Rubio និងរដ្ឋមន្ត្រីការពារជាតិ លោក Pete Hegseth។
ដំណើរទស្សនកិច្ចរបស់អគ្គលេខាធិការយោធា NATO លោក Mark Rutte បន្ទាប់ពីលោក ត្រាំ បានថ្លែងក្នុងបទសម្ភាសន៍ថ្មីៗនេះថា អាមេរិកអាចនឹងផ្គត់ផ្គង់អាវុធដល់អ៊ុយក្រែន តាមរយៈអង្គការNATO។ លោក ត្រាំ ក៏បានបង្ហើបផងដែរថា លោកនឹងធ្វើ «សេចក្តីថ្លែងការណ៍ដ៏ធំមួយ» នៅថ្ងៃចន្ទ ទី១៤ ខែកក្កដា នេះ។
សេចក្តីព្រាងច្បាប់ដាក់ទណ្ឌកម្មក្នុងបំណងដាក់សម្ពាធឱ្យទីក្រុងមូស្គូ ឱ្យចូលចរចារកសន្តិភាពពិតប្រាកដជាមួយអ៊ុយក្រែន កំពុងទទួលបានការគាំទ្រពីព្រឹទ្ធសភាអាមេរិក។
មេដឹកនាំសំឡេងភាគច្រើននៃព្រឹទ្ធសភានៃគណបក្សសាធារណរដ្ឋ លោក John Thune បានប្រាប់ក្រុមអ្នកសារព័ត៌មានថា ព្រឹទ្ធសភាអាចបោះឆ្នោតសម្រេចលើសេចក្តីព្រាងច្បាប់នៅក្នុងខែនេះ។
ចំណែកលោក Mike Johnson សមាជិកសភាជាន់ខ្ពស់ខាងគណបក្សសាធារណរដ្ឋ ក៏បានសម្ដែងសុទិដ្ឋិនិយមស្រដៀងគ្នានេះដែរ ខណៈសមាជិកព្រឹទ្ធសភាផ្សេងទៀតនៃបក្សសាធារណរដ្ឋ លោក Lindsey Graham និងរដ្ឋមន្ត្រីការបរទេស លោក Marco Rubio បានប្រាប់អ្នកការទូតថា សេចក្តីព្រាងច្បាប់នេះនឹងដំណើរការទៅមុខ។
បើតាមលោក Lindsey Graham សមាជិកព្រឹទ្ធសភាបក្សសាធារណរដ្ឋ បានថ្លែងតាមកញ្ចក់ទូរទស្សន៍ CBS ថា សង្គ្រាមអ៊ុយក្រែន បានឈានដល់របត់ថ្មីហើយ។ លោកថា លោកប្រធានាធិបតី ត្រាំ កំពុងសិក្សាសំណើដំឡើងទណ្ឌកម្ម ដោយយកពន្ធដល់ ៥០០% ចំពោះប្រទេសណាដែលជួយរុស្ស៊ី។
វិធានការបង្កកទ្រព្យសម្បត្តិរុស្ស៊ី ឬបង្កើនការលក់អាវុធឱ្យសម្ព័ន្ធមិត្តអឺរ៉ុប ក្នុងបរិមាណច្រើនដើម្បីអាចឱ្យអ៊ុយក្រែន ជាចំណែកមួយនៃការប្រើប្រាស់អាវុធរបស់អាមេរិក។ ប្រធានាធិបតីអ៊ុយក្រែន លោក ហ្សេឡេនស្គី បានហៅវិធានការនេះជាមធ្យោបាយមួយដែលអាចចាប់បង្ខំរុស្ស៊ី បញ្ឈប់ការឈ្លានពានអ៊ុយក្រែន។
អ្នកគាំទ្រអ៊ុយក្រែន នៅទីក្រុងវ៉ាស៊ីនតោន និងទីក្រុងគៀវ កំពុងរង់ចាំនូវអ្វីដែលប្រធានាធិបតី ដូណាល់ ត្រាំ អះអាងថាសេចក្តីថ្លែងការណ៍របស់លោកវាមានន័យដ៏សំខាន់ចំពោះសង្គ្រាមរុស្ស៊ី នៅអ៊ុយក្រែន។ យ៉ាងនេះក្តី វាមិនច្បាស់ទេថា តើលោក ត្រាំ នឹងបោះបង់ការផ្សះផ្សាទំនាក់ទំនងការទូតជាមួយរុស្ស៊ី ឬទេ ព្រោះលោក ត្រាំ ត្រូវគេមើលឃើញថាជាមេដឹកនាំអាមេរិកដែលទន់ជ្រាយខ្លាំងទៅលើរបបក្រុងមូស្គូ៕
© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.
