The Cambodia Daily Khmer

រដ្ឋាភិបាល​ប្រកាស​បោស​សម្អាត​ឧក្រិដ្ឋកម្ម​ឆបោក​តាម​អនឡាញ ខណៈ​អ្នក​ឃ្លាំមើល​ចាត់ទុក​ថា​ថ្ពឹនភ្នែក​អន្តរជាតិ

កម្លាំង​ចម្រុះ​ចុះ​បង្ក្រាប​ទីតាំង​កាស៊ីណូ ហេង ហេង ១ ដោយ​សង្ស័យ​ពាក់ព័ន្ធ​នឹង​បទល្មើស​ឆបោក​អនឡាញ ដែល​មាន​ទីតាំង​នៅ​ក្នុង​អគារ A, B, C ភូមិ​ត្រពាំងស្រែ ឃុំ​២ធ្នូ ស្រុក​ស្នួល ខេត្ត​ក្រចេះ កាលពី​ថ្ងៃទី​១៦ ខែ​កក្កដា ឆ្នាំ​២០២៥។

កម្លាំង​ចម្រុះ​ចុះ​បង្ក្រាប​ទីតាំង​កាស៊ីណូ ហេង ហេង ១ ដោយ​សង្ស័យ​ពាក់ព័ន្ធ​នឹង​បទល្មើស​ឆបោក​អនឡាញ ដែល​មាន​ទីតាំង​នៅ​ក្នុង​អគារ A, B, C ភូមិ​ត្រពាំងស្រែ ឃុំ​២ធ្នូ ស្រុក​ស្នួល ខេត្ត​ក្រចេះ កាលពី​ថ្ងៃទី​១៦ ខែ​កក្កដា ឆ្នាំ​២០២៥។

អ្នក​ឃ្លាំមើល​សង្គម ចាត់ទុក​បទបញ្ជា​រដ្ឋាភិបាល​ស្ដីពី​ការ​បោស​សម្អាត​ឧក្រិដ្ឋកម្ម​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា ជា​យុទ្ធនាការ​ថ្ពឹនភ្នែក​ប្រជាពលរដ្ឋ និង​សហគមន៍​អន្តរជាតិ ព្រោះ​មេ​ឧក្រិដ្ឋជន​អន្តរជាតិ​នៅតែ​មាន​សេរីភាព​ក្រៅ​ច្បាប់​នៅ​ប្រទេស​កម្ពុជា។

អ្នក​ឃ្លាំមើល​សង្គម លោក វ៉ន ចាន់ឡូត សរសេរ​លើ​គណនី​ហ្វសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​១៦ កក្កដា នេះ​ថា រាល់​ពេល​ដែល​មាន​ប្រតិកម្ម​ខ្លាំង​ពី​សហគមន៍​អន្តរជាតិ​ទៅ​លើ​ការ​បង្ក្រាប​ឧក្រិដ្ឋកម្ម​ឆបោក រាជរដ្ឋាភិបាល​កម្ពុជា​តែងតែ​ដាក់​ចេញ​យុទ្ធនាការ​បង្ក្រាប​ដូច​គ្នា​ដែរ ប៉ុន្តែ​យុទ្ធសាស្ត្រ​បែប​នេះ​គឺជា​ល្បិច​ធ្វើ​ជា​កម្ចាត់ ដើម្បី​ជួយ​ក្រុម​ឧក្រិដ្ឋជន​ប៉ុណ្ណោះ។

លោក វ៉ន ចាន់ឡូត លើកឡើង​ថា ឧកញ៉ា លី យ៉ុងផាត់ និង​ឧកញ៉ា កុក អាន ដែល​ជា​សមាជិក​ព្រឹទ្ធសភា​បក្ស​កាន់​អំណាច រួម​ទាំង​លោក ហ៊ុន តូ ដែល​ជា​ក្មួយប្រុស​បង្កើត​លោក ហ៊ុន សែន និង​ជា​បងប្អូន​ជីដូនមួយ​លោក ហ៊ុន ម៉ាណែត សុទ្ធតែ​ជា​បុគ្គល​ល្បីល្បាញ​លើ​ឆាក​អន្តរជាតិ​ថា​ជា​មេ​ឧក្រិដ្ឋជន​ឆ្លងដែន ប៉ុន្តែ​ពួកគេ​បែរជា​កំពុង​កាន់កាប់​អំណាច និង​ដើរហើរ​ប្រកប​ដោយ​សេរីភាព​ក្រៅ​ច្បាប់​យ៉ាង​អនាធិបតេយ្យ។ ក្រៅពី​ឧកញ៉ា​ប៉ុន្មាន​នាក់​នេះ នៅ​មាន​ឧកញ៉ា​ជាច្រើន​នាក់​ទៀត​ដែល​រកស៊ី​បំពាន​ច្បាប់ រក​ទុន​ចិញ្ចឹម​បក្ស​ប្រជាជន​កម្ពុជា និង​ក្រុម​គ្រួសារ​លោក ហ៊ុន សែន។

អ្នក​ឃ្លាំមើល​សង្គម​រូប​នេះ​បញ្ជាក់​ថា មេ​ឧក្រិដ្ឋជន​អន្តរជាតិ​ទាំងនេះ​ជាប់​ពាក់ព័ន្ធ​យ៉ាង​ខ្លាំង​ទៅ​នឹង​អំពើ​ឆបោក​តាម​អនឡាញ បង្ខាំង​មនុស្ស​ដោយ​ខុស​ច្បាប់ និង​លាង​លុយ​កខ្វក់ ជាដើម ដូច្នេះ​បើ​រដ្ឋាភិបាល​មាន​ឆន្ទៈ​ចង់​បោស​សម្អាត​បទល្មើស​ទាំងនេះ​ដោយ​ពិតប្រាកដ ត្រូវតែ​ត្រូវ​បោស​សម្អាត​ពី​លើ​មក​មុន ហើយ​ធ្វើ​ជារឿយៗ មិនមែន​បោស​សម្អាត​តាម​តែ​អារម្មណ៍ និង​សភាពការណ៍​បង្ខំ​នោះ​ទេ។

បទបញ្ជា​ស្ដីពី​ការ​បោស​សម្អាត​ឧក្រិដ្ឋកម្ម​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា ត្រូវ​បាន​ចុះហត្ថលេខា​ដោយ​នាយករដ្ឋមន្ត្រី​កម្ពុជា លោក ហ៊ុន ម៉ាណែត កាលពី​ថ្ងៃទី​១០ ខែ​កក្កដា ដែល​ទើប​នឹង​ត្រូវ​បាន​ផ្សព្វផ្សាយ​នៅ​ថ្ងៃទី​១៦ កក្កដា នេះ បាន​ដាក់​ចេញ​នូវ​ចំណាត់ការ​មួយ​ចំនួន​សម្រាប់​អនុវត្ត​ទូទាំង​ប្រទេស ខណៈ​អ្នក​ដែល​មិន​អនុវត្ត​តាម​បទបញ្ជា​នេះ ត្រូវ​ប្រឈម​នឹង​ការ​ផ្លាស់ប្ដូរ ឬ​បញ្ចប់​មុខតំណែង​តែម្តង។

អ្នកវិភាគ​ខាង​របៀប​គ្រប់គ្រង​ប្រទេស​មាន​ច្បាប់ ពោល​ថា លោក ហ៊ុន ម៉ាណែត មិន​គួរ​និយាយ​ថា​មន្ត្រី​មិន​អនុវត្ត​តាម​បទបញ្ជា​លោក ត្រូវ​ប្រឈម​នឹង​ការ​ផ្លាស់ប្ដូរ ឬ​បញ្ចប់​មុខតំណែង​នោះ​ទេ។ លោក​គប្បី​ប្រាប់​មន្ត្រី​ក្រោម​ឱវាទ​ថា បើ​ប្រព្រឹត្ត​អំពើ​ល្មើស​ច្បាប់ (malfeasance) ក្នុង​នាម​ជា​មន្ត្រី​រាជការ​ក្របខ័ណ្ឌ គឺ​មាន​កំហុស អាច​ជាប់​ទោស​អំពី​បទឧក្រិដ្ឋ​ណា​មួយ​ដូច​តទៅ​នេះ៖

  1. Nonfeasance ការ​មិន​អនុវត្ត​ភារកិច្ច​ដែល​ខ្លួន​មាន​កាតព្វកិច្ច​ត្រូវ​បំពេញ;
  2. Misfeasance ការ​អនុវត្ត​ភារកិច្ច​ស្រប​ច្បាប់​ដោយ​ខុស​ទំនង​បែបបទ​ក្បួន​ខ្នាត (មិន​ប្រយ័ត្នប្រយែង)
  3. Misprision ការ​ប្រព្រឹត្ត​កិច្ចការ​ខុស​ភារកិច្ច​សាធារណៈ (ជួយ​លាក់ បិទបាំង​ឧក្រិដ្ឋកម្ម សមគំនិត​ក្នុង​អំពើ​ឧក្រិដ្ឋ)។

ប្រភព​ដដែល​អះអាង​ថា រាជរដ្ឋាភិបាល​បាន​សង្កេត​ឃើញ​សកម្មភាព​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​កំពុង​បង្ក​ការ​គំរាមកំហែង និង​អសន្តិសុខ​ក្នុង​ពិភពលោក និង​តំបន់​នា​ពេល​បច្ចុប្បន្ន​នេះ ខណៈ​ប្រទេស​កម្ពុជា​ក៏​ត្រូវ​បាន​ក្រុម​ឧក្រិដ្ឋជន​បរទេស​ជ្រៀត​ចូល​ធ្វើ​សកម្មភាព​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ដែរ។

រដ្ឋាភិបាល​កម្ពុជា បញ្ជាក់​ថា ដើម្បី​បង្ការ​ទប់ស្កាត់ និង​ប្រយុទ្ធ​ប្រឆាំង​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ឱ្យ​មាន​ប្រសិទ្ធភាព រដ្ឋាភិបាល​ចេញ​បទបញ្ជា​ឱ្យ​គណៈ​អភិបាល​រាជធានី-ខេត្ត​ទាំងអស់ រួម​ទាំង​ក្រសួង​មហាផ្ទៃ និង​អគ្គស្នងការ​នគរបាល​ជាតិ ក្រសួង​យុត្តិធម៌ និង​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​ផ្សេង​ទៀត បោស​សម្អាត​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ឱ្យ​អស់​ពី​ទឹកដី​កម្ពុជា។

ជុំវិញ​បញ្ហា​នេះ កាលពី​ថ្ងៃទី​៨ កក្កដា សមាជិក​ព្រឹទ្ធសភា​កម្ពុជា ឧកញ៉ា កុក អាន ដែល​ជា​មនុស្ស​ជំនិត​របស់​លោក ហ៊ុន សែន ត្រូវ​បាន​តុលាការ​ថៃ ចេញ​ដីកា​ចាប់​ខ្លួន​ពាក់ព័ន្ធ​នឹង​អំពើ​ឆបោក និង​សម្អាត​ប្រាក់​ក្នុង​ទឹកដី​ថៃ ប៉ុន្តែ​លោក ហ៊ុន សែន ចាត់ទុក​ចំណាត់ការ​នេះ​គឺ​ស្មើ​នឹង​ថៃ បង្ហាញ​ប្រទេស​របស់​ខ្លួន​មាន​ឧក្រិដ្ឋកម្ម​ឆបោក​ប្រាកដ​មែន។

ទោះជា​យ៉ាងណាក៏ដោយ រហូត​ដល់​ពេលនេះ គេ​មិន​ទាន់​ឃើញ​រាជរដ្ឋាភិបាល​កម្ពុជា បើក​ការ​ស៊ើបអង្កេត​លើ​លោក កុក អាន ពាក់ព័ន្ធ​នឹង​ការ​ចោទប្រកាន់​នេះ​នៅឡើយ​ទេ ខណៈ​គណបក្ស​ប្រជាជន​កម្ពុជា បាន​ចាត់ទុក​ចំណាត់ការ​ខាង​អាជ្ញាធរ​ថៃ លើ​លោក កុក អាន ជា​ការ​ព្រួស​ឈាម​ដាក់​ប្រទេស​កម្ពុជា​តែប៉ុណ្ណោះ។

កាលពី​ចុង​ខែ​មិថុនា ឆ្នាំ​២០២៥ អង្គការ​លើកលែង​ទោស​អន្តរជាតិ (Amnesty International) បាន​បង្ហាញ​សេចក្តី​រាយការណ៍​ស៊ើបអង្កេត​កម្រាស់​ជាង ២៥០​ទំព័រ ស្ដីពី​ការ​ស្រាវជ្រាវ​រយៈពេល ១៨​ខែ តាមរយៈ​អ្នក​រស់រាន​មាន​ជីវិត​ចំនួន ៥៨​នាក់ រួម​ទាំង​កុមារ ៩​នាក់​ផង ជុំវិញ​អំពើ​បោកប្រាស់​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​នៅ​ប្រទេស​កម្ពុជា​រាប់​ឆ្នាំ​កន្លង​មក​នេះ។

អ្នកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ ទទួល​បន្ទុក​ខាង​កិច្ចការ​ប្រយុទ្ធ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស ធ្លាប់​ប្រាប់​អ្នកកាសែត​ថា អ្នកស្រី​មិន​ទាំង​ដឹង​ថា​អំពើ​ចាប់​បង្ខាំង​មនុស្ស​នៅ​ខេត្ត​ព្រះសីហនុ​ដែល​ពិភពលោក​គេ​ឲ្យ​ឈ្មោះ​ថា “កន្លែង​កាប់​ជ្រូក” (pig butchering operation)៕

© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

Exit mobile version