ក្រសួងការពារជាតិប្រទេសកម្ពុជា ចេញប្រកាសព័ត៌មាននៅថ្ងៃទី២០ ខែកក្កដា ដោយបានបដិសេធយ៉ាងដាច់អហង្ការចំពោះការចោទប្រកាន់ពីខាងភាគីថៃ ពាក់ព័ន្ធនឹងគ្រោះថ្នាក់ដោយសារគ្រាប់មីន ដែលទាហានថៃ បីនាក់រងរបួសនៅថ្ងៃទី៦ ខែកក្កដា ក្នុងខេត្តព្រះវិហារ។
ភាគីយោធាថៃ បានចោទថាគ្រាប់មីនដែលផ្ទុះថ្មីៗនោះ គឺជាមីនដែលទើបតែដាក់ពង្រាយ មិនមែនជាគ្រាប់មីនចាស់ៗសល់ពីសម័យសង្គ្រាមនោះទេ។
អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា លោកស្រី ម៉ាលី សុជាតា បានបញ្ជាក់ថា កម្ពុជាតែងតែបានដាស់តឿនឲ្យភាគីថៃ អនុវត្តឲ្យបានម៉ឺងម៉ាត់នូវការឯកភាពគ្នាលើតម្រាយផ្លូវសម្រាប់ការដើរល្បាត ដោយសារតែតំបន់ទាំងនេះនៅមានគ្រាប់មីនមិនទាន់ផ្ទុះជាច្រើន ដែលសូម្បីតែប្រជាពលរដ្ឋកម្ពុជាក៏ត្រូវបានរងគ្រោះផងដែរ។
យោងតាមក្រសួងការពារជាតិកម្ពុជា បានអះអាងថា ទាហានថៃ បានល្មើសការឯកភាពដែលបានចែងក្នុងអនុស្សរណៈយោគយល់គ្នាឆ្នាំ២០០០ (MOU-2000) ហើយបានធ្វើការដើរល្បាតខុសពីតម្រាយផ្លូវចាស់របស់ខ្លួន ដោយបង្កើតតម្រាយផ្លូវថ្មីទៅក្នុងតំបន់ ដែលស្ថិតនៅក្នុងដែនអធិបតេយ្យប្រទេសកម្ពុជា។
អ្នកស្រីបន្តថា ផ្អែកតាមផែនទីមាត្រដ្ឋាន ១/២០០០០០ ដែលជាលទ្ធផលនៃការងារខណ្ឌសីមា និងបោះបង្គោលព្រំដែនឥណ្ឌូចិន-សៀម ស្របតាមស្មារតីនៃអនុសញ្ញាបារាំង-សៀមឆ្នាំ១៩០៤ និងសន្ធិសញ្ញាបារាំង-សៀមឆ្នាំ១៩០៧។
ក្រសួងការពារជាតិកម្ពុជា ថា បើសិនភាគីថៃ មិនល្មើសការឯកភាពក្នុងអនុស្សរណៈនៃការយោគយល់ឆ្នាំ២០០០ (MOU-2000) នោះមិនមានការកើតឡើងនូវឧបទ្ទវហេតុផ្ទុះមីនដែលជាសំណល់ពីសង្គ្រាមនោះទេ។
អ្នកស្រី ម៉ាលី សុជាតា បានលើកជាសំណួរពាក់ព័ន្ធឧបទ្ទវហេតុថ្មីៗនេះថា តើថ្នាក់ដឹកនាំយោធាថៃ មានចេតនាអ្វីឲ្យពិតប្រាកដ ដែលសុខចិត្តបញ្ជូនទាហានរបស់ខ្លួនឲ្យដើរល្បាតខុសតម្រាយផ្លូវ បើទោះបីជាដឹងមុនហើយថាពួកគេអាចប្រឈមនឹងគ្រោះថ្នាក់ដោយសារមីនដែលជាសំណល់ពីសង្គ្រាម។
យោងតាមសេចក្តីរាយការណ៍ពីកាសែត The Nation ទាហានថៃ បានរកឃើញគ្រាប់មីនប្រឆាំងមនុស្សចំនួន ៨គ្រាប់នៅក្នុងតំបន់ចុងបុក ដែលថៃ ថាស្ថិតក្នុងទឹកដីខ្លួន។ មេបញ្ជាការយោធាថៃ ម្នាក់ គឺឧត្ដមសេនីយ៍ឯក ប៊ូនស៊ីន ផាតក្លាង (Boonsin Padklang) បានប្រកាសថា ទាហានថៃ ត្រៀមបើកការសងសឹកដោយមិនបាច់ចាំមានបទបញ្ជារបស់រដ្ឋាភិបាល ព្រោះលោកវាយតម្លៃថា ការដាក់មីនថ្មីៗនេះជាតាក់តិចយោធាដោយផ្ទាល់ ដែលតម្រូវឲ្យមានការឆ្លើយតបយោធាជាបន្ទាន់។
ប្រទេសថៃ ក៏មានផែនការប្តឹងប្រទេសកម្ពុជា នៅអង្គការសហប្រជាជាតិ ដោយចោទកម្ពុជា ថាបានរំលោភអនុសញ្ញាក្រុងអូតាវ៉ា ដែលហាមឃាត់ការប្រើប្រាស់មីន៕
© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.
