កាលពីថ្ងៃទី២០ ខែកក្កដា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) ព្រមានអ៊ីរ៉ង់ កុំព្យាយាមពង្រឹងសមត្ថភាពនុយក្លេអ៊ែររបស់ខ្លួនឡើងវិញ។ ការព្រមាននេះ ធ្វើឡើងបន្ទាប់ពីលោក ត្រាំ អះអាងថា ការវាយប្រហាររបស់អាមេរិកក្នុងការទម្លាក់គ្រាប់បែកបានបំផ្លាញទាំងស្រុងទៅលើទីតាំងនុយក្លេអ៊ែរអ៊ីរ៉ង់ ចំនួន ៣ទីតាំងកាលពីថ្ងៃទី២១ ខែមិថុនា។
លោកប្រធានាធិបតីបានសរសេរនៅលើបណ្ដាញសង្គម Truth Social ថា ទីតាំងនុយក្លេអ៊ែរទាំងបីនៅក្នុងប្រទេសអ៊ីរ៉ង់ ត្រូវបានបំផ្លាញទាំងស្រុង ដែលនឹងត្រូវចំណាយពេលច្រើនឆ្នាំដើម្បីឱ្យអ៊ីរ៉ង់ ធ្វើការស្ថាបនាឡើងវិញ ហើយប្រសិនបើអ៊ីរ៉ង់ ចង់ធ្វើដូច្នេះ នឹងត្រូវការចាប់ផ្តើមជាថ្មីនៅក្នុងទីតាំងបីផ្សេងគ្នា។
មហិច្ឆតារបស់អ៊ីរ៉ង់ ក្នុងការពង្រឹងសមត្ថភាពនុយក្លេអ៊ែរ ត្រូវបានគេមើលឃើញថាជារឿងសំខាន់ដែលត្រូវយកចិត្តទុកដាក់។
បញ្ហាពាក់ព័ន្ធនឹងកម្មវិធីនុយក្លេអ៊ែរអ៊ីរ៉ង់ នៅតែជាការព្រួយបារម្ភដ៏ខ្លាំងសម្រាប់សុវត្ថិភាពជាតិនៃសហរដ្ឋអាមេរិក និងស្ថិរភាពនៅក្នុងតំបន់មជ្ឈិមបូព៌ា។ ការព្រមានថ្មីៗរបស់ប្រធានាធិបតី ដូណាល់ ត្រាំ បានបង្ហាញពីភាពតានតឹង និងការសង្ស័យជាពិសេសចំពោះគោលបំណងរបស់អ៊ីរ៉ង់។
សេចក្ដីប្រកាសនេះក៏ត្រូវបានផ្សព្វផ្សាយនៅក្នុងកម្មវិធីជជែកដេញដោលទាក់ទងនឹងប្រសិទ្ធភាពនៃការវាយប្រហារពីសហរដ្ឋអាមេរិក និងអនាគតនៃកិច្ចខិតខំប្រឹងប្រែងការទូតដើម្បីទប់ស្កាត់ការអភិវឌ្ឍអាវុធនុយក្លេអ៊ែរអ៊ីរ៉ង់។ ដូច្នេះ បញ្ហានេះនៅតែជាចំណុចសំខាន់នៃគោលនយោបាយការបរទេសរបស់អាមេរិក ដែលត្រូវការសម្របសម្រួលយ៉ាងប្រុងប្រយ័ត្នរវាងសម្ពាធយោធា និងកិច្ចការទូត ដើម្បីទប់ស្កាត់អស្ថិរភាព និងធានាសន្តិសុខអនាគត។
កាលពីថ្ងៃទី២១ ខែមិថុនា កងកម្លាំងអាកាសអាមេរិកបានបើកប្រតិបត្តិការមានឈ្មោះថា Midnight Hammer ដែលផ្ដោតទៅលើការវាយប្រហារតាមអាកាសប្រឆាំងនឹងទីតាំងនុយក្លេអ៊ែរសំខាន់ៗចំនួនបីរបស់អ៊ីរ៉ង់ មានដូចជា ទីតាំង Fordow, Natanz និង Isfahan។
លោកប្រធានាធិបតី ត្រាំ និងមន្ត្រីការពារជាតិ បានអះអាងជាសាធារណៈថា ទីតាំងទាំងបីត្រូវបានបំផ្លាញទាំងស្រុង តែបើអ៊ីរ៉ង់ ព្យាយាមស្ថាបនាកម្មវិធីអាវុធនុយក្លេអ៊ែររបស់ខ្លួនឡើងវិញ នោះអ៊ីរ៉ង់ នឹងត្រូវការរយៈពេលជាច្រើនឆ្នាំ។
លោក ត្រាំ បានរំលឹករឿងនេះឡើងវិញជាមួយនឹងការបង្ហោះសារតាមបណ្ដាញសង្គមរបស់លោកកាលពីថ្ងៃសៅរ៍កន្លងមកនេះ។ តែបើតាមការវាយតម្លៃដោយក្រុមស៊ើបការណ៍សម្ងាត់របស់សហរដ្ឋអាមេរិកមួយចំនួន ទីតាំងនុយក្លេអ៊ែរទាំងបីនេះ ពិតជាត្រូវបានវាយប្រហារ តែមិនបានបំផ្លាញទាំងស្រុងទេ។
យោងតាមរបាយការណ៍ដែលបោះពុម្ពផ្សាយនៅលើគេហទំព័រ Tehran ក្នុងចំណោមទីតាំងនុយក្លេអ៊ែរទាំងបីនៅប្រទេសអ៊ីរ៉ង់ មានតែទីតាំងនុយក្លេអ៊ែរមួយប៉ុណ្ណោះដែលត្រូវបានបំផ្លាញទាំងស្រុង ហើយទីតាំងពីរផ្សេងទៀតនៅតែមានសមត្ថភាពគ្រប់គ្រាន់ក្នុងការបន្តកម្មវិធីនុយក្លេអ៊ែរឡើងវិញក្នុងរយៈពេលខាងមុខ។ បណ្ដាញសារព័ត៌មានអាមេរិកាំងល្បីៗមួយចំនួន ក៏មិនទាន់អាចបញ្ជាក់ដោយឯករាជ្យ ថាវាខ្ទេចខ្ទាំទាំងបីកន្លែងនោះទាំងស្រុងដែរ ព្រោះថាអ៊ីរ៉ង់ បានជម្លៀសគ្រឿងសារធាតុផលិតកម្មបរមាណូចេញផុតមួយសប្តាហ៍មុន។
ការចេញសេចក្តីថ្លែងការណ៍នេះ បានយោងទៅលើមន្ត្រីអាមេរិក និងអតីតមន្ត្រីចំនួនប្រាំនាក់ដែលបានដឹងពីការវាយតម្លៃសម្ងាត់ដែលទាក់ទងនឹងស្ថានភាពនេះ។
ឆ្លើយតបនឹងការអះអាងនេះ លោក Sean Purnell អ្នកនាំពាក្យប្រធានមន្ទីរបញ្ចកោណ បានថ្លែងថា ប្រធានាធិបតី ត្រាំ បានបញ្ជាក់យ៉ាងច្បាស់ថា ទីតាំងនុយក្លេអ៊ែររបស់អ៊ីរ៉ង់ រួមមាន Fordow, Isfahan និង Natanz ត្រូវបានបំផ្លាញទាំងស្រុង ហើយប្រជាជនអាមេរិកក៏យល់ដូចគ្នាថាទីតាំងទាំងបីនេះត្រូវបានបំផ្លាញទាំងស្រុង។
លោកបន្ថែមថា ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានរបស់អ៊ីរ៉ង់ កំពុងបង្ហាញពីរូបភាពអវិជ្ជមានទាក់ទិននឹងស្ថានភាពបច្ចុប្បន្ននៃរោងចក្រនុយក្លេអ៊ែរអ៊ីរ៉ង់ ដែលត្រូវចំណាយពេលជាច្រើនឆ្នាំដើម្បីស្ដារឡើងវិញ។
អ៊ីរ៉ង់ ជារឿយៗអះអាងថា កម្មវិធីនុយក្លេអ៊ែររបស់ខ្លួនមានគោលបំណងសម្រាប់ប្រើប្រាស់បំពេញសេចក្តីត្រូវការខាងថាមពលដោយសន្តិវិធី ជំនួសការបូមប្រេងកាតប៉ុណ្ណោះ បើទោះបីជាលោកខាងលិចមានការមន្ទិលសង្ស័យអស់រយៈពេលជាច្រើនឆ្នាំកន្លងមកយ៉ាងណាក្តី។
ក្នុងករណីពាក់ព័ន្ធនឹងការទូត វិទ្យាស្ថានសម្រាប់ការសិក្សាសង្គ្រាម បានបង្ហាញថា អ្នកការទូតអ៊ីរ៉ង់ មានផែនការជួបប្រជុំនៅអឺរ៉ុបសប្ដាហ៍នេះ ដើម្បីពិភាក្សាពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរដែលអាចកើតមានឡើងវិញ។
យ៉ាងណា វិទ្យាស្ថានសម្រាប់ការសិក្សាសង្គ្រាម បានឱ្យដឹងថា អ៊ីរ៉ង់មិនបានបន្ទន់ជំហរលើសិទ្ធិរបស់ខ្លួនក្នុងការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមនៅលើដីអ៊ីរ៉ង់ នោះទេ ដែលវាមិនទំនងថាតើអ៊ីរ៉ង់នឹងទទួលយកកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ដែលរួមបញ្ចូលការបញ្ឈប់នូវតម្រូវការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមឬទេ។
លោក Sean Parnell អ្នកនាំពាក្យមន្ទីរបញ្ចកោណ បានប្រាប់អ្នកយកព័ត៌មានថា ការវាយប្រហារពីសហរដ្ឋអាមេរិក បណ្ដាលឱ្យអ៊ីរ៉ង់ ត្រូវចំណាយពេលពីមួយឆ្នាំទៅពីរឆ្នាំ ដើម្បីស្ថាបនាទីតាំងរោងចក្រទាំងបីនេះឡើងវិញ។
ទោះជាយ៉ាងណាក៏ដោយ ការឆ្លើយតបពីភាគីអ៊ីរ៉ង់ ទាំងលើការវាយប្រហារដោយកងទ័ពអាកាស និងទាំងសកម្មភាពទូត នៅតែមិនប្រាកដប្រជា និងមានភាពមិនច្បាស់លាស់ បណ្ដាលឱ្យភាពតានតឹងក្នុងតំបន់មជ្ឈិមបូព៌ានៅតែបន្តស្ថិតក្នុងកម្រិតខ្ពស់ អាចបណ្ដាលឲ្យមានហានិភ័យផ្លូវយុទ្ធសាស្ត្របន្ថែមទៀតពីប្រទេសអ៊ីស្រាអែល ដែលបានដឹកមុខសហរដ្ឋអាមេរិកវាយប្រហារអ៊ីរ៉ង់ ក្នុងសង្គ្រាម ១២ថ្ងៃ។
តទៅនេះ ជាប្រទេសមានអាវុធក្បាលគ្រាប់បរមាណូ ឬនុយក្លេអ៊ែរ៖
- សហព័ន្ធរុស្ស៊ី មាន ៥៥៨០គ្រាប់;
- សហរដ្ឋអាមេរិក មាន ៥០៤៤គ្រាប់;
- ចក្រភពអង់គ្លេស មាន ២២៥គ្រាប់;
- បារាំង មាន ២៩០គ្រាប់;
- សាធារណរដ្ឋប្រជាមានិតចិន មាន ៥០០គ្រាប់;
- ឥណ្ឌា មាន ១៧២គ្រាប់;
- ប៉ាគីស្ថាន មាន ១៧០គ្រាប់;
- អ៊ីស្រាអែល មាន ៩០គ្រាប់;
- កូរ៉េខាងជើង មាន ៥០គ្រាប់៕
© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.
