ស្ថានភាពតានតឹងនៅតំបន់ព្រំដែនថៃ-កម្ពុជា កាន់តែផុយស្រួយខ្លាំងនៅប៉ុន្មានថ្ងៃចុងក្រោយនេះ ដែលងាយផ្ទុះអាវុធដាក់គ្នារវាងកងទ័ពនៃប្រទេសទាំងពីរ។
ចុងក្រោយនេះ យោធាថៃ បានរុលចូលទៅក្នុងព្រំដែនកម្ពុជា ជាពិសេសពួកគេបានឡើងលើចំណុចកំពូលនៃប្រាសាទតាមាន់ធំខាងក្នុងទឹកដីកម្ពុជា ខណៈកងទ័ពកម្ពុជា ក៏បានឡើងទៅប្រឈមមុខនឹងកងទ័ពថៃ ដោយស្នើឱ្យកងទ័ពថៃ ត្រឡប់ចុះទៅខាងក្នុងទឹកដីថៃ វិញ ប៉ុន្តែកងទ័ពថៃ មិនព្រមធ្វើតាមនោះទេ។ មិនតែប៉ុណ្ណោះ កងទ័ពថៃ បានចូលមកដេញពលរដ្ឋខ្មែរដែលឡើងទៅលេងលើភ្នំប្រាសាទតាមាន់ធំ នៅចំពោះមុខកងទ័ពខ្មែរថែមទៀត។
ឥឡូវនេះ បញ្ជាការដ្ឋានកងទ័ពថៃ នៅភូមិភាគ២ ដែលជាប់ព្រំដែនកម្ពុជា កំពុងដាក់បទបញ្ជារបិទមិនឱ្យពលរដ្ឋកម្ពុជាបន្តឡើងទៅលើប្រាសាទតាមាន់ធំនេះទៀតផង។ វាមើលទៅដូចជា កងទ័ពនិងរដ្ឋាភិបាលថៃ ចាប់យកតំបន់ប្រាសាទតាមាន់តូច តាមាន់ធំ ប្រាសាទតាក្របី និងតំបន់មុំបី ដោយចាត់ទុកថាជាទឹកដីរបស់ថៃ រួចទៅហើយ។ ថៃ ធ្វើដូច្នេះជាការរំលោភព្រំដែនកម្ពុជា នៅក្រោមសន្ធិសញ្ញាបារាំង-សៀម ឆ្នាំ១៩០៤ ឆ្នាំ១៩០៧។
គេសង្កេតឃើញពីមួយថ្ងៃទៅមួយថ្ងៃ ស្ថានភាពយោធាព្រំដែនកម្ពុជា-ថៃ កាន់តែតានតឹងខ្លាំងឡើងៗ ហើយសញ្ញានៃការផ្ទុះអាវុធប្រយុទ្ធគ្នាមានសភាពផុយស្រួយជាទីបំផុត។ អ្នកជំនាញបារម្ភខ្លាំងណាស់ថា សង្គ្រាមព្រំដែនកម្ពុជា-ថៃ វានៅសល់ពេលតិចតួចណាស់ ហើយបើវាផ្ទុះឡើង គឺជាការផ្ទុះសង្គ្រាមធំ។
មតិខ្លះនិយាយថា គេមិនត្រូវរង់ចាំដល់ពេលភ្លើងសង្គ្រាមប្រយុទ្ធគ្នា ទើបស្រវេស្រវាដឹកទឹកទៅពន្លត់ ដែលវាអាចហួសពេល។ គេមិនអាចប្រៀបធៀបថៃ ទៅនឹងរុស្ស៊ី ទេ ព្រោះរុស្ស៊ី ជាមហាអំណាច ជាសមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) ដែលមានសិទ្ធិប្រឆាំងនឹងសេចក្ដីសម្រេច ឬដំណោះស្រាយរបស់ក្រុមប្រឹក្សាសន្តិសុខ។
ជាក់ស្ដែង ករណីរុស្ស៊ី បង្កសង្គ្រាមឈ្លានពានប្រទេសអ៊ុយក្រែន ភ្លាមៗនៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ ពេលនោះ ក្រុមប្រឹក្សាសន្តិសុខដែលមានសមាជិក ១៥ប្រទេស បានជួបគ្នាភ្លាមៗដោយសម្រេចបោះឆ្នោតឱ្យមានវិធានការបង្ខំរុស្ស៊ី ដកទ័ពចេញពីអ៊ុយក្រែន តែពេលនោះ រុស្ស៊ីបោះឆ្នោតវេតូ បាននាំឱ្យមានការរាំងខ្ទប់ដំណោះស្រាយរបស់ក្រុមប្រឹក្សាសន្តិសុខ បើទោះជាចិន បោះឆ្នោតអនុប្បវាទក៏ដោយ។
សិទ្ធិវេតូរបស់រុស្ស៊ី គឺជាការរាំងខ្ទប់ដ៏មានប្រសិទ្ធភាពនៃវិធានការរបស់ស្ថាប័នពិភពលោកមួយនេះ។ នេះបើយោងតាមធម្មនុញ្ញអង្គការសហប្រជាជាតិស្ដីពីសិទ្ធិវេតូរបស់ប្រទេសជាសមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលមាន ៥ប្រទេស គឺអាមេរិក រុស្ស៊ី ចិន អង់គ្លេស និងបារាំង។
ប៉ុន្តែចំពោះប្រទេសថៃ វិញ គ្មានសិទ្ធិចូលខ្លួនបោះឆ្នោតវេតូនោះទេ លើកលែងតែប្រទេសសមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខណាមួយប្រើសន្លឹកឆ្នោតវេតូ ទើបរាំងខ្ទប់សេចក្ដីសម្រេច ឬវិធានការរបស់ក្រុមប្រឹក្សាសន្តិសុខ។
អ្នកជំនាញមើលមិនឃើញថា អាមេរិក រុស្ស៊ី ចិន អង់គ្លេស និងបារាំង មានបំណងប្រើសន្លឹកឆ្នោតវេតូនោះទេ។ យ៉ាងណា ពួកគេអាចបោះឆ្នោតអនុប្បវាទ តែសន្លឹកឆ្នោតអនុប្បវាទគ្មានឥទ្ធិពលនោះទេ។ តែអ្នកសង្កេតការណ៍មិនចង់ឃើញភ្លើងសង្គ្រាមឆាបឆេះតាមព្រំដែនថៃ-កម្ពុជា ទើបកម្ពុជារត់ទៅប្ដឹងក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនោះទេ។ ពួកគេចង់ឃើញតំណាងបេសកកម្មកម្ពុជានៅអង្គការសហប្រជាជាតិ ប្ដឹងត្រង់តែម្ដងទៅក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ (UNSC) ជាជាងគ្រាន់តែបញ្ជូនលិខិតជូនដំណឹងទៅកាន់នាយកដ្ឋានបង្ការជម្លោះប្រដាប់អាវុធនៃអង្គការសហប្រជាជាតិ ដែលបានធ្វើឡើងកាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥ នោះ។
លិខិតជូនដំណឹងរបស់កម្ពុជា បានបញ្ជាក់ប្រាប់នាយកដ្ឋានបង្ការជម្លោះប្រដាប់អាវុធនៃអង្គការសហប្រជាជាតិ ថា សំណុំរឿងទ័ពថៃ បាញ់សម្លាប់ទ័ពកម្ពុជាម្នាក់ស្លាប់ គឺជាការរំលោភថ្មីទៀតរបស់ប្រទេសថៃ ចូលក្នុងទឹកដីកម្ពុជា ត្រង់ចំណុចមុំបី ដោយទាមទារថា កម្ពុជាត្រូវការព្រំដែនឲ្យមានសន្តិភាព ហើយបានលើកឡើងករណីកម្ពុជាឈ្នះក្ដីប្រទេសថៃ ចំនួនពីរលើកមកហើយ ករណីថៃ ឈ្លានពានប្រាសាទព្រះវិហារនៅឆ្នាំ១៩៦២ និងម្ដងទៀតនៅឆ្នាំ២០១៣។ តាមរយៈលិខិតនេះ កម្ពុជាបានអះអាងថាបានប្ដឹងថៃ ជាថ្មីម្ដងទៀតទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដែលបានរំលោភដែនដីព្រំដែនកម្ពុជានៅតំបន់មុំបី តំបន់ប្រាសាទតាមាន់ធំ តំបន់ប្រាសាទតាមាន់តូច និងប្រាសាទតាក្របី។
អ្នកជំនាញអះអាងថា កម្ពុជាគួរប្ដឹងទៅកាន់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ជាបន្ទាន់ ព្រោះស្ថាប័ននេះគេមិនរង់ចាំការកាត់សេចក្ដីរបស់តុលាការ ICJ នោះទេ ព្រោះគេមានសមត្ថកិច្ចរារាំងអំពើហិង្សាទៅរកការផ្ទុះសង្គ្រាមរវាងប្រទេសជាសមាជិកអង្គការសហប្រជាជាតិ។
តើស្ថាប័ននៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) មានអំណាច និងតួនាទីអ្វីខ្លះ?
ក្រុមប្រឹក្សាសន្តិសុខ UNSC គឺជាស្ថាប័នកំពូលមួយក្នុងចំណោមស្ថាប័នកំពូលទាំង៦ នៃអង្គការសហប្រជាជាតិ។ ស្ថាប័ននេះមានទំនួលខុសត្រូវលើការធានានូវសន្តិភាព និងសន្តិសុខអន្តរជាតិ។
អំណាចរបស់ស្ថាប័ននេះរួមមាន ការបង្កើតប្រតិបត្តិការកងបេសកកម្មរក្សាសន្តិភាព ការដាក់ទណ្ឌកម្មអន្តរជាតិ និងការអនុញ្ញាតសកម្មភាពយោធាអន្តរជាតិចូលទៅអន្តរាគមន៍ក្នុងជម្លោះប្រដាប់អាវុធ។
ក្រុមប្រឹក្សាសន្តិសុខ គឺជាស្ថាប័នតែមួយគត់របស់អង្គការសហប្រជាជាតិ ដែលមានសិទ្ធិអំណាចក្នុងការចេញសេចក្តីសម្រេចបញ្ឈប់សកម្មភាពឈ្លានពាន ប៉ុន្តែបើមានប្រទេសណាមួយធ្វើសកម្មភាពរំលោភឈ្លានពានដោយប្រដាប់អាវុធ និងកម្លាំងទ័ពលើប្រទេសណាមួយ នោះប្រទេសរងគ្រោះអាចប្ដឹងត្រង់តែម្ដងទៅស្ថាប័ននេះ គឺស្ថាប័នក្រុមប្រឹក្សាសន្តិសុខរបស់អង្គការសហប្រជាជាតិ ដែលហៅកាត់ថា UNSC។
ពេលនោះ UNSC ត្រូវតែកោះប្រជុំសមាជិករបស់ខ្លួនដើម្បីធ្វើសេចក្ដីសម្រេចឱ្យបញ្ឈប់សកម្មភាពឈ្លានពានជាបន្ទាន់ តែបើពុំនោះទេ ស្ថាប័ន UNSC នេះ មានវិធានការបន្ទាន់ គឺការបញ្ជូនប្រេសិតទៅសម្របសម្រួល ឬក៏បញ្ជូនបេសកកម្មកងទ័ពរក្សាសន្តិភាពដាក់ពង្រាយនៅតាមតំបន់ដែលកំពុងប្រឈមមុខដាក់គ្នាទៀតផង។
បច្ចុប្បន្ននេះ ក្រុមប្រឹក្សាសន្តិសុខមានសមាជិក ១៥ប្រទេសដោយមានប្រទេសមហាអំណាចអចិន្ត្រៃយ៍ចំនួន៥ គឺសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស រុស្ស៊ី បារាំង និងចិន។ ចំណែកសមាជិកធម្មតាមានចំនួន ១០ប្រទេស តែសមាជិកធម្មតា ១០ប្រទេសនេះគ្មានសិទ្ធិបោះឆ្នោតវេតូនោះទេ លើកលែងតែបោះឆ្នោតអនុប្បវាទ។
សំណុំរឿងថៃ ឈ្លានពានព្រំដែនកម្ពុជា អ្នកជំនាញថាកម្ពុជាគួរស្វែងរកអន្តរាគមន៍ពីលេខាធិការដ្ឋានអាស៊ាន សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ដែលជាអង្គការថ្នាក់តំបន់មួយ រួមមានប្រទេសនៅអាស៊ីអាគ្នេយ៍ទាំងដប់ ដែលជួយជំរុញកិច្ចសហប្រតិបត្តិការអន្តររដ្ឋាភិបាល និងជួយសម្រួលការធ្វើសមាហរណកម្មសេដ្ឋកិច្ច នយោបាយ សន្តិសុខ យោធា ការអប់រំ និងវប្បធម៌ ក្នុងចំណោមសមាជិកទាំងអស់ និងបណ្តាប្រទេសនៅអាស៊ីប៉ាស៊ីហ្វិក។
ចាប់តាំងពីការបង្កើតឡើងដំបូងនៅថ្ងៃទី៨ ខែសីហា ឆ្នាំ១៩៦៧ ដោយប្រទេសឥណ្ឌូនេស៊ី ម៉ាឡេស៊ី ហ្វីលីពីន សិង្ហបុរី និងថៃ អង្គការនេះបានពង្រីកខ្លួនដោយមានការចូលរួមបន្ថែមពីប្រទេសប្រ៊ុយណេ កម្ពុជា ភូមា ឡាវ និងវៀតណាម។
គោលបំណងសំខាន់នៃអង្គការនេះ គឺការជំរុញនូវកំណើនសេដ្ឋកិច្ច វឌ្ឍនភាពសង្គម និងការវិវត្តសង្គមសម្រាប់សមាជិកទាំងអស់ រួមជាមួយការការពារស្ថិរភាពនៅក្នុងតំបន់ និងការផ្ដល់យន្តការមួយសម្រាប់ប្រទេសជាសមាជិកដើម្បីដោះស្រាយទំនាស់ដោយសន្តិវិធី។
តើសមាគមអាស៊ានមានគោលការណ៍ក្នុងការជួយរក្សាសន្តិភាពក្នុងតំបន់ឬទេ?
តាមច្បាប់ និងលក្ខន្តិកៈនៃសមាគមអាស៊ាន គេរកឃើញមានគោលការណ៍ចំនួន ១៣ចំណុចដែលមានដូចតទៅនេះ៖
- គោរពឯករាជភាព អធិបតេយ្យភាព សមភាព បូរណភាពទឹកដី និងសញ្ញាណជាតិនៃរដ្ឋសមាជិកអាស៊ានទាំងអស់។
- ចូលរួមការប្ដេជ្ញាចិត្ត និងការទទួលខុសត្រូវរួមគ្នាក្នុងករណីលើកកម្ពស់សន្តិភាព សន្តិសុខ និងវិបុលភាពក្នុងតំបន់។
- ប្រឆាំងនូវអំពើឈ្លានពាន និងការគំរាមកំហែង ឬសកម្មភាពទាំងឡាយណាក្នុងលក្ខណៈដែលមិនសមស្របតាមច្បាប់អន្តរជាតិ។
- ប្រកាន់យកដំណោះស្រាយជម្លោះដោយសន្តិវិធី។
- មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងនៃរដ្ឋសមាជិកអាស៊ាន។
- គោរពសិទ្ធិរបស់រដ្ឋជាសមាជិកនីមួយៗ ក្នុងការដឹកនាំជាតិរបស់ខ្លួនដោយពុំមានការជ្រៀតជ្រែកពីខាងក្រៅ ការធ្វើវិទ្ធង្សនាលើប្រទេសសមាជិក។
- លើកកម្ពស់ការពិគ្រោះយោបល់ករណីមានបញ្ហាធ្ងន់ធ្ងរទាំងឡាយដែលមានឥទ្ធិពលប៉ះពាល់ដល់ផលប្រយោជន៍អាស៊ាន។
- ប្រកាន់នូវនីតិរដ្ឋ អភិបាលកិច្ចល្អ គោលការណ៍ប្រជាធិបតេយ្យ និងរដ្ឋាភិបាលអាស្រ័យដោយរដ្ឋធម្មនុញ្ញ។
- គោរពសេរីភាពជាមូលដ្ឋាន លើកស្ទួយ និងការពារសិទ្ធិមនុស្ស និងលើកកម្ពស់យុត្តិធម៌សង្គម។
- លើកកម្ពស់ធម្មនុញ្ញអង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិ រួមទាំងច្បាប់មនុស្សធម៌អន្តរជាតិនានាដែលរដ្ឋសមាជិកអាស៊ានទាំងអស់បានអនុម័ត។
- មិនចូលរួមក្នុងគោលនយោបាយ ឬសកម្មភាពណាមួយដែលរួមមានការដាក់ឲ្យប្រើប្រាស់នូវទឹកដីរបស់ខ្លួនឲ្យរដ្ឋសមាជិកអាស៊ាន ឬរដ្ឋមិនមែនជាអាស៊ាន ឬឲ្យតួអង្គដទៃទៀតដែលពុំមែនជារដ្ឋ បង្កការគំរាមកំហែងដល់អធិបតេយ្យភាព បូរណភាពទឹកដី ឬស្ថិរភាពសេដ្ឋកិច្ច និងនយោបាយរបស់រដ្ឋសមាជិកអាស៊ាន។
- គោរពវប្បធម៌ផ្សេងៗគ្នា ភាសា និងសាសនារបស់ប្រជាជនអាស៊ាន ដោយសង្កត់ធ្ងន់ទៅលើតម្លៃរួមក្នុងស្មារតីភាពឯកភាពក្នុងពហុភាព។
- ភាពជាស្នូលរបស់អាស៊ានក្នុងទំនាក់ទំនងនយោបាយ សេដ្ឋកិច្ច សង្គម និងវប្បធម៌ក្រៅតំបន់ ដោយរក្សាការចូលរួមដ៏សកម្ម ការសម្លឹងមើលឆ្ពោះទៅខាងក្រៅ ភាពរួមបញ្ចូលគ្នា និងភាពមិនរើសអើង ប្រកាន់ខ្ជាប់នូវវិធានពាណិជ្ជកម្មពហុភាគី និងរបបផ្អែកលើមូលដ្ឋានច្បាប់របស់អាស៊ាន ដើម្បីអនុវត្តប្រកបដោយប្រសិទ្ធភាពនូវកិច្ចខិតខំប្រឹងប្រែងផ្នែកសេដ្ឋកិច្ច និងកាត់បន្ថយជាវិជ្ជមានឆ្ពោះទៅលុបបំបាត់របាំងទាំងស្រុងសម្រាប់សមាហរណកម្មសេដ្ឋកិច្ចតំបន់ និងសេដ្ឋកិច្ចទីផ្សារ។
ក្នុងចំណុចគន្លឹះនៃគោលការណ៍អាស៊ានទាំង ១៣ចំណុចនេះ យ៉ាងហោចណាស់ក៏មួយចំនួនបានការពាររួចជាស្រេចមិនឱ្យប្រទេសសមាជិកណាមួយ បង្កើតព្រឹត្តិការណ៍ណាមួយនាំឲ្យមានវិបត្តិដល់សមាគមអាស៊ាននោះទេ ដូចជា ការបញ្ជាក់ថាសមាជិកចូលរួមការប្ដេជ្ញាចិត្ត និងការទទួលខុសត្រូវរួមគ្នាក្នុងការលើកកម្ពស់សន្តិភាព សន្តិសុខ និងវិបុលភាពក្នុងតំបន់។ ប្រឆាំងអំពើឈ្លានពាន និងការគំរាមកំហែង ឬសកម្មភាពទាំងឡាយណាក្នុងលក្ខណៈដែលមិនសមស្របតាមច្បាប់អន្តរជាតិ។ លើកកម្ពស់ការពិគ្រោះយោបល់លើបញ្ហាធ្ងន់ធ្ងរទាំងឡាយ ដែលមានឥទ្ធិពលប៉ះពាល់ដល់ផលប្រយោជន៍អាស៊ាន។ លើកកម្ពស់ធម្មនុញ្ញអង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិ រួមទាំងច្បាប់មនុស្សធម៌អន្តរជាតិនានាដែលរដ្ឋសមាជិកអាស៊ានទាំងអស់បានអនុម័ត។
និយាយរួមទៅ បើយោងតាមស្មារតីរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ និងគោលការណ៍នៃសមាគមអាស៊ាន ដែលកម្ពុជាជាប្រទេសកំពុងរងគ្រោះនៅពេលនេះពីការបង្កការឈ្លានពានពីសំណាក់កងទ័ពថៃ ត្រូវបានអ្នកជំនាញយល់ថា ស្ថាប័នអន្តរជាតិទាំងពីរនេះ គឺរដ្ឋាភិបាលកម្ពុជាគួរប្រញាប់ប្ដឹងស្នើសុំអន្តរាគមន៍ជាបន្ទាន់ ដោយមិនត្រូវបង្អែបង្អង់ឡើយ។
បើតាមអ្នកជំនាញ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ UNSC គេអាចមានវិធានការជាអន្តរជាតិ ជួយបញ្ឈប់ភាពតានតឹង ហើយករណីចាំបាច់ ស្ថាប័ននេះត្រូវសម្រេចអន្តរាគមន៍មុនសេចក្ដីវិនិច្ឆ័យរបស់តុលាការយុត្តិធម៌អន្តរជាតិ ICJ ព្រោះគេមិនទុកឱ្យភ្នក់ភ្លើងសង្គ្រាមព្រំដែនឆេះសន្ធោសន្ធៅ ទើបអន្តរាគមន៍នោះទេ៕
© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.
