The Cambodia Daily Khmer

កូនស្រី​ច្បង​លោក កឹម សុខា អំពាវនាវ​ឱ្យ​ខ្មែរ​គ្រប់​និន្នាការ​រួបរួម​គ្នា​ទប់ទល់​នឹង​បរទេស​ឈ្លានពាន

កញ្ញា កឹម មនោវិទ្យា កូនស្រី​ច្បង​របស់​ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា

កញ្ញា កឹម មនោវិទ្យា កូនស្រី​ច្បង​របស់​ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា

កូនស្រី​ច្បង​មេដឹកនាំ​បក្ស​ជំទាស់ លោក កឹម សុខា គឺ​កញ្ញា កឹម មនោវិទ្យា អំពាវនាវ​ឲ្យ​អ្នក​នយោបាយ​ខ្មែរ​គ្រប់​និន្នាការ មាន​ស្មារតី​អនុវត្ត​នូវ​គោលការណ៍​រួបរួម​ជាតិ​ដោយ​ស្មោះត្រង់​រវាង​ខ្មែរ​និង​ខ្មែរ ដើម្បី​ជា​ប្រវត្តិសាស្ត្រ​ថ្មី​នៃ​ជាតិ​សាសន៍​ខ្លួន ទប់ទល់​នឹង​បរទេស​ឈ្លានពាន។

កញ្ញា កឹម មនោវិទ្យា សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​២៤ កក្កដា នេះ​ថា ក្នុង​ពេលនេះ ប្រទេស​កម្ពុជា​កំពុង​ប្រឈម​នឹង​ការ​យាយី​ឈ្លានពាន​ពី​ប្រទេស​ថៃ ដែល​ពួកគេ​ជា​អ្នក​បង្ក​ឡើង ដូច្នេះ​អ្នក​នយោបាយ​ខ្មែរ និង​ពលរដ្ឋ​ខ្មែរ​គ្រប់​រូប ត្រូវតែ​ប្រកាន់​ស្មារតី​រួបរួម​ជាតិ​ឱ្យ​រឹងមាំ​បំផុត​ជាង​ពេល​ណាៗ​ទាំងអស់។

កញ្ញា កឹម មនោវិទ្យា លើកឡើង​ថា ក្នុង​ស្ថានភាព​ដ៏​តានតឹង​នេះ អ្នក​នយោបាយ​ខ្មែរ​គ្រប់​និន្នាការ គួរតែ​ជៀសវាង​ឱ្យ​បាន​នូវ​ទង្វើ ឬ​សម្ដី​ណា​ដែល​ផ្តល់​ប្រយោជន៍​ដល់​ភាគី​បរទេស​ឈ្លានពាន ដែល​នាំ​ឱ្យ​ខាត​ប្រយោជន៍​ជាតិ ឬ​ទង្វើ​ណា​មួយ​ដែល​ធ្វើ​ឱ្យ​សត្រូវ​មើលស្រាល​ជាតិ​សាសន៍​ខ្មែរ​ក្នុង​ជម្លោះ​នេះ ជាដើម។

កូនស្រី​មេដឹកនាំ​បក្ស​ប្រឆាំង​រូប​នេះ អំពាវនាវ​ឱ្យ​អ្នក​នយោបាយ និង​ពលរដ្ឋ​ខ្មែរ​គ្រប់​រូប មាន​ការ​អត់ឱន​រវាង​ខ្មែរ និង​ខ្មែរ​ឱ្យ​បាន​ខ្ពស់​បំផុត ទោះជា​មាន​មតិ​ខ្លះ​ដែល​មិន​ស្រប​គ្នា ឬ​មិន​សមរម្យ​ក៏ដោយ ក៏​គួរតែ​ផ្តល់​អភ័យ​ដល់​គ្នា​ដែរ​ក្នុង​កាលៈទេសៈ​ដ៏​ផុយ​ស្រួយ​នេះ។

ក្រោយ​ប្រទេស​កម្ពុជា​មាន​ជម្លោះ​ព្រំដែន​ជាមួយ​ប្រទេស​ថៃ ទាំង​មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន និង​លោក ហ៊ុន ម៉ាណែត ដែល​ជា​នាយករដ្ឋមន្ត្រី តែងតែ​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ​មាន​ការ​រួម​ចិត្ត​រួម​ថ្លើម និង​ទុកចិត្ត​លើ​រាជរដ្ឋាភិបាល ដើម្បី​ទប់ទល់​នឹង​សត្រូវ​ឈ្លានពាន​ទឹកដី​ខ្មែរ។

ឧទាហរណ៍​ជាក់ស្តែង ក្នុង​ពិធី​បិទ​កិច្ចប្រជុំ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា (ស.ស.យ.ក.) កាលពី​ចុង​ខែ​មិថុនា ឆ្នាំ​២០២៥ លោក ហ៊ុន ម៉ាណែត លើកឡើង​ថា ទាល់តែ​ខ្មែរ​មាន​ស្មារតី​សាមគ្គី​ជាតិ ឯកភាព​ជាតិ ទើប​ធ្វើ​ឱ្យ​ប្រទេស​កម្ពុជា​ខ្លាំង​ក្នុង​ការ​ប្ដូរផ្ដាច់​ការពារ​ទឹកដី និង​អធិបតេយ្យ​ជាតិ​ពី​ការ​ឈ្លានពាន​របស់​បរទេស​ជិតខាង។

ជុំវិញ​បញ្ហា​នេះ អ្នក​ឃ្លាំមើល​សង្គម លោក វ៉ន ចាន់ឡូត លើកឡើង​ថា បើ​ជាតិ​ខ្មែរ​ទាំងមូល​ចង់​បាន​ឯកភាព​ជាតិ សាមគ្គី​ជាតិ ទាល់តែ​ពលរដ្ឋ និង​អ្នក​នយោបាយ​គ្រប់​រូប​ត្រូវ​ហ៊ាន​ឈរ​ជាមួយ​ភាព​យុត្តិធម៌ ប៉ុន្តែ​សង្គម​ខ្មែរ​ទំនង​ជា​មិន​ងាយ​នឹង​ស្វែងរក​ការ​រួបរួម​ជាតិ​បាន​ទេ ព្រោះ​តែ​ខ្វះ​មនុស្ស​ឱ្យ​តម្លៃ​លើ​ការពិត។

លោក វ៉ន ចាន់ឡូត អះអាង​ថា ម្ខាង​អាង​ជេរ ចោទ លាប​ពណ៌ ខណៈ​ម្ខាង​ទៀត​អាង​ចាប់ អាង​ចង ដូច្នេះ សង្គម​ខ្មែរ​ក្នុង​ពេលនេះ​ត្រូវ​ប្រឈម​នឹង​ក្រុម​អ្នក​នយោបាយ​គ្មាន​សីលធម៌​ដល់​ទៅ​ពីរ​ក្រុម ដែល​នឹង​ធ្វើ​ឱ្យ​សង្គម​ជាតិ​មួយ​នេះ​ពិបាក​រក​ការ​ផ្សះផ្សា និង​ឯកភាព​ជាតិ​ខ្លាំង​ណាស់។

ក្នុង​ពេល​ជាមួយ​គ្នា​នេះ អ្នក​សង្កេតការណ៍ និង​អ្នកវិភាគ​នយោបាយ​ខ្មែរ ក៏​សម្លឹង​មើល​ឃើញ​របៀប​ធ្វើ​នយោបាយ​កែកុន​បង្វែរ​ខ្សែ​ចក្ខុ បញ្ចៀស​សាច់រឿង​ពី​រឿងអាស្រូវ​លើ​មេដឹកនាំ​ខ្មែរ​មួយ​ចំនួន​ធំ​ដែល​ទាក់ទង​នឹង​របរ​ឧក្រិដ្ឋកម្ម​ឆបោក​ដ៏​ល្បីល្បាញ​ក្នុង​តំបន់​អាស៊ី​នោះ​ដែរ។ ឧក្រិដ្ឋកម្ម​ឆបោក​តាម​បច្ចេកវិទ្យា ជា​របរ​រក​ចំណូល​ចូល​ថវិកា​រដ្ឋ និង​ចូល​ហោប៉ៅ​មន្ត្រី​ពុករលួយ​ក្នុង​មួយ​ឆ្នាំៗ​ពី ១២៥០០​លាន ទៅ ១៩​ពាន់​លាន​ដុល្លារ ឬ ៦០% នៃ​ផលទុន​សរុប​ក្នុង​ស្រុក GDP ជំនួស​ការ​នាំ​សម្លៀកបំពាក់​ចេញ​ទៅ​បរទេស ដែល​មាន​ចំណូល​ត្រឹមតែ ៩៣០០​លាន​ដុល្លារ ឬ ៣០% នៃ​ផលទុន​សរុប​ក្នុង​ស្រុក GDP។

វិធី​តែ​មួយ​គត់​ដើម្បី​ស្វែងរក​សាមគ្គីភាព ឯកភាព និង​ការ​គាំទ្រ​ជាតិ ទាំង​ផ្លូវកាយ ផ្លូវចិត្ត ផ្លូវ​ថវិកា គឺ​មាន​តែ​រឿង​ជាតិ​និយម ស្នេហា​ជាតិ​ជុំវិញ​រឿង​បូរណភាព​ទឹកដី​ខ្មែរ​តែប៉ុណ្ណោះ។ ខ្មែរ​ត្រូវ​មាន​សាមគ្គីភាព ឯកភាព​ជាតិ ស្មារតី មនសិការ​ជាតិ​តាំងពី​យូរ​លង់​មក​ហើយ មិនមែន​ចាំ​តែ​ពេល​មាន​ហេតុការណ៍​ស្លាប់​រស់​កើតឡើង​នោះ​ទេ៕

© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

Exit mobile version