មុនក្រុមប្រឹក្សាសន្តិសុខសហប្រជាជាតិជួបប្រជុំគ្នាពិនិត្យពិភាក្សាលើជម្លោះព្រំដែនខ្មែរ-ថៃ ការវាយប្រហារគ្នាដោយបាញ់គ្រាប់ផ្លោងឆ្លងដែនទៅវិញទៅមក បានបន្តរហូតដល់ថ្ងៃទីពីរតាំងពីព្រលឹមស្រាងៗថ្ងៃសុក្រ។
អ្នកកាសែតពីទីភ្នាក់ងារព័ត៌មាននានា រាយការណ៍អំពីចំនួនជនស៊ីវិលរងរបួសកើនដល់ ១៦នាក់ ហើយអាជ្ញាធរបានបន្តជម្លៀសប្រជាពលរដ្ឋរាប់ម៉ឺននាក់តាមខេត្តជាប់ព្រំដែនទាំងសងខាងទៅកាន់ទីជម្រកសុវត្ថិភាព។
ក្រសួងការបរទេសសហរដ្ឋអាមេរិក បានដាស់តឿនទេសចរអាមេរិកាំងឲ្យប្រុងប្រយ័ត្ន កុំធ្វើដំណើរទៅកាន់តំបន់មានជម្លោះ។ សហរដ្ឋអាមេរិក សហភាពអឺរ៉ុប សហព័ន្ធរុស្ស៊ី រួមទាំងអង្គការសហប្រជាជាតិ បានទទូចឲ្យភាគីទាំងសងខាងទប់ចិត្តថ្លើម ទប់កំហឹង បញ្ឈប់ការវាយប្រហារគ្នាដែលបង្កគ្រោះថ្នាក់ដល់ជនស៊ីវិល។
ដំណាលពេលគ្នានេះ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) ត្រៀមបើកកិច្ចប្រជុំបន្ទាន់មិនចំហ ក្រោមអធិបតីភាពប្រធានតាមវេន ឯកអគ្គរដ្ឋទូតប្រទេសប៉ាគីស្ថាន Asim Iftikhar Ahmad ស្តីអំពីជម្លោះព្រំដែនរវាងប្រទេសកម្ពុជា និងប្រទេសថៃ នៅថ្ងៃសុក្រ ទី២៥ ខែកក្កដា នាម៉ោង ៣រសៀល តាមសំណើពីនាយករដ្ឋមន្ត្រីខ្មែរ លោក ហ៊ុន ម៉ាណែត បន្ទាប់ពីយោធាថៃ បើកការវាយប្រហារលើប្រទេសកម្ពុជាកាលពីព្រឹកថ្ងៃទី២៤ ខែកក្កដា។ យោធាថៃ និយាយថា គេឆ្លើយតបតនឹងការបាញ់គ្រាប់ផ្លោងពីទឹកដីខ្មែររឿងបិទប្រាសាទតាមាន់ធំ ដែលលោក ហ៊ុន ម៉ាណែត ថាជាគំនូសក្រហមដើរកាត់មិនបាន។
ទីភ្នាក់ងារព័ត៌មាន AFP នៅព្រឹកថ្ងៃទី២៥ ខែកក្កដា នេះ បានចុះផ្សាយថា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UN) គ្រោងនឹងបើកកិច្ចប្រជុំបន្ទាន់ស្ដីពីជម្លោះព្រំដែនកម្ពុជា-ថៃ នៅថ្ងៃសុក្រម៉ោង ៣រសៀល ដើម្បីបញ្ចប់ជម្លោះព្រំដែនរវាងកម្ពុជា-ថៃ។
កាលពីថ្ងៃព្រហស្បតិ៍ នាយករដ្ឋមន្ត្រីខ្មែរ លោក ហ៊ុន ម៉ាណែត បានចេញលិខិតមួយទៅកាន់លោក Asim Iftikhar Ahmad នៅថ្ងៃទី២៤ កក្កដា នេះ ដោយស្នើកោះប្រជុំក្រុមប្រឹក្សាសន្តិសុខជាបន្ទាន់ បន្ទាប់ពីកងកម្លាំងប្រដាប់អាវុធថៃ បានបើកការវាយប្រហារដោយចេតនាលើដែនអធិបតេយ្យប្រទេសកម្ពុជា នៅតាមតំបន់ព្រំដែន រួមទាំងប្រាសាទតាមាន់ធំ ប្រាសាទតាក្របី និងតំបន់មុំប៉ី នៅព្រឹកព្រលឹមថ្ងៃដដែលនោះ។
ជុំវិញបញ្ហានេះ ក្រសួងការពារជាតិប្រទេសកម្ពុជា អះអាងក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃទី២៥ កក្កដា នេះថា ចាប់តាំងពីថ្ងៃទី២៤ វេលាម៉ោង ០៨ និង ៤៦នាទីព្រឹក ភាគីថៃ បានបើការវាយប្រហារដោយអាវុធធុនធ្ងន់ និងប្រើយន្តហោះចម្បាំងម៉ាក F-16 ទម្លាក់គ្រាប់បែកលើប្រទេសកម្ពុជាផងដែរ។ យន្តហោះចម្បាំងថៃ ទម្លាក់គ្រាប់បែកលើបញ្ជាការដ្ឋានកងទ័ពជើងគោកពីរកន្លែង ផ្តាច់ផ្លូវដឹកជញ្ជូនទៅប្រាសាទព្រះវិហារ និងកម្ទេចខ្សែកាបជិះឆ្លងភ្នំ។
ប្រភពដដែលបន្តថា រហូតដល់ថ្ងៃទី២៥ ខែកក្កដា វេលាម៉ោង ០៣ និង ២០នាទី ថៃបានបើកការវាយប្រហារនៅតំបន់ភ្នំខ្មោច ភ្នំតាថាវ និងភ្នំ៣៣៣ (ភ្នំបីសាមបី) ហើយវេលានោះ ថៃក៏បានប្រើគ្រាប់បែកចង្កោមវាយប្រហារលើទឹកដីខ្មែរនៅតំបន់ភ្នំខ្មោចផងដែរ នៅវេលាម៉ោង ០៥ និង ២៥នាទី។
លើសពីនេះ នៅវេលាម៉ោង ០៥ និង ៣០នាទី ថៃបានវាយប្រហារនៅប្រាសាទតាមាន់ និងប្រាសាទតាក្របី ខណៈវេលាម៉ោង ០៥ និង ៤០នាទី ថៃក៏បានវាយប្រហារនៅតំបន់មុំ៣ បន្ថែមទៀត និងនៅម៉ោង ០៦ និង ៥០នាទី ថៃក៏បានបាញ់គ្រាប់បែកចង្កោមលើកទី២ នៅភូមិតេជោ ឃុំតេជោធម្មជាតិ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
នៅវេលាម៉ោង ០៧ និង ០៣នាទី ថៃបានបាញ់ប្រហារចូលតំបន់ជាំតែ ហើយនៅវេលាម៉ោង ០៨ និង ០០នាទី ថៃក៏បានព្យាយាមវាយដណ្តើមយកប្រាសាទតាក្របី ប៉ុន្តែត្រូវកម្លាំងកងទ័ពកម្ពុជាទប់ជាប់។
ក្រសួងការពារជាតិ អះអាងថា កងទ័ពថៃ បានប្រើប្រាស់គ្រាប់បែកចង្កោមដោយខុសច្បាប់ ដើម្បីវាយប្រហារមកលើទឹកដីកម្ពុជា ដែលអំពើឈ្លានពានទាំងកម្រោល និងគ្មានមនុស្សធម៌នេះ មិនត្រឹមតែបង្ហាញពីភាពឃោរឃៅ និងអមនុស្សធម៌ និងបំពានច្បាប់អន្តរជាតិ រួមទាំងអនុសញ្ញាស្ដីពីគ្រាប់បែកចង្កោមនោះទេ ប៉ុន្តែថែមទាំងបានឆ្លុះបញ្ចាំងឱ្យមើលឃើញថា ថៃគ្មានខ្លាចរអាចំពោះច្បាប់មនុស្សធម៌អន្តរជាតិថែមទៀត។
ក្រសួងការពារជាតិប្រទេសកម្ពុជា បានបញ្ជាក់ថា នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥ នេះ មានទីតាំងចំនួន ៧កន្លែងដែលកងទ័ពថៃ បានបើកការវាយប្រហារមកលើកម្ពុជា ក្នុងនោះទិសទី១ មាន ៥ទីតាំង និងទិសទី២ មានចំនួន ២ទីតាំង។
កាលពីថ្ងៃទី២៤ ខែកក្កដា ទាហានថៃ បានបើកការបាញ់ប្រហារ និងផ្លោងគ្រាប់ចូលដីកម្ពុជាចំនួន ៨ទីតាំង ទាំងនៅសមរភូមិខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ តែកងទ័ពកម្ពុជាបានឆ្លើយតបត្រឡប់ទៅវិញរហូតអាចគ្រប់គ្រងប្រាសាទតាក្របី ប្រាសាទតាមាន់ធំ និងតំបន់មុំបី បានទាំងស្រុង។
ជុំវិញបញ្ហានេះ ទីភ្នាក់ងារព័ត៌មាន AFP បានចុះផ្សាយនៅថ្ងៃទី២៥ កក្កដា នេះថា អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក Tommy Pigott ទទូចឱ្យបិទបញ្ចប់ទៅវិញជាបន្ទាន់នូវការផ្ទុះជម្លោះប្រដាប់អាវុធរវាងប្រទេសកម្ពុជា និងថៃ រួមទាំងត្រូវបញ្ឈប់អរិភាពទាំងអស់ជាបន្ទាន់ផងដែរ ដើម្បីការពារអាយុជីវិតជនស៊ីវិល និងស្វែងរកដំណោះស្រាយដោយសន្តិវិធី។
យ៉ាងណាក៏ដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters បានស្រង់សម្ដីអ្នកនាំពាក្យក្រសួងការបរទេសថៃ លោក Nikorndej Balankura នៅថ្ងៃទី២៥ ខែកក្កដា នេះថា សហរដ្ឋអាមេរិក ចិន និងម៉ាឡេស៊ីដែលបច្ចុប្បន្នជាប្រធានប្ដូរវេនអាស៊ាន បានស្នើជួយសម្របសម្រួលឱ្យមានកិច្ចសន្ទនាជុំវិញបញ្ហានេះ ប៉ុន្តែក្រុងបាងកក ចង់ស្វែងរកដំណោះស្រាយបញ្ចប់ជម្លោះតាមយន្តការទ្វេភាគី ជាជាងទទួលយកការសម្របសម្រួលពីសហគមន៍អន្តរជាតិ។
គួររំលឹកថា ការប្រើប្រាស់យន្តហោះចម្បាំង F-16 ទម្លាក់គ្រាប់បែកលើមូលដ្ឋានទ័ពកម្ពុជា និងប្រជាជនស្លូតត្រង់ គឺជាការរំលោភបំពានកិច្ចព្រមព្រៀងទិញ-លក់ (end-user agreements ឬ EUA) របស់អាមេរិកទាំងស្រុង ព្រោះថារាល់ការកុម្ម៉ង់ទិញគ្រឿងសព្វាវុធពីអាមេរិក តែងតែភ្ជាប់មកជាមួយនូវលក្ខខណ្ឌជាក់លាក់ដើម្បីការពារសិទ្ធិមនុស្ស។ សហរដ្ឋអាមេរិក និងរាជាណាចក្រថៃឡង់ដ៍ ជាសម្ព័ន្ធមិត្តនឹងគ្នាតាមសន្ធិសញ្ញាតាំងពីឆ្នាំ១៩៥៤។ រដ្ឋាភិបាលថៃ ទិញយន្តហោះចម្បាំងប្រភេទ F-16A/B ពីសម្ព័ន្ធមិត្តសហរដ្ឋអាមេរិកនៅឆ្នាំ២០១០ ក្នុងតម្លៃ ៧០០លានដុល្លារ។
លក្ខខណ្ឌទាំងនោះមានដូចជា ហាមមិនឲ្យប្រើយន្តហោះ F-16 ធ្វើប្រតិបត្តិការដើម្បីការឈ្លានពាន និងត្រូវប្រាកដថាប្រទេសមានជម្លោះ គឺជាក្រុមភេរវករ និងក្រុមបះបោរ ប៉ុន្តែមុនបញ្ចេញយន្តហោះចម្បាំង F-16 ត្រូវសុំការអនុញ្ញាតពីយោធាអាមេរិកាំង ហើយបើប្រទេសណារំលោភលើគោលការណ៍ EUA នេះ អាមេរិកាំងនឹងបញ្ឈប់ការលក់អាវុធឱ្យរហូតឈានដល់ការដាក់ទណ្ឌកម្មថែមទៀត៕
© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.
