ប្រជាពលរដ្ឋខ្មែរក្នុងប្រទេសកូរ៉េខាងត្បូង ប្រកាសធ្វើមហាបាតុកម្មប្រឆាំងការឈ្លានពានរបស់ប្រទេសថៃ លើអធិបតេយ្យជាតិកម្ពុជា នៅថ្ងៃអាទិត្យ ចុងសប្តាហ៍នេះ។
ពលករខ្មែរ និងប្រជាពលរដ្ឋរស់នៅសាធារណរដ្ឋកូរ៉េ ចេញសេចក្តីប្រកាសព័ត៌មាននៅថ្ងៃទី២៥ កក្កដា ថា ពួកគេនឹងផ្លាស់ប្ដូរពីការធ្វើបាតុកម្មប្រឆាំងច្បាប់ដកសញ្ជាតិខ្មែរ មកជាការធ្វើមហាបាតុកម្មប្រឆាំងការឈ្លានពានរបស់ប្រទេសថៃ លើទឹកដីកម្ពុជាវិញ។
ប្រភពដដែល បញ្ជាក់ថា មហាបាតុកម្មនេះ នឹងប្រារព្ធឡើងក្នុងទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥ នេះ ចាប់ពីវេលាម៉ោង ១០.០០នាទីព្រឹក ដល់ម៉ោង ៣.០០នាទីរសៀល ដើម្បីថ្កោលទោសរដ្ឋាភិបាលថៃ ដែលបានឈ្លានពានដែនអធិបតេយ្យជាតិរបស់កម្ពុជា។ អ្នករៀបចំបាតុកម្ម នៅថ្ងៃអាទិត្យ ទី២៧ ខែកក្កដា នេះ មានលោក មាស ពិសាល ប្រធានចលនាយុវជនគណបក្សសង្គ្រោះជាតិ ប្រចាំប្រទេសកូរ៉េខាងត្បូង និងសហការី។
បាតុកម្មនេះ នឹងប្តូរប្រធានបទពីការប្រឆាំងនឹងច្បាប់ដកសញ្ជាតិខ្មែរពីកំណើត ទៅជាថ្កោលទោសការឈ្លានពានពីសំណាក់កងទ័ពថៃ លើបូរណភាពទឹកដីប្រទេសកម្ពុជាវិញ។
លោក មាស ពិសាល អំពាវនាវឲ្យពលករខ្មែរចូលរួមឲ្យបានច្រើនកុះករ ហើយស្នើប្រមូលបច្ច័យជាវិភាគទានស្ម័គ្រចិត្តទ្រទ្រង់ការចំណាយក្នុងបាតុកម្ម ហើយបើសេសសល់ យកទៅឧបត្ថម្ភកងទ័ព និងជនភៀសសឹកតាមតំបន់ជាយដែន។
ប្រធាននាយកដ្ឋាននគរបាលការពារបេតិកភណ្ឌនៃអគ្គស្នងការដ្ឋាននគរបាលជាតិ ឧត្ដមសេនីយ៍ឯក លី ឡាយ អះអាងនៅថ្ងៃទី២៥ កក្កដា នេះថា កងទ័ពថៃ បានផ្លោងគ្រាប់កាំភ្លើងធុនធ្ងន់លើប្រាសាទព្រះវិហារជាច្រើនគ្រាប់ ដែលធ្វើឱ្យប៉ះពាល់ដល់តួប្រាសាទ។
ជុំវិញបញ្ហានេះ ទាហានខ្មែរបានអះអាងថា កាលពីថ្ងៃទី២៤ កក្កដា កងទ័ពកម្ពុជា ពិតជាបានវាយបណ្តេញទាហានថៃ ចេញពីប្រាសាទតាក្របី និងគ្រប់គ្រងប្រាសាទនេះបានទាំងស្រុងពិតមែន ក្នុងនោះ ទាហានខ្មែរក៏ប្រមូលយកបានកាំភ្លើងត្បាល់ ១៥មិល្លីម៉ែត្ររបស់ថៃ ជាច្រើនគ្រឿង ព្រមទាំងបានបាញ់ទម្លាក់ដ្រូនទម្លាក់គ្រាប់បែករបស់ថៃ បានដោយជោគជ័យថែមទៀត។
សង្គ្រាមឈ្លានពានរបស់ថៃ លើទឹកដីកម្ពុជារយៈពេល ២ថ្ងៃនេះ កងទ័ពថៃ បានប្រើប្រាស់អាវុធធុនធ្ងន់ៗជាច្រើនមានយន្តហោះចម្បាំង F-16 គ្រាប់បែកចង្កោម និងកាំភ្លើងធំ ATMG155MM ផងដែរ ខណៈកងទ័ពខ្មែរប្រើប្រាស់រ៉ុក្កែតផ្គួបស្រោច BM-21 Grad ៤០កាណុង ទំហំ ១២២មិល្លីម៉ែត្រផលិតនៅអតីតសហភាពសូវៀត។
មានសេចក្តីរាយការណ៍ពីសមរភូមិនៅតាមបន្ទាត់ព្រំដែន មិនទាន់អាចបញ្ជាក់ពីប្រភពឯករាជ្យឲ្យដឹងថា នៅវេលាម៉ោងប្រមាណ ១២ និង ៣០នាទី ទាហានសៀមបាក់ទ័ពរត់ចោលសម្ភារៈយោធាក្នុងភូមិសាស្ត្រប្រាសាទតាក្របី ដោយបន្សល់ទុកសាកសពកងទ័ពសៀមជាច្រើននាក់ ខណៈកងទ័ពខ្មែរក៏ចាប់បានឈ្លើយសឹកសៀមជាច្រើននាក់ផងដែរ។
ទោះជាយ៉ាងណាក្តី អ្នកនាំពាក្យយោធាខ្មែរ មិនទាន់បានបង្ហាញ ឬបញ្ជាក់អំពីរឿងនេះនៅឡើយទេ។
ជុំវិញបញ្ហានេះ ស្ថានទូតអាមេរិកប្រចាំរាជាណាចក្រកម្ពុជា សរសេរលើទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួននៅថ្ងៃទី២៥ កក្កដា នេះថា សហរដ្ឋអាមេរិកមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការប្រយុទ្ធតាមព្រំដែនថៃ-កម្ពុជា ជាពិសេសមានកង្វល់យ៉ាងខ្លាំងចំពោះការប៉ះពាល់ដល់ជនស៊ីវិលស្លូតត្រង់។ សហរដ្ឋអាមេរិក អំពាវនាវយ៉ាងទទូចឱ្យមានការបញ្ឈប់ការវាយប្រហារដើម្បីការពារជនស៊ីវិល និងការដោះស្រាយជម្លោះដោយសន្តិវិធី។
ចំណែកអង្គការសម្ព័ន្ធខ្មែរ-អាមេរិកាំង (CAA) ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក ក៏បានចេញលិខិតថ្កោលទោសចំពោះការវាយប្រហារដោយឥតញញើតពីសំណាក់ប្រទេសថៃ មកលើប្រទេសកម្ពុជាដាច់អហង្ការផងដែរ ដោយចាត់ទុកទង្វើនេះជាការបំពានលើច្បាប់អន្តរជាតិ និងធ្វើឱ្យមានអស្ថិរភាពក្នុងតំបន់ ថែមទាំងធ្វើឱ្យប៉ះពាល់ដល់អាយុជីវិតរបស់ប្រជាជននៃប្រទេសទាំងពីរផងដែរ។
អង្គការសម្ព័ន្ធខ្មែរ-អាមេរិកាំង អំពាវនាវដល់សហគមន៍អន្តរជាតិដាក់សម្ពាធលើរដ្ឋាភិបាលថៃ ឱ្យគោរពច្បាប់អន្តរជាតិ ដើម្បីដោះស្រាយជម្លោះព្រំដែនជាមួយកម្ពុជាតាមមធ្យោបាយការទូត និងតាមរយៈតុលាការអន្តរជាតិ (ICJ) ជាដើម។
អង្គការសម្ព័ន្ធខ្មែរ-អាមេរិកាំង (CAA) ប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះសិទ្ធិស្វ័យការពាររបស់រាជរដ្ឋាភិបាលកម្ពុជា ឆ្លើយតបទៅនឹងការឈ្លានពានរបស់ប្រទេសថៃ លើកម្ពុជានាពេលនេះ៕
© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.
