The Cambodia Daily Khmer

លោក ដូណាល់ ត្រាំ ព្រមាន​មិន​ធ្វើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ជាមួយ​ថៃ បើ​ថៃ​នៅតែ​បន្ត​សម្លាប់​គ្នា​ជាមួយ​កម្ពុជា

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក ដូណាល់ ត្រាំ (រូប​ឆ្វេង) និង​មេបញ្ជាការ​យោធភូមិភាគ​ទី​២ ថៃ លោក ប៊ុនស៊ីន ផាតក្លាង (Boonsin Padklang)

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក ដូណាល់ ត្រាំ (រូប​ឆ្វេង) និង​មេបញ្ជាការ​យោធភូមិភាគ​ទី​២ ថៃ លោក ប៊ុនស៊ីន ផាតក្លាង (Boonsin Padklang)

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) ព្រមាន​ទៅ​កាន់​ប្រទេស​ថៃ ថា ពេលនេះ អាមេរិក​កំពុង​ធ្វើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ជាមួយ​ថៃ ប៉ុន្តែ​លោក​នឹង​មិន​ធ្វើ​កិច្ចព្រមព្រៀង​នេះ​ទេ បើ​ថៃ នៅតែ​បន្ត​សម្លាប់​គ្នា​ជាមួយ​កម្ពុជា។

លោក ដូណាល់ ត្រាំ ថ្លែង​ក្នុង​កិច្ចសម្ភាស​ជាមួយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅ​ថ្ងៃទី​២៩ កក្កដា នេះ​ថា ពេលនេះ អាមេរិក​កំពុង​ធ្វើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ជាមួយ​ថៃ ប៉ុន្តែ​លោក​នឹង​មិន​ធ្វើ​កិច្ចព្រមព្រៀង​នេះ​ទេ ប្រសិនបើ​ភាគី​ថៃ នៅតែ​បន្ត​សម្លាប់​គ្នា​ជាមួយ​កម្ពុជា ហើយ​លោក​ក៏​បាន​ប្រាប់​កម្ពុជា ដូច​គ្នា​នេះ​ដែរ។

លោក ដូណាល់ ត្រាំ បញ្ជាក់​ថា មិន​ដល់​មួយ​ថ្ងៃ​ទេ កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​រវាង​អាមេរិក និង​ថៃ ព្រមទាំង​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​រវាង​អាមេរិក និង​កម្ពុជា គឺ​ពិត​ជា​អាច​ដោះស្រាយ​បាន បើ​ភាគី​ទាំង​ពីរ​ព្រម​ចូល​តុ​ចរចា​បញ្ចប់​ជម្លោះ។

ក្រសួង​ការពារ​ជាតិ​កម្ពុជា ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​នៅ​ថ្ងៃទី​២៩ កក្កដា នេះ​ថា ជំនួប​ពិភាក្សា​រវាង​កម្ពុជា-ថៃ កម្រិត​ភូមិភាគ បាន​ធ្វើ​ឡើង​ដោយ​រលូន​នៅ​ថ្ងៃ​អង្គារ​នេះ បន្ទាប់ពី​នាយករដ្ឋមន្ត្រី​កម្ពុជា និង​នាយករដ្ឋមន្ត្រី​ស្តីទី​ថៃ បាន​ឯកភាព​លើ​កិច្ចព្រមព្រៀង​ឱ្យ​មាន​បទ​ឈប់​បាញ់​តាម​សំណើ​របស់​ប្រធានាធិបតី​អាមេរិក កាលពី​ថ្ងៃ​ចន្ទ។

ប្រភព​ដដែល លើកឡើង​ថា មេបញ្ជាការ​យោធភូមិភាគ​ទី​៥ ឧត្ដមសេនីយ៍ឯក ឯក សំអូន បាន​ជួប​ពិភាក្សា​ជាមួយ​មេបញ្ជាការ​ភូមិភាគ​ទី​១ របស់​ថៃ ហើយ​ក៏​បាន​បន្ត​ជួប​ពិភាក្សា​ជាមួយ​មេបញ្ជាការ​កង​ការពារ​ព្រំដែន​ចាន់បូរី និង​ត្រាត របស់​ថៃ ផង​ដែរ។

ចំណែក​មេបញ្ជាការ​យោធភូមិភាគ​ទី​៤ ឧត្ដមសេនីយ៍ឯក ពៅ ហេង ក៏​បាន​ជួប​ប្រជុំ​ជាមួយ​មេបញ្ជាការ​យោធភូមិភាគ​ទី​២ ថៃ ឧត្ដមសេនីយ៍ ប៊ុនស៊ីន ផាតក្លាង (Boonsin Padklang) ថែមទៀត ខណៈ​មេបញ្ជាការ​ភូមិភាគ​៣ របស់​កម្ពុជា ក៏​បាន​ជួប​ពិភាក្សា​ជាមួយ​បញ្ជាការដ្ឋាន​ព្រំដែន​ចាន់បូរី និង​ត្រាត ផង​ដែរ។

ក្រសួង​ការពារ​ជាតិ​កម្ពុជា អះអាង​ថា ជំនួប​ពិភាក្សា​កម្រិត​ភូមិភាគ​នា​ពេលនេះ បាន​ព្រមព្រៀង​គ្នា​គោរព និង​អនុវត្ត​កិច្ចព្រមព្រៀង​បទ​ឈប់​បាញ់ និង​បញ្ឈប់​ការ​បង្កើន​កងទ័ព​រវាង​ប្រទេស​ទាំង​ពីរ ព្រមទាំង​ត្រូវ​ភ្ជាប់​ទំនាក់ទំនង និង​ផ្ដល់​ព័ត៌មាន​ឱ្យ​គ្នា​ទៅវិញ​ទៅមក​ផង​ដែរ។ បន្ថែម​ពី​នេះ ភាគី​ទាំង​ពីរ​ត្រូវ​ជូនដំណឹង​ទៅ​គណៈកម្មការ​កិច្ចការ​ព្រំដែន​ទូទៅ (GBC) ដើម្បី​ឱ្យ​ត្រួតពិនិត្យ និង​សុំ​យោបល់​ដោះស្រាយ​ក្នុង​ករណី​មាន​បញ្ហា​អ្វី​មួយ​លើស​សមត្ថកិច្ច​នៃ​មេបញ្ជាការ​ភូមិភាគ​ទាំង​ពីរ។

លើស​ពី​នេះ មេបញ្ជាការ​ភូមិភាគ​ទី​៤ របស់​កម្ពុជា ក៏​បាន​ស្នើ​មេបញ្ជាការ​ភូមិភាគ​ទី​២ របស់​ថៃ កុំ​ឱ្យ​ចូល​ទៅ​ក្នុង​ដែន​អធិបតេយ្យ​របស់​កម្ពុជា ជា​បន្ត​ទៀត​ផង​ដែរ។

កិច្ចប្រជុំ​កម្រិត​ភូមិភាគ​នេះ ធ្វើឡើង​ទៅ​តាម​ស្មារតី​នៃ​កិច្ចព្រមព្រៀង​ស្ដីពី​បទ​ឈប់​បាញ់​ដែល​នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​ទាំង​ពីរ បាន​ឯកភាព​គ្នា​កាលពី​ថ្ងៃ​ចន្ទ​ដើម​សប្តាហ៍​នេះ។

កាលពី​ថ្ងៃទី​២៨ ខែ​កក្កដា ឆ្នាំ​២០២៥ ក្រោយ​កិច្ចប្រជុំ​ស្ដីពី​បទ​ឈប់​បាញ់​រវាង​កម្ពុជា-ថៃ នៅ​ប្រទេស​ម៉ាឡេស៊ី ភាគី​ទាំង​ពីរ​បាន​ព្រមព្រៀង​លើ​បទ​ឈប់​បាញ់៕

© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

Exit mobile version