មជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (CMAC) ស្នើឱ្យអ្នកជំនាញអន្តរជាតិខាងគ្រាប់បែកទម្លាក់ពីយន្តហោះលើពិភពលោក ជួយវាយតម្លៃគ្រាប់បែក MK-84 ដើម្បីបញ្ជាក់ឱ្យកាន់តែច្បាស់ថាតើជាគ្រាប់បែកដែលទម្លាក់ដោយយន្តហោះ F-16 របស់ថៃ មែនដែរឬក៏អត់។ ស៊ីម៉ាក់បញ្ជាក់ថាមានព័ត៌មាននៃការទម្លាក់គ្រាប់បែកទាំងនោះដែលផ្តល់ដោយក្រសួងការបរទេសសហរដ្ឋអាមេរិក យ៉ាងច្បាស់លាស់។
អគ្គនាយកនៃមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា លោក ហេង រតនា សរសេរលើគណនីហ្វេសប៊ុករបស់លោកនៅថ្ងៃទី៣១ កក្កដា នេះថា ក្រុមជំនាញគ្រាប់បែកទម្លាក់ពីយន្តហោះរបស់អង្គភាពស៊ីម៉ាក់ បានស្រាវជ្រាវរណ្តៅគ្រាប់បែកផ្ទុះចំនួន ៤ទីតាំង និងគ្រាប់បែកទម្លាក់មិនទាន់ផ្ទុះកប់ក្នុងដីចំនួន ៥ទីតាំងក្រោយសង្គ្រាមឈ្លានពានរបស់ថៃ។
ប្រភពដដែលឲ្យដឹងថា គ្រាប់បែក MK-84 ដែលមិនផ្ទុះ និងរណ្តៅគ្រាប់បែកមិនទាន់ផ្ទុះ សុទ្ធតែជាគ្រាប់បែកទម្លាក់ថ្មីៗរបស់កងទ័ពអាកាសថៃ ក្នុងសង្គ្រាមរយៈពេល ៥ថ្ងៃនេះ ព្រោះគ្រាប់បែកប្រភេទ MK សុទ្ធតែមានកំណត់សម្គាល់ និងប្រភពច្បាស់លាស់ ជាពិសេសទិន្នន័យយន្តហោះ F-16 និងប្រភេទគ្រាប់បែកដែលបានទម្លាក់ គឺសុទ្ធតែមានកំណត់ត្រាទាំងអស់ ខណៈយន្តហោះ F-16 អាចដឹកគ្រាប់បែក MK-84 ចំនួន ៤គ្រាប់ យកទៅទម្លាក់ក្នុងប្រតិបត្តិការរបស់ខ្លួន។
លោក ហេង រតនា អះអាងថា ចំពោះការកំណត់សម្គាល់គ្រាប់បែកទាំងនេះគ្មានអ្វីស្មុគស្មាញទេ ព្រោះក្នុងសង្គ្រាមឥណ្ឌូចិន គ្មានការទម្លាក់គ្រាប់បែកប្រភេទនេះនៅតំបន់ទាំងនេះឡើយ។
លោកបញ្ជាក់ថា ការបញ្ចេញព័ត៌មានក្លែងក្លាយដែលថាជាគ្រាប់បែកចាស់កាលពីជាង ៥០ឆ្នាំមុន គឺជារឿងមិនពិតទាំងអស់ ព្រោះរណ្តៅគ្រាប់ផ្ទុះ រន្ធរណ្តៅគ្រាប់បែកមិនទាន់ផ្ទុះ ជាភស្តុតាងស្រាប់ដែលមាននៅទីតាំងជាក់ស្តែង។
សារព័ត៌មាន ខៅ ស៊ុត របស់ថៃ បានស្រង់សម្ដីកងទ័ពអាកាសថៃ លោក Prapas Sornchaidee នៅថ្ងៃទី៣១ កក្កដា នេះ ដោយបដិសេធការអះអាងរបស់អាជ្ញាធរសកម្មភាពកម្ចាត់មីនកម្ពុជា ដែលថាគ្រាប់បែក MK-84 ត្រូវបានរកឃើញនៅកម្ពុជា មកពីប្រទេសថៃ គឺជារឿងមិនពិត។
កងទ័ពអាកាសថៃ រូបនេះ អះអាងថា គ្រាប់បែកដែលមានច្រែះខ្លាំងបានលេចចេញពីក្រោមផ្ទះជនស៊ីវិល គឺមិនអាចមកពីប្រតិបត្តិការផ្លូវអាកាសរបស់ថៃ កាលពីពេលថ្មីៗនេះឡើយ ព្រោះស្ថានភាពច្រែះនេះបង្ហាញថា គ្រាប់បែកនោះមិនមែនមកពីកងទ័ពអាកាសថៃ ទេ ត្បិតគ្រាប់បែករបស់ថៃ គឺថ្មី ហើយមិនមានច្រែះនោះឡើយ។
កាលពីថ្ងៃទី៣០ កក្កដា មជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (CMAC) បានបង្ហាញគ្រាប់បែក MK-84 ដែលត្រូវបានកងទ័ពអាកាសរបស់ថៃ ទម្លាក់ចំផ្ទះពលរដ្ឋមិនផ្ទុះ ដោយធ្លាក់កប់ចូលទៅក្នុងដីដែលមានទម្ងន់ជិត ១តោន និងមានប្រវែងសរុបប្រមាណ ៣,៥ម៉ែត្រ។
ប្រភពដដែលបញ្ជាក់ថា គ្រាប់បែកនេះមានជាតិផ្ទុះជាង ៥០០គីឡូក្រាម ជាគ្រាប់បែកមានទំហំធំបំផុតក្នុងចំណោមប្រភេទគ្រាប់បែកប្រភេទ MK ដូចជា MK-81, MK82, MK-83 និង MK-84 ជាដើម ដែលបានទម្លាក់ដោយកងទ័ពអាកាសថៃ លើទឹកដីកម្ពុជា កាលពីពេលថ្មីៗនេះ។
សារព័ត៌មាន Defense របស់ប្រទេសស៊ុយអែត បានចុះផ្សាយកាលពីថ្ងៃទី២៩ ខែកក្កដា ថា រដ្ឋាភិបាលស៊ុយអែត បដិសេធផ្តល់ភ្លើងខៀវក្នុងការលក់យន្តហោះចម្បាំងធុន Saab Gripen ប្រភេទ F-16 ចំនួន ១២គ្រឿងបន្ថែមទៀតទៅឱ្យប្រទេសថៃ តាមគម្រោងដែលខ្លួនធ្លាប់សន្យាកាលពីពេលកន្លងទៅ។
ការប្រកាសឈប់លក់យន្តហោះចម្បាំងរបស់ប្រទេសស៊ុយអែត ធ្វើឡើងក្រោយពេលដែលថៃ បានយកយន្តហោះប្រភេទនេះមកទម្លាក់គ្រាប់បែកលើប្រទេសកម្ពុជា។ ប្រភពដដែលបញ្ជាក់ថា ចាប់តាំងពីត្រូវបានផលិត និងដាក់ឱ្យដំណើរការ ព្រមទាំងបានលក់ទៅឱ្យបណ្តាប្រទេសមួយចំនួនរួចមក យន្តហោះចម្បាំងធុន Saab Gripen នេះ ទើបនឹងត្រូវបានយកមកប្រើនៅក្នុងសមរភូមិជាក់ស្តែងជាលើកទីមួយនៅពេលនេះ ហើយការប្រើលើកទីមួយនេះ គឺប្រើដោយកងទ័ពថៃ ដើម្បីទម្លាក់គ្រាប់បែកមកលើកម្ពុជាទៅវិញ។
ជុំវិញបញ្ហានេះ អ្នកឃ្លាំមើលសង្គម លោក វ៉ន ចាន់ឡូត លើកឡើងថា នេះជាបរាជ័យមួយបន្ថែមទៀតរបស់ប្រទេសថៃ ក្នុងការបំភ័ន្តភ្នែកអន្តរជាតិ ដោយសារទង្វើឈ្លានពានរបស់ខ្លួនមកលើប្រទេសកម្ពុជា។
ចំណែកប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក ម៉ែន ណាត បានប្រាប់សារព័ត៌មាន The Cambodia Daily ពីប្រទេស Norway មកថា រដ្ឋាភិបាលកម្ពុជា គួរពិនិត្យមើលរឿងដែលស៊ុយអែត ព្រមានប្រទេសថៃ ដែលរំលោភកិច្ចព្រមព្រៀងទិញយន្តហោះ F-16 នេះ ដាក់ចូលទៅក្នុងសំណុំរឿងប្តឹងភាគីថៃ ទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ ICJ និងតុលាការព្រហ្មទណ្ឌអន្តរជាតិ ICC ក្នុងក្រុងឡាអេ ប្រទេសហុឡង់ដ៍។
លោកបន្តថា នីតិវិធីប្តឹងថៃ បែបនេះ ក៏ជាវិធីមួយអាចវែកមុខនូវភាពពុតត្បុតអាក្រក់របស់ថៃ នៅលើឆាកអន្តរជាតិផងដែរ៕
© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.
