The Cambodia Daily Khmer

នៅ​មុន​ជំនួប​កំពូល​រវាង​លោក ត្រាំ និង​លោក ពូទីន លោក គីម ជុងអ៊ុន សច្ចា​គាំទ្រ​សង្គ្រាម​រុស្ស៊ី ឈ្លានពាន​អ៊ុយក្រែន

មេដឹកនាំ​ផ្ដាច់ការ​នៅ​ប្រទេស​កូរ៉េខាងជើង លោក គីម ជុងអ៊ុន និង​លោក វ៉្លាឌីមៀ ពូទីន ប្រធានាធិបតី​រុស្ស៊ី

មេដឹកនាំ​ផ្ដាច់ការ​នៅ​ប្រទេស​កូរ៉េខាងជើង លោក គីម ជុងអ៊ុន និង​លោក វ៉្លាឌីមៀ ពូទីន ប្រធានាធិបតី​រុស្ស៊ី

កំពូល​មេដឹកនាំ​ផ្ដាច់ការ​កូរ៉េខាងត្បូង លោក គីម ជុងអ៊ុន សច្ចា​គាំទ្រ និង​ជួយ​ប្រតិបត្តិការ​សង្គ្រាម​របស់​ប្រធានាធិបតី​រុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន នៅ​លើ​ប្រទេស​អ៊ុយក្រែន ខណៈ​សង្គ្រាម​បាន​អូស​ពេល ៣​ឆ្នាំ ៦​ខែ ជាមួយ​នឹង​ការ​បាត់បង់​ទ័ព​រុស្ស៊ី ហក់​ឡើង​ជាង ១​លាន ៦​ម៉ឺន​នាក់។

តាម​បណ្ដាញ​ផ្សាយ​ព័ត៌មាន​របស់​អ៊ុយក្រែន ឲ្យ​ដឹង​ថា រុស្ស៊ី​កំពុង​បង្កើន​ការ​វាយលុក​ខ្លាំង​នៅ​សមរភូមិ​នៅ​តំបន់​ដុនបាស់ ភាគ​ខាងកើត​អ៊ុយក្រែន។

នៅ​ក្នុង​កិច្ចសន្ទនា​គ្នា​តាម​ទូរសព្ទ លោក គីម ជុងអ៊ុន បាន​បង្ហាញ​ការ​គាំទ្រ​ឥត​ងាករេ​សង្គ្រាម​រុស្ស៊ី នៅ​អ៊ុយក្រែន ដោយ​ធានា​ថា បើ​រុស្ស៊ី ត្រូវការ​ជំនួយ​ពី​កូរ៉េខាងជើង នឹង​ត្រូវ​បាន​បញ្ជូន​ទៅ​ភ្លាម ទាំង​អាវុធ និង​កម្លាំង​ទ័ព​ទៅ​ជួយ​ច្បាំង​ទ័ព​រុស្ស៊ី។ នេះ​បើ​តាម​ការ​ចុះផ្សាយ​ដោយ​ទីភ្នាក់ងារ​សារព័ត៌មាន​បក្ស​មជ្ឈិម​កូរ៉េ KCNA ចុះផ្សាយ​នៅ​ថ្ងៃទី​១៣ សីហា។

យោង​តាម​ប្រភព​របស់​ទីភ្នាក់ងារ​សារព័ត៌មាន​រុស្ស៊ី TASS លោក ពូទីន បាន​សរសើរ​លោក គីម ជុងអ៊ុន ដែល​ជួយ​រុស្ស៊ី តាម​ស្ថានការណ៍​ជាក់ស្ដែង គឺជា​ការ​បង្ហាញ​ពី​ចំណង​មិត្តភាព​កាន់តែ​រឹងមាំ និង​ជា​ប្រវត្តិសាស្ត្រ​ក្នុង​ពេល​ដែល​រុស្ស៊ី ត្រូវការ​មិត្ត​ស្មោះត្រង់។

លោក ពូទីន នៅតែ​អរគុណ​ចំពោះ​កងទ័ព​កូរ៉េខាងជើង ដែល​បាន​ជួយ​កងទ័ព​រុស្ស៊ី រំដោះ​បាន​មក​វិញ​នូវ​សមរភូមិ Kursk ភាគ​ខាងលិច​នៃ​ប្រទេស​រុស្ស៊ី ដោយ​បាន​រួម​ស្មា​នឹង​គ្នា​រុញច្រាន​ទ័ព​អ៊ុយក្រែន ចេញពី​តំបន់ Kursk កាលពី​ចុង​ខែ​មេសា ឆ្នាំ​២០២៥។

កូរ៉េខាងជើង បាន​បញ្ជូន​ទ័ព​ជួយ​ច្បាំង​ទ័ព​រុស្ស៊ី នៅ​សមរភូមិ Kursk មាន​ជាង ១​ម៉ឺន ២​ពាន់​នាក់ តែ​ក្នុង​ចំនួន​នេះ បាន​បាត់បង់​ជាង ៤​ពាន់​នាក់។ ប្រភព​ចារកម្ម​នៃ​ប្រទេស​កូរ៉េខាងត្បូង អះអាង​ថា កងទ័ព​កូរ៉េខាងជើង កំពុង​ស្ថិត​ក្នុង​ស្ថានភាព​រង់ចាំ​ការ​បញ្ជា​ឱ្យ​ជួយ​អន្តរាគមន៍​កងទ័ព​រុស្ស៊ី មាន​ពី ២​ម៉ឺន ៥​ពាន់​នាក់ ទៅ ៣​ម៉ឺន​នាក់ ដែល​នឹង​ត្រូវ​បញ្ជូន​ទៅ​ចូល​ខាង​ក្នុង​ទឹកដី​អ៊ុយក្រែន។

លោក គីម ជុងអ៊ុន បាន​ប្រាប់​លោក ពូទីន ថា ទីក្រុង​ព្យុងយ៉ាង មើល​ឃើញ​រុស្ស៊ី កំពុង​ស្ថិត​លើ​វិថី​ឈ្នះ​សង្គ្រាម​នៅ​អ៊ុយក្រែន។

នៅ​ក្នុង​ដំណាក់កាល​ចុងក្រោយ​នេះ ចំណង​ទាក់ទង​មិត្តភាព​ដែល​មាន​តាំងពី​សម័យ​សហភាព​សូវៀត ត្រូវ​គេ​មើល​ឃើញ​ថា ទីក្រុង​មូស្គូ និង​ទីក្រុង​ព្យុងយ៉ាង បាន​ប្រែ​ក្លាយ​ជា​មិត្ត​រួម​អាវុធ​ស្លាប់​ជាមួយ​គ្នា ដើម្បី​ប្រឆាំង​លោកខាងលិច ព្រោះតែ​ក្រុង​ព្យុងយ៉ាង ចេញ​មុខ​យ៉ាង​ចំហ​ក្នុង​ការ​បញ្ជូន​ទ័ព​ជា​ផ្លូវការ​ទៅ​ជួយ​ទ័ព​រុស្ស៊ី នៅ​សមរភូមិ។ ជាមួយ​គ្នា​នេះ កូរ៉េខាងជើង បាន​បញ្ជូន​អាវុធ គ្រាប់កាំភ្លើងធំ គ្រាប់​មីស៊ីល ជាង ៦​លាន​គ្រាប់​ទៅ​ឱ្យ​រុស្ស៊ី។

ស្រប​ពេល​ដែល​លោក គីម ជុងអ៊ុន មើល​ឃើញ​រុស្ស៊ី កំពុង​ឈ្នះ​សង្គ្រាម​លើ​ប្រទេស​អ៊ុយក្រែន នាយករដ្ឋមន្ត្រី​ហុងគ្រី ដែល​ត្រូវ​បាន​ចាត់ទុក​ថា​ជា​អាយ៉ង​របស់​លោក ពូទីន ក៏​បាន​ថ្លែង​ថា រុស្ស៊ី បាន​ឈ្នះ​រួច​ទៅ​ហើយ​ក្នុង​សង្គ្រាម​នៅ​អ៊ុយក្រែន។

លោក Viktor Orban បាន​ថ្លែង​ដូចនេះ​នៅ​មុន​ជំនួប​កំពូល​រវាង​ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ និង​ប្រធានាធិបតី​រុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន នា​ថ្ងៃ​សុក្រ​សប្តាហ៍​នេះ។

លោក​នាយករដ្ឋមន្ត្រី​ហុងគ្រី បាន​លើកឡើង​ក្នុង​បទសម្ភាស​មួយ​ជាមួយ​បណ្ដាញ​ព័ត៌មាន​នៃ​ប្រទេស​ហុងគ្រី ថា បើ​គេ​ពិនិត្យ​មើល​ស្ថានការណ៍​សង្គ្រាម វា​បាន​បង្ហាញ​លទ្ធផល​ច្បាស់​ថា រុស្ស៊ី​ឈ្នះ​សង្គ្រាម​ហើយ ហើយ​អ៊ុយក្រែន បាន​ចាញ់​សង្គ្រាម​រួច​ទៅ​ហើយ។

លោក Viktor Orban បញ្ជាក់​ថា នៅ​សល់​តែ​មួយ​គត់ គឺ​ពេលវេលា​ដែល​នឹង​ប្រាប់​ថា អ៊ុយក្រែន ចាញ់​សង្គ្រាម ហើយ​ពួក​លោកខាងលិច​ក៏​នឹង​ទទួលស្គាល់​ថា រុស្ស៊ី ពិត​ជា​ឈ្នះ​សង្គ្រាម។

បើ​តាម​នាយករដ្ឋមន្ត្រី​ហុងគ្រី រូប​នេះ អឺរ៉ុប​បាន​បាត់បង់​ឱកាស​ចរចា​ជាមួយ​លោក ពូទីន យ៉ាង​ពិតប្រាកដ ព្រោះ​រដ្ឋការ​អតីត​ប្រធានាធិបតី​អាមេរិក លោក ចូ បៃដិន ជា​អ្នក​ធ្វើ​ឱ្យ​អឺរ៉ុប បាត់បង់​ឱកាស​ដូចនេះ។

ទោះជា​យ៉ាងណា លោក Viktor Orban រង​ការ​រិះគន់​ពី​មេដឹកនាំ​អឺរ៉ុប ដោយសារតែ​ចំណង​ទាក់ទង​របស់​លោក​ជាមួយ​លោក ពូទីន បាន​នាំ​ឱ្យ​គេ​មើល​ឃើញ​ថា អឺរ៉ុប​បែកបាក់ ខណៈ​ប្រទេស​ហុងគ្រី តែងតែ​ជំទាស់​ចំពោះ​ជំនួយ​យោធា​សម្រាប់​អ៊ុយក្រែន។

កាលពី​ថ្ងៃ​ចន្ទ​សប្តាហ៍​នេះ លោក Viktor Orban បាន​ក្លាយ​ជា​មេដឹកនាំ​អឺរ៉ុប​តែ​ម្នាក់​ឯង​គត់​ដែល​មិន​ព្រម​ផ្តល់​ការ​គាំទ្រ​ចំពោះ​សេចក្តី​ថ្លែងការណ៍​រួម​មួយ​របស់​សហភាព​អឺរ៉ុប ដែល​បង្ហាញ​ជា​ថ្មី​ទៀត​ពី​ការ​ប្ដេជ្ញាចិត្ត​គាំទ្រ និង​បន្ត​ជួយ​អ៊ុយក្រែន ក្នុង​បុព្វហេតុ​ធ្វើ​សង្គ្រាម​ប្រឆាំង​នឹង​ការ​ឈ្លានពាន​របស់​រុស្ស៊ី ប៉ុន្តែ​ការ​ជំទាស់​របស់​លោក Viktor Orban តែងតែ​បរាជ័យ បាន​ត្រឹមតែ​ធ្វើ​ឱ្យ​យឺត​ពេលវេលា​ក្នុង​ការ​អនុម័ត​ជំនួយ​សម្រាប់​អ៊ុយក្រែន តែ​ទីបំផុត សហភាព​អឺរ៉ុប​ភាគច្រើន​គេ​បាន​សម្រេច​ដោយ​ប្រើ​រូបមន្ត​សំឡេង​ភាគច្រើន ដោយ​ទាត់​ចោល​ការ​ជំទាស់​របស់​ហុងគ្រី៕

© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

Exit mobile version