The Cambodia Daily Khmer

បទវិភាគ៖ ពី​ឧក្រិដ្ឋជន​សង្គ្រាម​ក្លាយ​ជា​ភ្ញៀវ​របស់​អាមេរិក លោក ត្រាំ ទាញ​លោក ពូទីន ចេញពី​ភាព​ឯកា

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក ដូណាល់ ត្រាំ ស្វាគមន៍​ប្រធានាធិបតី​រុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន នៅ​លើ​ទឹកដី​រដ្ឋ​អាឡាស្កា នៃ​សហរដ្ឋ​អាមេរិក កាលពី​ថ្ងៃទី​១៥ ខែ​សីហា ឆ្នាំ​២០២៥។

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក ដូណាល់ ត្រាំ ស្វាគមន៍​ប្រធានាធិបតី​រុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន នៅ​លើ​ទឹកដី​រដ្ឋ​អាឡាស្កា នៃ​សហរដ្ឋ​អាមេរិក កាលពី​ថ្ងៃទី​១៥ ខែ​សីហា ឆ្នាំ​២០២៥។

ជំនួប​កំពូល ត្រាំ-ពូទីន ធ្វើ​ឡើង​នៅ​រដ្ឋ​អាឡាស្កា ដែនដី​សហរដ្ឋ​អាមេរិក ត្រូវ​បាន​គេ​មើល​ឃើញ​ថា​វា​ជា​ដំណើរ​ទស្សនកិច្ច​លើកដំបូង​របស់​ប្រធានាធិបតី​រុស្ស៊ី រូប​នេះ ទៅ​ជាន់​ដែនដី​សហរដ្ឋ​អាមេរិក​ក្នុង​រយៈពេល​មួយ​ទសវត្សរ៍​នេះ។

វា​បាន​បង្ហាញ​ជា​សញ្ញា​ថា រុស្ស៊ី និង​លោក ពូទីន ចាប់ផ្ដើម​ចាកចេញ​ពី​ភាព​ឯកា​នៃ​វេទិកា​ការទូត បន្ទាប់ពី​លោក​បាន​បញ្ជា​ឱ្យ​លើក​ទ័ព​បើក​ការ​ឈ្លានពាន​ទៅ​លើ​អ៊ុយក្រែន ក្នុង​ខែ​កុម្ភៈ ឆ្នាំ​២០២២ បង្ក​វិនាសកម្ម​យ៉ាង​ឃោរឃៅ។

ដំណើរ​ទស្សនកិច្ច​របស់​ប្រធានាធិបតី​រុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន ជា​លើកដំបូង​រយៈពេល​មួយ​ទសវត្សរ៍​នេះ ធ្វើ​ឡើង​ក្នុង​គោលបំណង​ជំរុញ​ឱ្យ​មាន​កិច្ចព្រមព្រៀង​ឈប់​បាញ់​ជាមួយ​អ៊ុយក្រែន ប៉ុន្តែ​អ្នកជំនាញ​ព្រមាន​ថា វា​អាច​នាំ​ឱ្យ​លោក វ្ល៉ាឌីមៀ ពូទីន ទទួល​បាន​ភាព​ស្រប​ច្បាប់​នៅ​លើ​វេទិកា​ការទូត​ពិភពលោក ដោយ​គ្មាន​ការ​ធានា​អំពី​លទ្ធផល​សន្តិភាព​ច្បាស់លាស់​នោះ​ទេ។

គេ​ថា​លោក ពូទីន ជា​ឧក្រិដ្ឋជន​សង្គ្រាម​ដែល​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ បាន​ចេញ​ដីកា​ចាប់​ខ្លួន​តាំងពី​ខែ​មីនា ឆ្នាំ​២០២៣។ តែ​នៅ​ពេលនេះ ឧក្រិដ្ឋជន​សង្គ្រាម​ម្នាក់​នេះ​ចាប់ផ្ដើម​លាង​ខ្លួន​ជាមួយ​ការ​ជួយ​សម្អាត​ដោយ​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក ដូណាល់ ត្រាំ។

កាលពី​ក្នុង​រដ្ឋការ​លោក ចូ បៃដិន លោក បៃដិន និង​មន្ត្រី​រដ្ឋការ​របស់​លោក បាន​លើក​ទឹកចិត្ត​ប្រទេស​ណា​ដែល​ជា​សមាជិក​ភាគី​ហត្ថលេខី​ទីក្រុង​រ៉ូម ត្រូវ​អនុវត្ត​កាតព្វកិច្ច​ឃាត់​ខ្លួន​លោក ពូទីន តាម​ដីកា​របស់​តុលាការ ICC។

ចំពោះ​ប្រទេស​អឺរ៉ុប បាន​ប្រកាស​មិន​ទទួល​ស្វាគមន៍​លោក ពូទីន ថែមទាំង​ព្រមាន​ចាប់​ខ្លួន​លោក ពូទីន ទៀត​ផង។ ចាប់តាំងពី​តុលាការ ICC ចេញ​ដីកា​ចាប់​ខ្លួន​លោក ពូទីន គេ​សង្កេត​ឃើញ​ប្រទេស​ជាច្រើន ជាពិសេស​ក្រុម​ប្រទេស G20 និង​ក្រុម​ប្រទេស BRICS មិន​បាន​អញ្ជើញ​លោក ពូទីន ចូលរួម​ប្រជុំ​នោះ​ទេ ដោយសារ​មិន​ចង់​ប្រជែង​នឹង​អំណាច​របស់​តុលាការ ICC។

លោក ពូទីន បាន​ចាត់តាំង​រដ្ឋមន្ត្រី​ការបរទេស​របស់​លោក​ទៅ​ជា​តំណាង​របស់​លោក។ យ៉ាងណា មាន​ប្រទេស​ដែល​ប្រកាន់​របប​បែប​ផ្ដាច់ការ ឬ​កុម្មុយនីស្ត​ដែល​មិន​គោរព​ច្បាប់​ទម្លាប់​អន្តរជាតិ តែងតែ​ចេញ​មុខ​ធានា​ទស្សនកិច្ច​របស់​លោក ពូទីន។ មេដឹកនាំ​រុស្ស៊ី រូប​នេះ បាន​ធ្វើ​ដំណើរ​តែ​ទៅ​កាន់​ប្រទេស​សម្ព័ន្ធមិត្ត​ជិតស្និទ្ធ​ដូចជា អ៊ីរ៉ង់ ចិន កូរ៉េខាងជើង និង​ប្រទេស​តិចតួច​នៅ​អាស៊ី​កណ្ដាល។

អតីត​សមាជិក​សភា​រុស្ស៊ី មកពី​បក្ស​ប្រឆាំង លោក Dmitry Gudkov បាន​ហៅ​ជំនួប​រវាង​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក ដូណាល់ ត្រាំ និង​លោក វ្ល៉ាឌីមៀ ពូទីន គឺជា​ផែនការ​របស់​លោក ត្រាំ ចង់​លាង​ខ្លួន​លោក ពូទីន ឱ្យ​ចាកចេញ​ពី​ភាព​ឯកោ និង​ធ្វើ​ឱ្យ​គាត់​ក្លាយ​ជា​ភាគី​ស្រប​ច្បាប់​លើ​វេទិកា​អន្តរជាតិ។

លោក​បន្ត​លើកឡើង​ថា លោក ពូទីន ជា​ឧក្រិដ្ឋជន​សង្គ្រាម​ដែល​គ្មាន​ប្រទេស​ណា​ចង់​ទាក់ទង​រាប់អាន​ជាមួយ​គាត់​ទេ តែ​ឥឡូវ​នេះ លោក ដូណាល់ ត្រាំ បែរជា​អញ្ជើញ​លោក ពូទីន ទៅ​រដ្ឋ​អាឡាស្កា រដ្ឋ​ទី​៤៩ របស់​សហរដ្ឋ​អាមេរិក ព្រោះ​លោក ត្រាំ ចាត់ទុក​លោក ពូទីន ជា​ភាគី​មួយ​នៃ​ជម្លោះ មិនមែន​ជា​អ្នក​ឈ្លានពាន​បង្ក​សង្គ្រាម​លើ​ប្រទេស​អ៊ុយក្រែន នោះ​ទេ។

ទោះជាយ៉ាងណា ស្ថានការណ៍​នេះ​បាន​ផ្លាស់ប្ដូរ​បន្ទាប់ពី​លោក ត្រាំ ចូល​កាន់​តំណែង​ជា​ថ្មី​នៅ​ថ្ងៃទី​២០ ខែ​មករា ឆ្នាំ​២០២៥ ហើយ​ក្នុង​រយៈពេល​ប៉ុន្មាន​សប្តាហ៍​ប៉ុណ្ណោះ នៅ​ពេល​លោក​ចូល​ទៅ​នៅ​សេតវិមាន​វិញ លោក ត្រាំ បាន​ហៅ​ទូរសព្ទ និង​ធ្វើ​ទំនាក់ទំនង​ជាមួយ​លោក ពូទីន ដោយ​បាន​បង្ហាញ​ពី​ភាព​ជិតស្និទ្ធ​រវាង​ប្រធានាធិបតី​ទាំង​ពីរ ដែល​ជា​ការ​ផ្ទុយ​ពី​សម័យ​រដ្ឋការ​លោក ចូ បៃដិន ដែល​បាន​ហៅ​លោក ពូទីន ជា​ឧក្រិដ្ឋជន​សង្គ្រាម​ដ៏​ឃោរឃៅ។

ចាប់តាំងពី​ចូល​កាន់​តំណែង ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក ដូណាល់ ត្រាំ និង​លោក វ្ល៉ាឌីមៀ ពូទីន បាន​សន្ទនា​គ្នា​តាម​ទូរសព្ទ​ចំនួន ៦​ដង​មក​ហើយ ខណៈ​ដែល​បេសកជន​របស់​លោក​ក៏​បាន​ធ្វើ​ដំណើរ​ទៅ​ទីក្រុង​មូស្គូ ជា​ញឹកញាប់ ក្រោម​ហេតុផល​ចរចា​ដើម្បី​សន្តិភាព​អ៊ុយក្រែន។

អ្នកវិភាគ​មើល​ឃើញ​ថា ជំនួប​កំពូល​រវាង​លោក ត្រាំ និង​លោក ពូទីន ដោយ​ផ្ទាល់ ហើយ​ថែមទាំង​នៅ​លើ​ទឹកដី​អាមេរិក​ទៀត គឺជា​សញ្ញា​បង្ហាញ​ពី​ឆន្ទៈ​របស់​ទីក្រុង​វ៉ាស៊ីនតោន ក្នុង​ការ​ស្វែងរក​ឱកាស​អាជីវកម្ម​នឹង​ការ​ចរចា​នយោបាយ។

អ្នកជំនាញ​សិក្សា​អំពី​ប្រទេស​រុស្ស៊ី សញ្ជាតិ​អាមេរិក អ្នកស្រី Alexandra Filippenko យល់​ថា វា​ឆ្លុះបញ្ចាំង​ពី​អាទិភាព​របស់​លោក ត្រាំ ព្រោះ​សំខាន់​បំផុត គឺ​ការ​ធ្វើ​ពាណិជ្ជកម្ម ដែល​ផ្តល់​អត្ថប្រយោជន៍​ដល់​សហរដ្ឋ​អាមេរិក។ នេះ​គឺជា​ភាព​ប្រាក​ដនិយម​ដាច់ខាត​ដែល​លោក ត្រាំ អាច​ដោះស្រាយ​ជាមួយ​មេដឹកនាំ​ណា​ម្នាក់​ក៏​បាន ប្រសិនបើ​មេដឹកនាំ​នោះ​ផ្តល់​ផល​ចំណេញ​ដល់​គាត់។ អ្នកស្រី​បន្ថែម​ថា លោក ត្រាំ មិន​ចង់​ឱ្យ​លោក ពូទីន ក្លាយ​ជា​មេដឹកនាំ​ដ៏​ខ្លាំង​ប៉ុន្មាន​ទេ ប៉ុន្តែ​លោក ត្រាំ ក៏​មិន​ត្រូវការ​ប្រជែង​ប្រឆាំង​លោក ពូទីន ដែរ ប្រសិនបើ​លោក ត្រាំ អាច​ទទួល​បាន​អត្ថប្រយោជន៍​ពី​លោក ពូទីន។

ជាមួយ​គ្នា​នេះ អ្នក​វិទ្យាសាស្ត្រ​នយោបាយ​រុស្ស៊ី Fedor Krasheninnikov ហៅ​លោក ត្រាំ ជា​បុគ្គល​ជំនួញ។ ដូចនេះ ទស្សនៈ​របស់​លោក ត្រាំ គឺ​ការ​ធ្វើ​អាជីវកម្ម​ឱ្យ​បាន​ជោគជ័យ និង​ទទួល​បាន​កិច្ចព្រមព្រៀង​ជាមួយ​លោក ពូទីន។ ដើម្បី​ឱ្យ​កិច្ចព្រមព្រៀង​នេះ​សម្រេច ទោះ​លោក ត្រាំ ត្រូវ​សរសើរ​លោក ពូទីន ហើយ​និយាយ​សាធារណៈ​ថា​លោក ពូទីន ជា​មនុស្ស​អស្ចារ្យ បើ​សម្ព័ន្ធមិត្ត​អាមេរិក​មិន​ពេញចិត្ត ក៏​លោក ត្រាំ មិន​ខ្វល់​ដែរ។

អតីត​សមាជិក​សភា​រុស្ស៊ី មកពី​បក្ស​ប្រឆាំង លោក Dmitry Gudkov ថ្លែង​ថា ជំនួប​នា​ពេលនេះ​រវាង​លោក ពូទីន និង​លោក ត្រាំ នឹង​ផ្ញើ​សារ​ដ៏​មាន​ឥទ្ធិពល​ទៅ​កាន់​អ្នក​នយោបាយ និង​សហគមន៍​អាជីវកម្ម​នៅ​ទីក្រុង​មូស្គូ។

អ្នកវិភាគ Alexandra Filippenko ជឿ​ថា វិធីសាស្ត្រ​របស់​លោក ត្រាំ ត្រូវ​បាន​ជំរុញ​ដោយ​មាន​បំណង​ធ្វើ​ឱ្យ​មាន​កិច្ចព្រមព្រៀង​ជាមួយ​លោក ពូទីន ដើម្បី​ទទួល​បាន​ផល​ចំណេញ​សម្រាប់​សហរដ្ឋ​អាមេរិក មិនមែន​សហគមន៍​អន្តរជាតិ​ទាំងមូល​នោះ​ទេ។

អ្នក​វិទ្យាសាស្ត្រ​នយោបាយ​រុស្ស៊ី លោក Fedor Krasheninnikov យល់​ឃើញ​ថា រុស្ស៊ី​នៅតែ​រក្សា​ទំនាក់ទំនង​រឹងមាំ​ជាមួយ​ចិន ឥណ្ឌា និង​ប្រទេស​មិនមែន​លោកខាងលិច​ផ្សេង​ទៀត។ លោក​បន្ត​ថា រុស្ស៊ី រង​ភាព​ឯកោ​តែ​ពី​មេដឹកនាំ​លោកខាងលិច​ប៉ុណ្ណោះ។

លោក ដូណាល់ ត្រាំ ដែល​មិន​ខ្វល់​ពី​ការ​ជួប​ឧក្រិដ្ឋជន​សង្គ្រាម បាន​ធ្វើ​ឱ្យ​មាន​ការ​កត់ត្រា​ថា លោក ត្រាំ ចង់បាន​ពាន​ណូបែល​សន្តិភាព។ បើ​លោក ត្រាំ ធ្វើ​ឱ្យ​សង្គ្រាម​របស់​រុស្ស៊ី ត្រូវ​បាន​បិទ​បញ្ចប់​ដោយ​គាប​អ៊ុយក្រែន កាត់​ទឹកដី​ឱ្យ​រុស្ស៊ី គឺ​លោក ត្រាំ អាច​ក្លាយ​ជា​បេក្ខជន​តែ​មួយ​គត់​សម្រាប់​បេក្ខជន​ពាន​ណូបែល​សន្តិភាព​ដែល​មាន​ភាព​លេចធ្លោ​ជាងគេ។

តែ​ចំពោះ​លោក ពូទីន វិញ បើ​លោក​យល់ព្រម​បញ្ចប់​សង្គ្រាម​ក្រោម​ការ​ជួយ​ជ្រោមជ្រែង​ពី​លោក ត្រាំ គឺ​បទ​ឧក្រិដ្ឋកម្ម​សង្គ្រាម​របស់​លោក ពូទីន ទៅ​លើ​ប្រជាជន​អ៊ុយក្រែន អាច​ត្រូវ​បាន​លោក ត្រាំ ជួយ​លាង​ខ្លួន​លោក​ស្អាត​បន្តិច ហើយ​កំពូល​ជន​ផ្ដាច់ការ​នៅ​ក្រុង​មូស្គូ រូប​នេះ ក៏​ចាប់ផ្ដើម​មាន​មុខមាត់​លើ​វេទិកា​អន្តរជាតិ​ឡើងវិញ។

ដូច្នេះ ករណី​លោក ពូទីន រង​ដីកា​ចាប់​ខ្លួន​របស់​តុលាការ ICC ក៏​អាច​ជួយ​ឧក្រិដ្ឋជន​សង្គ្រាម​រូប​នេះ​ចាកចេញ​ពី​បទ​ឧក្រិដ្ឋ​សង្គ្រាម​នេះ​បាន​ដែរ។

អត្ថបទ​វិភាគ​នេះ ត្រូវ​បាន​ដកស្រង់​ខ្លះៗ​ពី​បណ្ដាញ​ផ្សាយ​ព័ត៌មាន​នៃ​ប្រទេស​អ៊ុយក្រែន៕

© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

Exit mobile version