ជំនួបកំពូល ត្រាំ-ពូទីន ធ្វើឡើងនៅរដ្ឋអាឡាស្កា ដែនដីសហរដ្ឋអាមេរិក ត្រូវបានគេមើលឃើញថាវាជាដំណើរទស្សនកិច្ចលើកដំបូងរបស់ប្រធានាធិបតីរុស្ស៊ី រូបនេះ ទៅជាន់ដែនដីសហរដ្ឋអាមេរិកក្នុងរយៈពេលមួយទសវត្សរ៍នេះ។
វាបានបង្ហាញជាសញ្ញាថា រុស្ស៊ី និងលោក ពូទីន ចាប់ផ្ដើមចាកចេញពីភាពឯកានៃវេទិកាការទូត បន្ទាប់ពីលោកបានបញ្ជាឱ្យលើកទ័ពបើកការឈ្លានពានទៅលើអ៊ុយក្រែន ក្នុងខែកុម្ភៈ ឆ្នាំ២០២២ បង្កវិនាសកម្មយ៉ាងឃោរឃៅ។
ដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន ជាលើកដំបូងរយៈពេលមួយទសវត្សរ៍នេះ ធ្វើឡើងក្នុងគោលបំណងជំរុញឱ្យមានកិច្ចព្រមព្រៀងឈប់បាញ់ជាមួយអ៊ុយក្រែន ប៉ុន្តែអ្នកជំនាញព្រមានថា វាអាចនាំឱ្យលោក វ្ល៉ាឌីមៀ ពូទីន ទទួលបានភាពស្របច្បាប់នៅលើវេទិកាការទូតពិភពលោក ដោយគ្មានការធានាអំពីលទ្ធផលសន្តិភាពច្បាស់លាស់នោះទេ។
គេថាលោក ពូទីន ជាឧក្រិដ្ឋជនសង្គ្រាមដែលតុលាការឧក្រិដ្ឋកម្មអន្តរជាតិ បានចេញដីកាចាប់ខ្លួនតាំងពីខែមីនា ឆ្នាំ២០២៣។ តែនៅពេលនេះ ឧក្រិដ្ឋជនសង្គ្រាមម្នាក់នេះចាប់ផ្ដើមលាងខ្លួនជាមួយការជួយសម្អាតដោយប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ។
កាលពីក្នុងរដ្ឋការលោក ចូ បៃដិន លោក បៃដិន និងមន្ត្រីរដ្ឋការរបស់លោក បានលើកទឹកចិត្តប្រទេសណាដែលជាសមាជិកភាគីហត្ថលេខីទីក្រុងរ៉ូម ត្រូវអនុវត្តកាតព្វកិច្ចឃាត់ខ្លួនលោក ពូទីន តាមដីការបស់តុលាការ ICC។
ចំពោះប្រទេសអឺរ៉ុប បានប្រកាសមិនទទួលស្វាគមន៍លោក ពូទីន ថែមទាំងព្រមានចាប់ខ្លួនលោក ពូទីន ទៀតផង។ ចាប់តាំងពីតុលាការ ICC ចេញដីកាចាប់ខ្លួនលោក ពូទីន គេសង្កេតឃើញប្រទេសជាច្រើន ជាពិសេសក្រុមប្រទេស G20 និងក្រុមប្រទេស BRICS មិនបានអញ្ជើញលោក ពូទីន ចូលរួមប្រជុំនោះទេ ដោយសារមិនចង់ប្រជែងនឹងអំណាចរបស់តុលាការ ICC។
លោក ពូទីន បានចាត់តាំងរដ្ឋមន្ត្រីការបរទេសរបស់លោកទៅជាតំណាងរបស់លោក។ យ៉ាងណា មានប្រទេសដែលប្រកាន់របបបែបផ្ដាច់ការ ឬកុម្មុយនីស្តដែលមិនគោរពច្បាប់ទម្លាប់អន្តរជាតិ តែងតែចេញមុខធានាទស្សនកិច្ចរបស់លោក ពូទីន។ មេដឹកនាំរុស្ស៊ី រូបនេះ បានធ្វើដំណើរតែទៅកាន់ប្រទេសសម្ព័ន្ធមិត្តជិតស្និទ្ធដូចជា អ៊ីរ៉ង់ ចិន កូរ៉េខាងជើង និងប្រទេសតិចតួចនៅអាស៊ីកណ្ដាល។
អតីតសមាជិកសភារុស្ស៊ី មកពីបក្សប្រឆាំង លោក Dmitry Gudkov បានហៅជំនួបរវាងប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ និងលោក វ្ល៉ាឌីមៀ ពូទីន គឺជាផែនការរបស់លោក ត្រាំ ចង់លាងខ្លួនលោក ពូទីន ឱ្យចាកចេញពីភាពឯកោ និងធ្វើឱ្យគាត់ក្លាយជាភាគីស្របច្បាប់លើវេទិកាអន្តរជាតិ។
លោកបន្តលើកឡើងថា លោក ពូទីន ជាឧក្រិដ្ឋជនសង្គ្រាមដែលគ្មានប្រទេសណាចង់ទាក់ទងរាប់អានជាមួយគាត់ទេ តែឥឡូវនេះ លោក ដូណាល់ ត្រាំ បែរជាអញ្ជើញលោក ពូទីន ទៅរដ្ឋអាឡាស្កា រដ្ឋទី៤៩ របស់សហរដ្ឋអាមេរិក ព្រោះលោក ត្រាំ ចាត់ទុកលោក ពូទីន ជាភាគីមួយនៃជម្លោះ មិនមែនជាអ្នកឈ្លានពានបង្កសង្គ្រាមលើប្រទេសអ៊ុយក្រែន នោះទេ។
ទោះជាយ៉ាងណា ស្ថានការណ៍នេះបានផ្លាស់ប្ដូរបន្ទាប់ពីលោក ត្រាំ ចូលកាន់តំណែងជាថ្មីនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ ហើយក្នុងរយៈពេលប៉ុន្មានសប្តាហ៍ប៉ុណ្ណោះ នៅពេលលោកចូលទៅនៅសេតវិមានវិញ លោក ត្រាំ បានហៅទូរសព្ទ និងធ្វើទំនាក់ទំនងជាមួយលោក ពូទីន ដោយបានបង្ហាញពីភាពជិតស្និទ្ធរវាងប្រធានាធិបតីទាំងពីរ ដែលជាការផ្ទុយពីសម័យរដ្ឋការលោក ចូ បៃដិន ដែលបានហៅលោក ពូទីន ជាឧក្រិដ្ឋជនសង្គ្រាមដ៏ឃោរឃៅ។
ចាប់តាំងពីចូលកាន់តំណែង ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ និងលោក វ្ល៉ាឌីមៀ ពូទីន បានសន្ទនាគ្នាតាមទូរសព្ទចំនួន ៦ដងមកហើយ ខណៈដែលបេសកជនរបស់លោកក៏បានធ្វើដំណើរទៅទីក្រុងមូស្គូ ជាញឹកញាប់ ក្រោមហេតុផលចរចាដើម្បីសន្តិភាពអ៊ុយក្រែន។
អ្នកវិភាគមើលឃើញថា ជំនួបកំពូលរវាងលោក ត្រាំ និងលោក ពូទីន ដោយផ្ទាល់ ហើយថែមទាំងនៅលើទឹកដីអាមេរិកទៀត គឺជាសញ្ញាបង្ហាញពីឆន្ទៈរបស់ទីក្រុងវ៉ាស៊ីនតោន ក្នុងការស្វែងរកឱកាសអាជីវកម្មនឹងការចរចានយោបាយ។
អ្នកជំនាញសិក្សាអំពីប្រទេសរុស្ស៊ី សញ្ជាតិអាមេរិក អ្នកស្រី Alexandra Filippenko យល់ថា វាឆ្លុះបញ្ចាំងពីអាទិភាពរបស់លោក ត្រាំ ព្រោះសំខាន់បំផុត គឺការធ្វើពាណិជ្ជកម្ម ដែលផ្តល់អត្ថប្រយោជន៍ដល់សហរដ្ឋអាមេរិក។ នេះគឺជាភាពប្រាកដនិយមដាច់ខាតដែលលោក ត្រាំ អាចដោះស្រាយជាមួយមេដឹកនាំណាម្នាក់ក៏បាន ប្រសិនបើមេដឹកនាំនោះផ្តល់ផលចំណេញដល់គាត់។ អ្នកស្រីបន្ថែមថា លោក ត្រាំ មិនចង់ឱ្យលោក ពូទីន ក្លាយជាមេដឹកនាំដ៏ខ្លាំងប៉ុន្មានទេ ប៉ុន្តែលោក ត្រាំ ក៏មិនត្រូវការប្រជែងប្រឆាំងលោក ពូទីន ដែរ ប្រសិនបើលោក ត្រាំ អាចទទួលបានអត្ថប្រយោជន៍ពីលោក ពូទីន។
ជាមួយគ្នានេះ អ្នកវិទ្យាសាស្ត្រនយោបាយរុស្ស៊ី Fedor Krasheninnikov ហៅលោក ត្រាំ ជាបុគ្គលជំនួញ។ ដូចនេះ ទស្សនៈរបស់លោក ត្រាំ គឺការធ្វើអាជីវកម្មឱ្យបានជោគជ័យ និងទទួលបានកិច្ចព្រមព្រៀងជាមួយលោក ពូទីន។ ដើម្បីឱ្យកិច្ចព្រមព្រៀងនេះសម្រេច ទោះលោក ត្រាំ ត្រូវសរសើរលោក ពូទីន ហើយនិយាយសាធារណៈថាលោក ពូទីន ជាមនុស្សអស្ចារ្យ បើសម្ព័ន្ធមិត្តអាមេរិកមិនពេញចិត្ត ក៏លោក ត្រាំ មិនខ្វល់ដែរ។
អតីតសមាជិកសភារុស្ស៊ី មកពីបក្សប្រឆាំង លោក Dmitry Gudkov ថ្លែងថា ជំនួបនាពេលនេះរវាងលោក ពូទីន និងលោក ត្រាំ នឹងផ្ញើសារដ៏មានឥទ្ធិពលទៅកាន់អ្នកនយោបាយ និងសហគមន៍អាជីវកម្មនៅទីក្រុងមូស្គូ។
អ្នកវិភាគ Alexandra Filippenko ជឿថា វិធីសាស្ត្ររបស់លោក ត្រាំ ត្រូវបានជំរុញដោយមានបំណងធ្វើឱ្យមានកិច្ចព្រមព្រៀងជាមួយលោក ពូទីន ដើម្បីទទួលបានផលចំណេញសម្រាប់សហរដ្ឋអាមេរិក មិនមែនសហគមន៍អន្តរជាតិទាំងមូលនោះទេ។
អ្នកវិទ្យាសាស្ត្រនយោបាយរុស្ស៊ី លោក Fedor Krasheninnikov យល់ឃើញថា រុស្ស៊ីនៅតែរក្សាទំនាក់ទំនងរឹងមាំជាមួយចិន ឥណ្ឌា និងប្រទេសមិនមែនលោកខាងលិចផ្សេងទៀត។ លោកបន្តថា រុស្ស៊ី រងភាពឯកោតែពីមេដឹកនាំលោកខាងលិចប៉ុណ្ណោះ។
លោក ដូណាល់ ត្រាំ ដែលមិនខ្វល់ពីការជួបឧក្រិដ្ឋជនសង្គ្រាម បានធ្វើឱ្យមានការកត់ត្រាថា លោក ត្រាំ ចង់បានពានណូបែលសន្តិភាព។ បើលោក ត្រាំ ធ្វើឱ្យសង្គ្រាមរបស់រុស្ស៊ី ត្រូវបានបិទបញ្ចប់ដោយគាបអ៊ុយក្រែន កាត់ទឹកដីឱ្យរុស្ស៊ី គឺលោក ត្រាំ អាចក្លាយជាបេក្ខជនតែមួយគត់សម្រាប់បេក្ខជនពានណូបែលសន្តិភាពដែលមានភាពលេចធ្លោជាងគេ។
តែចំពោះលោក ពូទីន វិញ បើលោកយល់ព្រមបញ្ចប់សង្គ្រាមក្រោមការជួយជ្រោមជ្រែងពីលោក ត្រាំ គឺបទឧក្រិដ្ឋកម្មសង្គ្រាមរបស់លោក ពូទីន ទៅលើប្រជាជនអ៊ុយក្រែន អាចត្រូវបានលោក ត្រាំ ជួយលាងខ្លួនលោកស្អាតបន្តិច ហើយកំពូលជនផ្ដាច់ការនៅក្រុងមូស្គូ រូបនេះ ក៏ចាប់ផ្ដើមមានមុខមាត់លើវេទិកាអន្តរជាតិឡើងវិញ។
ដូច្នេះ ករណីលោក ពូទីន រងដីកាចាប់ខ្លួនរបស់តុលាការ ICC ក៏អាចជួយឧក្រិដ្ឋជនសង្គ្រាមរូបនេះចាកចេញពីបទឧក្រិដ្ឋសង្គ្រាមនេះបានដែរ។
អត្ថបទវិភាគនេះ ត្រូវបានដកស្រង់ខ្លះៗពីបណ្ដាញផ្សាយព័ត៌មាននៃប្រទេសអ៊ុយក្រែន៕
© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

