The Cambodia Daily Khmer

អង្គការ​ក្រៅ​រដ្ឋាភិបាល​គ្រោង​ដាក់​ញត្តិ​ឱ្យ​ប្រទេស​ហត្ថលេខី​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ជួយ​ការពារ​កម្ពុជា

ទិដ្ឋភាព​ទូទៅ​នៅ​សន្និសីទ​ស្ដីពី​សន្តិភាព​នៅ​កម្ពុជា ដែល​ប្រព្រឹត្ត​ធ្វើ​នៅ​ទីក្រុង​ប៉ារីស ប្រទេស​បារាំង កាលពី​ថ្ងៃ​ទី​២៣ ខែ​តុលា ឆ្នាំ​១៩៩១។ (Photo: AFP)

ទិដ្ឋភាព​ទូទៅ​នៅ​សន្និសីទ​ស្ដីពី​សន្តិភាព​នៅ​កម្ពុជា ដែល​ប្រព្រឹត្ត​ធ្វើ​នៅ​ទីក្រុង​ប៉ារីស ប្រទេស​បារាំង កាលពី​ថ្ងៃ​ទី​២៣ ខែ​តុលា ឆ្នាំ​១៩៩១។ (Photo: AFP)

អង្គការ​ក្រៅ​រដ្ឋាភិបាល រួម​ជាមួយ​ស្ថាប័ន​ផ្សេង​ទៀត គ្រោង​ដាក់​ញត្តិ​ទៅ​កាន់​ស្ថានទូត​នៃ​ប្រទេស​ដែល​ជា​ម្ចាស់​ហត្ថលេខី​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ឱ្យ​ជួយ​ការពារ​អធិបតេយ្យភាព បូរណភាព​ទឹកដី និង​សន្តិភាព​របស់​កម្ពុជា។

អង្គការ​សង្គម​ស៊ីវិល សមាគម សហជីព និង​បណ្ដាញ​យុវជន បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​រួម​គ្នា​មួយ​នៅ​ថ្ងៃទី​១៩ សីហា នេះ ដោយ​អំពាវនាវ​ឱ្យ​ប្រទេស​ហត្ថលេខី​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស រក្សា​ការ​ប្ដេជ្ញាចិត្ត និង​មាន​ចំណាត់ការ​ដោយ​ការ​សម្របសម្រួល​ជាបន្ទាន់​ក្នុង​ការ​ការពារ​អធិបតេយ្យភាព បូរណភាព​ទឹកដី និង​សន្តិភាព​របស់​កម្ពុជា។

ប្រភព​ដដែល អះអាង​ថា ញត្តិ​នេះ​ជំរុញ​ឱ្យ​រដ្ឋ​ហត្ថលេខី​ទាំងអស់​កោះ​ប្រជុំ ការ​ពិគ្រោះ​យោបល់​ជាបន្ទាន់​តាម​មាត្រា​៥ នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស បង្កើត​បេសកកម្ម​ស្វែងរក​ការពិត​ជាមួយ​អន្តរជាតិ ដើម្បី​ស៊ើបអង្កេត​ការ​រំលោភ​បំពាន​ដែល​ត្រូវ​បាន​ចោទប្រកាន់ និង​សម្របសម្រួល​កិច្ចខិតខំ​ប្រឹងប្រែង​មនុស្សធម៌ និង​កសាង​សន្តិភាព​សម្រាប់​សហគមន៍​ដែល​រង​ផល​ប៉ះពាល់។

អង្គការ​សង្គម​ស៊ីវិល​ទាំងនេះ បញ្ជាក់​ថា ការ​ដាក់​ញត្តិ​នេះ គឺ​ឆ្លើយតប​ទៅ​នឹង​ការ​ប៉ះទង្គិច​គ្នា​នៅ​តាម​ព្រំដែន​កម្ពុជា-ថៃ ដែល​បាន​បណ្ដាល​ឱ្យ​មនុស្ស​ជាច្រើន​រង​របួស និង​បាត់បង់​ជីវិត ជនភៀសសឹក​រាប់​ម៉ឺន​នាក់ សាលារៀន​ជាច្រើន​ត្រូវ​បាន​បិទ​ទ្វារ ការ​ខូចខាត​ទ្រព្យសម្បត្តិ និង​តំបន់​បេតិកភណ្ឌ​វប្បធម៌ ជាដើម។

កាលពី​ថ្ងៃទី​២៤ ខែ​កក្កដា ឆ្នាំ​២០២៥ ជម្លោះ​ព្រំដែន​កម្ពុជា-ថៃ បាន​ផ្ទុះ​ឡើង​បន្ទាប់ពី​ការ​ប៉ះទង្គិច​គ្នា​កាលពី​ថ្ងៃទី​២៨ ខែ​ឧសភា ឆ្នាំ​២០២៥ នៅ​តំបន់​មុំ​បី ដែល​បណ្តាល​ឱ្យ​ទាហាន​ខ្មែរ​ម្នាក់​បាន​ស្លាប់ ប៉ុន្តែ​ជម្លោះ​នេះ​ចេះ​តែ​បន្ត​អូស​បន្លាយ​រហូត​ដល់​ពេល​នេះ បើ​ទោះបីជា​ភាគី​ទាំង​ពីរ​បាន​ឯកភាព​ឱ្យ​មាន​បទ​ឈប់​បាញ់ កាលពី​ថ្ងៃទី​២៨ ខែ​កក្កដា ឆ្នាំ​២០២៥ ទៅ​ហើយ​ក្តី។

ជុំវិញ​បញ្ហា​នេះ ប្រធាន​អាស៊ាន​ប្តូរ​វេន និង​ជា​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​នៅ​ថ្ងៃទី​១៩ សីហា នេះ​ថា លោក​បាន​ពិភាក្សា​ជាមួយ​នាយករដ្ឋមន្ត្រី​កម្ពុជា លោក ហ៊ុន ម៉ាណែត នៅ​ថ្ងៃ​អង្គារ​នេះ អំពី​ការ​វិវត្ត​ថ្មីៗ​ពាក់ព័ន្ធ​នឹង​បទ​ឈប់​បាញ់​រវាង​កម្ពុជា និង​ថៃ។

លោក អាន់វ៉ា អ៊ីប្រាហ៊ីម បញ្ជាក់​ថា កិច្ចពិភាក្សា​នេះ​ក៏​បាន​លើកឡើង​អំពី​ក្រុម​អ្នក​សង្កេតការណ៍​អន្តរកាល (IOT) ដែល​កំពុង​ធ្វើការ​ត្រួតពិនិត្យ​យ៉ាង​យកចិត្ត​ទុកដាក់​ទៅ​លើ​តំបន់​ព្រំដែន​នៃ​ប្រទេស​ទាំង​ពីរ ហើយ​ក៏​បាន​ពិភាក្សា​អំពី​ជំហាន​ផ្សេង​ទៀត ដើម្បី​ប្រសិទ្ធភាព​ជុំវិញ​ប្រតិបត្តិការ​ត្រួតពិនិត្យ​របស់​ក្រុម​អ្នក​សង្កេតការណ៍​អន្តរកាល (IOT) ផង​ដែរ។

ជុំវិញ​បញ្ហា​នេះ រដ្ឋមន្ត្រី​ការបរទេស​អាម៉េរិក លោក ម៉ាកូ រ៉ូប៊ីអូ (Marco Rubio) បាន​បញ្ជាក់​ក្នុង​កិច្ចសម្ភាស​ជាមួយ​សារព័ត៌មាន NBC កាលពី​ថ្ងៃទី​១៧ ខែ​សីហា មុន​ពេល​ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ ជួប​ជាមួយ​មេដឹកនាំ​អ៊ុយក្រែន និង​អឺរ៉ុប ជុំវិញ​ការ​បញ្ចប់​សង្គ្រាម​នៅ​អ៊ុយក្រែន ថា អាមេរិក​បាន​តាមដាន​យ៉ាង​ហ្មត់ចត់​ទៅ​លើ​ជម្លោះ​ព្រំដែន​រវាង​កម្ពុជា និង​ថៃ។

ចំណែក​ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា លោក ម៉ែន ណាត សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក​នៅ​ថ្ងៃទី​១៩ សីហា នេះ​ដែរ​ថា ភាគី​កម្ពុជា ទាំង​ពលរដ្ឋ និង​យោធា ត្រូវតែ​ទប់ស្កាត់​ភាគី​ថៃ ឱ្យ​បាន​តាម​ស្ថានភាព​ជាក់ស្តែង ដើម្បី​ការពារ​ខ្លួន។ បន្ថែម​ពី​នេះ ក៏​ត្រូវ​ប្រឹងប្រែង​លើ​វិស័យ​ការទូត​ឱ្យ​កាន់តែ​ខ្លាំង​ផង​ដែរ៕

© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

Exit mobile version