The Cambodia Daily Khmer

ពលរដ្ឋ​ខ្មែរ​គ្រប់​ស្រទាប់ មាន​ទាំង​ឧត្ដមភេទ ស្នើសុំ​ឱ្យ​មេដឹកនាំ​អាមេរិក​ជួយ​ដោះស្រាយ​បញ្ហា​ខ្មែរ-ថៃ

រូបថត​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក ដូណាល់ ត្រាំ ដែល​ពលរដ្ឋ​ខ្មែរ​លើក​បង្ហាញ ក្នុង​ពិធី​ដង្ហែ​ក្បួន​ធម្មយាត្រា​ដើម្បី​សន្តិភាព កាលពី​ថ្ងៃទី​១០ ខែ​សីហា ឆ្នាំ​២០២៥។ (រូបថត​ពី​ហ្វេសប៊ុក)

រូបថត​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក ដូណាល់ ត្រាំ ដែល​ពលរដ្ឋ​ខ្មែរ​លើក​បង្ហាញ ក្នុង​ពិធី​ដង្ហែ​ក្បួន​ធម្មយាត្រា​ដើម្បី​សន្តិភាព កាលពី​ថ្ងៃទី​១០ ខែ​សីហា ឆ្នាំ​២០២៥។ (រូបថត​ពី​ហ្វេសប៊ុក)

សិស្ស និស្សិត ព្រះសង្ឃ និង​ប្រជាពលរដ្ឋ​ខ្មែរ ស្នើសុំ​ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) ដាក់​សម្ពាធ​រដ្ឋាភិបាល​ថៃ ឱ្យ​ដោះលែង​វីរ​កងទ័ព​កម្ពុជា ចំនួន ១៨​នាក់ រុះរើ​បន្លា​លួស​ចេញពី​ទឹកដី​ខ្មែរ និង​អនុវត្ត​បទ​ឈប់​បាញ់​ដែល​បាន​ឯកភាព​គ្នា​ឱ្យ​បាន​ត្រឹមត្រូវ។

សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​២១ សីហា នេះ ទទួល​បាន​លិខិត​ពី​សិស្ស និស្សិត ព្រះសង្ឃ និង​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​រៀបរាប់​ពី​ទុក្ខ​លំបាក និង​ការ​ឈឺចាប់​របស់​ខ្លួន​ដែល​កំពុង​រង​នូវ​ការ​ធ្វើ​ទុក្ខបុកម្នេញ​ក្រោម​ការ​គំរាមកំហែង​ពី​កងទ័ព​ថៃ ចាប់តាំងពី​ផ្ទុះ​សង្គ្រាម​កាលពី​ថ្ងៃទី​២៤ ខែ​កក្កដា ឆ្នាំ​២០២៥ មក។

ប្រភព​ដដែល​ថា កងទ័ព​ថៃ បាន​ប្រើ​គ្រាប់បែក​ចង្កោម​ពី​យន្តហោះ F-16 ទម្លាក់​លើ​ផ្ទះសម្បែង សាលារៀន វត្តអារាម និង​ប្រាសាទ​បុរាណ​ខ្មែរ​ដែល​មាន​អាយុកាល​ជាង ១០០០​ឆ្នាំ បាន​ធ្វើ​ឱ្យ​ខូចខាត និង​បំផ្លាញ​ខ្ទេចខ្ទី ខណៈ​ពលរដ្ឋ​ខ្មែរ​រស់នៅ​តាម​បន្ទាត់​ព្រំដែន កំពុង​រត់​ភៀសខ្លួន​ទៅ​រក​កន្លែង​សុវត្ថិភាព​ក្នុង​ពេលនេះ។

លិខិត​ដដែល រៀបរាប់​ថា ពលរដ្ឋ​ខ្មែរ​រស់នៅ​តាម​បណ្តោយ​ព្រំដែន​កម្ពុជា-ថៃ ពិត​ជា​មាន​ក្តី​បារម្ភ និង​ឈឺចាប់​ជា​ពន់ពេក ដោយសារ​ទាហាន​ថៃ ឈ្លានពាន​អធិបតេយ្យ​ប្រទេស​កម្ពុជា​នៅ​តាម​ដំបន់​ព្រំដែន​ទាំង​កំរោល ទោះ​មាន​បទ​ឈប់​បាញ់​កាលពី​ថ្ងៃទី​២៨ ខែ​កក្កដា កន្លង​ទៅ​ក្តី។

ជាក់ស្តែង នៅ​ព្រឹក​ថ្ងៃទី​២៩ ខែ​កក្កដា ទាហាន​ថៃ បាន​ប្រើ​ល្បិច​ចាប់​ទាហាន​ខ្មែរ ២០​នាក់ នៅ​ពេល​ដែល​ទាហាន​ថៃ ទាំងនោះ ស្នើសុំ​ឱ្យ​ទាហាន​ខ្មែរ​ទៅ​ចាប់​ដៃ​សម្របសម្រួល​គ្នា ហើយ​មក​ទល់​នឹង​ពេលនេះ មាន​តែ​ទាហាន ២​នាក់​ប៉ុណ្ណោះ​ដែល​ត្រូវ​បាន​បញ្ជូន​ត្រឡប់​មក​វិញ ក្រោម​ស្ថានភាព​មិន​ប្រក្រតី ខណៈ​ទាហាន​ខ្មែរ ១៨​នាក់​ទៀត កំពុង​ត្រូវ​បាន​ឃុំ​ខ្លួន​ក្នុង​ប្រទេស​ថៃ នៅឡើយ។

សិស្ស និស្សិត ព្រះសង្ឃ និង​ពលរដ្ឋ​ខ្មែរ​ទាំងនេះ ស្នើសុំ​ឱ្យ​លោក ដូណាល់ ត្រាំ ជំរុញ​ឱ្យ​កងទ័ព​ថៃ រើ​លួស​បន្លា និង​រើ​កង់ឡាន​ដែល​ពួកគេ​បាន​ពង្រាយ​ចូល​ទឹកដី​កម្ពុជា ត្រឡប់​ទៅវិញ​ទាំងអស់។

ជុំវិញ​បញ្ហា​នេះ ក្នុង​សន្និសីទ​សារព័ត៌មាន​កាលពី​ថ្ងៃទី​២០ ខែ​សីហា ឆ្នាំ​២០២៥ លោក នង សាកល អ្នក​នាំពាក្យ​ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ លើកឡើង​ថា រដ្ឋាភិបាល​ប្រទេស​កម្ពុជា ថ្លែង​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក ដូណាល់ ត្រាំ ក្នុង​ការ​ផ្ដួចផ្ដើម​គំនិត​ឲ្យ​មាន​កិច្ចព្រមព្រៀង​ឈប់​បាញ់​គ្នា​រវាង​ប្រទេស​កម្ពុជា និង​ប្រទេស​ថៃ ឲ្យ​ក្លាយ​ជា​ការពិត។

អ្នក​នាំពាក្យ​រូប​នេះ​បញ្ជាក់​ថា រាជរដ្ឋាភិបាល​កម្ពុជា ក៏​ស្វាគមន៍​សហរដ្ឋ​អាមេរិក ដែល​បន្ត​ចូលរួម​យ៉ាង​សកម្ម​លើ​បញ្ហា​ព្រំដែន​ដែល​កំពុង​កើតមាន​ជាមួយ​ភាគី​ថៃ នា​ពេលនេះ​ផង​ដែរ។

ចំណែក​អ្នក​នាំពាក្យ​ក្រសួង​ការពារ​ជាតិ អ្នកស្រី ម៉ាលី សុជាតា បញ្ជាក់​ក្នុង​សន្និសីទ​សារព័ត៌មាន​នៅ​ថ្ងៃទី​២១ សីហា នេះ​ថា ប្រទេស​កម្ពុជា​បាន​ប្ដេជ្ញា​ធ្វើការ​ប្រកប​ដោយ​ស្ថាបនា ស្មោះត្រង់ និង​សហការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​ប្រទេស​ថៃ ម៉ាឡេស៊ី បណ្តា​ប្រទេស​សមាជិក​អាស៊ាន​ដទៃ​ទៀត និង​ដៃគូ​ពាក់ព័ន្ធ​ទាំងអស់ ដូចជា​អាមេរិក ចិន ដើម្បី​ធានា​ការ​អនុវត្ត​បទ​ឈប់​បាញ់​ប្រកប​ដោយ​ប្រសិទ្ធភាព និង​ពេញលេញ និង​ដោះស្រាយ​វិវាទ​ដោយ​សន្តិវិធី​ស្រប​តាម​ច្បាប់​អន្តរជាតិ ធម្មនុញ្ញ​អង្គការ​សហប្រជាជាតិ និង​ធម្មនុញ្ញ​អាស៊ាន។

ទោះជា​យ៉ាងណាក៏ដោយ កាលពី​ថ្ងៃទី​២០ ខែ​សីហា សារព័ត៌មាន The Nation បាន​ស្រង់​សម្ដី​លោក ភូមិថាំ វេឆាយ៉ាឆៃ ថា នាយករដ្ឋមន្ត្រី​ស្តីទី​ប្រទេស​ថៃ រូប​នេះ បាន​បដិសេធ​សំណើ​ក្នុង​ការ​បញ្ជូន​អ្នក​សង្កេតការណ៍​អន្តរជាតិ​បន្ថែម​ទៀត ដើម្បី​តាមដាន​ការ​អនុវត្ត​បទ​ឈប់​បាញ់​នៅ​តាម​ព្រំដែន​រវាង​ថៃ និង​កម្ពុជា។

យ៉ាងណាមិញ ទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋ BERNAMA នៃ​ប្រទេស​ម៉ាឡេស៊ី បាន​ស្រង់​សម្ដី​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម ដែល​បាន​ឆ្លើយតប​ទៅ​នាយករដ្ឋមន្ត្រី​ស្តីទី​ថៃ នៅ​ថ្ងៃទី​២១ សីហា នេះ​ថា សំណើ​ក្នុង​ការ​ដាក់​ពង្រាយ​អ្នក​សង្កេតការណ៍​បន្ថែម​ទៀត ដើម្បី​តាមដាន​ការ​អនុវត្ត​បទ​ឈប់​បាញ់​រវាង​ថៃឡង់ដ៍ និង​កម្ពុជា មាន​គោលបំណង​តែ​មួយ​គត់ គឺ​ដើម្បី​ធានា​នូវ​សុវត្ថិភាព និង​ស្ថិរភាព​បន្ត​ទៀត​នៅ​ក្នុង​តំបន់ និង​មិនមែន​ជា​ការ​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​នោះ​ទេ៕

© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

Exit mobile version