បណ្ដាញផ្សាយព័ត៌មានអង់គ្លេស ប៊ីប៊ីស៊ី (BBC) កាលពីថ្ងៃពុធ ទី២០ ខែសីហា បានស្រង់សម្ដីអ្នកសង្កេតការណ៍ជុំវិញការវាយប្រហារគ្នារឿងព្រំដែនរវាងរាជាណាចក្រកម្ពុជា និងរាជាណាចក្រថៃឡង់ដ៍ ដោយសម្គាល់បានថា ខាងភាគីខ្មែរមានប្រៀបជាងភាគីថៃ រឿងផ្សព្វផ្សាយព័ត៌មានតាមបណ្ដាញសង្គម ហៅថា social media។
អ្នកវិភាគមើលឃើញថា ការផ្សាយព្រោងព្រាតអំពីស្ថានការណ៍សឹក ទម្លាក់គ្រាប់បែក បាញ់ផ្លោងដាក់គ្នាលើបណ្ដាញសង្គម ដោយពុំមាននរណាគ្រប់គ្រងបាន មានលាយឡំដោយព័ត៌មានក្លែងក្លាយកាឡៃការពិតយកតែពីឈ្នះដៃ។
គេថា មូលហេតុដែលភាគីខ្មែរធ្វើដូច្នេះបាន គឺគ្មានសារព័ត៌មានឯករាជ្យ សារព័ត៌មានទាំងអស់ស្ថិតក្នុងការគ្រប់គ្រងរបស់រដ្ឋអំណាច។ ចំពោះភាគីថៃ វិញ ដែលមានបណ្ដាញសារព័ត៌មានឯករាជ្យ បានត្រឹមតែចេញផ្សាយព័ត៌មានកែតម្រូវ កែតម្រង់ និងបដិសេធ។
ប៊ីប៊ីស៊ី លើកជាឧទាហរណ៍ថា ដូចជាការបង្ហោះតាមយូធូប ហ្វេសប៊ុក។ល។ អំពីយន្តហោះចម្បាំងឆេះធ្លាក់ គេថាយន្តហោះចម្បាំងថៃ។ តាមពិត គេច្នៃរឿងយន្តហោះចម្បាំងបាញ់ធ្លាក់នៅប្រទេសអ៊ុយក្រែន។ ឃើញយន្តហោះបញ្ចេញផ្សែងពណ៌ផ្កាឈូក ថាយន្តហោះថៃ បាញ់ផ្សែងពុលសម្លាប់ទាហាន និងប្រជាពលរដ្ឋ ប៉ុន្តែទីភ្នាក់ងារព័ត៌មាន អាអែហ្វប៉ែ (AFP) តាមរាវរកការពិតឃើញថាជារឿងច្នៃប្រឌិតពីយន្តហោះបាញ់សារធាតុពន្លត់ និងស្កាត់ភ្លើងឆេះព្រៃកុំឲ្យរាលដាលនៅ Los Angeles រដ្ឋកាលីហ្វ័នីញ៉ា សហរដ្ឋអាមេរិក។
អ្នកកាសែត Sabastian Strangio និយាយថា លោក ហ៊ុន សែន ជាមនុស្សឆ្លាត ចង់ច្រៀកបំបែកនយោបាយផ្ទៃក្នុងប្រទេសថៃ ក្នុងពេលលោកឃើញអ្នកនយោបាយថៃ បែកគ្នា ដោយប្រើវិធីចាក់ឆ្វេងចាក់ស្តាំ ហើយដើរតួជាជនរងគ្រោះលើឆាកអន្តរជាតិ៕
© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.
