The Cambodia Daily Khmer

ចាងហ្វាង​កាសែត CCN ដែល​ទើប​បាត់បង់​អាជ្ញាបណ្ណ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់​ខ្លួន​ពេល​ចុះ​រាយការណ៍​បញ្ហា​ព្រំដែន

លោក មាស សារ៉ា ចាងហ្វាង​កាសែត CCN អំឡុង​ពេល​ផ្សាយ​ផ្ទាល់​នៅ​ទីតាំង​ដែល​ពលរដ្ឋ​ខ្មែរ​ប្រឆាំង​នឹង​ការ​រាយ​លួស​បន្លា​របស់​ទាហាន​ថៃ នៅ​ភូមិ​ជោគជ័យ ខេត្ត​បន្ទាយមានជ័យ កាលពី​ថ្ងៃទី​២៦ ខែ​សីហា ឆ្នាំ​២០២៥។

លោក មាស សារ៉ា ចាងហ្វាង​កាសែត CCN អំឡុង​ពេល​ផ្សាយ​ផ្ទាល់​នៅ​ទីតាំង​ដែល​ពលរដ្ឋ​ខ្មែរ​ប្រឆាំង​នឹង​ការ​រាយ​លួស​បន្លា​របស់​ទាហាន​ថៃ នៅ​ភូមិ​ជោគជ័យ ខេត្ត​បន្ទាយមានជ័យ កាលពី​ថ្ងៃទី​២៦ ខែ​សីហា ឆ្នាំ​២០២៥។

ចាងហ្វាង​កាសែត CCN ដែល​ទើប​នឹង​បាត់បង់​អាជ្ញាបណ្ណ លោក មាស សារ៉ា ត្រូវ​បាន​សមត្ថកិច្ច​ឃាត់​ខ្លួន​នៅ​ថ្ងៃ​អង្គារ​នេះ អំឡុង​ពេល​ចុះ​យក​ព័ត៌មាន​ក្នុង​នាម​បុគ្គល​ឯកជន​នៅ​ទីតាំង​ដែល​ពលរដ្ឋ​ខ្មែរ​ប្រឆាំង​នឹង​ការ​រាយ​លួស​បន្លា​របស់​ទាហាន​ថៃ នៅ​ភូមិ​ជោគជ័យ ខេត្ត​បន្ទាយមានជ័យ។

នៅ​ថ្ងៃទី​២៦ ខែ​សីហា នេះ គណនី​ហ្វេសប៊ុក​ឈ្មោះ មាស សារ៉ា បញ្ជាក់​ថា លោក មាស សារ៉ា ដែល​ត្រូវ​បាន​ក្រសួង​ព័ត៌មាន ដក​អាជ្ញាបណ្ណ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់​ខ្លួន​នៅ​ព្រឹក​ថ្ងៃទី​២៦ ខែ​សីហា ឆ្នាំ​២០២៥ នេះ ស្ថិត​នៅ​ភូមិ​ជោគជ័យ ឃុំ​អូរបីជាន់ ស្រុក​អូរជ្រៅ ខេត្ត​បន្ទាយមានជ័យ។

ផ្អែក​តាម​វីដេអូ​ផ្សាយ​ផ្ទាល់​ចុងក្រោយ​នៅ​អំឡុង​ម៉ោង ៨​ព្រឹក ថ្ងៃទី​២៦ ខែ​សីហា នេះ លោក មាស សារ៉ា បាន​ផ្សាយ​ព័ត៌មាន​ក្នុង​នាម​ជា​បុគ្គល​ឯកជន​ដោយ​គ្មាន​ស្ថាប័ន​សារព័ត៌មាន ស្ថិត​នៅ​ទីតាំង​ដែល​ទាហាន​ថៃ រាយ​បន្លា​លួស​ក្នុង​ភូមិ​ជោគជ័យ។

កាលពី​ថ្ងៃទី​២១ ខែ​សីហា ឆ្នាំ​២០២៥ ក្រសួង​ព័ត៌មាន បាន​សម្រេច​លុប​អាជ្ញាបណ្ណ​សារព័ត៌មាន CCN Online TV របស់​លោក មាស សារ៉ា បន្ទាប់ពី​ចាងហ្វាង​សារព័ត៌មាន​រូប​នេះ​ធ្វើ​សេចក្តី​រាយការណ៍​អំពី​បញ្ហា​ព្រំដែន​នៅ​ខេត្ត​បន្ទាយមានជ័យ កាល​អំឡុង​ថ្ងៃទី​២០ ខែ​សីហា កន្លង​ទៅ ដែល​បាន​ផ្សាយ​ពី​ការ​បាត់បង់​ផ្ទះ​របស់​ពលរដ្ឋ និង​ប៉ុស្តិ៍​ទាហាន​ខ្មែរ ដោយ​ការ​រាយ​លួស​បន្លា​ពី​សំណាក់​យោធា​ថៃ។

យ៉ាងណាក៏ដោយ បន្ទាប់ពី​លោក​ត្រូវ​ក្រសួង​ព័ត៌មាន លុប​អាជ្ញាបណ្ណ នៅ​ថ្ងៃទី​២១ ខែ​សីហា ដដែល លោក មាស សារ៉ា បញ្ជាក់​ថា លោក​នឹង​មិន​រាយការណ៍​ក្នុង​នាម​ជា​អ្នក​ព័ត៌មាន​ទៀត​ទេ ប៉ុន្តែ​នឹង​រាយការណ៍​ក្នុង​នាម​ជា​ពលរដ្ឋ និង​យុវជន​ដែល​ស្រឡាញ់​ប្រទេស​ជាតិ​វិញ​ម្តង។

ទាក់ទិន​នឹង​បញ្ហា​នេះ អភិបាល​ខេត្ត​បន្ទាយមានជ័យ អ៊ុំ រាត្រី ក៏​បាន​ហាម​ការ​ផ្សាយ​របស់​សារព័ត៌មាន SBT News របស់​លោក សាន្ត ប៊ុនធឿន ផង​ដែរ​នៅ​ថ្ងៃទី​២៦ សីហា នេះ ជុំវិញ​ការ​ផ្សាយ​អំពី​ការ​តតាំង​របស់​ពលរដ្ឋ​ខ្មែរ​នៅ​ភូមិ​ជោគជ័យ ឃុំ​អូរបីជាន់ ខេត្ត​បន្ទាយមានជ័យ ចំពោះ​ការ​រាយ​លួស​បន្លា​របស់​កងទ័ព​ថៃ នៅ​ទីតាំង​កើតហេតុ​នោះ។

ចំពោះ​ការ​ហាមឃាត់​នេះ តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក សួន រីដា បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​២៦ សីហា នេះ​ថា ព័ត៌មាន​ពិត​ត្រូវ​បាន​បំបិទ ហើយ​ទង្វើ​បែប​នេះ​រឹតតែ​ធ្វើ​ឱ្យ​ពលរដ្ឋ​ខ្មែរ​អស់​ជំនឿ​លើ​រដ្ឋាភិបាល​ទៅវិញ​ទេ។

ចំណែក​អ្នក​លេង​បណ្ដាញ​សង្គម​ហ្វេសប៊ុក​មួយ​ចំនួន បាន​បញ្ចេញ​ប្រតិកម្ម​សម្ដែង​ការ​មិន​ពេញចិត្ត​នឹង​ការ​ហាមឃាត់​របស់​អាជ្ញាធរ​ពី​ការ​ផ្សាយ​អំពី​សកម្មភាព​រាយ​លួស​បន្លា​របស់​កងទ័ព​ថៃ ផង​ដែរ ដូចជា ពាក្យ​ថា រដ្ឋាភិបាល​កំពុង​លាក់បាំង​ព័ត៌មាន​មិន​ឱ្យ​ពលរដ្ឋ​ដឹង​អំពី​ការពិត​ចំពោះ​ការ​ឈ្លានពាន​ទឹកដី​ពី​សំណាក់​កងទ័ព​ថៃ ជាដើម៕

© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

Exit mobile version