The Cambodia Daily Khmer

ថៃ ព្រមាន​ចាត់​វិធានការ​ច្បាប់​លើ​ពលរដ្ឋ​ខ្មែរ​ដែល​រុះរើ​បន្លា​លួស ខណៈ​កម្ពុជា​ថា​ជា​ការ​រំលោភ​បទ​ឈប់​បាញ់

យោធា​ថៃ រាយ​បន្លា​លួស​ចូល​ដី​កម្ពុជា ស្ថិត​នៅ​ភូមិ​ជោគជ័យ ឃុំ​អូរបីជាន់ ខេត្ត​បន្ទាយមានជ័យ កាលពី​ថ្ងៃទី​២៥ ខែ​សីហា ឆ្នាំ​២០២៥។

យោធា​ថៃ រាយ​បន្លា​លួស​ចូល​ដី​កម្ពុជា ស្ថិត​នៅ​ភូមិ​ជោគជ័យ ឃុំ​អូរបីជាន់ ខេត្ត​បន្ទាយមានជ័យ កាលពី​ថ្ងៃទី​២៥ ខែ​សីហា ឆ្នាំ​២០២៥។

រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​ស្ដីទី​ថៃ ព្រមាន​ចាត់​វិធានការ​ច្បាប់​លើ​ពលរដ្ឋ​ខ្មែរ​ដែល​បាន​រុះរើ​បន្លា​លួស​ប្រឆាំង​នឹង​កងទ័ព​ថៃ នៅ​ភូមិ​ជោគជ័យ ឃុំ​អូរបីជាន់ ស្រុក​អូរជ្រៅ ខេត្ត​បន្ទាយមានជ័យ ខណៈ​ក្រសួង​ការពារ​ជាតិ​កម្ពុជា ចាត់ទុក​សកម្មភាព​រាយ​បន្លា​លួស​ពី​សំណាក់​យោធា​ថៃ គឺជា​ការ​រំលោភ​លើ​បទ​ឈប់​បាញ់។

កាសែត The Nation របស់​ថៃ ស្រង់​សម្ដី​លោក ណាតថាផុន ណាក់ផានិត (Nattaphon Narkphanit) រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​ស្ដីទី​ថៃ នៅ​ថ្ងៃទី​២៦ សីហា នេះ​ថា យោធា​ថៃ បាន​ពង្រឹង​សន្តិសុខ​នៅ​តាម​ព្រំដែន​ក្នុង​ភូមិ​ណងចាន់ (Nong Chan) ក្នុង​ខេត្ត​ស្រះកែវ បន្ទាប់ពី​ក្រុម​បាតុករ​កម្ពុជា​ប៉ុនប៉ង​រុះរើ​លួស​បន្លា​ដែល​ក្រុម​យោធា​បាន​ហ៊ុមព័ទ្ធ។

លោក ណាតថាផុន ណាក់ផានិត អះអាង​ថា កងទ័ព​ថៃ បាន​បន្ថែម​លួស​បន្លា​ការពារ​ដើម្បី​រារាំង​ជនស៊ីវិល​កម្ពុជា មិន​ឲ្យ​ចូល​ក្នុង​ទឹកដី​ថៃ ចៀសវាង​កើតមាន​ឧបទ្ទវហេតុ​កើតឡើង​ដដែលៗ ហើយ​វិធានការ​ផ្លូវ​ច្បាប់​នេះ អាច​ធ្វើ​ឡើង​ពី​សំណាក់​កងទ័ព អាជ្ញាធរ​ខេត្ត ឬ​ស្ថាប័ន​ពាក់ព័ន្ធ​ដទៃ​ទៀត​ផង​ដែរ។

ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​នៅ​ថ្ងៃទី​២៦ សីហា នេះ អ្នក​នាំពាក្យ​ក្រសួង​ការពារ​ជាតិ​កម្ពុជា អ្នកស្រី ម៉ាលី សុជាតា ចាត់ទុក​ថា​សកម្មភាព​រាយ​លួស​បន្លា​ពី​សំណាក់​យោធា​ថៃ គឺជា​ការ​រំលោភ​លើ​បទ​ឈប់​បាញ់ និង​អនុស្សរណៈ​យោគយល់​ឆ្នាំ​២០០០ (MOU២០០០) រួម​ទាំង​រំលោភ​ស្មារតី​នៃ​កិច្ចព្រមព្រៀង​ដែល​បាន​សម្រេច​ក្នុង​កិច្ចប្រជុំ​វិសាមញ្ញ​របស់​គណៈកម្មាធិការ​ព្រំដែន​ថ្នាក់​យោធភូមិភាគ (RBC) កាលពី​ពេល​ថ្មីៗ​នេះ​យ៉ាង​ធ្ងន់ធ្ងរ​ផង​ដែរ។

អ្នក​នាំពាក្យ​រូប​នេះ​បញ្ជាក់​ថា រាល់​ទំនាស់​ពាក់ព័ន្ធ​បញ្ហា​ព្រំដែន កម្ពុជា​ប្ដេជ្ញាចិត្ត​លើក​យក​ទៅ​ដោះស្រាយ​ដោយ​គណៈកម្មាធិការ​ចម្រុះ​ខណ្ឌសីមា​ព្រំដែន​គោក (JBC) នៃ​ប្រទេស​ទាំង​ពីរ ស្រប​តាម​អនុស្សរណៈ​យោគយល់​គ្នា​ឆ្នាំ​២០០០ (MOU២០០០)។

ជុំវិញ​បញ្ហា​នេះ ពលរដ្ឋ​ខ្មែរ​រាប់​រយ​នាក់ បាន​ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក​នៅ​ថ្ងៃទី​២៦ សីហា នេះ​ថា កងទ័ព​ថៃ បាន​ចូល​ទៅ​រាយ​បន្លា​លួស​ក្នុង​ភូមិ​ជោគជ័យ ឃុំ​អូរបីជាន់ ស្រុក​អូរជ្រៅ ខេត្ត​បន្ទាយមានជ័យ កាលពី​ថ្ងៃ​ចន្ទ ប៉ុន្តែ​ត្រូវ​បរាជ័យ​ដោយសារ​ការ​ប្រឆាំង​តវ៉ា​របស់​ពលរដ្ឋ។

ប្រភព​ដដែល អះអាង​ថា នៅ​ថ្ងៃ​អង្គារ​នេះ កងទ័ព​ថៃ បាន​ព្យាយាម​រាយ​លួស​បន្លា​ម្តង​ទៀត ប៉ុន្តែ​ត្រូវ​បរាជ័យ​ដដែល ហើយ​ចាប់តាំងពី​យប់​ថ្ងៃ​ចន្ទ ពួកគេ​បាន​នាំគ្នា​បោះ​តង់​ដេក​យាមកាម​នៅ​ទីតាំង​ដែល​កងទ័ព​ថៃ ប៉ុនប៉ង​រាយ​លួស​បន្លា​នោះ​ផង​ដែរ ខណៈ​យប់​នេះ ពួកគេ​ក៏​នឹង​បន្ត​ដេក​យាមកាម​នៅ​ទីតាំង​នេះ​បន្ត​ទៀត។

កាលពី​ថ្ងៃទី​២៥ ខែ​សីហា បណ្ឌិត ឥន សុផល អ្នកជំនាញ​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន ដោយ​ភ្ជាប់​ជាមួយ​ផែនទី​អង្គការ​សហប្រជាជាតិ​ថា ជំរំ​ណងចាន់ (Nong Chan) គឺ​ស្ថិត​នៅ​លើ​ទឹកដី​កម្ពុជា ជាប់​នឹង​ព្រំដែន​ថៃ ដែល​ជំរំ​នេះ​ធ្លាប់​ត្រូវ​បាន​គ្រប់គ្រង​ដោយ​ចលនា​រណសិរ្ស​រំដោះ​ជាតិ​ខ្មែរ​របស់​លោកតា សឺន សាន ដែល​មាន​លោក ឌៀង ឌែល ជា​មេបញ្ជាការ​នា​ពេល​នោះ។

បណ្ឌិត ឥន សុផល អះអាង​ថា នៅ​ឆ្នាំ​១៩៧៩ មាន​ជនភៀសខ្លួន​ខ្មែរ ១​ម៉ឺន ៣​ពាន់​នាក់ (១៣០០០​នាក់) រហូត​ដល់​ឆ្នាំ​១៩៨៤ ជនភៀសខ្លួន​ខ្មែរ​បាន​កើន​ឡើង​រហូត​ដល់ ១​ម៉ឺន ៦​ពាន់​នាក់ (១៦០០០​នាក់) ដែល​រស់នៅ​ក្នុង​ជំរំ​ណងចាន់ នេះ។

លោក​បញ្ជាក់​ថា ជំរំ​ជនភៀសខ្លួន​ខ្មែរ​ដែល​នៅ​ក្នុង​ទឹកដី​ថៃ គឺ​មាន​តែ​ជំរំ​ខាវអ៊ីដាង (Khao I Dang) មួយ​ប៉ុណ្ណោះ ហើយ​បើ​ថៃ ចង់​បាន​សាក្សី គឺ​អង្គការ​សហប្រជាជាតិ (UNHCR) តែម្តង​ដែល​មាន​ទាំង​ភស្តុតាង​ពិតប្រាកដ ប៉ុន្តែ​ថៃ ប្រាកដជា​មិន​ចង់​បាន​ភស្តុតាង ឬ​សាក្សី​នោះ​ទេ ដោយសារ​ពួកគេ​ប៉ុនប៉ង​ប្លន់​យក​ទឹកដី​ខ្មែរ​ទៅ​ហើយ​នោះ៕

© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

Exit mobile version