The Cambodia Daily Khmer

កម្ពុជា​ដាក់​លិខិត​តវ៉ា​ជា​ផ្លូវការ​ទៅ​ភាគី​ថៃ ចំពោះ​ការ​រាយ​បន្លា​លួស ដាក់​សំណាញ់​របាំង​ក្នុង​ទឹកដី​កម្ពុជា

ទិដ្ឋភាព​នៃ​ទីតាំង​ដែល​ក្រុម​យោធា​ថៃ បាន​ដាក់​រាយ​បន្លា​លួស និង​កង់ឡាន​ព័ទ្ធ​រំលោភ​ចូល​ភូមិ​ពលរដ្ឋ​ខ្មែរ ស្ថិត​នៅ​ក្នុង​ឃុំ​អូរបីជាន់ ស្រុក​អូរជ្រៅ ខេត្ត​បន្ទាយមានជ័យ នៅ​ថ្ងៃទី​១៤ ខែ​សីហា ឆ្នាំ​២០២៥។

ទិដ្ឋភាព​នៃ​ទីតាំង​ដែល​ក្រុម​យោធា​ថៃ បាន​ដាក់​រាយ​បន្លា​លួស និង​កង់ឡាន​ព័ទ្ធ​រំលោភ​ចូល​ភូមិ​ពលរដ្ឋ​ខ្មែរ ស្ថិត​នៅ​ក្នុង​ឃុំ​អូរបីជាន់ ស្រុក​អូរជ្រៅ ខេត្ត​បន្ទាយមានជ័យ នៅ​ថ្ងៃទី​១៤ ខែ​សីហា ឆ្នាំ​២០២៥។

ក្រសួង​ការបរទេស​កម្ពុជា បាន​ដាក់​លិខិត​តវ៉ា​ជា​ផ្លូវការ​មួយ​ទៅ​កាន់​រដ្ឋាភិបាល​ថៃ ដើម្បី​ប្រឆាំង​នឹង​ការ​ទន្ទ្រាន​ជាបន្តបន្ទាប់​របស់​យោធា​ថៃ ចូល​ទៅ​ក្នុង​តំបន់​ព្រំដែន​កម្ពុជា-ថៃ ដោយ​រាយ​បន្លា​លួស ដាក់​សំណាញ់​របាំង និង​ដាក់​កង់ឡាន ជាពិសេស​តំបន់​ដែល​មាន​ពលរដ្ឋ​កម្ពុជា​រស់នៅ។

យោង​តាម​ការ​បញ្ជាក់​របស់​អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​កម្ពុជា នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​នា​ព្រឹក​ថ្ងៃទី​២៧ ខែ​សីហា ឆ្នាំ​២០២៥ លោក ជុំ សុន្ទរី ថ្លែង​ថា កាលពី​ថ្ងៃទី​២៥ ខែ​សីហា ឆ្នាំ​២០២៥ ក្រសួង​ការបរទេស​កម្ពុជា បាន​ដាក់​លិខិត​តវ៉ា​ជា​ផ្លូវការ​មួយ​ទៅ​កាន់​រដ្ឋាភិបាល​ថៃ ដើម្បី​ប្រឆាំង​នឹង​ការ​ទន្ទ្រាន​ជាបន្តបន្ទាប់​របស់​យោធា​ថៃ ចូល​ទៅ​ក្នុង​តំបន់​ព្រំដែន​កម្ពុជា-ថៃ ជាពិសេស​តំបន់​ដែល​មាន​ប្រជាពលរដ្ឋ​កម្ពុជា​បាន​រស់នៅ។

លោក ជុំ សុន្ទរី ថ្លែង​ថា នៅ​ក្នុង​លិខិត​តវ៉ា​ជា​ផ្លូវការ​នោះ កម្ពុជា​បាន​បង្ហាញ​ក្តី​កង្វល់​យ៉ាង​ខ្លាំង និង​បាន​ចាត់ទុក​សកម្មភាព​ទន្ទ្រាន​ដោយ​រាយ​បន្លា​លួស ដាក់​សំណាញ់​របាំង និង​ដាក់​កង់ឡាន​ចូល​ទឹកដី​ខ្មែរ​នៅ​តំបន់​ភូមិ​ជោគជ័យ ឃុំ​អូរបីជាន់ ស្រុក​អូរជ្រៅ ខេត្ត​បន្ទាយមានជ័យ ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​មក​នេះ គឺជា​ទង្វើ​ដែល​នាំ​ឲ្យ​ប៉ះពាល់​ដល់​កិច្ចព្រមព្រៀង​បទ​ឈប់​បាញ់​នៃ​ប្រទេស​ទាំង​ពីរ ដែល​បាន​ឯកភាព​គ្នា​កាលពី​កន្លង​ទៅ។

ក្រោយ​មាន​ការ​ព្រមព្រៀង​លើ​បទ​ឈប់​បាញ់​រវាង​ភាគី​កម្ពុជា និង​ថៃ តាំងពី​នៅ​ទីក្រុង​ពូត្រាចាយ៉ា ក្នុង​ប្រទេស​ម៉ាឡេស៊ី រហូត​ដល់​មាន​ការ​ព្រមព្រៀង​ជា​ថ្មី​ក្នុង​កិច្ចប្រជុំ​វិសាមញ្ញ​របស់​គណៈកម្មាធិការ​ព្រំដែន​ទូទៅ (GBC) រវាង​កម្ពុជា និង​ថៃ ក្នុង​ទីក្រុង​កូឡាឡាំពួរ ប្រទេស​ម៉ាឡេស៊ី ក្រុម​អនុព័ន្ធយោធា​ប្រចាំ​កម្ពុជា និង​ប្រទេស​ក្នុង​តំបន់​អាស៊ាន បាន​ចុះ​ទៅ​សង្កេត​ស្ថានការណ៍​តាម​ព្រំដែន​ខ្មែរ-ថៃ ជាបន្តបន្ទាប់។

ការ​ចុះ​ទៅ​ពិនិត្យ​របស់​ក្រុម​អ្នក​សង្កេតការណ៍​អន្តរកាល (IOT) នៅ​ខេត្ត​ព្រះវិហារ នា​ថ្ងៃ​ពុធ​កន្លង​មក​នេះ គឺជា​លើក​ទី​បី​ហើយ​គិត​តាំងពី​មាន​ការ​ប្រជុំ​វិសាមញ្ញ​របស់​គណៈកម្មាធិការ​ព្រំដែន​ទូទៅ (GBC) រវាង​ភាគី​កម្ពុជា និង​ថៃ នៅ​ប្រទេស​ម៉ាឡេស៊ី កាលពី​ថ្ងៃទី​៧ ខែ​សីហា ឆ្នាំ​២០២៥។

ការ​ចុះ​ទៅ​ពិនិត្យ​ទីតាំង​ដែល​ធ្លាប់​មាន​ការ​វាយ​ប្រយុទ្ធ​គ្នា​រវាង​ទាហាន​ខ្មែរ និង​ថៃ នេះ ក៏​បាន​រៀបចំ​នៅ​ខាង​ភាគី​ថៃ ផង​ដែរ។ ជាក់ស្តែង កាលពី​ថ្ងៃ​អង្គារ ទី​១៩ ខែ​សីហា ក្រុម​អ្នក​សង្កេតការណ៍​អន្តរកាល​អាស៊ាន ៨​ប្រទេស ក្រោម​ការ​រៀបចំ​របស់​ភាគី​ថៃ បាន​ចុះ​ពិនិត្យ​តំបន់​ចុងអានម៉ា នៅ​ខេត្ត​អ៊ូប៊ុន រជ្ជឆថានី​របស់​ថៃ ដែល​ខាង​កម្ពុជា ហៅថា​ច្រក​អានសេះ ហើយ​ក៏​ជា​ទឹកដី​របស់​កម្ពុជា​ក្នុង​ខេត្ត​ព្រះវិហារ។

នៅ​ថ្ងៃទី​២០ ខែ​សីហា នេះ ភាគី​ថៃ ក៏​បាន​នាំ​ក្រុម​អ្នក​សង្កេតការណ៍​អន្តរកាល ចុះ​ពិនិត្យ​នៅ​តំបន់​មាន​ជម្លោះ​ក្នុង​ខេត្ត​សុរិន្ទ ដែល​នៅ​ជាប់​ខេត្ត​ឧត្ដរមានជ័យ ប្រទេស​កម្ពុជា។

កាលពី​ថ្ងៃទី​១៩ ខែ​សីហា តំណាង​ក្រុម​អ្នក​សង្កេតការណ៍​អន្តរកាល ដែល​ចុះ​ពិនិត្យ​ស្ថានការណ៍​នៅ​ខាង​ថៃ បាន​ប្រាប់​អ្នកកាសែត​ថា ការ​ចុះ​ពិនិត្យ​របស់​ក្រុម​អ្នក​សង្កេតការណ៍ គឺ​មិនមែន​ជា​ការ​វាយតម្លៃ​ថា​ខាង​ណា​ត្រូវ ឬ​ខុស​នោះ​ទេ តែ​ធ្វើឡើង​ដើម្បី​ពិនិត្យ និង​ផ្ទៀងផ្ទាត់​ព័ត៌មាន ហើយ​ធ្វើ​របាយការណ៍​នៅ​ពេល​ក្រោយ៕

© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

Exit mobile version