The Cambodia Daily Khmer

ក្រោយ​បិទ​ច្រក​ព្រំដែន ពាណិជ្ជកម្ម​រវាង​ប្រទេស​កម្ពុជា-ថៃ ធ្លាក់​ចុះ​ជិត ១០០% ក្នុង​ខែ​កក្កដា

ទិដ្ឋភាព​នៃ​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​បានឡែម កាលពី​ថ្ងៃទី​២៤ ខែ​មិថុនា ឆ្នាំ​២០២៥។

ទិដ្ឋភាព​នៃ​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​បានឡែម កាលពី​ថ្ងៃទី​២៤ ខែ​មិថុនា ឆ្នាំ​២០២៥។

នាយកដ្ឋាន​ពាណិជ្ជកម្ម​ថៃ ត្អូញត្អែរ​ថា ក្រោយ​បិទ​ច្រក​ព្រំដែន​ថៃ-កម្ពុជា បណ្តាល​ឱ្យ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ​ធ្លាក់​ចុះ​ជិត ១០០% (៩៧,៥%) ដែល​ធ្លាក់​មក​នៅ​ត្រឹមតែ​ជាង ៣០០​លាន​បាត (៣៧៦​លាន​បាត) ប៉ុណ្ណោះ ក្នុង​ខែ​កក្កដា កន្លង​ទៅ​នេះ។

សារព័ត៌មាន​ថៃ The Nation បាន​ស្រង់​សម្ដី​អគ្គនាយក​នៃ​នាយកដ្ឋាន​ពាណិជ្ជកម្ម​ថៃ អ្នកស្រី Arada Fuangtong កាលពី​ថ្ងៃទី​២៦ ខែ​សីហា ថា ការ​បិទ​ច្រក​ព្រំដែន​រវាង​ថៃ និង​កម្ពុជា បាន​ទាញ​ទម្លាក់​ពាណិជ្ជកម្ម​ទ្វេភាគី​ឱ្យ​ធ្លាក់​ចុះ​ដល់​កម្រិត​អវិជ្ជមាន​ធ្ងន់ធ្ងរ។

ប្រភព​ដដែល​លើកឡើង​ថា ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​ថៃ និង​កម្ពុជា បាន​ធ្លាក់​ចុះ​មក​នៅ​ត្រឹមតែ ១១,៥​លាន​ដុល្លារ​អាមេរិក​ប៉ុណ្ណោះ ដែល​ស្មើ​នឹង ៩៧,៥% ក្នុង​នោះ​ការ​នាំចេញ​ពី​ថៃ ទៅ​កម្ពុជា បាន​ធ្លាក់​ចុះ​មក​នៅ​ត្រឹម ១១,៤​លាន​ដុល្លារ​អាមេរិក ដែល​ស្មើ​នឹង ៩៧%។

អគ្គនាយក​នៃ​នាយកដ្ឋាន​ពាណិជ្ជកម្ម​ថៃ រូប​នេះ បញ្ជាក់​ថា កាន់តែ​ធ្ងន់ធ្ងរ​ទៀត​នោះ គឺ​ការ​នាំចូល​របស់​កម្ពុជា​ទៅ​កាន់​ប្រទេស​ថៃ បាន​ធ្លាក់​ចុះ​យ៉ាង​គំហុក​មក​នៅ​ត្រឹមតែ ១៨​ម៉ឺន​ដុល្លារ​អាមេរិក​ប៉ុណ្ណោះ ដែល​ស្មើ​នឹង ៩៩,៨%។

កាលពី​ថ្ងៃទី​១៦ ខែ​កក្កដា ឆ្នាំ​២០២៥ អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា បាន​ចេញ​សេចក្តី​ប្រកាស​ហាមឃាត់​មុខទំនិញ​មាន​ប្រភព​ដើម​ពី​ប្រទេស​ថៃ ដូចជា បន្លែ និង​ផ្លែឈើ ប្រេងឥន្ធនៈ និង​ឧស្ម័ន​ឥន្ធនៈ រួម​មាន​ប្រេងសាំង ប្រេង​ម៉ាស៊ូត ឧស្ម័ន​រាវ​សម្រាប់​ដុត ប្រេង​ខ្មៅ និង​ប្រេងសាំង​យន្តហោះ​ផង​ដែរ។

ការ​ចេញ​សេចក្តី​ប្រកាស​នេះ ធ្វើឡើង​បន្ទាប់ពី​ប្រធាន​ព្រឹទ្ធសភា​កម្ពុជា លោក ហ៊ុន សែន និង​នាយករដ្ឋមន្ត្រី លោក ហ៊ុន ម៉ាណែត បាន​ប្រកាស​ហាមឃាត់​ការ​នាំ​ទំនិញ​ថៃ ឆ្លងកាត់ ឬ​នាំចូល​ប្រទេស​កម្ពុជា ក្រោយ​យោធា​ថៃ សម្រេច​បិទ​ច្រក​ព្រំដែន​ជាមួយ​កម្ពុជា ដោយ​ឯកតោភាគី​កាលពី​ថ្ងៃទី​៧ ខែ​មិថុនា កន្លង​ទៅ។

គិត​ត្រឹម​ខែ​សីហា ឆ្នាំ​២០២៥ កម្ពុជា​បាន​ហាមឃាត់​មុខទំនិញ​ពី​ប្រទេស​ថៃ ចំនួន ១១​មុខ​ហើយ រួម​មាន បន្លែ ផ្លែឈើ ប្រេងសាំង ប្រេងម៉ាស៊ូត ឧស្ម័ន​រាវ​សម្រាប់​ដុត ប្រេង​ខ្មៅ ប្រេងសាំង​យន្តហោះ អគ្គិសនី អ៊ីនធឺណិត ភាពយន្ត និង​កីឡាករ​ប្រដាល់​ថៃ ផង​ដែរ។

ជុំវិញ​បញ្ហា​នេះ សារព័ត៌មាន​ថៃ The Nation បាន​ចុះផ្សាយ​កាលពី​ថ្ងៃទី​១២ ខែ​សីហា ថា បន្ទាប់ពី​ការ​ហាមឃាត់​របស់​កម្ពុជា ការ​នាំចូល​ប្រេងម៉ាស៊ូត​របស់​ថៃ ទៅ​កម្ពុជា បាន​ធ្លាក់​ចុះ ៧,៤% ខណៈ​ផលិតផល​ប្រេង​ចម្រាញ់​ផ្សេង​ទៀត​ក៏​បាន​ធ្លាក់​ចុះ​រហូត​ដល់ ៣៣,៣% ផង​ដែរ។ ចំណែក​ប្រភេទ​ផលិតផល​សំខាន់ៗ ដូចជា ទឹកដោះគោ ទឹក​សណ្តែក ភេសជ្ជៈ​ប៉ូវ​កម្លាំង រួម​ទាំង​កាហ្វេ ជាដើម ក៏​បាន​ធ្លាក់​ចុះ​ធ្ងន់ធ្ងរ​ជាបន្តបន្ទាប់៕

© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

Exit mobile version