The Cambodia Daily Khmer

ក្រសួង​ការពារ​ជាតិ​ថៃ បើក​ដៃ​ឱ្យ​កងទ័ព​ថៃ​បាញ់​សម្លាប់​ទាហាន​កម្ពុជា ដែល​គេ​ចោទ​ថា​លួច​ដាក់​បង្កៃ​គ្រាប់បែក​ក្នុង​ទឹកដី​ថៃ

អនុរដ្ឋមន្ត្រី​ការពារ​ជាតិ​ថៃ នាយ​ឧត្ដមសេនីយ៍ ណាតាផុន ណាក់ផានិត (Nattapon Narkphanit)

អនុរដ្ឋមន្ត្រី​ការពារ​ជាតិ​ថៃ នាយ​ឧត្ដមសេនីយ៍ ណាតាផុន ណាក់ផានិត (Nattapon Narkphanit)

អនុរដ្ឋមន្ត្រី​ការពារ​ជាតិ​ថៃ នាយ​ឧត្ដមសេនីយ៍ ណាតាផុន ណាក់ផានិត (Nattapon Narkphanit) ព្រមាន​បាញ់​សម្លាប់​យោធា​កម្ពុជា ប្រសិនបើ​យោធា​ថៃ ចាប់​បាន​ពេល​ទាហាន​កម្ពុជា កំពុង​ដាក់​បង្កៃ​គ្រាប់បែក​ក្នុង​ទឹកដី​ថៃ។

យោង​តាម​ការ​ចេញ​ផ្សាយ​របស់​កាសែត​ថៃ The Nation ស្រង់​សម្ដី​លោក ណាតាផុន ណាក់ផានិត នៅ​ថ្ងៃទី​២ កញ្ញា នេះ​ថា ទាហាន​ថៃ នឹង​បាញ់​សម្លាប់​កងទ័ព​កម្ពុជា គ្មាន​ការ​លើកលែង​ឡើយ បើ​ទាហាន​ថៃ ចាប់​បាន​ទាហាន​កម្ពុជា​ណា​ដែល​ហ៊ាន​លួច​ដាក់​បង្កៃ​គ្រាប់បែក​នៅ​លើ​ទឹកដី​ថៃ។

លោក ណាតាផុន ណាក់ផានិត អះអាង​ថា លោក​បាន​ទទួល​របាយការណ៍​ពី​កងទ័ព​ភូមិន្ទ​ថៃ (RTA) ដែល​បញ្ជាក់​ថា​ការ​បង្កៃ​គ្រាប់បែក​ដែល​ផលិត​ឡើង​ពី​គ្រាប់បែក​ត្បាល់ ត្រូវ​បាន​រក​ឃើញ​នៅ​ជិត​ប្រាសាទ​តាក្របី កាលពី​ថ្ងៃ​អាទិត្យ ទី​៣១ ខែ​សីហា កន្លង​ទៅ​នេះ។

អនុរដ្ឋមន្ត្រី​ការពារ​ជាតិ​ថៃ រូប​នេះ បញ្ជាក់​ទៅ​កាន់​ពលរដ្ឋ​ថៃ ថា ភាព​មិន​ប្រាកដប្រជា​នយោបាយ​របស់​ប្រទេស​ថៃ បច្ចុប្បន្ន នឹង​មិន​ធ្វើ​ឱ្យ​សន្តិសុខ​ព្រំដែន​ជាមួយ​កម្ពុជា ចុះ​ខ្សោយ​ឡើយ។

កាលពី​ថ្ងៃទី​៧ ខែ​សីហា ឆ្នាំ​២០២៥ កម្ពុជា-ថៃ បាន​ឯកភាព​គ្នា​ក្នុង​កិច្ចប្រជុំ​វិសាមញ្ញ​នៃ​គណៈកម្មាធិការ​ព្រំដែន​ទូទៅ​កម្ពុជា-ថៃ (Extraordinary GBC Meeting) នៅ​ប្រទេស​ម៉ាឡេស៊ី ដោយ​ព្រមព្រៀង​គ្នា​ឱ្យ​មាន​បទ​ឈប់​បាញ់ ដែល​មាន​លក្ខខណ្ឌ​ចំនួន ១៣​ចំណុច។ ក្នុង​ចំណោម​លក្ខខណ្ឌ​ទាំង ១៣​ចំណុច​នេះ ក៏​បាន​ចែង​ដែរ​ថា ភាគី​ទាំង​ពីរ​បាន​ឯកភាព​គ្នា​លើ​បទ​ឈប់​បាញ់ ពាក់ព័ន្ធ​នឹង​អាវុធ​គ្រប់​ប្រភេទ​ទាំងអស់ រួម​ទាំង​ការ​វាយប្រហារ​លើ​ជនស៊ីវិល វត្ថុ​ស៊ីវិល និង​គោលដៅ​យោធា​នៃ​ភាគី​ទាំង​សងខាង ក្នុង​គ្រប់​ករណី និង​តំបន់​ទាំងអស់។

បន្ថែម​ពី​នេះ ភាគី​ទាំង​ពីរ​ក៏​បាន​ឯកភាព​គ្នា​ចៀសវាង​ការ​បាញ់​ប្រហារ ការ​បង្ក​ហេតុ សំដៅ​ទៅ​លើ​ទីតាំង ឬ​កងទ័ព​របស់​ភាគី​ម្ខាង​ទៀត និង​បាន​កំណត់​មិន​ឲ្យ​ភាគី​ទាំង​សងខាង​បំពាន​ដាច់ខាត ទោះ​ស្ថិត​ក្រោម​កាលៈទេសៈ​ណា​ក៏ដោយ។

អ្នក​នាំពាក្យ​ក្រសួង​ការពារ​ជាតិ​កម្ពុជា អ្នកស្រី ម៉ាលី សុជាតា បាន​លើកឡើង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​នៅ​ថ្ងៃ​អង្គារ​នេះ​ថា កងកម្លាំង​កម្ពុជា​ប្ដេជ្ញា​យ៉ាង​ម៉ឺងម៉ាត់​នូវ​ការ​គោរព​កិច្ចព្រមព្រៀង​បទ​ឈប់​បាញ់​រវាង​កម្ពុជា-ថៃ និង​ប្រកាន់ខ្ជាប់​នូវ​លក្ខខណ្ឌ​ទាំង ១៣​ចំណុច​ដែល​បាន​ចែង​ក្នុង​កិច្ចព្រមព្រៀង​នេះ​ផង​ដែរ។

អ្នក​នាំពាក្យ​ក្រសួង​ការពារ​ជាតិ​រូប​នេះ អះអាង​ថា ក្នុង​នាម​ជា​ប្រទេស​ដែល​មាន​ការ​ទទួល​ខុសត្រូវ​ខ្ពស់ និង​ស្រឡាញ់​សន្តិភាព កម្ពុជា​សម្រេច​ជ្រើស​យក​ការ​សន្ទនា​កិច្ចសហប្រតិបត្តិការ​ដោយ​មិន​ទទួលយក​ការ​ប្រឈមមុខ​ដាក់​គ្នា និង​ជម្លោះ​ដាច់ខាត។

សារព័ត៌មាន The Cambodia Daily នៅ​មិន​ទាន់​អាច​ទាក់ទង​លោក ប៉ែន បូណា ប្រធាន​អ្នក​នាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា ដើម្បី​សុំ​ការ​បំភ្លឺ​ជុំវិញ​បញ្ហា​នេះ​បាន​នៅឡើយ​ទេ​រហូត​ដល់​ម៉ោង​ផ្សាយ​នេះ៕

© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

Exit mobile version