រដ្ឋបាលខេត្តបន្ទាយមានជ័យ បដិសេធមិនព្រមអនុវត្តតាមលិខិតរដ្ឋបាលខេត្តស្រះកែវ ដែលបានស្នើសុំកិច្ចសហការដោះស្រាយបញ្ហាផ្ទះប្រជាពលរដ្ឋខ្មែរនៅភូមិជោគជ័យ និងភូមិផ្សេងទៀតនៅតំបន់ព្រំដែនខេត្តបន្ទាយមានជ័យ នៃប្រទេសកម្ពុជា ដែលជាប់នឹងខេត្តស្រះកែវ ប្រទេសថៃឡង់ដ៍។
លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានចេញលិខិតកាលពីថ្ងៃទី២ ខែកញ្ញា ដែលទើបនឹងផ្សព្វផ្សាយនៅថ្ងៃទី៤ កញ្ញា នេះថា បញ្ហាពាក់ព័ន្ធនឹងការគ្រប់គ្រងព្រំដែន និងការវាស់វែងខណ្ឌសីមា និងបោះបង្គោលព្រំដែន គឺជាសមត្ថកិច្ចរបស់គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC)។ បញ្ហានេះក៏ជាសមត្ថកិច្ចរបស់គណៈកម្មាធិការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) នៃប្រទេសទាំងពីរដែរ ដែលស្របទៅនឹងកិច្ចព្រមព្រៀងស្ដីពីកិច្ចសហប្រតិបត្តិការព្រំដែនចុះថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ១៩៩៥ និងអនុស្សរណៈយោគយល់គ្នាស្ដីពីការវាស់វែងខណ្ឌសីមាព្រំដែនកម្ពុជា-ថៃ ឆ្នាំ២០០០ (MoU២០០០) ផងដែរ ដែលចុះហត្ថលេខាដោយលោក សុខ អាន ទេសរដ្ឋមន្ត្រី ជាប្រធានអាជ្ញាធរជាតិប្រេងឥន្ធនៈ និងរដ្ឋមន្ត្រីកិច្ចការបរទេសថៃ ស៊ុរ៉ាគាត សាធៀនថៃ សម័យរាជរដ្ឋាភិបាលថៃ ដឹកនាំដោយលោក ឈួន លីកផៃ។
លោក អ៊ុំ រាត្រី លើកឡើងថា ការធ្វើសកម្មភាពដោយឯកតោភាគីណាមួយប៉ះពាល់ដល់ប្រជាពលរដ្ឋដែលកំពុងរស់នៅ និងអាស្រ័យផលក្នុងតំបន់នោះ គឺជាការបំពាន MoU២០០០ និងកិច្ចព្រមព្រៀងកម្ពុជា-ថៃ កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ យ៉ាងធ្ងន់ធ្ងរ។ លើសពីនេះទៀត ក៏នាំឱ្យប៉ះពាល់ដល់ស្មារតីនៃកិច្ចប្រជុំវិសាមញ្ញនៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) កាលពីថ្ងៃទី៧ ខែសីហា នៅប្រទេសម៉ាឡេស៊ី និងប៉ះពាល់ដល់កិច្ចប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ (RBC) កាលពីថ្ងៃទី២២ ខែសីហា កន្លងទៅថ្មីៗនេះថែមទៀត។
អភិបាលខេត្តបន្ទាយមានជ័យ បញ្ជាក់ថា ដោយគោរពយ៉ាងខ្ជាប់ខ្លួននូវកិច្ចព្រមព្រៀងស្ដីពីកិច្ចសហប្រតិបត្តិការព្រំដែន និង MoU២០០០ ក៏ដូចជាច្បាប់អន្តរជាតិ ព្រមទាំងកិច្ចព្រមព្រៀងទាំងឡាយនៃប្រទេសទាំងពីរ រដ្ឋបាលខេត្តស្រះកែវ ត្រូវរក្សាស្ថានភាពព្រំដែន និងស្ថានភាពប្រជាជនកំពុងរស់នៅ ដើម្បីទុកកិច្ចការស្វែងរកដំណោះស្រាយបញ្ហានេះដល់គណៈកម្មាធិការ GBC និងគណៈកម្មាធិការ JBC ជាអ្នកអនុវត្ត។
លោកគូសបញ្ជាក់ថា បញ្ហានេះនឹងមានដំណោះស្រាយបានល្អប្រកបដោយសន្តិវិធី ដោយឈរលើគោលការណ៍ច្បាប់អន្តរជាតិនៅក្នុងកិច្ចប្រជុំ GBC និងកិច្ចប្រជុំ JBC នាពេលដ៏ខ្លីខាងមុខនេះ ដែលជាយន្តការមានសមត្ថកិច្ចក្នុងការដោះស្រាយដើម្បីបញ្ចប់ទំនាស់ព្រំដែនដោយយុត្តិធម៌។
កាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៥ សារព័ត៌មាន ខៅស៊ុត (Khaosod) បានផ្សព្វផ្សាយលិខិតរដ្ឋបាលខេត្តស្រះកែវ ប្រទេសថៃ ដែលបានដាក់កំហិតឱ្យពលរដ្ឋខ្មែររើផ្ទះ ១៧០គ្រួសារចេញពីភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ជាបន្ទាន់ ហើយបើពលរដ្ឋខ្មែរណាមិនរុះរើផ្ទះសម្បែងតាមកាលកំណត់ទេ នោះអាជ្ញាធរថៃ នឹងចាត់វិធានការផ្លូវច្បាប់តែម្តង។
ទាក់ទិននឹងរឿងនេះ យោធាថៃ ក៏បានលើកបដាក្នុងភូមិជោគជ័យ ក្នុងទីតាំងដែលពួកគេបានព័ទ្ធយកភូមិរបស់ពលរដ្ឋខ្មែរកាលពីពេលកន្លងទៅផងដែរ ដោយសរសេរអក្សរជាភាសាអង់គ្លេស ថៃ និងភាសាខ្មែរ ថា ប្រជាពលរដ្ឋខ្មែរបានរស់លើដីរបស់ពួកគេដោយខុសច្បាប់តាំងពីអំឡុងឆ្នាំ១៩៧៩ មក។ ត្រង់ចំណុចនេះ អ្នកតាមដានស្ថានការណ៍ប្រទេសកម្ពុជា គិតថាជាភារកិច្ចរបស់រាជរដ្ឋាភិបាលតែម្យ៉ាងប៉ុណ្ណោះ។
យ៉ាងណាក៏ដោយ នៅថ្ងៃទី៤ ខែកញ្ញា នេះ អង្គភាពសារព័ត៌មាន SBT របស់លោក សាន្ត ប៊ុនធឿន បានផ្សាយផ្ទាល់ពីភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ជុំវិញសកម្មភាពទាហានថៃ ដែលព្យាយាមរាយលួសបន្លាសាជាថ្មីនៅទីនោះ ប៉ុន្តែត្រូវប្រជាពលរដ្ឋខ្មែររារាំង៕
© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.
