នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រាប់អគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) លោក António Guterres ប្រធានាធិបតីចិន លោក ស៊ី ជីនពីង និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អានវ៉ា អ៊ីប្រាហ៊ីម ថា ជម្លោះព្រំដែនរវាងប្រទេសកម្ពុជា និងប្រទេសថៃ ចាំបាច់ត្រូវមានភាគីទីបីតាមដាន ទើបអាចដោះស្រាយបញ្ចប់បញ្ហាដោយសន្តិវិធី។
អង្គភាពនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មាននៅថ្ងៃទី៤ កញ្ញា នេះថា នៅក្នុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសចិន កាលពីពេលថ្មីៗនេះ លោក ហ៊ុន ម៉ាណែត បានលើកឡើងពីករណីនៅភូមិជោគជ័យ និងភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដែលភាគីថៃ បានពង្រាយលួសបន្លា និងបណ្តេញពលរដ្ឋចេញពីផ្ទះសម្បែង ទៅកាន់មេដឹកនាំពិភពលោកមួយចំនួនផងដែរ។
អង្គភាពដដែលនេះ អះអាងថា លោក ហ៊ុន ម៉ាណែត បានស្នើមេដឹកនាំទាំងនោះសុំឱ្យមានកិច្ចអន្តរាគមន៍ ដើម្បីជំរុញឱ្យមានការអនុវត្តប្រកបដោយប្រសិទ្ធភាព និងពេញលេញនូវបទឈប់បាញ់គ្នា តាមរយៈវត្តមានចាំបាច់នៃយន្តការតាមដានដោយភាគីទីបី ដើម្បីដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី ដោយផ្អែកលើច្បាប់អន្តរជាតិ និងបញ្ឈប់ការពង្រីកតំបន់ជម្លោះបន្តទៀត។
ប្រភពដដែល បញ្ជាក់ថា ការប្រើប្រាស់យោធាចូលកាន់កាប់ដោយខុសច្បាប់ និងបណ្តេញប្រជាពលរដ្ឋស៊ីវិលដោយបង្ខំចេញពីតំបន់ដែលពួកគេកំពុងរស់នៅជាយូរលង់មកហើយនោះ អាចឈានដល់ការផ្ទុះអាវុធសាជាថ្មី និងជាការប្រឈមមុខដាក់គ្នាប្រកបដោយគ្រោះថ្នាក់ ដូច្នេះយន្តការតាមដានរបស់ភាគីទីបីនេះ ក៏ដើម្បីទប់ស្កាត់សកម្មភាពបង្កហេតុ និងបញ្ចៀសហានិភ័យធ្ងន់ធ្ងរដែរ។
ជុំវិញជម្លោះព្រំដែនកម្ពុជា-ថៃ នាពេលនេះ រដ្ឋាភិបាលកម្ពុជា បានបង្ហាញសេចក្តីរាយការណ៍របស់ខ្លួននៅថ្ងៃទី៤ ខែកញ្ញា នេះថា ដើម្បីបញ្ចប់ជម្លោះព្រំដែនដោយសន្តិវិធី ប្រទេសកម្ពុជាបានប្រើយន្តការគ្រប់លំដាប់ថ្នាក់ដែលនៅជាធរមាន ដើម្បីតវ៉ាទៅកាន់ភាគីថៃ និងជូនដំណឹងទៅកាន់ភាគីពាក់ព័ន្ធ តាមគ្រប់មធ្យោបាយការទូតដោយស្របតាមច្បាប់អន្តរជាតិ។
គួររំលឹកថា រដ្ឋាភិបាលប្រទេសកម្ពុជា និងប្រទេសថៃ បានឯកភាពគ្នាឱ្យមានកិច្ចព្រមព្រៀងបទឈប់បាញ់គ្នាកាលពីថ្ងៃទី៧ ខែសីហា កន្លងទៅ ក្រោមលក្ខខណ្ឌ ១៣ចំណុច ប៉ុន្តែជម្លោះព្រំដែនរវាងប្រទេសទាំងពីរនៅតែបន្ត ទោះជាមានបទឈប់បាញ់គ្នានេះទៅហើយក្តី។
ការវិវឌ្ឍដោយឡែកមួយ ប្រទេសថៃឡង់ដ៍ ហាក់បីដូចជារំកិលកាន់តែជិតសហរដ្ឋអាមេរិកឡើងវិញ ស្របតាមកិច្ចព្រមព្រៀងចំណងមិត្តភាពជាសម្ព័ន្ធមិត្តរយៈពេល ៧ទសវត្ស ឬ ៧០ឆ្នាំ។ តាមការចុះផ្សាយក្នុងព្រឹត្តិបត្រ កងនាវាចរណ៍ទី៧ សហរដ្ឋអាមេរិកប្រចាំតំបន់ប៉ាស៊ីហ្វិក នាវាផ្គត់ផ្គង់សម្ភារៈ និងជួសជុលអមដំណើរនាវាមុជទឹក ឈ្មោះ USS Frank Cable (AS 40) submarine tender បានចាកចេញពីកោះភូខេត្ត ប្រទេសថៃឡង់ដ៍ នៅថ្ងៃទី៤ ខែកញ្ញា បន្ទាប់ពីចូលចតបួនថ្ងៃក្នុងបេសកកម្មល្បាតមហាសមុទ្រតំបន់អាស៊ី-ប៉ាស៊ីហ្វិក នាថ្ងៃទី៣១ ខែសីហា។ នាវា USS Frank Cable (AS 40) submarine tender ជាប្រភេទនាវាមានមុខនាទីជាមូលដ្ឋានចល័តសម្រាប់នាវាមុជទឹក និងកប៉ាល់ចម្បាំងផ្សេងៗទៀត។
ដំណាលពេលគ្នានេះ ព្រឹត្តិបត្រផ្សាយអំពីកិច្ចការកងទ័ពឈ្មោះ Defense Visual Information Distribution Service (dvids) ចុះផ្សាយអំពីសមយុទ្ធប្រចាំឆ្នាំ២០២៥ រួមគ្នារវាងទ័ពអាកាសថៃ និងឆ្មាំជាតិទ័ពអាកាសសហរដ្ឋអាមេរិក Washington Air National Guard បានបញ្ចប់កាលពីថ្ងៃទី២៨ ខែសីហា នៅខេត្តកូរ៉ាត ប្រទេសថៃឡង់ដ៍។ ការធ្វើសមយុទ្ធជាមួយគ្នា គេឲ្យឈ្មោះ Enduring Partners 2025 សំដៅហ្វឹកហ្វឺនចាក់សាំងយន្តហោះលើអាកាសដោយយន្តហោះផ្ទុកប្រេង KC-135 Stratotanker ដល់យន្តហោះចម្បាំងថៃ F-16 Falcon៕
© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.
