មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (សង់ត្រាល់) អះអាងថា ក្រុមហ៊ុន ស៊ី អាយ ខេ ខេមបូឌា ខូអិលធីឌី (CIK Cambodia Co., Ltd.) និងក្រុមហ៊ុនបុត្រសម្ព័ន្ធ Mix & Match Garments ដែលមានម្ចាស់ជាជនជាតិកូរ៉េខាងត្បូង ដូចគ្នានោះ បានគេចវេះផ្តល់សំណងតាមដីកាតុលាការដល់ថ្នាក់ដឹកនាំសហជីពដែលជាស្ត្រី ៣នាក់អស់រយៈពេល ៨ឆ្នាំ។
អង្គការសង់ត្រាល់ សរសេរលើទំព័រហ្វេសប៊ុករបស់ខ្លួននៅថ្ងៃទី៤ កញ្ញា នេះថា កាលពីអំឡុងឆ្នាំ២០១៧ ក្រុមហ៊ុន CIK ដែលមានម្ចាស់ជាជនជាតិកូរ៉េខាងត្បូង បានបញ្ឈប់ថ្នាក់ដឹកនាំសហជីពដែលជាស្ត្រីចំនួន ៣នាក់ដោយខុសច្បាប់ បន្ទាប់ពីពួកគេបានបង្កើតសហជីពក្នុងបំណងការពារកម្មករស្ត្រីមានផ្ទៃពោះដែលត្រូវបានក្រុមហ៊ុនបណ្តេញចេញ។
ប្រភពដដែល អះអាងថា ទាំងសេចក្ដីបង្គាប់របស់ក្រុមប្រឹក្សាអាជ្ញាកណ្ដាល និងសាលក្រមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចឱ្យក្រុមហ៊ុនទទួលយកកម្មករទាំងនោះចូលធ្វើការងារវិញ ជាមួយនឹងប្រាក់សំណងពេញលេញ។ ប៉ុន្តែរយៈពេល ៨ឆ្នាំមកនេះ ទាំងក្រុមហ៊ុន CIK និងក្រុមហ៊ុនបុត្រសម្ព័ន្ធ Mix & Match Garments បានបដិសេធមិនអនុវត្តតាមការសម្រេចរបស់ក្រុមប្រឹក្សាអាជ្ញាកណ្ដាល និងតុលាការឡើយ។
អង្គការសង់ត្រាល់ បញ្ជាក់ថា ម្ចាស់ក្រុមហ៊ុនថ្មីនេះក៏បានដឹងអំពីករណីនេះដែរ នៅពេលដែលពួកគេបានគ្រប់គ្រងដំណើរការរោងចក្រនេះតាំងពីឆ្នាំ២០២១ មកនោះ តែផ្ទុយទៅវិញ ពួកគេមិនបានអនុវត្តតាមការសម្រេចរបស់តុលាការនោះទេ ដោយគ្រាន់តែផ្តល់ប្រាក់សំណងតិចតួចបំផុត ហើយក៏ឈប់ឆ្លើយតបរហូតមកទល់ពេលនេះ។
ថ្នាក់ដឹកនាំសហជីព ៣នាក់ រួមមាន អ្នកស្រី សូ ចន្ថា កញ្ញា ទេព ស្រីនឿន និងអ្នកស្រី គួត សុខនី ត្រូវបានក្រុមហ៊ុន CIK បណ្តេញចេញពីការងារកាលពីអំឡុងខែឧសភា ឆ្នាំ២០១៧ បន្ទាប់ពីចូលរួមបង្កើតសហជីព ប៉ុន្តែក្រុមហ៊ុនអះអាងថា ការបញ្ឈប់នេះ គឺដើម្បីកាត់បន្ថយកម្លាំងពលកម្មដោយសារការបញ្ជាទិញធ្លាក់ចុះ។
បន្ទាប់ពីអ្នកទាំង ៣នាក់ត្រូវបានបណ្តេញចេញពីការងារ សហជីពបានដាក់ពាក្យបណ្ដឹងទៅក្រសួងការងារ នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៧។ នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៧ ក្រុមប្រឹក្សាអាជ្ញាកណ្ដាល បានចេញសេចក្តីសម្រេចតម្រូវឱ្យក្រុមហ៊ុនផ្តល់សំណងដល់អ្នកទាំង ៣នាក់ឱ្យបានពេញលេញ។
យ៉ាងណាក៏ដោយ ក្រុមហ៊ុន CIK តំណាងដោយលោក លី សាងហ៊ូវ ដែលជាអគ្គនាយករង ក៏បានដាក់ពាក្យបណ្ដឹងទាមទារសំណងពីដើមបណ្ដឹងទាំងបីនាក់ចំនួន ១០ម៉ឺនដុល្លារ ព្រមទាំងសំណងថ្លៃខូចខាត និងថ្លៃសេវាផ្លូវច្បាប់ផងដែរ។
បែបនេះក្តី នៅអំឡុងឆ្នាំ២០២០ សាលាដំបូងរាជធានីភ្នំពេញ បានតម្កល់ការសម្រេចរបស់ក្រុមប្រឹក្សាអាជ្ញាកណ្ដាលទុកជាបានការ ដោយបង្គាប់ឲ្យក្រុមហ៊ុនដំឡើងប្រាក់ខែកម្មករ និងផ្តល់សំណងដល់អ្នកទាំង ៣នាក់ចំពោះប្រាក់ឈ្នួលដែលបាត់បង់ បន្ទាប់ពីកម្មករបានដាក់ពាក្យបណ្ដឹងកាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៨ កន្លងទៅ។
ចំណែកឯបណ្តឹងប្រឆាំងរបស់ក្រុមហ៊ុន CIK ត្រូវបានតុលាការច្រានចោលទាំងស្រុង ក្នុងនោះចៅក្រមក៏បានបញ្ជាឱ្យក្រុមហ៊ុនបង់ប្រាក់សងការខូចខាតសម្រាប់សេវាផ្លូវច្បាប់ ថ្លៃតុលាការ និងបញ្ហាផ្លូវចិត្តថែមទៀត។
ក្រុមហ៊ុន ស៊ី អាយ ខេ (CIK) គឺជារោងចក្រផលិត និងនាំចេញសម្លៀកបំពាក់ដែលបានចុះបញ្ជីពាណិជ្ជកម្មកាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១១ និងមានទីតាំងស្ថិតនៅផ្លូវជាតិលេខ៤ ភូមិអង្គ សង្កាត់ចោមចៅ ខណ្ឌដង្កោ រាជធានីភ្នំពេញ ដែលមាននាយកក្រុមហ៊ុនឈ្មោះ Lee Homyeong ជាជនជាតិកូរ៉េខាងត្បូង៕
© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.
