The Cambodia Daily Khmer

អ្នកកាសែត​អនឡាញ​ពីរ​រូប​ត្រូវ​បាន​ចោទ​ពី​បទ «ក្បត់​ជាតិ» បន្ទាប់ពី​រាយការណ៍​ពី​បញ្ហា​នៅ​តាម​ព្រំដែន​កម្ពុជា-ថៃ

លោក ផន សុភាព (ឆ្វេង) និង​លោក ភាព ភារ៉ា អ្នក​សារព័ត៌មាន​អនឡាញ​មកពី​សារព័ត៌មាន ធីអេសភី ៦៨ ធីវី អនឡាញ

លោក ផន សុភាព (ឆ្វេង) និង​លោក ភាព ភារ៉ា អ្នក​សារព័ត៌មាន​អនឡាញ​មកពី​សារព័ត៌មាន ធីអេសភី ៦៨ ធីវី អនឡាញ

អ្នក​សារព័ត៌មាន​អនឡាញ​ពីរ​រូប ត្រូវ​បាន​ចោទប្រកាន់​ពី​បទ «ប្រគល់​ឱ្យ​រដ្ឋ​បរទេស​នូវ​ព័ត៌មាន​ជាអាទិ៍ អាច​ធ្វើ​ឱ្យ​អន្តរាយ​ការ​ការពារ​ជាតិ» តាម​បញ្ញត្ត​មាត្រា ៤៤៥ នៃ​ក្រមព្រហ្មទណ្ឌ ដែល​អាច​ប្រឈម​នឹង​ជាប់​ទោស​ពន្ធនាគារ​ពី ៧ ទៅ ១៥​ឆ្នាំ ជុំវិញ​ការ​បង្ហោះ​ព័ត៌មាន​លើ​បណ្ដាញ​សង្គម​ពី​បញ្ហា​ជម្លោះ​ព្រំដែន​កម្ពុជា-ថៃ។

យោង​តាម​ការ​ចេញ​ផ្សាយ​របស់​អង្គការ​ការពារ​សិទ្ធិមនុស្ស​លីកាដូ (LICADHO) នៅ​ថ្ងៃទី​០៨ ខែ​កញ្ញា ឆ្នាំ​២០២៥ បាន​ឲ្យ​ដឹង​ថា អ្នក​សារព័ត៌មាន​អនឡាញ​ពីរ​រូប​មកពី​សារព័ត៌មាន ធីអេសភី ៦៨ ធីវី អនឡាញ លោក ផន សុភាព និង​លោក ភាព ភារ៉ា ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ទីតាំង​ផ្សេង​គ្នា​កាលពី​ថ្ងៃទី​៣១ ខែ​កក្កដា ក្រោយ​ត្រឡប់​មកពី​ធ្វើ​បទ​យកការណ៍​ក្នុង​ខេត្ត​ឧត្ដរមានជ័យ នៅ​ជិត​ព្រំដែន​កម្ពុជា-ថៃ។

ប្រភព​ដដែល​បាន​អះអាង​ថា អ្នក​សារព័ត៌មាន​ទាំង​ពីរ​រូប​នេះ ត្រូវ​បាន​សាលាដំបូង​ខេត្ត​សៀមរាប ចោទប្រកាន់ និង​បញ្ជូន​ទៅ​ឃុំ​ខ្លួន​បណ្ដោះអាសន្ន​ក្នុង​ពន្ធនាគារ​ខេត្ត​សៀមរាប។ កាលពី​ថ្ងៃទី​១ ខែ​កញ្ញា ភរិយា​លោក ភាព ភារ៉ា គឺ​អ្នកស្រី អោម សារ៉ាត់ បាន​ចេញ​វីដេអូ​ខ្លី​មួយ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក ធីអេសភី ៦៨ ធីវី អនឡាញ សុំទោស​ទៅ​កាន់​ប្រធាន​ព្រឹទ្ធសភា លោក ហ៊ុន សែន និង​នាយករដ្ឋមន្ត្រី លោក ហ៊ុន ម៉ាណែត និង​ស្នើសុំ​ឱ្យ​ជួយ​អន្តរាគមន៍​លើ​ករណី​ស្វាមី​របស់​អ្នកស្រី។

អ្នក​តាមដាន​កំពុង​រង់ចាំ​មើល​ថា តើ​ពលរដ្ឋ​ខ្មែរ​ពីរ​នាក់​នេះ តុលាការ​នឹង​ដក​សញ្ជាតិ​ខ្មែរ​ពី​កំណើត​របស់​គេ​ឬ​ទេ បើ​លោក ហ៊ុន សែន មិន​លើកលែង​ទោស ហើយ​តុលាការ​កាត់ទោស​ឲ្យ​ជាប់​ពន្ធនាគារ​តាម​ច្បាប់​ទើប​នឹង​កែ​ថ្មី​នោះ។

អង្គការ​លីកាដូ បាន​អះអាង​ថា ការ​ចោទប្រកាន់​ពី​បទ «ប្រគល់​ឱ្យ​រដ្ឋ​បរទេស​នូវ​ព័ត៌មាន​ជាអាទិ៍ អាច​ធ្វើ​ឱ្យ​អន្តរាយ​ការ​ការពារ​ជាតិ» តាម​បញ្ញត្ត​មាត្រា ៤៤៥ នៃ​ក្រមព្រហ្មទណ្ឌ ដែល​បទ​ចោទ​នេះ​អាច​ប្រឈម​នឹង​ជាប់​ទោស​ពន្ធនាគារ​ពី ៧ ទៅ ១៥​ឆ្នាំ ជុំវិញ​ការ​បង្ហោះ​ព័ត៌មាន​លើ​បណ្ដាញ​សង្គម​ពី​បញ្ហា​ជម្លោះ​ព្រំដែន​កម្ពុជា-ថៃ។

ប្រភព​ខាងលើ​បាន​អះអាង​ថា ទោះបីជា​យ៉ាងណា ពុំ​មាន​ការ​បញ្ជាក់​ច្បាស់លាស់​អំពី​ការ​បង្ហោះ​ណា​មួយ​លើ​បណ្ដាញ​សង្គម ដែល​ជា​មូលហេតុ​នៃ​ការ​ចោទប្រកាន់​ទាំងនោះ​នៅឡើយ​ទេ។

អ្នក​សារព័ត៌មាន​ទាំង​ពីរ​នេះ ត្រូវ​បាន​គេ​ឃើញ​ថត​ជាប់​ជាមួយ​នឹង​ទាហាន​ខ្មែរ​នៅ​ពី​មុខ​ប្រាសាទ​តាក្របី ក្នុង​រូបថត​មួយ​សន្លឹក ដែល​រូបភាព​នោះ​ត្រូវ​បាន​ថត​ក្រោយ​ពី​បទ​ឈប់​បាញ់​នៅ​ថ្ងៃទី​២៨ ខែ​កក្កដា ឆ្នាំ​២០២៥។ រូបភាព​ទាំងនោះ​ត្រូវ​បាន​គេ​យក​បង្ហោះ​ចែកចាយ​ឡើងវិញ​ដោយ​សារព័ត៌មាន​ថៃ និង​មាន​រូបភាព​មីន​នៅ​ផ្ទៃ​ខាងក្រោយ​ដែល​មិន​បញ្ជាក់​ទីតាំង។

អង្គការ​អ្នក​សារព័ត៌មាន​គ្មាន​ព្រំដែន (RSF) បាន​ដាក់​ចំណាត់ថ្នាក់​ប្រទេស​កម្ពុជា ១៦១ ក្នុង​ចំណោម ១៨០​ប្រទេស​នៅ​ក្នុង​សន្ទស្សន៍​សេរីភាព​សារព័ត៌មាន​ពិភពលោក​ឆ្នាំ​២០២៥ ដែល​ជា​ការ​ធ្លាក់​ចុះ​បន្ថែម​ទៀត​ពី​ចំណាត់ថ្នាក់ ១៥១ កាលពី​ឆ្នាំ​២០២៤ ដែល​ចំណាត់ថ្នាក់​នេះ​ឆ្លុះបញ្ចាំង​ពី​ទិដ្ឋភាព​ប្រព័ន្ធ​ផ្សព្វផ្សាយ​កាន់តែ​យ៉ាប់យ៉ឺន។

ប្រភព​ដដែល​អះអាង​ថា ការ​ធ្លាក់​ចុះ​នេះ ដោយ​ផ្អែកលើ​សោកនាដកម្ម​នៃ​មរណភាព​របស់​អ្នក​សារព័ត៌មាន​ដែល​ចុះ​យក​ព័ត៌មាន​អំពី​បញ្ហា​ព្រៃឈើ​ក្នុង​ខេត្ត​សៀមរាប និង​ការ​ចាប់​ខ្លួន​អ្នក​សារព័ត៌មាន​ជុំវិញ​ការ​បង្ហោះ​តាម​បណ្ដាញ​សង្គម៕

© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

Exit mobile version