ក្រុមគ្រួសារអតីតអ្នកឧកញ៉ា ហេង សិទ្ធី ស្នើសុំប្រធានព្រឹទ្ធសភាកម្ពុជា លោក ហ៊ុន សែន និងនាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យលោក ហេង សិទ្ធី នៅក្រៅឃុំបណ្ដោះអាសន្ន និងអនុញ្ញាតឱ្យគាត់ចូលបម្រើកងទ័ពជួរមុខដើម្បីការពារជាតិមាតុភូមិ។
ក្រុមគ្រួសារអតីតអ្នកឧកញ៉ា ហេង សិទ្ធី ប្រាប់សារព័ត៌មាន The Cambodia Daily ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះដើម្បីសុវត្ថិភាពផ្ទាល់ខ្លួន នៅថ្ងៃទី២៥ កញ្ញា ថា លោក ហេង សិទ្ធី បានស្នើសុំរាជរដ្ឋាភិបាលចូលបម្រើកងទ័ពជួរមុខដោយស្ម័គ្រចិត្ត ក្នុងបំណងយកចំណេះជំនាញដែលខ្លួនមានខាងវិស័យយោធា មកបម្រើជាតិពេលគ្រាអាសន្ន ក្នុងនាមរូបលោកមានឈាមជ័រខ្មែរមួយរូប។
ប្រភពដដែលអះអាងថា លោក ហេង សិទ្ធី បានស្នើទៅកាន់រាជរដ្ឋាភិបាល ជាពិសេសក្រសួងយុត្តិធម៌ សុំអនុញ្ញាតឲ្យលោកនៅក្រៅឃុំបណ្ដោះអាសន្ន និងដើម្បីបានចូលរួមបម្រើកងទ័ព បម្រើជាតិការពារទឹកដីពីសត្រូវឈ្លានពានដែលកំពុងធ្វើទុក្ខបុកម្នេញមកលើកម្ពុជា ក្នុងពេលនេះ ព្រោះកិច្ចការការពារជាតិ គឺជាឧត្ដមគតិដែលគាត់មានរហូតមក ហើយលោក ហេង សិទ្ធី ក៏នឹងមិនគេចវេះពីការទទួលខុសត្រូវចំពោះមុខច្បាប់ដែរ។
អតីតអ្នកឧកញ៉ារូបនេះបញ្ជាក់ថា ការរកយុត្តិធម៌ចំពោះរូបលោកពុំមែនជារឿងដែលត្រូវខ្វល់ខ្វាយនោះទេ ព្រោះលោកជឿជាក់លើរដ្ឋាភិបាលទាំងស្រុង ដ្បិតការលើកឡើងរបស់លោកកន្លងមក រដ្ឋាភិបាលបានចាត់វិធានការបានយ៉ាងល្អបំផុតជាបន្តបន្ទាប់។
លោក ហេង សិទ្ធី អំពាវនាវឲ្យប្រជាពលរដ្ឋខ្មែរគ្រប់និន្នាការ គាំទ្រជួយជ្រោមជ្រែងរដ្ឋាភិបាលយកឈ្នះសត្រូវ ទាំងផ្នែកការទូត និងយោធា ខណៈរូបលោកក៏មានបំណងចង់ចូលរួមការពារទឹកដីដើម្បីសន្តិភាពដែលបានមកពីការលះបង់របស់ប្រមុខដឹកនាំកម្ពុជា ដូចពលរដ្ឋខ្មែរគ្រប់រូបដែរ។
អតីតអ្នកឧកញ៉ា ហេង សិទ្ធី ត្រូវបានប៉ូលិសអន្តរជាតិ អាំងទែប៉ូល (INTERPOL) ចាប់បញ្ជូនខ្លួនពីប្រទេសរុស្ស៊ី ទៅប្រទេសកម្ពុជា កាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៥ ក្រោមការធ្វើបត្យាប័នរវាងរដ្ឋាភិបាលទាំងពីរ បន្ទាប់ពីត្រូវបានតុលាការកម្ពុជា ចោទប្រកាន់ពីបទ «គំរាមកំហែងហែកកេរ្តិ៍មានស្ថានទម្ងន់ទោស» តាមបញ្ញត្តិមាត្រា៣៧២ និងមាត្រា៣៧៤ នៃក្រមព្រហ្មទណ្ឌ។
គេកត់សម្គាល់ឃើញថា ចាប់តាំងពីចុងឆ្នាំ២០២៤ មក លោក ហេង សិទ្ធី បានទម្លាយរឿងអាស្រូវរបស់អ្នកមានអំណាច អ្នកមានលុយ មន្ត្រីកងកម្លាំងប្រដាប់អាវុធ និងមន្ត្រីជាន់ខ្ពស់ក្នុងជួររាជរដ្ឋាភិបាលកម្ពុជា ពីម្នាក់ទៅម្នាក់ជាហូរហែលើបណ្ដាញសង្គម ដូចជា រឿងពុករលួយ និងរឿងបើកដៃឱ្យមានល្បែងស៊ីសង ជាដើម។
យ៉ាងណាក៏ដោយ អ្នកដែលត្រូវលោក ហេង សិទ្ធី ចោទប្រកាន់ បានចេញមកបដិសេធជាបន្តបន្ទាប់ និងដាក់ពាក្យបណ្ដឹងទៅតុលាការក្រុងភ្នំពេញ រហូតចៅក្រមស៊ើបសួរសម្រេចចោទប្រកាន់លោក ហេង សិទ្ធី តាមផ្លូវច្បាប់ និងបានចេញដីកាតាមចាប់ខ្លួនកាលពីថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៤ តែម្តង។
អតីតអ្នកឧកញ៉ា ហេង សិទ្ធី ធ្លាប់មានតួនាទីអគ្គនាយកក្រុមហ៊ុន Maritime Group និងត្រូវបានព្រះមហាក្សត្រខ្មែរផ្តល់គោរមងារជាឧកញ៉ា កាលពីអំឡុងឆ្នាំ២០១៤ និងត្រូវបានផ្តល់គោរមងារជាអ្នកឧកញ៉ាមួយកម្រិតទៀតនៅចុងខែមករា ឆ្នាំ២០២១ បន្ទាប់ពីលោកបានចូលរួមកិច្ចការមនុស្សធម៌ជាច្រើន ក្នុងនោះ លោកធ្លាប់បរិច្ចាគលុយជាច្រើនដល់រដ្ឋាភិបាលរបស់លោក ហ៊ុន សែន និងកាកបាទក្រហមកម្ពុជារបស់អ្នកស្រី ប៊ុន រ៉ានី ផងដែរ។
ជាក់ស្តែង អតីតអ្នកឧកញ៉ារូបនេះធ្លាប់បរិច្ចាគថវិកា ១លានដុល្លារសហរដ្ឋអាមេរិកដល់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ការទិញវ៉ាក់សាំងការពារជំងឺកូវីដ-១៩ នៅឆ្នាំ២០២០ ជាដើម៕
© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.
