The Cambodia Daily Khmer

លោក ហ៊ុន ម៉ាណែត ថា​ក្នុង​កាលៈទេសៈ​ណា​ក៏ដោយ រាជរដ្ឋាភិបាល​មិន​ដែល​ភ្លេច​យោធិន​ទាំង ១៨​នាក់​ទេ

ទាហាន​កម្ពុជា ដែល​ត្រូវ​យោធា​ថៃ ប្រើ​កលល្បិច​ចាប់​ខ្លួន​បន្ទាប់ពី​មាន​កិច្ចព្រមព្រៀង​ឈប់​បាញ់​គ្នា​កាលពី​ព្រឹក​ថ្ងៃទី​២៩ ខែ​កក្កដា ឆ្នាំ​២០២៥។

ទាហាន​កម្ពុជា ដែល​ត្រូវ​យោធា​ថៃ ប្រើ​កលល្បិច​ចាប់​ខ្លួន​បន្ទាប់ពី​មាន​កិច្ចព្រមព្រៀង​ឈប់​បាញ់​គ្នា​កាលពី​ព្រឹក​ថ្ងៃទី​២៩ ខែ​កក្កដា ឆ្នាំ​២០២៥។

នាយករដ្ឋមន្ត្រី​កម្ពុជា លោក ហ៊ុន ម៉ាណែត លើកឡើង​ថា ទោះ​ក្នុង​កាលៈទេសៈ​ណា​ក៏ដោយ កម្ពុជា​បន្ត​ប្រើ​គ្រប់​យន្តការ​ដើម្បី​ជំរុញ​ឱ្យ​មាន​ការ​ដោះលែង​យោធិន​ទាំង ១៨​នាក់​ដែល​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​ថៃ ឱ្យ​បាន​វិលត្រឡប់​មក​ជួបជុំ​គ្រួសារ​វិញ​ឱ្យ​បាន​ឆាប់។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​ស្ដីពី​លទ្ធផល​នៃ​កិច្ចប្រជុំ​ពេញ​អង្គ​គណៈរដ្ឋមន្ត្រី នៅ​ព្រឹក​ថ្ងៃទី​២៦ ខែ​កញ្ញា នេះ បាន​ឲ្យ​ដឹង​ថា គិត​ត្រឹម​ថ្ងៃ​នេះ​មាន​រយៈពេល​ជិត ២​ខែ​ហើយ ដែល​កងទ័ព​កម្ពុជា​ចំនួន ១៨​រូប ត្រូវ​បាន​ចាប់​ខ្លួន និង​ស្ថិត​ក្រោម​ការ​ឃុំ​គ្រង​របស់​យោធា​ថៃ។ រាជរដ្ឋាភិបាល​មិន​ដែល​ភ្លេច​យោធិន​ទាំង ១៨​រូប​ដែល​កំពុង​ស្ថិត​នៅ​ក្នុង​ការ​ឃុំឃាំង​ដោយ​ភូមិភាគ​២ របស់​ថៃ ឡើយ។

លោក ហ៊ុន ម៉ាណែត បាន​ថ្លែង​នៅ​ក្នុង​កិច្ចប្រជុំ​ពេញ​អង្គ​គណៈរដ្ឋមន្ត្រី​ថា រាជរដ្ឋាភិបាល​កម្ពុជា បន្ត​ប្រើ​គ្រប់​យន្តការ​ដើម្បី​ជំរុញ​ឱ្យ​មាន​ការ​ដោះលែង​ពួកគាត់​ឱ្យ​បាន​វិលត្រឡប់​មក​ជួបជុំ​គ្រួសារ​វិញ​ឱ្យ​បាន​ឆាប់។

កាលពី​ថ្ងៃទី​១៩ ខែ​កញ្ញា ប្រមុខ​រដ្ឋាភិបាល​កម្ពុជា លោក ហ៊ុន ម៉ាណែត បាន​ជួបជុំ​ជាមួយ​ក្រុម​គ្រួសារ​ទាហាន​ខ្មែរ​ទាំង ១៨​រូប​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​ដោយ​យោធា​ថៃ ដោយ​លោក​ធានា​ថា រដ្ឋាភិបាល​កម្ពុជា​មិន​នៅ​ស្ងៀម ឬ​មិន​អើពើ ហើយ​ទុក​វីរ​កងទ័ព​ខ្មែរ​ឱ្យ​នៅ​ឯកោ​នោះ​ឡើយ ពោល​គឺ​កំពុង​បន្ត​ធ្វើ​ការ​សម្របសម្រួល​ជាមួយ​គ្រប់​ភាគី​ទាំងអស់ មិន​ថា​ភាគី​ថៃ ឬ​អង្គការ​អន្តរជាតិ​ផ្សេងៗ​ទៀត។

លោក ហ៊ុន ម៉ាណែត អះអាង​ថា រដ្ឋាភិបាល​បន្ត​រក​ការ​គាំទ្រ​ពី​សំណាក់​មេដឹកនាំ​ពិភពលោក និង​អង្គការ​អន្តរជាតិ​នានា ដូចជា អង្គការ​កាកបាទ​ក្រហម​អន្តរជាតិ អង្គការ​សហប្រជាជាតិ អង្គការ​សិទ្ធិមនុស្ស​អន្តរជាតិ ដើម្បី​ធ្វើ​យ៉ាងណា​ជួយ​ជំរុញ​ឱ្យ​ថៃ ដោះលែង​ទាហាន​ខ្មែរ​ស្ថិត​ក្រោម​ច្បាប់​មនុស្សធម៌​អន្តរជាតិ។

ជុំវិញ​បញ្ហា​នេះ ប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​រាជបណ្ឌិត្យ​សភា​កម្ពុជា បណ្ឌិត គិន ភា បាន​ប្រាប់​អ្នក​សារព័ត៌មាន​ថា ការ​បញ្ជាក់​ជំហរ​របស់​រដ្ឋាភិបាល​កម្ពុជា​នា​ពេលនេះ មិន​អាច​ផ្តល់​ភាព​កក់ក្តៅ​ពេញលេញ​ដល់​ក្រុម​គ្រួសារ​ទាហាន​ខ្មែរ​ទាំង ១៨​នាក់​នោះ​ទេ តែ​លោក​ថា​ការ​ខិតខំ​ប្រឹងប្រែង​យ៉ាង​សស្រាក់សស្រាំ​របស់​រដ្ឋាភិបាល​កម្ពុជា បាន​បង្ហាញ​ឱ្យ​ឃើញ​ថា សុខទុក្ខ​របស់​កងទ័ព​ទាំង ១៨​រូប​នោះ មិន​ត្រូវ​បាន​បំភ្លេច ឬ​បោះបង់​ចោល​ម្តង​ណា​ឡើយ។

ចំណែក​ក្រសួង​ការពារ​ជាតិ​កម្ពុជា បាន​បន្ត​ទាមទារ​ឱ្យ​ភាគី​ថៃ ដោះលែង​ទាហាន​ខ្មែរ​ទាំងនោះ​ត្រឡប់​មក​ជួបជុំ​គ្រួសារ​វិញ​ប្រកប​ដោយ​សុខ​សុវត្ថិភាព​ស្រប​តាម​ច្បាប់​មនុស្សធម៌​អន្តរជាតិ។

យោធិន​ទាំង ១៨​រូប ត្រូវ​បាន​ទាហាន​ថៃ ចូល​មក​ចាប់​ខ្លួន​ដល់​លេណដ្ឋាន​នៅ​ព្រឹក​ថ្ងៃទី​២៩ ខែ​កក្កដា ឆ្នាំ​២០២៥ នៅ​ក្រោយ​បទ​ឈប់​បាញ់​ចូល​ជាធរមាន។ គិត​ត្រឹម​ថ្ងៃទី​២៦ ខែ​កញ្ញា នេះ គឺ​មាន​រយៈពេល ៥៩​ថ្ងៃ​ហើយ៕

© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

Exit mobile version