រដ្ឋបាលខេត្តបន្ទាយមានជ័យ លោក អ៊ុំ រាត្រី ជំទាស់ដាច់ខាតចំពោះវិធានការរដ្ឋបាលខេត្តស្រះកែវ ប្រទេសថៃ ក្នុងការប្រកាសអនុវត្តច្បាប់ថៃ លើពលរដ្ឋកម្ពុជា ដែលបានរស់នៅក្នុងភូមិជោគជ័យ និងភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។
លោក អ៊ុំ រាត្រី បានចេញលិខិតតវ៉ាប្រឆាំងដាច់អហង្ការនៅថ្ងៃទី២៩ កញ្ញា ចំពោះការប្រកាសអនុវត្តច្បាប់ថៃ លើពលរដ្ឋកម្ពុជា ដែលបានរស់នៅក្នុងភូមិជោគជ័យ និងភូមិព្រៃចាន់ ដោយចាត់ទុកទង្វើបែបនេះជាការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរលើសិទ្ធិរបស់ពលរដ្ឋកម្ពុជា ដែលបានរស់នៅក្នុងភូមិទាំងពីរនេះ និងបានអាស្រ័យផលជាយូរណាស់មកហើយនោះ។
លោកអះអាងថា ពលរដ្ឋខ្មែរនៅក្នុងភូមិជោគជ័យ និងភូមិព្រៃចាន់ បានរស់នៅ និងអាស្រ័យផលនៅទីតាំងនោះតាំងពីមុនពេលអនុស្សរណៈយោគយល់ឆ្នាំ២០០០ (MoU2000) ចូលជាធរមានរវាងប្រទេសទាំងពីរមកម្ល៉េះ។ ជាងនេះទៅទៀត រដ្ឋបាលខេត្តស្រះកែវ ក៏មិនមានសមត្ថកិច្ចកំណត់ព្រំដែន និងអនុវត្តច្បាប់ថៃ លើសហគមន៍កម្ពុជា ដែលកំពុងរស់នៅតាមតំបន់ព្រំដែន និងអាស្រ័យផលក្នុងតំបន់ដែលមិនទាន់មានការកំណត់ខណ្ឌសីមាព្រំដែនគោករវាងកម្ពុជា-ថៃ (MoU2000) ដែលចូលជាធរមាននោះដែរ។
លោក អ៊ុំ រាត្រី ចាត់ទុកការធ្វើសកម្មភាពជាឯកតោភាគីរបស់រដ្ឋបាលខេត្តស្រះកែវ គឺជាការបង្កហេតុនាំឱ្យមានភាពតានតឹងនៅតំបន់ដែលកំពុងមានជម្លោះ និងការជាការបំពានលើកិច្ចព្រមព្រៀងបទឈប់បាញ់ រួមទាំងលទ្ធផលនៃកិច្ចប្រជុំនានារវាងប្រទេសទាំងពីរកាលពីពេលកន្លងមកផងដែរ។
រដ្ឋបាលខេត្តបន្ទាយមានជ័យ ស្នើឱ្យរដ្ឋបាលខេត្តស្រះកែវ បញ្ឈប់នូវសកម្មភាពរំលោភបំពានកិច្ចព្រមព្រៀងនានា ដោយងាកមករក្សានូវលក្ខខណ្ឌបទឈប់បាញ់ និងបញ្ឈប់នូវផែនការបណ្តេញពលរដ្ឋខ្មែររាប់រយគ្រួសារចេញពីភូមិទាំងពីរនេះបន្តទៀត ព្រោះពួកគេបានរស់នៅទីនោះរាប់ទសវត្សរ៍មកហើយ។
រដ្ឋបាលខេត្តស្រះកែវ ប្រទេសថៃ បានចេញបទបញ្ជាដោយសរសេរលើផ្ទាំងបដាធំៗកាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៥ ដោយព្រមានឱ្យពលរដ្ឋខ្មែរដែលរស់នៅក្នុងភូមិជោគជ័យ និងភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ចាកចេញពីតំបន់ទាំងពីរនេះកំហិត។
ខ្លឹមសារលើបដានោះ សរសេរថា គ្រប់បុគ្គល ឬក្រុមដែលកំពុងធ្វើសកម្មភាពឈ្លានពាន កាប់ឆ្ការ ឬសង់សំណង់នៅក្នុងតំបន់ព្រៃព្រំដែន ឬតំបន់ដែលបានកំណត់ ត្រូវតែចាកចេញដោយគ្មានលក្ខខណ្ឌ ហើយគ្រប់អ្នកឈ្លានពានទាំងអស់ ត្រូវតែរុះរើ និងចាកចេញពីទីតាំងទាំងនោះក្នុងរយៈពេល ១៥ថ្ងៃ គិតចាប់ពីថ្ងៃចេញសេចក្តីជូនដំណឹងនេះតទៅ។
ជាងនេះទៀត ប្រសិនបើបុគ្គលណាមិនព្រមចាកចេញ លើសថ្ងៃកំណត់ អាជ្ញាធរថៃ នឹងចាត់វិធានការចាប់បញ្ជូនខ្លួនទៅតុលាការតាមនីតិវិធីច្បាប់ជាធរមាន ខណៈសំណង់ផ្សេងៗ និងឧបករណ៍ទាំងអស់ដែលពាក់ព័ន្ធនឹងសកម្មភាពខុសច្បាប់ នឹងត្រូវរឹបអូស ឬកម្ទេចចោល ហើយបើជនណាប្រឆាំងនឹងបទបញ្ជានេះ ត្រូវចាត់ទុកជាបទល្មើសព្រហ្មទណ្ឌ នឹងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន។
ជុំវិញបញ្ហានេះ ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លើកឡើងនៅថ្ងៃទី២៩ កញ្ញា នេះថា រដ្ឋអំណាចស៊ីវិលរបស់ថៃ គ្មានអំណាចដោះស្រាយស្ថានការណ៍នៅតំបន់ព្រំដែនបានឡើយ ខណៈការបង្កជម្លោះឈ្លានពាននេះ គឺជាទង្វើរបស់យោធាថៃ ក្រោមការជ្រោមជ្រែងពីស្ថាប័នព្រះមហាក្សត្រថៃ ដោយបំពានតែប៉ុណ្ណោះ។
លោក ម៉ែន ណាត លើកឡើងថា ជម្រើសរបស់កម្ពុជា គឺត្រូវតែធ្វើការសម្រេចចិត្តចេញទប់ទល់ការពារខ្លួន និងការពារដែនអធិបតេយ្យឲ្យបាន ស្របតាមស្មារតីធម្មនុញ្ញអង្គការសហប្រជាជាតិ (UN) មាត្រា៥១ និងស្របតាមស្មារតីកិច្ចព្រមព្រៀងទីក្រុងប៉ារីសឆ្នាំ១៩៩១ ស្តីអំពីបូរណភាពទឹកដី និងអធិបតេយ្យរបស់កម្ពុជា ដែលភាគីថៃ ក៏ជាម្ចាស់ហត្ថលេខីផងដែរនោះ។
កាលពីថ្ងៃទី១៧ កញ្ញា នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត បានបញ្ជាក់ក្នុងលិខិតស្នើសុំសហគមន៍អន្តរជាតិថា ទង្វើឈ្លានពានរបស់កងកម្លាំងថៃ មកលើកម្ពុជា មិនត្រឹមតែបង្កការគំរាមកំហែងដល់សន្តិភាព និងស្ថិរភាពសម្រាប់ប្រជាជាតិទាំងពីរទេ ប៉ុន្តែវាបានគំរាមកំហែងដល់តំបន់ទាំងមូលថែមទៀត៕
© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.
