The Cambodia Daily Khmer

អ្នក​សង្កេតការណ៍៖ ការ​ចុះផ្សាយ​របស់​កាសែត The New York Times មាន​ចេតនា​បំភាន់​ការពិត​ជុំវិញ​ជម្លោះ​ព្រំដែន​កម្ពុជា-ថៃ

ប្រតិភូ​អនុព័ន្ធ​យោធា និង​អ្នក​ការទូត​មកពី​ប្រទេស​ចំនួន ១៣ រួម​ទាំង​សហរដ្ឋ​អាមេរិក និង​ចិន ទៅ​ពិនិត្យ​មើល​វត្ត​ដែល​រង​ការ​ខូចខាត​នៅ​ច្រក​ព្រំដែន​អានសេះ ក្នុង​ខេត្ត​ព្រះវិហារ ប្រទេស​កម្ពុជា នៅ​ថ្ងៃ​ពុធ ទី​៣០ ខែ​កក្កដា ឆ្នាំ​២០២៥។

ប្រតិភូ​អនុព័ន្ធ​យោធា និង​អ្នក​ការទូត​មកពី​ប្រទេស​ចំនួន ១៣ រួម​ទាំង​សហរដ្ឋ​អាមេរិក និង​ចិន ទៅ​ពិនិត្យ​មើល​វត្ត​ដែល​រង​ការ​ខូចខាត​នៅ​ច្រក​ព្រំដែន​អានសេះ ក្នុង​ខេត្ត​ព្រះវិហារ ប្រទេស​កម្ពុជា នៅ​ថ្ងៃ​ពុធ ទី​៣០ ខែ​កក្កដា ឆ្នាំ​២០២៥។

អ្នក​តាមដាន​ភូមិសាស្ត្រ​នយោបាយ ចាត់ទុក​ការ​ចុះផ្សាយ​របស់​កាសែត The New York Times ដែល​ថា​កម្ពុជា ឈ្លានពាន​ប្រទេស​ថៃ ជុំវិញ​សង្គ្រាម ៥​ថ្ងៃ​កាលពី​ចុង​ខែ​កក្កដា ឆ្នាំ​២០២៥ គឺជា​ចេតនា​បំភាន់​សាធារណមតិ និង​ត្រូវ​បាន​ថៃ ប្រើប្រាស់។

លោក សេង វណ្ណលី អ្នក​តាមដាន​ភូមិសាស្ត្រ​នយោបាយ​នៅ​តំបន់​អាស៊ី-ប៉ាស៊ីហ្វិក បាន​សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​២ តុលា នេះ​ថា អ្នក​សរសេរ​អត្ថបទ​នេះ​ទំនង​ជា​ត្រូវ​បាន​ថៃ ប្រើប្រាស់ ឫ​ទិញ​តែម្តង ដើម្បី​ឲ្យ​រាយការណ៍​ចោទ​កម្ពុជា ដោយ​លាក់បាំង​នូវ​មហិច្ឆតា​ឈ្លានពាន​របស់​ថៃ លើ​ដែន​អធិបតេយ្យ​ជាតិ​ខ្មែរ ព្រោះ​ការ​ប៉ះទង្គិច​គ្នា ៥​ថ្ងៃ ថៃ​បាន​ប្រើ​យន្តហោះ F-16 របស់​អាមេរិក និង​យន្តហោះ​ចម្បាំង Gripen របស់​ស៊ុយអែត យ៉ាង​ព្រៃផ្សៃ​មក​លើ​កម្ពុជា។

លោក​បន្ត​ថា សេចក្តី​រាយការណ៍​របស់​កាសែត The New York Times ដោយ​ផ្អែក​លើ​របាយការណ៍​របស់​ចារកិច្ច​របស់​ថៃ បាន​ចោទ​កម្ពុជា​យ៉ាង​ធ្ងន់ធ្ងរ​ថា​បាន​ប្រើប្រាស់​អាវុធ​ធ្ងន់ៗ​តម្រង់​ទីតាំង​ស៊ីវិល ដូចជា មន្ទីរពេទ្យ ផ្ទះសម្បែង សាលារៀន និង​ស្ថានីយ​ប្រេងឥន្ធនៈ ជាដើម។

លោក សេង វណ្ណលី លើកឡើង​ថា បើ​ថៃ ប្រាកដ​ថា​កម្ពុជា គឺជា​អ្នក​ឈ្លានពាន ហេតុ​អ្វី​ថៃ មិន​ប្រើ​យន្តការ​អន្តរជាតិ​ដែល​មាន​ស្រាប់ ដូចជា តុលាការ​យុត្តិធម៌​អន្តរជាតិ (ICJ) ឲ្យ​ជួយ​ដោះស្រាយ? ហេតុ​អ្វី​ថៃ មិន​ព្រម​ឲ្យ​ភាគី​ទី​បី​ជួយ​សម្របសម្រួល? ហេតុ​អ្វី​ថៃ ព្យាយាម​ពន្យារ​ការ​បង្កើត​ក្រុម​សង្កេតការណ៍​ពិត​របស់​អាស៊ាន​រហូត​ដល់​ពេលនេះ?

អ្នកជំនាញ​នយោបាយ​ការទូត​អន្តរជាតិ​រូប​នេះ បញ្ជាក់​ថា តាម​ការពិត ការ​ឯកភាព​របស់​ថៃ ជាមួយ​កម្ពុជា ដែល​អនុញ្ញាត​ឲ្យ​អាស៊ាន​ជួយ​សម្របសម្រួល និង​បង្កើត​ឲ្យ​មាន​បទ​ឈប់​បាញ់ ដោយសារតែ​ថៃ ចង់​ដោះ​ទាល់​ចំពោះ​សម្ពាធ​ពាណិជ្ជកម្ម​របស់​អាមេរិក​តែប៉ុណ្ណោះ។

លោក សេង វណ្ណលី អះអាង​ថា បំណង​ពិត​របស់​ថៃ មិន​ចង់បាន​កិច្ចសន្ទនា​ប្រកប​ដោយ​តុល្យភាព ឬ​ភាគី​ទី​បី​ចូល​មក​ពាក់ព័ន្ធ​ក្នុង​ជម្លោះ​ព្រំដែន​ជាមួយ​កម្ពុជា ឡើយ ហើយ​នេះ​ក៏​ជា​មូលហេតុ​ចម្បង​ដែល​សន្តិភាព​ពិបាក​សម្រេច​បាន​ក្នុង​ជម្លោះ​ព្រំដែន​កម្ពុជា-ថៃ នា​ពេល​នេះ​ដែរ។

កាសែត The New York Times កាលពី​ថ្ងៃទី​២៩ ខែ​កញ្ញា បាន​រាយការណ៍​ដោយ​ផ្អែកលើ​របាយការណ៍​របស់​ចារកិច្ច​ថៃ ស្ដីពី​ការ​ដឹកជញ្ជូន​សព្វាវុធ​របស់​ចិន មុន​ផ្ទុះ​សង្គ្រាម ៥​ថ្ងៃ​កាលពី​ចុង​ខែ​កក្កដា រវាង​កម្ពុជា-ថៃ ថា កម្ពុជា​ប្រើប្រាស់​អាវុធ​ធ្ងន់ៗ​តម្រង់​ទីតាំង​ជនស៊ីវិល ដូចជា មន្ទីរពេទ្យ ផ្ទះសម្បែង សាលារៀន និង​ស្ថានីយ​ប្រេង ជាដើម។

ជុំវិញ​បញ្ហា​នេះ អតីត​អ្នក​រាយការណ៍​របស់​វិទ្យុ​ផ្សាយ​សំឡេង​សហរដ្ឋ​អាមេរិក (VOA) លោក ម៉ែន គឹមសេង លើកឡើង​ថា ការ​ចុះផ្សាយ​របស់​កាសែត The New York Times គឺជា​ការ​លួច​បញ្ចេញ​ពី​ខាង​ចារកម្ម​របស់​ប្រទេស​ថៃ ឱ្យ​ទៅ​ស្ថាប័ន​កាសែត​ដ៏​ធំ​នេះ​ជួយ​ចុះផ្សាយ ដើម្បី​ធ្វើ​សង្គ្រាម​ព័ត៌មាន​ជុំវិញ​ជម្លោះ​ព្រំដែន​ជាមួយ​កម្ពុជា។

អតីត​អ្នក​សារព័ត៌មាន​រូប​នេះ​បញ្ជាក់​ថា សូម្បី​អ្នកវិភាគ​ដែល​ត្រូវ​បាន​កាសែត The New York Times ស្រង់​សម្ដី​យក​មក​ចុះផ្សាយ​ជុំវិញ​ជម្លោះ​ព្រំដែន​កម្ពុជា-ថៃ ដោយ​ផ្អែកលើ​របាយការណ៍​របស់​ចារកម្ម​ថៃ នេះ ក៏​មាន​ទំនោរ​ទៅ​រក​ប្រទេស​ថៃ ដែរ ដែល​អះអាង​ថា ថៃ​ការពារ​ខ្លួន​ក្នុង​ពេល​ដែល​កម្ពុជា ប្រើ​អាវុធ​ធុន​ធ្ងន់​ជាបន្តបន្ទាប់​ទៅ​លើ​ប្រទេស​ថៃ នោះ៕

© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

Exit mobile version