The Cambodia Daily Khmer

យុវជន GenZ នៅ​ប្រទេស​ម៉ារ៉ុក ដែល​ចម្លង​គំរូ​យុវជន GenZ នៅ​នេប៉ាល់ ដាក់​សម្ពាធ​ឱ្យ​រំលាយ​រដ្ឋាភិបាល

ក្រុម​បាតុករ GenZ ២១២ ប្រមូលផ្ដុំ​គ្នា​តវ៉ា​នឹង​អំពើពុករលួយ និង​កែទម្រង់​វិស័យ​សុខាភិបាល និង​អប់រំ នៅ​ទីក្រុង Rabat ប្រទេស​ម៉ារ៉ុក (Morocco) កាលពី​ថ្ងៃទី​៤ ខែ​តុលា ឆ្នាំ​២០២៥។

ក្រុម​បាតុករ GenZ ២១២ ប្រមូលផ្ដុំ​គ្នា​តវ៉ា​នឹង​អំពើពុករលួយ និង​កែទម្រង់​វិស័យ​សុខាភិបាល និង​អប់រំ នៅ​ទីក្រុង Rabat ប្រទេស​ម៉ារ៉ុក (Morocco) កាលពី​ថ្ងៃទី​៤ ខែ​តុលា ឆ្នាំ​២០២៥។

នៅ​រដ្ឋធានី Rabat នៃ​ប្រទេស​ម៉ារ៉ុក បាតុកម្ម​ទ្រង់ទ្រាយ​ធំ​កំពុង​ផ្ទុះ​ឡើង។ ក្រុម​បាតុករ​ភាគច្រើន​ជា​យុវជន កំពុង​ដាក់​សម្ពាធ​ឱ្យ​រំលាយ​រដ្ឋាភិបាល​របស់​នាយករដ្ឋមន្ត្រី Aziz Akhannouch បន្ទាប់ពី​ផ្ទុះ​បាតុកម្ម​ជាច្រើន​ថ្ងៃ បាន​បណ្ដាល​ឱ្យ​មនុស្ស ៣​នាក់​ស្លាប់។

គេ​ហៅថា​ជា​បាតុកម្ម Morocco នៃ​ក្រុម​ចលនា GenZ ២១២។ ក្រុម​បាតុករ GenZ ២១២ បាន​ចេញ​សេចក្តី​ថ្លែងការណ៍​ជាមួយ​នឹង​ការ​សរសេរ​លើ​ផ្ទាំង​បដា​ថា៖ «យើង​ទាមទារ​ឱ្យ​មាន​ការ​រំលាយ​រដ្ឋាភិបាល ព្រោះតែ​មិន​ត្រឹម​មិន​ជួយ​ការពារ​សិទ្ធិមនុស្ស តែ​បាន​កំពុង​បង្ក​អយុត្តិធម៌​សង្គម​កាន់តែ​ធ្ងន់ធ្ងរ។»

ក្រុម​បាតុករ​ដែល​ដឹកនាំ​ការ​តវ៉ា​ទ្រង់ទ្រាយ​ដ៏​ធំ​នៅ​រដ្ឋធានី Rabat ផ្ទុះ​ឡើង​បន្ទាប់ពី​ផ្ទុះ​ចលាចល​ជាច្រើន​ថ្ងៃ ដែល​បាន​ឃើញ​ការ​ស្លាប់​របស់​មនុស្ស​បី​នាក់​នៅ​តាម​ដងផ្លូវ​នៅ​ទីក្រុង Agadir។ បាតុកម្ម​ដែល​មាន​ទ្រង់ទ្រាយ​ធំ មាន​មនុស្ស​ចូល​ច្រើន​ម៉ឺន​នាក់ កាលពី​ថ្ងៃ​សុក្រ ទី​៣ ខែ​តុលា បាន​កើតឡើង​បន្ទាប់ពី​បាតុកម្ម​ជាច្រើន​ថ្ងៃ​មក​ហើយ ដោយ​ទាមទារ​ឱ្យ​មាន​កំណែ​ទម្រង់​លើ​វិស័យ​សុខាភិបាល និង​អប់រំ។ តែ​នេះ​ជា​បាតុកម្ម​ចូល​ដល់​ថ្ងៃទី​ប្រាំមួយ​ជាប់ៗ​គ្នា ហើយ​ក៏​ចាប់ផ្ដើម​ផ្ទុះ​ហិង្សា។ នេះ​បើ​តាម​ទីភ្នាក់ងារ​សារព័ត៌មាន AFP។

សេចក្ដី​ថ្លែងការណ៍​របស់​ក្រុម​បាតុកម្ម GenZ ២១២ និយាយ​ថា «យើង​ទាមទារ​ឱ្យ​មាន​ការ​រំលាយ​រដ្ឋាភិបាល​បច្ចុប្បន្ន ព្រោះតែ​បរាជ័យ​ក្នុង​ការ​ការពារ​សិទ្ធិ​ពលរដ្ឋ​ដែល​ត្រូវ​បាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​របស់​ប្រទេស​ម៉ារ៉ុក និង​មិន​បាន​ឆ្លើយតប​ទៅ​នឹង​ត្រូវការ​របស់​យុវជន គឺ​សង្គម​មួយ​គ្មាន​តម្លាភាព​នៃ​ការ​ទ្រទ្រង់​អនាគត​យុវជន។»

ក្រុម​បាតុកម្ម GenZ ២១២ នៃ​យុវជន​ប្រទេស​ម៉ារ៉ុក ក៏​បាន​ទាមទារ​ឲ្យ​ដោះលែង​អ្នក​ជាប់​ឃុំ​ទាំងអស់​ដែល​ត្រូវ​បាន​ឃុំ​ខ្លួន​ពាក់ព័ន្ធ​នឹង​ការ​តវ៉ា ៦​ថ្ងៃ​មក​នេះ។

តាម​ទីភ្នាក់ងារ​សារព័ត៌មាន AFP ការ​ប្រមូលផ្ដុំ​គ្នា​ទូទាំង​ប្រទេស​ម៉ារ៉ុក កំពុង​ចាប់ផ្ដើម​ប្រឆាំង​នឹង​វិសមភាព​សង្គម ជាពិសេស​បន្ទាប់ពី​របាយការណ៍​កាលពី​ខែ​មុន​នៃ​ការ​ស្លាប់​របស់​ស្ត្រី​មាន​ផ្ទៃពោះ​ប្រាំបី​នាក់​នៅ​ឯ​មន្ទីរពេទ្យ​រដ្ឋ ក្នុង​ទីក្រុង Agadir ដែល​បាតុករ​ចោទ​ថា​ជា​ការ​ខ្វះ​ការ​យកចិត្ត​ទុកដាក់​ពី​គ្រូពេទ្យ ខណៈ​វិស័យ​សុខាភិបាល​របស់​ប្រទេស​ក្រីក្រ​មួយ​នេះ កំពុង​ជួប​វិបត្តិ​ក្នុង​ការ​បម្រើ​សុខភាព​សាធារណៈ។

ប្រជាជន​ម៉ារ៉ុក ជាច្រើន ទាមទារ​ថា វិស័យ​សុខភាព​សាធារណៈ និង​ការ​អប់រំ គួរតែ​ត្រូវ​បាន​កែលំអ​ជាបន្ទាន់ នៅ​ពេល​ដែល​រាជាណាចក្រ​មួយ​នៅ​អាហ្វ្រិក​ខាងជើង ត្រូវ​បាន​ជំរុញ​ទៅ​មុខ​ជាមួយ​នឹង​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​សំខាន់ៗ ដើម្បី​ធ្វើ​ជា​ម្ចាស់ផ្ទះ​នៃ​ព្រឹត្តិការណ៍​អន្តរជាតិ Africa Cup នៅ​ខែ​ធ្នូ ឆ្នាំ​២០២៥ នេះ និង​ជា​ផ្នែក​មួយ​នៃ​ការ​ប្រកួត​បាល់ទាត់​ពិភពលោក​ឆ្នាំ​២០៣០។

ក្រុម​បាតុករ GenZ ២១២ បាន​ទាមទារ​ថា យោង​តាម​រដ្ឋធម្មនុញ្ញ​ដែល​ចែង​ពី​ការ​ផ្តល់​អំណាច​ដល់​ព្រះមហាក្សត្រ​ក្នុង​ការ​តែងតាំង និង​បណ្តេញ​នាយករដ្ឋមន្ត្រី នៅ​ពេលនេះ ព្រះអង្គ​គួរតែ​អន្តរាគមន៍​ជួយ​ស្រោចស្រង់​ប្រព័ន្ធ​ដឹកនាំ​រដ្ឋ​នៃ​រាជាណាចក្រ​ម៉ារ៉ុក ឡើងវិញ។

ប្រទេស​ម៉ារ៉ុក ត្រូវ​គេ​ស្គាល់​ថា រាជាណាចក្រ​ម៉ារ៉ុក ដែល​ជា​របប​រាជា​និយម​អាស្រ័យ​រដ្ឋធម្មនុញ្ញ។ មហាក្សត្រ​ជា​ប្រមុខរដ្ឋ​ដែល​មាន​អំណាច​ជា​និមិត្តរូប ចំណែក​នាយករដ្ឋមន្ត្រី​ជា​ប្រមុខ​រដ្ឋាភិបាល កាន់​អំណាច ជា​អង្គ​នីតិប្រតិបត្តិ​បំពេញ​ការងារ​ជា​ប្រចាំ​ថ្ងៃ។

ដូច​នៅ​ប្រទេស​នេប៉ាល់ ក្រុម​បាតុករ GenZ ២១២ បាន​ប្រើប្រាស់​វេទិកា Discord ផ្ញើ​សារ​តាម​អ៊ីនធឺណិត​យ៉ាង​ទូលំទូលាយ ដើម្បី​ផ្សព្វផ្សាយ​ការ​អំពាវនាវ​របស់​ពួកគេ​ឱ្យ​ងើប​ឡើង​តវ៉ា​ទូទាំង​ប្រទេស។

នៅ​ក្នុង​រដ្ឋធានី Rabat កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី​២ តុលា ក្រុម​បាតុករ​ដែល​កាន់​ទង់ជាតិ​ម៉ារ៉ុក បាន​ទាមទារ​ថា «សុខភាព​របស់​ប្រជាជន​ត្រូវតែ​យកចិត្ត​ទុកដាក់​ជាមួយ​នឹង​ការ​ធ្វើ​កំណែ​ទម្រង់​ប្រព័ន្ធ​សុខាភិបាល​សាធារណៈ​សម្រាប់​អ្នក​ក្រីក្រ។»

ការ​ប្រមូលផ្ដុំ​ផ្សេង​ទៀត​ត្រូវ​បាន​គេ​រាយការណ៍​ថា​មាន​នៅ​ក្នុង​ទីក្រុង Casablanca, Marrakech និង Agadir។

នាយករដ្ឋមន្ត្រី Aziz Akhannouch បាន​និយាយ​នៅ​ក្នុង​សុន្ទរកថា​ជា​សាធារណៈ​លើកដំបូង​របស់​លោក​ចាប់តាំងពី​ផ្ទុះ​បាតុកម្ម។ លោក​ថ្លែង​ថា រដ្ឋាភិបាល​របស់​លោក​មាន​ឆន្ទៈ​ចូលរួម​ក្នុង​ការ​សន្ទនា និង​ឆ្លើយតប​ទៅ​នឹង​ការ​ទាមទារ​របស់​បាតុករ។

លោក​នាយករដ្ឋមន្ត្រី​សម្ដែង​ការ​សោកស្ដាយ​ចំពោះ​មនុស្ស​បី​នាក់​ត្រូវ​បាន​សម្លាប់​ក្នុង​អំឡុង​ការ​តវ៉ា កាលពី​យប់​ថ្ងៃ​ពុធ ទី​១ តុលា។ លោក​នាយករដ្ឋមន្ត្រី​បាន​ទទូច​ឱ្យ​បាតុករ​ចូល​មក​សន្ទនា​ជាមួយ​រដ្ឋាភិបាល។ លោក​សន្យា​ថា នឹង​រក​យុត្តិធម៌​ជូន​មនុស្ស ៣​នាក់​ដែល​បាន​ស្លាប់។

អ្នក​នាំពាក្យ​ក្រសួង​មហាផ្ទៃ បាន​និយាយ​ថា បាតុករ​ទាំង​បី​នាក់​ត្រូវ​បាន​សម្លាប់ បន្ទាប់ពី​ពួកគេ​ប៉ុនប៉ង​វាយលុក​ចូល​ប៉ុស្តិ៍​ប៉ូលិស​ក្នុង​ស្រុក​មួយ​កាលពី​យប់​ថ្ងៃ​ពុធ។ ភ្លាមៗ អាជ្ញាធរ​បាន​និយាយ​ថា បាតុករ​ពីរ​នាក់​ត្រូវ​បាន​សម្លាប់​នៅ​ពេល​ដែល​មន្ត្រី​បាន​បើក​ការ​បាញ់​ប្រហារ​ទៅ​លើ​ក្រុម​បាតុករ ដែល​បាតុករ​វាយប្រហារ​លើ​ប៉ូលិស។ អាជ្ញាធរ​បាន​ចោទ​បាតុករ​ថា​មាន​អាវុធ​ក្នុង​ដៃ ត្រៀម​បាញ់​រះ​លើ​ប៉ូលិស​នៅ​ទីក្រុង Agadir។

ចាប់តាំងពី​បាតុកម្ម​ចាប់ផ្តើម​មក យុវជន​រាប់​រយ​នាក់​ភាគច្រើន​ត្រូវ​បាន​ចាប់​ខ្លួន។

ក្រុម GenZ ២១២ បាន​ជំរុញ​ឱ្យ​ក្រុម​បាតុករ​ប្រឆាំង​នឹង​អំពើ​ហិង្សា ហើយ​បាន​អំពាវនាវ​ឱ្យ​មាន​ការ​តវ៉ា​នៅ​ពាសពេញ​ប្រទេស​នៅ​ថ្ងៃ​ចុង​សប្ដាហ៍​នេះ ដែល​ក្រុម GenZ ២១២ នៅ​ប្រទេស​ម៉ារ៉ុក បាន​ហៅ​ការ​តវ៉ា​របស់​ខ្លួន​ថា​ជា​ការ​បញ្ចេញមតិ​ប្រកប​ដោយ​ភាព​ស៊ីវិល័យ ដោយ​ចាត់ទុក​ក្រុម GenZ ២១២ របស់​ខ្លួន​ជា​សសរស្ដម្ភ​មួយ​នៃ​កោសិកា​សង្គម។

គិត​ត្រឹម​ថ្ងៃ​សុក​នេះ មនុស្ស​ជាង ៤០០​នាក់​ត្រូវ​បាន​ចាប់​ខ្លួន​ក្នុង​អំឡុង​ពេល​នៃ​ការ​ប្រមូលផ្ដុំ​គ្នា​ប៉ះទង្គិច​ជាមួយ​នឹង​ប៉ូលិស។ បើ​យោង​តាម​ការ​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​មហាផ្ទៃ មនុស្ស ៣០០​នាក់​រង​របួស ក្នុង​នោះ​ក៏​មាន​ប៉ូលិស​ផង​ដែរ។ មនុស្ស ៦​នាក់ នឹង​ត្រូវ​នាំ​ខ្លួន​ទៅ​កាត់ទោស។

តាម​ក្រសួង​មហាផ្ទៃ គ្រឹះស្ថាន​សាធារណៈ និង​ឯកជន ៨០​ទីតាំង ត្រូវ​បាន​បំផ្លិចបំផ្លាញ។ បាតុករ​ក៏​បាន​បំផ្លាញ​រថយន្ត​ជាង ២០០​គ្រឿង។ ការ​ប៉ះទង្គិច​គ្នា​បាន​ផ្ទុះ​ឡើង​នៅ​ក្នុង​ទីក្រុង​មួយ​ចំនួន រួម​ទាំង​នៅ​ទីក្រុង Sidi Bibi ក្បែរ​ទីក្រុង Agadir ជា​កន្លែង​ដែល​ក្រុម​បាតុករ​បាន​ដុត​បំផ្លាញ​ការិយាល័យ​សាលាឃុំ​ក្នុង​ស្រុក​នេះ។ នេះ​បើ​យោង​តាម​របាយការណ៍ និង​វីដេអូ​នៅ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម។

នៅ​ក្នុង​ទីក្រុង Sale ភាគ​ខាងជើង​នៃ​រដ្ឋធានី Rabat អ្នកកាសែត​នៃ​ទីភ្នាក់ងារ AFP ម្នាក់​បាន​ឃើញ​បាតុករ​ពាក់​អាវ​កាក់ បាន​ដុត​រថយន្ត​ប៉ូលិស​ពីរ​គ្រឿង និង​សាខា​ធនាគារ​មួយ​កន្លែង។

ក្រុម​បាតុករ GenZ ២១២ ប្រមូលផ្ដុំ​គ្នា​តវ៉ា​នឹង​អំពើពុករលួយ និង​កែទម្រង់​វិស័យ​សុខាភិបាល និង​អប់រំ នៅ​ទីក្រុង Casablanca ប្រទេស​ម៉ារ៉ុក (Morocco) កាលពី​ថ្ងៃទី​២ ខែ​តុលា ឆ្នាំ​២០២៥។

សេចក្តី​ថ្លៃថ្នូរ យុត្តិធម៌​សង្គម​ស្ថិត​ក្នុង​វិសមភាព

ក្រុម​បាតុករ​បាន​អំពាវនាវ​ឲ្យ​មាន​ការ​ផ្ដួល​រំលំ​ប្រព័ន្ធ​អំពើពុករលួយ​ក្នុង​ជួរ​រដ្ឋាភិបាល និង​រដ្ឋអំណាច​មូលដ្ឋាន ដោយ​ត្រូវ​លើក​តម្កើង​សេរីភាព សេចក្តី​ថ្លៃថ្នូរ និង​យុត្តិធម៌​សង្គម​ឡើងវិញ។ ក្រុម​បាតុករ GenZ ២១២ ដែល​គេ​ថា​ចម្លង​រូបភាព​ពី​ក្រុម GenZ នៃ​ប្រទេស​នេប៉ាល់ ក៏​បាន​ថ្លែង​ពី​ការ “សេចក្តី​ស្រឡាញ់​ចំពោះ​មាតុភូមិ និង​ព្រះមហាក្សត្រ” ដោយ​សំដៅ​ទៅ​លើ​មហាក្សត្រ Mohammed VI នៃ​រាជាណាចក្រ​ប្រទេស​ម៉ារ៉ុក។ ក្រុម​បាតុករ GenZ ២១២ លើកឡើង​ថា ពួកគេ​ប្រឆាំង​រដ្ឋាភិបាល តែ​ចំពោះ​មហាក្សត្រ និង​រាជបល្ល័ង្គ នៅតែ​ស្ថិត​ក្នុង​សេចក្ដី​ស្រឡាញ់ និង​គោរព​ជានិច្ច។

ចលនា GenZ នៅ​នេប៉ាល់ ផ្ដួល​រដ្ឋាភិបាល​បាន​ជោគជ័យ

នៅ​ប្រទេស​នេប៉ាល់ ក្រុម GenZ បាន​ដឹកនាំ​ការ​តវ៉ា​រយៈពេល ៣​ថ្ងៃ ពី​ថ្ងៃទី​៨ ដល់​ថ្ងៃទី​១០ កញ្ញា។ បាតុកម្ម​មាន​ទ្រង់ទ្រាយ​ធំ​បំផុត​មាន​មនុស្ស​ចូលរួម​ជាង ២០​ម៉ឺន​នាក់ នៅ​រដ្ឋធានី​កាតម៉ានឌូ។ បាតុកម្ម​ដែល​ប្រែ​ក្លាយ​ជា​កុបកម្ម បាន​ឈាន​ដល់​ការ​ដុត​អគារ​រដ្ឋសភា អគារ​ស្ថាប័ន​របស់​រដ្ឋ ភូមិគ្រឹះ​នាយករដ្ឋមន្ត្រី និង​ពួក​មន្ត្រី​ជាន់ខ្ពស់ រហូត​ចូល​ចាប់​ខ្លួន​រដ្ឋមន្ត្រី​ម្នាក់​ទាញ​អូស​តាម​ដងផ្លូវ។

គោលបំណង​ដំបូង គឺ​ប្រឆាំង​នឹង​បម្រាម​របស់​រដ្ឋាភិបាល​ដែល​បិទ​បណ្ដាញ​សង្គម Facebook, Youtube និង Instagram ដែល​ជា​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ដ៏​ពេញនិយម​របស់​យុវជន។ តែ​ចុងក្រោយ ចលនា GenZ នៅ​នេប៉ាល់ ឈាន​ដល់​ការ​គាប​សង្កត់​ឱ្យ​រំលាយ​រដ្ឋាភិបាល​របស់​នាយករដ្ឋមន្ត្រី Khadga Prasad Sharma Oli។ ក្រុម​ចលនា GenZ នៅ​នេប៉ាល់ ឆក់​ឱកាស​នេះ​បញ្ចប់​រដ្ឋាភិបាល​របស់​លោក Prasad Sharma Oli ព្រោះតែ​រដ្ឋាភិបាល​មិន​ត្រឹមតែ​មិន​បាន​ជួយ​រក​អនាគត​ឱ្យ​យុវជន បែរជា​បំផ្លាញ​អនាគត​យុវជន ដោយ​បង្កើត​វណ្ណៈ​សង្គម​នូវ​ពណ៌​សម្បុរ​អ្នកមាន និង​អ្នកក្រ បណ្ដោយ​ឱ្យ​ប្រទេស​ធ្លាក់​ក្នុង​អំពើពុករលួយ និង​អយុត្តិធម៌​សង្គម​យ៉ាង​អាក្រក់ ប៉ះពាល់​អ្នក​ក្រីក្រ ជាពិសេស​ប៉ះពាល់​ខ្លាំង​ចំពោះ​អនាគត​យុវជន។

ទីបំផុត លោក Prasad Sharma Oli ត្រូវ​បាន​ទាញ​ទម្លាក់​ពី​អំណាច​ពី​ឋានៈ​ជា​នាយករដ្ឋមន្ត្រី ហើយ​គណៈរដ្ឋមន្ត្រី​របស់​លោក​ក៏​ត្រូវ​បាន​រំលាយ។ រដ្ឋាភិបាល​បណ្ដោះអាសន្ន​មួយ​ដែល​ជឿ​ថា​ស្អាតស្អំ បាន​រះ​ឡើង។ យុវជន GenZ នៅ​នេប៉ាល់ អះអាង​ថា​ខ្លួន​គេ​ក៏​ជា​ផ្នែក​មួយ​នៃ​ការ​កំណត់​ជោគវាសនា​របស់​ប្រទេស​នេប៉ាល់ ផង​ដែរ៕

© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

Exit mobile version